កូវីដ១៩-អាល្លឺម៉ង់

អាល្លឺម៉ង់ប្រកាស “គ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩” បាន

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់ Jens Spahnចុះទៅ​ពិនិត្យ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹងកូវីដ១៩ នៅ​មន្ទីរពេទ្យ​
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់ Jens Spahnចុះទៅ​ពិនិត្យ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹងកូវីដ១៩ នៅ​មន្ទីរពេទ្យ​ REUTERS - POOL

អាល្លឺម៉ង់ជា​ប្រទេសរងគ្រោះ​ដោយ​​កូវីដ១៩ ខ្លាំង​ជាង​គេ​​​លំដាប់​ទី​៥ នៅ​​ពិភពលោក​ បើ​គិត​អំពី​​ចំនួន​អ្នក​ឆ្លង​កូរ៉ូណាវីរុស ប៉ុន្តែ​មួយ​ខែ​ក្រោយ​ការ​ចាត់​វិធានការ​យ៉ាង​តឹង​រឹង​មក អ្នក​ទទួល​ខុស​ត្រូវ​អាល្លឺម៉ង់ចាប់​មាន​​សុទិដ្ឋនិយម​ និង​មាន​ទំនុក​ចិត្ត​ថា​អាច​គ្រប់គ្រង​មេរោគ​កូវីដ​១៩​បាន។ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សម្តែង​មោទនភាព​និង​បាន​សន្យា​ផលិត​ម៉ាស់​ក្នុង​បរិមាណ​ដ៏​ច្រើន​ដើម្បី​ការពារ​ប្រជាជន។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អាល្លឺម៉ង់​លោក Jens Spahn  បាន​សម្តែង​សុទិដ្ឋនិយមចំពោះ​ប្រសិទ្ធភាព​​នៃ​​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ ដែល​អាល្លឺម៉ង់​ចាប់​អនុវត្ត​តាំង​ពីមួយ​ខែ​មុន​មក។ យុទ្ធសាស្ត្រ​ដែល​បាន​សម្រួល​ឱ្យ​មន្ទីរ​ពេទ្យ​អាច​ទទួល​អ្នកជំងឺ​បាន​យ៉ាង​ត្រឹម​ត្រូវ មិន​ចាល់​ហួស​កម្លាំង និង​មាន​សល់​កន្លែង​អាច​ជួយ​រំលែក​បន្ទុក​ប្រទេស​ជិត​ខាង​ដូច​ជា​បារាំង​និង​អ៊ីតាលី​បាន​ខ្លះ​ទៀត​ផង។

​ជាង​នេះទៅ​ទៀត បើ​តាមវិទ្យាស្ថាន​តានដាន​​អេពីដេមីសាស្ត្រ ជាលើក​ទី​មួយ ​អត្រាចម្លង​​មេរោគកូរ៉ូណា​ថ្មីនៅ​អាល្លឺម៉ង់​ ​បាន​ធ្លាក់​ចុះមក​នៅ​ក្រោម​មួយ (០,៧) ជាមធ្យម ទល់​នឹង​​១,៣​កាលពី​ដើមខែ។ ជាមួយ​នឹង​អត្រា​ចម្ល​ង១,៣ ប្រព័ន្ធ​សុខាភិបាល​អាល្លឺម៉ង់​នឹង​ចាល់​ហួស​សមត្ថភាព​ព្យាបាល​នៅ​ខែ​មិថុនា។ នេះ​បើ​តាម​ការគូស​បញ្ជាក់​របស់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល អង់ហ្គឺឡា មែរកិល។

ដូច្នេះ​មាន​ន័យ​ពេលនេះ អាល្លឺម៉ង់​អាច​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូវីដ១៩​បាន​ហើយ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែរក្សា​ការប្រុង​ប្រយ័ត្នខ្លាំង​ដដែល ព្រោះ​អត្រា​ចម្លង​ថ្មី​បាន​ធ្លាក់​ចុះមែន តែ​តួលេខ​អ្នកវិជ្ជមានឆ្លង​​កូវីដ១៩ នៅ​តែ​កើន​ឡើង​ ក្នុង​បរិមាណ​ខ្ពស់ ប្រមាណ​៣ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​នៅឡើយ។

អាល្លឺម៉ង់មិនចាត់​វិធានការ​​បិទ​ខ្ទប់​ប្រជាជនទាំង​ស្រុង​ទេ តែ​បានចេញ​បម្រាម​​យ៉ាង​តឹងតែង មិនឱ្យ​មានការ​ជួប​ជុំ​គ្នា​លើស​ពី​ ​ពីរ​នាក់​នៅ​តាម​ទី​សាធារណៈ បិទ​សាលា​រៀន បិទ​មណ្ឌលសិល្បៈ​​វប្បធម៌។ វិធានការទាំងនេះនឹង​ត្រូវ​ចាប់​បន្ធូរ​បន្ថយ​ បន្តិច​ម្តងៗ ចាប់​ពី​​ថ្ងៃ​ទី​៤​ឧសភាទៅ សាលា​រៀន ហាង​ទំនិញ​ដែលមានផ្ទៃក្រឡា​ចាប់​ពី​៨០០​ម៉ែត្រ​ការ៉េ​ឡើង​ទៅ​ អាច​ចាប់​បើក​ទ្វារ​វិញ​​។​ តែ​ការ​ជួបប្រមូល​ផ្តុំ​ធំៗ ការ​ប្រកួត​កីឡា​សិល្បៈ​ ត្រូវ​ហាម​ឃាត់​​រហូត​ដល់​ថ្ងៃទី ៣១​សីហា យ៉ាង​ឆាប់។

បើ​តាម​ប្រសាសន៍​របស់​លោករដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ អាល្លឺម៉ង់​ត្រូវ​សម្រប​ខ្លួន​រស់​ជាមួយ​វីរុស​កូរ៉ូណាថ្មី។ ពលរដ្ឋ​ត្រូវ​មានកាតព្វកិច្ច​​​រក្សា​គម្លាតសុវត្ថិភាព ចម្ងាយ​មួយ​ម៉ែត្រកន្លះ​ពី​គ្នា នៅ​តាម​ទី​សាធារណៈ។ ដើម្បី​បញ្ចៀស​ការ​រាតត្បាត​ជា​ថ្មី អាល្លឺម៉ង់​ ជំរុញ​ឱ្យ​មាន​ការ​ប្រើ​ម៉ាស់​ ជាទូទៅ។ រដ្ឋាភិបាល​ទើប​បានចុះ​កិច្ចសន្យា​ឱ្យ​ក្រុមហ៊ុន​ជាង​៥០​ មាន​​សិទ្ធិ​ផលិត​ម៉ាស់ប្រឆាំង​មេរោគប្រភេទ​FFP2 ឱ្យ​បានចំនួន​១០​លាន និង​ម៉ាស់​ពេទ្យ​ចំនួន ៤០លាន​ក្នុង​មួយ​សប្តាហ៍​ចាប់​ពី​ខែ​សីហា​ទៅ។ ​បើ​តាមសារព័ត៌មាន​អាល្លឺម៉ង់ បទ​​ពិសោធន៍​នៅ​ក្រុង​មួយ​របស់អាល្លឺម៉ង់ប៉ែក​ខាងកើត ​ បាន​បង្ហាញ​ថា ក្រោយ​ពី​ដាក់​​កំហិត​ឱ្យ​​ពាក់ម៉ាស់​ជា​ទូទៅ​និង​ដាច់​ខាតមក​ ក្រុងនោះ​លែង​មាន​អ្នកឆ្លង​ថ្មី​សោះ​ពេញ​មួយ​សប្តាហ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI