ហុងកុង ប្រជាធិបតេយ្យ

នគរបាល​ហុងកុង ចាប់ឃាត់​ខ្លួនមេសកម្មជន​នយោបាយ​ប្រជាធិបតេយ្យ១៤នាក់

សកម្មជនប្រជាធិបតេយ្យ ធ្វើបាតុកម្ម ទាមទារឲ្យដោះលែងសកម្មជន ដែលសមត្ថកិច្ចហុងកុងឃុំខ្លួន។ ហុងកុង ថ្ងស់ទី​១៩ កុម្ភៈ ២០២០
សកម្មជនប្រជាធិបតេយ្យ ធ្វើបាតុកម្ម ទាមទារឲ្យដោះលែងសកម្មជន ដែលសមត្ថកិច្ចហុងកុងឃុំខ្លួន។ ហុងកុង ថ្ងស់ទី​១៩ កុម្ភៈ ២០២០ AFP

កាលពីថ្ងៃសៅរ៍ ទី១៨មេសា​ សមត្ថកិច្ចនគរបាលហុងកុង បានចេញប្រតិបត្តិការ ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៤នាក់ ដែលសុទ្ធសឹងតែ​ជា​សកម្មជននយោបាយគាំទ្រលទ្ធិ​ប្រជាធិបតេយ្យ។ ស្នងការ​នគរបាលហុងកុង អះអាងថា មនុស្សដែលត្រូវបានគេឃាត់ខ្លួន និងត្រូវបញ្ជូនឡើងតុលាការ នៅខែឧសភា ពីបទចូលរួម ឬញុះញង់​ឲ្យមានបាតុកម្មខុសច្បាប់ នៅរវាងខែសីហា និងខែតុលា ឆ្នាំ២០១៩។

ផ្សាយពាណិជ្ជកម្ម

លោក Jimmy Lai អាយុ៧២ឆ្នាំ ស្ថាបនិកកាសែត Apple Daily ដែលត្រូវគេស្គាល់ថាជាកាសែតរិះគន់ប្រឆាំង ត្រូវបាននរគបាលហុងកុង ចុះចាប់ឃាត់ខ្លួន ដល់ផ្ទះនៅថ្ងៃសៅរ៍ទី១៨មេសា។ ព្រមពេលជាមួយគ្នានេះដែរ អ្នកនយោបាយ និងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន។ រីឯមនុស្ស៥នាក់ទៀត ក៏ត្រូវនរគបាលចាប់ឃាត់ខ្លួន ក្នុងថ្ងៃតែមួយ។ សរុបទាំងអស់ គឺ១៤នាក់​​ ដែលសុទ្ធតែជាសកម្មជននយោបាយ មាននិន្នាកាប្រឆាំង និងចិនកុម្មុយនីស្តប៉េកាំង។

លោក Lam Wing-Ho ស្នងការនគរបាលហុងកុង បានបញ្ជាក់ប្រាក់ថា មនុស្សទាំង១៤នាក់ នឹងត្រូវបញ្ជូនចូលទៅតុលាការ នៅពាក់កណ្តាលខែឧសភា ដោយជាប់ចោទពីបទចូលរួម ឬញុះញង់​ឲ្យមានសកម្មភាពបាតុកម្មហិង្សាខុសច្បាប់ នៅហុងកុង ក្នុងរវាងខែសីហា ដល់ខែតុលា ឆ្នាំ២០១៩។

លោក Martin Lee មេធាវីអាយុ៨១ឆ្នាំ នឹងជាស្ថាបនិកគណបក្សប្រជាធិបតេយ្យហុងកុង ដែលត្រូវនរគបាលឃាត់ខ្លួនដែរនោះ បានលើកឡើងថា លោកសប្បាយចិត្តខ្លាំងណាស់​ ដែលទីបំផុត សមត្ថកិច្ចហុងកុងបានចាប់ខ្លួនគាត់។ អ្នកនយោបាយប្រជាធិបតេយ្យហុងកុងរូបនេះ បញ្ជាក់ថា កន្លងមកច្រើនឆ្នាំ ច្រើនខែមកហើយ គេចាប់ខ្លួនតែយុវជន តែក្មេងៗ គេមិនព្រមចាប់រូបលោកសោះ។ លោកចង់ឲ្យគេចាប់ខ្លួនដែរ ព្រោះលោកចង់ចូលរួមសាមគ្គីជាមួយយុវជនហុងកុង ដែលត្រូវគេចាប់ខ្លួន ធ្វើទុក្ខបុកម្នេញជាប្រចាំ ដោយសារតែការតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យ។ បន្ទាប់ពីបានបង់ប្រាក់ធានានៅក្រៅឃុំ លោក Martin Lee បានអះអាងថាលោកនឹងនៅតែបន្តការតស៊ូមតិ និងគាំទ្រចំពោះសកម្មភាពតវ៉ា របស់យុវជនហុងកុង ដែលទាមទារសិទ្ធិសេរីភាព។

លោកស្រី Sophie Richardso តំណាងអង្គការ Human Rights Watch ប្រចាំប្រទេសចិន ​បានលើកឡើងថា ការបង់សំណាញ់ចាប់សកម្មជនប្រជាធិបតេយ្យ១៤នាក់ ក្នុងថ្ងៃតែមួយនេះ គឺជាទង្វើបំពានយ៉ាងជាក់ច្បាស់ ទៅលើគោលការណ៍ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងៗ។ លោកស្រីបន្ថែមថា គេមិនអាចស្មានដឹងថា​ ប៉េកាំង នឹងសម្រេចធ្វើអ្វីបន្តទៀតនៅថ្ងៃអនាគតនោះទេ តែអ្វីដែលយើងអាចសង្កេតបានគឺថា អាជ្ញាធរហុងកុង បាបបង្ហាញជំហរយ៉ាងច្បាស់ថា គេគោរពបទបញ្ជាប៉េកាំង បើទោះបីជាត្រូវរំលោភបំពានសិទ្ធិសេរីភាពប្រជាពលរដ្ឋឯងក៏ដោយ។

សូមបញ្ជាក់ថា បាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ នៅហុងកុង បានផ្ទុះឡើងសឹងតែពេញមួយឆ្នាំ២០១៩។ ប្រជាជនហុងកុង ប្រមាណ១លាននាក់ ភាគច្រើន ជាយុវជនសិស្សនិស្សិត បានទាមទារ​ ឲ្យគណបក្សកុម្មុយនីស្តចិន ដកចេញនូវការកៀបសង្កត់សិទ្ធិសេរីភាព និងសិទ្ធិនយោបាយ​នៅហុងកុង។ បើទោះបីបច្ចុប្បន្ន នៅហុងកុងគ្មានបាតុកម្ម ដោយសារតែវិបត្តិមេរោគកូវីដ១៩ក្តី តែបើតាមការស្ទាបស្ទង់មតិ​ ប្រជាជនហុងកុងភាគច្រើននៅតែចិញ្ចឹមចិត្តតវ៉ា ចង់បានសិទ្ធិសេរីភាពជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI