កូវីដ១៩-ស្ត្រី

UNHCR ៖ ជនភៀសខ្លួនស្ត្រីកាន់​តែ​ងាយ​រងអំពើហិង្សាក្នុងពេលមានវិបត្តិកូវីដ១៩

អំពើ​ហិង្សា​លើ​ស្ត្រ កើន​ឡើង​ខ្លាំង​ពេល​ប្រទេស​បិទ ខ្ទប់​ដើម្បី​ទប់​កូវីដ១៩
អំពើ​ហិង្សា​លើ​ស្ត្រ កើន​ឡើង​ខ្លាំង​ពេល​ប្រទេស​បិទ ខ្ទប់​ដើម្បី​ទប់​កូវីដ១៩ CRIS BOURONCLE / AFP

នៅ​ក្នុង​ពេល​​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិកូវីដ១៩អំពើហិង្សា​លើ​ស្ត្រី​​បាន​កើន​ឡើង​នៅ​គ្រប់​ទិសទី មិន​ថា​នៅ​អឺរ៉ុប អាស៊ី ឬ​អាមេរិក​ឡាទីន​ទេ។ ហើយ​ស្ត្រី និង​ក្មេង​ស្រី ដែល​ជា​ជនភៀស​ខ្លួន ឬ​ជា​ជន​ធ្វើ​បន្លាស់​ទី  កាន់តែងាយ​​រង​អំពើហិង្សា​ ​ខ្លាំង​ជាង​គេ។ នេះ​បើ​តាម​សម្រែក​អាសន្ន​របស់​អង្គការ​ការពារ​ជន​ភៀស​ខ្លួន UNHCR ដែល​បាន​អំពាវនាវ​សុំ​ចាត់​វិធានការ​ជាក់​ស្តែង​ជួយ​ស្ត្រី​ទាំង​អស់​នោះ។

ផ្សាយពាណិជ្ជកម្ម

ការ​បិទ​ខ្ទប់​ប្រជាពលរដ្ឋ​ឱ្យ​នៅ​តែ​ផ្ទះ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺកូវីដ១៩ ​ជាបម្រាម​​ហាមឃាត់​​កំរិត​ការ​ធ្វើ​ដំណើរ​ និង​បិទ​ការិយាល័យ ព្រម​ទាំង​សេវា​សង្គម​ជា​ច្រើន។ តែ​នេះ​ជា​​ឱកាស​ដ៏​ប្រពៃ​នៃ​ការ​ចាប់​បង្ខំ​ស្ត្រី​និងក្មេង​ស្រី​មិន​ទាន់​ពេញ​វ័យ​ ​ ឱ្យ​បម្រើ​ផ្លូវ​ភេទ ឱ្យ​រៀប​ការ​ដោយ​បង្ខំ​ ពី​សំណាក់​បុរស​ហិង្សា។ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​លោកស្រី ឧត្តមស្នងការ​រង​នៃ​​អង្គការ​ការពារ​សិទ្ធិ​ជនភៀសខ្លួន​ UNHCR ដោយ​បាន​ទាមទារ​ឱ្យ​ភ្នាក់ងារ​ផ្តល់​ចំណាប់​អារម្មណ៍​ជាពិសេស​និង​បន្ទាន់​ដល់​ស្ត្រី រងគ្រោះ​ទាំងនោះ។ ស្ត្រី​ដែល​ប្រឈម​នឹង​ការ​រងគ្រោះ​ជួរ​មុខ និង​ខ្លាំ​ងជាង​គេ​ គឺ​ជា​ស្ត្រី​ជន​ភៀស​ខ្លួន ជា​ជន​ធ្វើ​បំលាស់​ទី​ ឬជា​ជន ​​គ្មាន​ទឹក​ដី​កំណើត។

បើ​តាមការសង្កេត​​លោក​ស្រី​ប្រមុខ​ដឹកនាំ​អង្គការ ស្ត្រី​ជា​ជន​ភៀស​ខ្លួន​ឬ​កំពុង​ធ្វើ​បំលាស់ទី ខ្លះ ត្រូវ​ជាប់​កុន​នៅក្នុង​ផ្ទះ​របស់​ជន​ប្រព្រឹត្ត​អំពើ​ហិង្សា​ ខ្លះ​ទៀត​ដោយ​ខ្វះ​មធ្យោបាយ​ចិញ្ចឹម​ជីវិត​សុខ​ចិត្ត​លក់​ខ្លួន ទៅ​បម្រើ​ផ្លូវភេទ ឬ​ព្រមរៀប​ការ​ទាំង​បង្ខំ​ និង​ទាំង​មិន​ទាន់​ពេញ​វ័យ​។

ដើម្បីប្រយុទ្ធ​ប្រឆាំ​ងនឹង​ទម្រង់​នៃ​អំពើ​ហិង្សា​នេះ​​ ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធ​ជនភៀស​ខ្លួន បាន​ចែករំលែក​មូលនិធិ​បន្ទាន់​ដល់​ស្ត្រី​​ដែល​​ងាយ​រងគ្រោះ​ និង​បាន​ជំរុញ​ឱ្យ​គ្រប់​ប្រទេស​បញ្ចូល​វិធានការ ​ការពារ​ស្ត្រី និង​ក្មេង​ស្រី​ពី​អំពើហិង្សា ទៅ​ក្នុង​កម្មវិធី​​ប្រយុទ្ធ​ប្រឆាំង​នឹង​កូរ៉ូណាវីរុស​ថ្មី។ សេវា​សង្គ្រោះ​ស្ត្រី​​ក្នុង​អំពើ​ហិង្សា​ ត្រូវ​ស្ថិត​នៅ​ក្នុង​ចំណោម​អាទិភាព​សំខាន់​។

សូម​បញ្ជាក់​ថា​ស្ត្រី​ជន​ភៀសខ្លួន​ទេ កាន់​តែ​ងាយ​រងគ្រោះ​និង​រងគ្រោះ​ខ្លាំង​ជាង​គេមែន​ហើយ តែ​​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ក្នុង​អំឡុងពេល​បិទ​ខ្ទប់​ប្រទេស​ប្រឆាំង​នឹង​កូវីដ​១៩ មាន​កើន​ឡើង​នៅ​គ្រប់​ទិសទី​ទាំង​អស់ មិន​ថា​នៅ​អឺរ៉ុប អាស៊ី អាហ្វ្រិក អាមេរិក អាមេរិក​ឡាទីន។ សម្រែងអំពាវនាវរបស់​អង្គការ​សហប្រជាជាតិ សម្តេច​ប៉ាប ​ឱ្យ​ការ​ពារ​​និង​សង្គ្រោះ​ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​មាន​កាន់​តែ​ច្រើន​ឡើងៗ តាំង​ពី​​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយមក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI