សិង្ហបុរី កូវីដ១៩

សិង្ហបុរីរកឃើញ​អ្នកផ្ទុក​កូវីដ១៩ ១៤២៦នាក់​បន្ថែមទៀត ក្នុង​ចំណោម​ពលករ​បរទេស

កម្មករសំណង់ ភាគច្រើនជាជនជាតិបងក្លាដែស ស្នាក់នៅតាមមណ្ឌលបណ្តោះអាសន្ន ក្បែរការដ្ឋានសំណង់ នៅសិង្ហបុរី។ ថ្ងៃទី២០ មេសា ២០២០
កម្មករសំណង់ ភាគច្រើនជាជនជាតិបងក្លាដែស ស្នាក់នៅតាមមណ្ឌលបណ្តោះអាសន្ន ក្បែរការដ្ឋានសំណង់ នៅសិង្ហបុរី។ ថ្ងៃទី២០ មេសា ២០២០ REUTERS - EDGAR SU

អាជ្ញាធរសុខាភិបាលសិង្ហបុរី បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន​១៤២៦នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទទី២០មេសា ដែលសឹងតែទាំងអស់ គឺសុទ្ធតែជាពលករបរទេស។ នេះជាចំនួនរកឃើញដ៏ច្រើនបំផុត ក្នុងតែមួយថ្ងៃ ដែលធ្វើឲ្យចំនួន​អ្នកឆ្លងកូវីដ១៩ សរុបនៅសិង្ហបុរី មានចំនួន​៨០១៤នាក់។ អាជ្ញាធរសិង្ហបុរីកំពុងព្រួយបារម្ភជាខ្លាំង អំពីការឆ្លងរាលដាលនៃមេរោគនេះ ក្នុងចំណោមពលករបរទេស ដែលរស់នៅកកកុញ តាមមណ្ឌលស្នាក់នៅ​ជិត២០ទីតាំង។

ផ្សាយពាណិជ្ជកម្ម

ល្បឿននៃការឆ្លងមេរោគកូវីដ១៩ នៅសិង្ហបុរី កំពុងតែស្ទុះឡើងខ្លាំង ធ្វើឲ្យអាជ្ញាធរប្រទេសនេះ មានការព្រួយបារម្ភបំផុត។ នៅថ្ងៃចន្ទទី២០មេសា គេបានរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន​១៤២៦នាក់បន្ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មី គឺមាន១៦នាក់ ជាជនជាតិសឹង្ហបុរី ឬអ្នកមានបណ្ណរស់នៅអចិន្ត្រៃយ៍។ ក្រៅពីនោះ គឺ១៤១០នាក់ទៀត សុទ្ធសឹងតែជាពលករបរទេស។​ នេះបើយោងតាមការប្រកាស របស់ក្រសួងសុខាភិបាលសិង្ហបុរី។

អាជ្ញាធរសិង្ហបុរី បានចេញបញ្ជាបិទការចេញចូល មណ្ឌលស្នាក់នៅរបស់ពលករបរទេស ចំនួន​១៨ទីតាំង។ មណ្ឌលស្នាក់នៅខ្លះ ដែលមាន​មនុស្សរស់នៅច្រើនជ្រុល អាជ្ញាធរបានរំលែក បញ្ជូនទៅនៅទីតាំងផ្សេងបណ្តោះអាសន្នសិន។

ក្រសួងសុខាភិបាល ដែលសហការជាមួយក្រសួងការងារ បានចេញប្រកាស ឲ្យកម្មករពលករបរទេស ទាំងអស់​សំងំនៅតាមមណ្ឌលស្នាក់នៅរៀងៗខ្លួន រហូតដល់ថ្ងៃទី​៤ខែឧសភា។ បើផ្អែកតាម​​ក្រសួងការងារ និងអាជ្ញាធរគ្រប់គ្រងសំណងសិង្ហបុរី បានឲ្យដឹងថា ករណីឆ្លងថ្មីបានផ្ទុះឡើងខ្លាំង នាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺសុទ្ធសឹងតែពលករបរទេស ដែលធ្វើការក្នុងវិស័យសំណង់។

សូបបញ្ជាក់ថា សិង្ហបុរី មានពលករ កម្មករបរទេស ចំនួនប្រមាណ២សែននាក់ ដែលភាគច្រើនជាជនជាតិចិន និង​បងក្លាដែស។ ជាមួយនឹងប្រាក់ខែប្រមាណ​៥០០ដុល្លារក្នុងមួយខែ ពលករបរទេស ត្រូវបង្ខំចិត្តស្នាក់នៅ​ជុំគ្នាក្នុងបន្ទប់តូចៗ នៅតាមមណ្ឌលស្នាក់នៅធំៗ ដែលគេសាងសង់សម្រាប់កម្មករបរទេស។

សូមរំលឹកដែរថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានលើកឡើងកាលពីចុងសប្តាហ៍មុននេះ ថាចំនួន​អ្នកឆ្លងមេរោគកូវីដ១៩ ក្នុងចំណោមពលករបរទេស ពិតជាអាចកើនឡើងលើសនេះទៀត ព្រោះអាជ្ញាធរសុខាភិបាល កំពុងតែបន្ថែមល្បឿនធ្វើតេស្ត​រកមេរោគ ឲ្យបានច្រើនបំផុត ដើម្បីយកអ្នកឆ្លងចេញពីមណ្ឌលស្នាក់នៅទាំងនោះ។ តែយ៉ាងណា អាជ្ញាធរសិង្ហបុរី អះអាងថា​ជាទូទៅ ពលករបរទេសដែលមានផ្ទុកមេរោគកូវីដ១៩ គឺពួកគេមានសុខភាពល្អទេ ព្រោះពួក​គេមានវ័យក្មេងពេញកម្លាំង។

ជាមួយតួលេខថ្មីនេះ សិង្ហបុរី ជាប្រទេសអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងមេរោគកូវីដ១៩ ច្រើនជាងគេបំផុត។ រដ្ឋាភិបាលសិង្ហបុរី បានចាត់វិធានាការ ដោយប្រុងប្រយ័ត្នបំផុត។ ព្រំដែនទាំងស្រុងត្រូវបិទ សូម្បីតែជើងហោះហើរយន្តហោះ ដែលត្រូវឆ្លងកាត់ ព្រលាន​យន្តហោះក៏ត្រូវហាមឃាត់។ ចាប់ពីដើមខែមេសានេះ សាលារៀន ហាងទំនិញ និងសកម្មភាពការ​ងារដែលមិនចាំបាច់ ត្រូវបានបញ្ជាឲ្យបិទជាបណ្តោះអាសន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI