វៀតណាម-ហ្វេសប៊ុក

Amnesty International ៖ ហ្វេសប៊ុកផ្សំគំនិតជាមួយអាជ្ញាធរវៀតណាម បំបីទសេរីភាព​នៃការ​បញ្ចេញមតិ

ហ្វេសប៊ុក​ព្រម​លុបនិងបិទខ្ទប់​សារប្រឆាំងនឹងរដ្ឋាភិបាលតាម​សំណើ​របស់​ហាណូយ
ហ្វេសប៊ុក​ព្រម​លុបនិងបិទខ្ទប់​សារប្រឆាំងនឹងរដ្ឋាភិបាលតាម​សំណើ​របស់​ហាណូយ AFP/File

អង្គការ​ក្រៅ​រដ្ឋាភិបាល Amnesty International បាន​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ពុធ​ទី ២២មេសា ក្រុមហ៊ុន​ ហ្វេសប៊ុក​ថា បាន​ផ្សំ​គំនិត​ ព្រម​រួម​ដៃ​​ជាមួយ​អាជ្ញាធរវៀតណាម ក្នុង​ការ​បិទ​ខ្ទប់​និង​ត្រួត​ត្រា​ការ​បញ្ចេញ​មតិ។ ក្រុមហ៊ុន​អាមេរិក​​ទទួល​សា្គល់​ថា បាន​បិទ​ខ្ទប់​និង​​លុប​សារ នូវសារ​​ប្រឆាំង​នឹងរដ្ឋាភិបាលកុម្មុយនិស្ត ជា​ច្រើន។ ហេតុ​អ្វី​បាន​ហ្វេសប៊ុក​​ធ្វើ​ដូច្នេះ ?

ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​ចិត្តរបស់​ក្រុមហ៊ុនហ្វេសប៊ុក​ព្រមធ្វើ​តាម​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ជា​របត់​ថ្មី​មួយ​ដ៏គ្រោះ​ថ្នាក់ ! នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​​របស់​អង្គការ​ Amnesty International ដោយ​គូសបញ្ជាក់ទៀត​ថា លុប​គ្មានអាសូរ​ការ​បញ្ចេញ​មតិ​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម មិន​មែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ​ការប្តូរ​ផ្លាស់​នយោបាយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បង្ហាញ​ថា​ក្រុមហ៊ុន​ជា​អ្នក​ផ្សំ​គំនិតចូល​ត្រួត​ត្រា​សេរីភាព​នៃ​ការ​បញ្ចេញមតិដែរ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ផ្ញើ​មក​ភ្នាក់ងារសារព័ត៌មាន​បារាំង AFP ​ហ្វេសប៊ុក​បាន​ពន្យល់ថា ក្រុមហ៊ុន​សម្រេច​ចាត់​វិធានការ លុប​ចោលនូវរាល់​សារ​ណា​ដែល​ខ្លឹមសារ​មិន​ស្រប​ច្បាប់ ចេញ​ពី​ប្រព័ន្ធ​សង្គម​របស់​ខ្លួន តាមសំណើ​របស់​ហាណូយ ក៏ព្រោះ​តែចង់​ឱ្យ​ប្រព័ន្ធសង្គម​មួយ​នេះ អាច​បន្ត​ដំណើរការ​និង​អាច​ផ្តល់​សេវា​ប្រើប្រាស់​ដល់ប្រជាពលរដ្ឋ​វៀតណាមរាប់​លាននាក់ ដែល​ត្រូវ​ការ។

វៀតណាម​មាន​ប្រជាពលរដ្ឋ​សរុប​ជាង​៩៥​លាន​នាក់ ជាង​៥៣លាននាក់​ប្រើ​ហ្វេសប៊ុក។ ក្រុមហ៊ុន​សហគ្រាស​តូច​ធំ​ ប្រើ​ប្រព័ន្ធ​សង្គម​នេះ​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មនិង​ជំនួញខ្លាំងណាស់។

តាំង​ពី​ចូលឆ្នាំ២០២០​មក អាជ្ញាធរវៀតណាម​បាន​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ហ្វេសប៊ុក​យ៉ាងខ្លាំង។ ​ដំបូងឡើង​​ក្រុមហ៊ុន​ បាន​បដិសេធ​ដោយ​ឈរ​លើ​គោលការណ៍​គោរពសេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែ​ហាណូយ​បាន​ប្រើ​មធ្យោបាយ​ធំ​​ពន្យឺត​ល្បឿន​អ៊ីនធ័រនែត ដោយ​យក​លេស​ជួសជុល​បណ្តាញ​ខ្សែកាប​ក្រោម​ទឹក។ នៅចន្លោះ​ពី​ពាក់កណ្តាល​ខែ​កុម្ភៈដល់​ខែ​មេសា ប្រព័ន្ធ​ហ្វេសប៊ុក​ដើរ​យឺត ​ស្ទើរ​លែងមាន​ដំណើរការ​​សោះ នៅទូទាំង​ប្រទេស​វៀតណាម។ នៅទីបំផុត ដើម្បីកុំ​ឱ្យ​ខាត​ប្រយោជន៍ ហ្វេសប៊ុក​ក៏​ព្រម​ធ្វើ​តាម​សំណើ​របស់រដ្ឋាភិបាល​​ក្រុង​ហាណូយ ដែល​បាន​បង្កើន​ការ​ចាប់​ខ្លួន និងដាក់ទោស​សកម្មជន​អ្នកប្រឆាំង​តាម​ប្រព័ន្ធ​សង្គម​ កាន់​តែ​ច្រើន​ឡើង​ៗ តាំង​ពី​ឆ្នាំ​២០១៦មក។

ការរាតត្បាត​របស់​កូវីដ១៩ បាន​ធ្វើ​ឱ្យ​ស្ថានភាពសេរីភាព​នៃ​ការ​បញ្ចេញមតិ​កាន់​ដុន​ដាប​បន្ថែម​ទៀត។ អាជ្ញាធរ​បានកោះ​ហៅ​ ​អ្នកលេង​ហ្វេសប៊ុក​ជាង ៦៥០​នាក់ ទៅ​សួរ​ចម្លើយ ជុំ​វិញ​ការបង្ហោះ​សារ​ដែល​មាន​ទាក់ទង​នឹងវិបត្តិ​កូវីដ១៩ ឬ​ចំណាត់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។ នេះ​បើ​តាមទិន្នន័យ​​របស់​អង្គការ Amnesty International។ ហាណូយ​បានពង្រឹងវិធានការ​រឹតបន្តឹង​ថ្មី​បន្ថែម​ នៅ​ខែនេះ ដើម្បីដាក់ទោស​អ្នក​រិះគន់​តាម​អ៊ីនធ័រនែត។ ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​ បាន​ទទួល​ការ​ផាកពិន័យ​និង​ខ្លះ​ទៀត បាន​បង្ខំ​ចិត្ត​លុប​សាររបស់​ខ្លួន​ឯង។ ១០%​នៃ​អ្នកទោស​នយោបាយ​ក្នុងពន្ធនាគារវៀតណាម ជា​សកម្មជន​ប្រជាធិបតេយ្យ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក។ នេះ​បើ​តាមអង្គការ​Amnesty International​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI