​កូវីដ​១៩៖ វៀតណាម ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ

A man wears a protective face mask at a closed shop during the coronavirus disease (COVID-19) outbreak in Hanoi, Vietnam April 15, 2020.
A man wears a protective face mask at a closed shop during the coronavirus disease (COVID-19) outbreak in Hanoi, Vietnam April 15, 2020. REUTERS - KHAM

ជំងឺ​​កូវីដ​១៩ ​នៅ​វៀតណាម បាន​ធូរ​ស្រាល។ រដ្ឋបាល​ក្រុង​ហាណូយ បាន​ផ្តើម​លើក​បម្រាម​ហាម​ឃាត់​ប្រជាជន​ឱ្យ​សម្ងំ​នៅផ្ទះ ចេញ​ជាបណ្តើរៗ​ ហើយ​​ រដ្ឋាភិបាលវៀតណាម ថែម​ទាំង​ចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗ នៅថ្ងៃព្រហស្បតិ៍ទី២៣មេសានេះ។ វៀតណាម​ហាក់​បាន​ស្តែង​ពី​អំណួត​នៃការ​ចាត់ចែង​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ បាន​ដោយ​ជោគជ័យប្រសើរ​ ព្រោះ​តាម​ព័ត៌មាន​ផ្លូវការរបស់​អាជ្ញាធរ​វៀតណាម​ គឺ​​គ្មាន​អ្ន​ក​ស្លាប់​ដោយសារ​តែ​កូវីដ​១៩ សូម្បី​ម្នាក់ ហើយ​អ្នក​ឆ្លង​មេរោគ​នេះ មាន​មិន​ដល់​៣០០ករណី​ផង​ទេ​។ 

ផ្សាយពាណិជ្ជកម្ម

តាម​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋអំណាច, វៀតណាម​​គ្មាន​ករណី​ឆ្លង​ថ្មី​ទេ រយៈ​មួយ​សប្តាហ៍​មកហើយ។​ អាជ្ញាធរ​វៀតណាម ហាក់​សម្តែងពី​មោទនភាពជាតិ ​ដោយសារតែ​នយោបាយ​គត់មុត​ ​ប្រឆាំង​ទប់​ស្កាត់​មេរោគ​កូវីដ​១៩ យ៉ាងតែង​តែង​តាំងពីដំបូង​ ហើយ​ប្រើ​កណ្តាប់ដៃដែក​ បិទ​ព្រំដែន ផ្លូវគោក និងផ្លូវ​អាកាស ​​ជាមួយមហាអំណាច​​ចិន​ ហើយ​វៀតណាម​ បាន​​ចេញវិធានការ​ដាក់​បម្រាម​ឱ្យ​ប្រជាជន​សម្ងំ​ដេកផ្ទះ។ យន្តការតឹងតែង​​នេះ​បាន​ហុចផលផ្លែផ្កា ទើប​ហេតុនេះ​ ចាប់ពី​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៣មេសា  របបកុម្មុនីស្ត​សង្គមនិយម​វៀណាម​ បាន​អនុញ្ញាត​ឱ្យប្រជាជន​​ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញហើយ ជាពិសេស​ គឺនៅ​រដ្ឋធានី​ ហាណូយ និង​ក្រុង​ហូជីមីញ។

គួរ​គូស​បញ្ជាក់ថា វៀតណាម បាន​បិទ​ជើង​ហោះ​ហើរ​​ពី​ស្រុក​ចិន​ តាំងពី​ដើម​ខែ​កុម្ភៈ ហើយនិង​​បិទ​ព្រំដែន​គោក​ ជាប់​ជាមួយ​ចិន​ ចម្ងាយ​១ ៣០០គីឡូម៉ែត្រ​។ លើសពីនេះ គ្រឹះស្ថានសិក្សា​ សាលា​រៀន​ ក៏​​ត្រូវ​បង្ខំ​ឱ្យ​បិទទ្វារ​​តាំងតែ​ពី​​អំឡុង​ពេ​ល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​វៀតណាម​ ចុង​ខែមករា​មក​ម្ល៉េះ។​ វៀតណាម​ គ្មាន​​លទ្ធភាព​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩ ចំពោះ​ពលរដ្ឋ​ជាទូទៅ ដូច​ករណី​កូរ៉េខាងត្បូង​​នោះទេ ក៏ប៉ុន្តែ​វៀតណាម​​មាន​លទ្ធភាព​និងអំណាច​ខ្លាំង​ក្នុងការ​ចេញវិធានការ​ម៉ឺងម៉ាត់​ ចាប់​បង្ខាំង​អ្នក​ឆ្លង​ និង​ពលរដ្ឋ​ទូទៅ ​ឱ្យ​សម្ងំ​ដេក​ផ្ទះ។

អ្នក​ជំនាញ​របស់​អង្គការ​សុខភាព​ពិភព​លោក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក Takeshi Kasai បាន​កត់​សម្គាល់​ឃើញ​ពី​យន្ត​ការតឹង​​ដ៏​វិជ្ជមាន​របស់​វៀតណាម ក្នុង​ការ​ទប់​ទល់​នឹងមេរោគ ដូច​ជាការ​ដាក់​បង្ខាំង​ប្រជាជន​ទាន់​ពេលវេលា ទើប​មិន​សូវ​មាន​ករណី​ឆ្លង​ច្រើន​និង​រហ័ស​។ ទោះ​យ៉ាង​នេះក្តី អ្នក​ជំនាញ​របស់​អង្គការ​សុខភាព​ពិភព​លោក នៅតែ​សម្តែង​ក្តី​ព្រួយ​បារម្ភ ថា​ការ​បើក​​ដំណើរ​ការ​ប្រទេស​ឡើងវិញ​ របស់​វៀតណាម នៅពេល​​នេះ គឺ​ហាក់​ដូច​ជា​«ឆាប់​ពេក​ហើយ»។ ភាពលឿន​ប្រញាប់​ឆាប់​ពេកក្នុង​​បើក​ដំណើរ​សេដ្ឋកិច្ច​នេះ គឺ​អង្គការសុខភាពពិភពលោក តែងតែ​ដាស់​តឿន​ជារឿយ​ៗ ម្តងហើយ​ម្ត​ងទៀត​ មិន​ចំពោះ​តែប្រទេស​ណា​នោះទេ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI