អានតួអត្ថបទ
ហុងកុង ប្រជាធិបតយ្យ ចិន

តុលាការចិនចោទ​ប្រកាន់​ជនបរទេស​ម្នាក់ ពីបទ​ផ្តល់​​ប្រា​ក់គាំទ្រ​សកម្មភាព​ប្រឆាំង​នៅ​ហុងកុង

បាតុកម្ម​នៅហុងកុង ប្រឆាំងនឹងអំណាចកណ្តាលរបស់ចិន ថ្ងៃទី​១៤ តុលា ២០១៩
បាតុកម្ម​នៅហុងកុង ប្រឆាំងនឹងអំណាចកណ្តាលរបស់ចិន ថ្ងៃទី​១៤ តុលា ២០១៩ REUTERS - Umit Bektas
ដោយ៖ ម៉ម ពិសី
១៣ នាទី

យោងតាមការចុះផ្សាយរបស់កាសែតចិន នៅក្នុងខេត្តគ័ងទុង បានឲ្យដឹងថា តុលាការចិន បានធ្វើការចោទប្រកាន់ទៅលើបុរសជនជាតិបេលីហ្សម្នាក់ ពីបទចូលរួមចំនាយប្រាក់ គាំទ្រសកម្មភាពប្រឆាំងបះបោរនៅហុងកុង រវាងឆ្នាំ២០១៩។ គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែលអាជ្ញាធរចិនដីគោក​ បានធ្វើការចោទប្រកាន់ជាផ្លូវការ លើជនបរទេស ពីបទចូលរួមសកម្មភាពប្រឆាំងនៅហុងកុង។ កន្លងមកក្រសួងការបរទេសចិន តែងតែបានលើកឡើងថា ប្រទេសមហាអំណាចខ្លះ មានសហរដ្ឋអាមេរិក និង​អង់គ្លេស បានចូលរួមជំរុញចលនាបាតុកម្ម​នៅហុងកុង។

ផ្សាយពាណិជ្ជកម្ម

បុរសម្នាក់ ឈ្មោះ Lee Henly Huxiang ជាអ្​នកជំនួញសញ្ជាតិ បេលីហ្ស ត្រូវបាន​តុលាការខេត្តគ័ងទុង ចោទប្រកាន់ ពីបទ ចូលរួមដោយថវិកា បំផុសបំផុលឲ្យមានសកម្មភាព​តវ៉ាប្រឆាំង នៅហុងកុង។ ការស៊ើបអង្កេតបណ្តោះអាសន្ន បានបិទបញ្ចប់នៅថ្ងៃទី​២៣មេសា ហើយសំណុំរឿងនេះ ត្រូវបញ្ជូនទៅកាន់តុលាការខេត្តគ័ងទុក ដើម្បីបើកសវនាកា។

យោងតាមការចុះផ្សាយ របស់កាសែត ដំណឹងប្រចាំថ្ងៃគ័ងទុក បានឲ្យដឹងថា លោក Lee Henly Huxiang ដែលស្នាក់នៅក្នុងប្រទេសចិន ត្រូវបាននគរបាលខេត្តគ័ងទុក​ ចាប់ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ២០១៩ រួមជាមួយនឹងមនុស្សម្នាក់ទៀតឈ្មោះ Lee Meng-Chu។ នៅដើមខែធ្នូ គណកម្មការកណ្តាលកិច្ចការនយោបាយនិងច្បាប់ របស់បក្សកុម្មុយនីស្តចិន បានសរសេរលើទំព័រ Weibo ថា ជនទាំងពីរ គឺជាមនុស្សបង្កគ្រោះថ្នាក់ ចំពោះស្ថិរភាព និងបូរណភាពដែនដីចិន ព្រោះជនទាំង២នេះ ចូលរួមឧបត្ថម្ភប្រាក់ គាំទ្របាតកម្ម​ប្រឆាំងចិន នៅហុងកុង។

សូម​បញ្ជាក់ថា ជនឈ្មោះ Lee Henly Huxiang មានសញ្ជាតិបេលីហ្ស ហើយទំនងជាមានដើមកំណើតចិនតៃវ៉ាន់។ ប្រទេសបេលីហ្ស ជាប្រទេសតូចមួយ ស្ថិតនៅតំបន់អាមេរិកកណ្តាល ហើយមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងគ្មានទំនាក់ទំនងទូតជាមួួយប្រទេសចិនទេ។

គួរកត់សំគាល់ផងដែរថា នេះគឺជាលើកទីមួយហើយ ដែលអាជ្ញាធរចិនដីគោក​ បានធ្វើការចោទប្រកាន់ជាផ្លូវការ លើជនបរទេស ពីបទចូលរួមសកម្មភាពប្រឆាំងនៅហុងកុង។ កន្លងមកក្រសួងការបរទេសចិន តែងតែបានលើកឡើងថា ប្រទេសមហាអំណាចខ្លះ មានសហរដ្ឋអាមេរិក និង​អង់គ្លេស បានចូលរួមជំរុញចលនាបាតុកម្ម​នៅហុងកុង។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នគរបាលហុងកុង បាន​រាយសំណាញ់ ឃាត់ខ្លួនមនុស្សចំនួន​១៥នាក់ ដែលសុទ្ធតែអ្នកនយោបាយ និងសកម្មជនប្រឆាំងនៅហុងកុង។ មនុស្សទាំង១៥នាក់នោះ នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅពាក់កណ្តាលខែ​ឧសភា ពីបទ ចូលរួមនិងគាំទ្រ សកម្មភាពបាតុកម្ម ដើម្បីប្រជាធិបតេយ្យនៅហុងកុង ក្នុងឆ្នាំ២០១៩ក​ន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ