កូរ៉េខាង​ជើង

ចិនបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រ ទៅជួយព្យាបាលលោក គីម ជុងអ៊ុន ?

ចិន​បញ្ជូន​អ្នកជំនាញ​សុខាភិបាល​ទៅ​ព្យាបាល​លោក គីម ជុងអ៊ុន
ចិន​បញ្ជូន​អ្នកជំនាញ​សុខាភិបាល​ទៅ​ព្យាបាល​លោក គីម ជុងអ៊ុន via REUTERS - KCNA

ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ជា​ច្រើន​របស់​អាមេរិក និង​កូរ៉េខាង​ត្បូង បាន​ជូន​ដំណឹង​ថា គីមជុងអ៊ុន ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង ទំនង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងរធ្ងរ​ខ្លាំង ក្រោយ​ពី​ការ​វះកាត់​បេះដូង​រួច។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ​គេ​បានទទួល​ដំណឹង​ថា ចិន​បាន​បញ្ជូនអ្នក​ជំនាញវេជ្ជសាស្ត្រ​​មួយ​ក្រុម ទៅព្យុងយ៉ាង។ តែ​គេ​នៅ​មិន​ទាន់​អាចដឹង​ច្បាស់​ថា តើ​លោក​គីម ជុងអ៊ុន​ឈឺអ្វីឱ្យ​​ពិតប្រាកដ និង​មាន​​ស្ថានភាព​សុខភាពយ៉ាងដូចម្តេច​ទេ។

ផ្សាយពាណិជ្ជកម្ម

ប្រតិភូ​មួយ​ក្រុម ដឹក​នាំ​ដោយ​តំណាង​ជាន់​ខ្ពស់​នៃការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​បក្សកុម្មុយនិស្ត​ចិន អមដោយ​អ្នក​ជំនាញ​វេជ្ជសាស្ត្រផង បាន​ចាក​ចេញពីទីក្រុង​ប៉េកាំង នៅល្ងាច​ថ្ងៃព្រហស្បតិ៍​ទី ២៤​មេសា​។ ស្ថាប័ន​ចិន​ទទួល​បន្ទុក​ទំនាក់ទំនង​ជាមួយ​កូរ៉េខាង​ជើង ដ៏​ដូច​ជា​​​ក្រសួង​ការបរទេស​ចិន មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ទាក់ទងនឹង​បេសកកម្ម​នេះ។

កាលពី​ថ្ងៃអង្គារ​ទី ២២​មេសា សារព័ត៌មានអាមេរិក​និងកូរ៉េខា​ង​ត្បូង ជាច្រើន​ បាន​លើកឡើង​ អំពីស្ថានភាពសុខភាព​មិន​ល្អ​របស់ ​គីមជុងអ៊ុន ក្រោយ​ការវះកាត់​បេះដូង។ ​ ពីរ​ថ្ងៃក្រោយ លោក ដូណាល់់ត្រាំ ប្រកាសថា ​មិន​ជឿ​លើ​ព័ត៌មាននោះទេ។ មិន​ដឹង​ថា​តើ​លោក​ត្រាំ​បាន​ទាក់ទង​នឹង​តំណាង​កូរ៉េខាង​ជើង​ឬ​យ៉ាង​ណា​ឡើយ។ បើ​តាម​តំណាង​ម្នាក់ស្និទ្ធ​នឹង​ភ្នាក់ងារ​ចារកិច្ច​អាមេរិក លោក គីម ជុងអ៊ុន ជាប់​ឈ្មោះ​ថា​មាន​បញ្ហា​សុខភាព​មែន ប៉ុន្តែ​គ្មានអ្វី​ដែល​អាច​បញ្ជាក់​បាន​នៅ​ពេល​នេះ ថា​ប្រមុខ​ដឹកនាំ​វ័យ​៣៦​ឆ្នាំ​របស់កូរ៉េខាង​ជើង ឈឺ​ធ្ងន់ និងគ្មានសមត្ថភាព​បង្ហាញ​មុខ​ជាសាធារណៈ​នៅ​ពេល​ខាងមុខ​ឡើយ។ ប្រភព​មក​ពីខាង​កូរ៉េខាង​ត្បូង​មួយ​ទៀត​ ដែល​បដិសេធមិន​និយាយ​អំពី​ស្ថានភាព​សុខភាព​គីមជុងអ៊ុនពេល​នេះ និង​អំពី​ការ​បញ្ជូន​អ្នក​ជំនាញ​សុខភាពចិន​ទៅ​ព្យុងយ៉ាង ក៏​បាន​អះអាង​ដូចគ្នា​នៅ​ថ្ងៃ​សុក្រ​ទី ២៥​មេសា​នេះ​ថា គីមជុងអ៊ុន​នៅ​មាន​ជីវិត​ និងគង់​បង្ហាញ​វត្តមានវិញ​ក្នុង​ពេល​ឆាប់ៗ។

កូរ៉េខាង​ជើង​ជា​ប្រទេស​ដ៏​ឯកា និង​អាថ៌​កំបាំងជាង​គេបំផុត​នៅ​លើ​ពិភពលោក។ ចំណោទ​សុខភាព​របស់​មេដឹកនាំ ត្រូវ​បានចាត់ទុក​ជា​កិច្ចការ​សម្ងាត់​សន្តិសុខ​ជាតិ។ គេ​បានឃើញ​រូបលោក​​​គីមជុងអ៊ុន ជា​លើក​ចុងក្រោយ​កាលពី​ថ្ងៃទី ១១​មេសា តែសារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង​ ​ពុំបាន​​បង្ហាញ​​អំពី​វត្តមាន​របស់​លោក​គីម ជុងអ៊ុន ក្នុង​ពិធី​ប្រារព្វខួប​កំណើត​បិតា​ជាតិ​គីមអ៊ីលស៊ុង ថ្ងៃទី ១៥​មេសា​ទេ ទើប​មាន​ពាក្យ​ចចាមអារាមសុខភាព​​កាន់​តែ​រីក​ធំធាត់​ឡើង។

លោក គីម ជុងអ៊ុន ធ្លាប់​បាត់​មុខម្តង កាលពី​ឆ្នាំ​២០១៤ អស់រយៈពេល​​ជាងមួយ​ខែ។ នៅ​ពេលលេច​មុខមកវិញលើកញ្ចក់​ទូរទស្សន៍ជាតិ លោកដើរ​បាក់​ខ្ញើច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI