ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េ​ខាង​ត្បូង​៖ ​គីម ជុងអ៊ុន នៅ​រស់ ហើយគ្មាន​បញ្ហា​សុខភាព​អ្វីធ្ងន់ធ្ងរ​ទេ

សំឡេង ០៦:២១
អគ្គមគ្គុទេសក៍​កូរ៉េខាងជើង គីម ជុងអ៊ុន (រូប​ថត កាលពីឆ្នាំ​២០១៩)
អគ្គមគ្គុទេសក៍​កូរ៉េខាងជើង គីម ជុងអ៊ុន (រូប​ថត កាលពីឆ្នាំ​២០១៩) AFP/Archivos

កូរ៉េ​ខាង​ត្បូង​អះអាង​ថា លោក​គីម ជុងអ៊ុន នៅ​រស់ ហើយ​មិនមាន​បញ្ហា​សុខភាព​អ្វីធ្ងន់ធ្ងរ​នោះទេ។ ការអះអាង​នេះ​ ​​ធ្វើឡើង ក្រោយ​ពី​មាន​ព័ត៌មានមួយចំនួន ចុះផ្សាយ​ថា ប្រធានាធិបតី​កូរ៉េខា​ងជើង​ លោក ​គីម ជុងអ៊ុន ​បាន​ទទួល​មរណភាព ឬ​កំពុង​ឈឺធ្ងន់ ហើយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ចោទ​ជា​សំណួរ​ថា អត់ពី​លោក​ គីម ជុងអ៊ុន តើ​អ្នកណា​ដែល​ជា​អ្នក​គ្រប់គ្រង​កូរ៉េខាងជើង។

ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងត្បូង សំអាងលើហេតុផលនិងភស្តុតាងអ្វីខ្លះ បាន​ជា​ហ៊ាន​អះអាង​ដូច្នេះ​?

បងប្អូន​កូរ៉េពីរទាំង​ពីរ ជា​សត្រូវ​នឹងគ្នា​​ ជាផ្លូវការ ​នៅតែ​កំពុង​មាន​សង្គ្រាម​នឹង​គ្នា​នៅឡើយ​។​ ដូច្នេះ ដំណឹង​សុខទុក្ខ​របស់​អគ្គមគ្គុទេសក៍​កូរ៉េខាងជើង គីម ជុងអ៊ុន​ ជា​ព័ត៌មាន​យ៉ាង​​សំខាន់​ ហើយ​និង​ចាំបាច់​បែបនេះ ទំនង​ជា​គេច​មិន​ផុត​ពី​ក្រុម​ស៊ើប​ការ​ណ៍​សម្ងាត់​របស់​កូរ៉េខាង​ត្បូង​នោះទេ។

​ទីប្រឹក្សាពិសេស​ខាង​សន្តិសុខ​កូរ៉េខាងត្បូង​ លោក ​មូន ជុងអ៊ីន (Moon Chung-in) ​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ទូរ​ទស្សន៍​​អាមេរិក CNN ថា «លោក គីម ជុងអ៊ុន នៅរស់ និង​សុខសប្បាយជាទេ ហើយ​​មាន​សុខភាព​ល្អ​» និងថា «អំណះអំណាង​​នេះ​គឺជា​ជំហរ​ច្បាស់​លាស់​មួយ​របស់​​រដ្ឋបាល​កូរ៉េខាងត្បូង។» ទីប្រឹក្សាផ្នែក​សន្តិសុខកូរ៉េខាងត្បូង ក៏​ថែមទាំង​អះអាងឱ្យដឹង ថា «លោក គីម ជុងអ៊ុន កំពុង​ស្នាក់​នៅតំបន់​កំពង់​ផែ Wonsan ភាគ​ខាងកើត​របស់​ប្រទេស​កូរ៉េខាង​ជើង ជាទីដែល​លោក​កំពុង​លម្ហែ​កាយ​ក្បែរមាត់​សមុទ្រ​ ​តាំងតែពីថ្ងៃទី​១៣មេសា​​រ​ហូត​មក​។» នេះបើតាម​ប្រភព​ដដែល និង​សង្កត់​ធ្ងន់ថា «គ្មាន​សកម្មភាព​ហេតុការណ៍​ខុស​ប្រក្រតីណាមួយ នៅ​ផ្ទៃក្នុង​កូរ៉េខាងជើង​ ផ្ទុះ​កើតឡើង គួរ​ឱ្យ​កត់​សម្គាល់​នោះទេ។»

នៅ​ថ្ងៃអាទិត្យ​ ​ ថ្នាក់​ដឹកនាំកូរ៉េ​ខាង​ត្បូង បាននាំគ្នា​​ប្រជុំ​ដោយ​បិទទ្វារជាសម្ងាត់​ ហើយ​ក្រសួង​បង្រួបបង្រួម​នៅ​កូរ៉េខាងត្បូង​ដែល​ទទួល​បន្ទុក​សំណុំរឿង​អន្តរកូរ៉េ​ តាមរយៈ​រដ្ឋមន្ត្រី Kim Yeon-chul ក៏ចេញ​មុខ​​បញ្ជាក់​ដែរ ថា«​​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង មាន​សមត្ថភាព​ស៊ើប​ការ​ណ៍​សម្ងាត់​ ហើយ​អាច​ផ្តល់​ព័ត៌មាន​គួរ​ឱ្យ​ជឿទុក​ចិត្ត​បាន​ គឺថា រឿង​នេះ គ្មាន​អ្វី​ខុស​ពីធម្មតា កើតឡើង​នោះឡើយ»។ ដូច្នេះហើយ ទើប​អ្នក​ទទួល​ខុស​ត្រូវជាន់​ខ្ពស់​របស់​កូរ៉េ​ខាងត្បូង​ បាន​អំពាវនាវនៅថ្ងៃចន្ទ​ ​ឱ្យ​​ផ្សព្វផ្សាយ​ព័ត៌មាន មានការ​ប្រយ័ត្នប្រយែង​បំផុត ពី​ស្ថានភាព​សុខភាពរបស់​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង។

ពីខាង​កូរ៉េខាង​ជើង​វិញ  កាសែត Rodong Sinmun ជាទិន្នានុប្បវត្តិប្រចាំថ្ងៃ របស់កូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃចន្ទ ​ ថា លោក គីម ជុងអ៊ុន បានបញ្ចេញសារមួយផ្ញើថ្លែងអំណរគុណដល់ក្រុមកម្មករ ដែលបានសាងសង់គម្រោងទេសចរណ៍ដ៏ធំសម្បើមមួយ នៅតំបន់ឆ្នេរភាគខាងកើតប្រទេស​។

​ដើម​ហេតុនៃ​ការ​ធ្លាយ​ដំណឹង​​ពី​បញ្ហា​សុខភាពរបស់​​ ​គីម ជុងអ៊ុន

តាម​​ព័ត៌មាន​ផ្លូវ​ការ​របស់​កូរ៉េខាងជើង គឺ​គេបានឃើញមុខនិងរូប​ថត​របស់ លោកគីម ជុងអ៊ុនជាសាធារណៈ នៅថ្ងៃទី​១២មេសា ក្រោយពី​លោកបាន​ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយមជ្ឈិមបក្ស ដើម្បីចាត់វិធានការទប់ស្កាត់កូវីដ-១៩ នា​ថ្ងៃទី១១ មេសានារួច​មក​។ ​ក្រោយ​ពីប្រជុំ លោក​បាន​ចុះ​ត្រួត​ពល​ទាហាន​និង​ពិនិត្យ​សព្វាវុធ​ផ្នែក​អាកាស​ នៅ​ជំរំ​ទ័ព​អាកាស​មួយកន្លែង​។

អ្វី​ដែល​ចម្លែក គឺប៉ុន្មាន​ថ្ងៃក្រោយ អគ្គអគ្គុទេសក៍​កូរ៉េខាងជើង គីម ជុងអ៊ុន​ បែរអវត្តមាន មិន​បង្ហាញមុខ​​ជា​សាធារណៈសោះ នៅ​ថ្ងៃទី​១៥មេសាដែល​ឱកាសបុណ្យ​ជាតិ​ក៏​សំខាន់​បំផុត​មួយ​ នោះ​គឺ​ពិធីប្រារព្ធខួបកំណើតគម្រប់១០៨ឆ្នាំ នៃ​សព គីម អ៊ីលស៊ុង ជាជីតា និងជា​អគ្គ​ស្ថាបនិក​រដ្ឋ​កុម្មុយនិស្ត​កូរ៉េខាងជើង​។ អវត្តមាននេះ ជាហេតុ​ចម្លែក​ណាស់ ទើប​កាសែត​អនឡាញ Daily NK របស់​កូរ៉េខាងជើង ផ្សព្វ​ផ្សាយ​​ដំណឹង ដោយស្រង់ប្រភពព័ត៌មានមួយមិនបញ្ចេញឈ្មោះ  ថាលោក គីម ជុងអ៊ុន ចូលពេទ្យព្យាបាល មកពីលោកជក់បារីច្រើនជ្រុល ធាត់ខ្លាំងពេក និងចេះតែអស់កម្លាំង។

សារព័ត៌មាន​​កូរ៉េ​ខាង​ត្បូង​ និងកាសែតបច្ចិមលោក​ និងនៅអាស៊ី​ ជាច្រើន​ នាំគ្នា​ផ្សាយ​ព្រោង​ព្រាតដែរ​ រួ​មទាំង​ទូរទស្សន៍​អាមេរិក​ ស៊ីអ៊ិនអ៊ិន ក៏​បាន​ស្រង់​​សម្តី​ថ្នាក់​ដឹកនាំ​អាមេរិក ​ទៅផ្សាយ​ផងថា សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​រឿង​នេះ​យ៉ាងយក​ចិត្តទុកដាក់។ សារព័ត៌មាន​ខ្លះទៀត បញ្ជាក់ថា លោក​គីម ជុងអ៊ុន ទទួល​ការ​វះកាត់​សរសៃបេះដូង នៅក្នុង​ខែ​មេសា​នេះ ហើយ​កាសែត​ខ្លះ​ជជីក​សួរនាំគ្នា​​ពី​រឿង​អ្នកត្រូវ​​ស្នង​តំណែងបន្ទាប់​​ពី​លោក​ គឺ​ទំនង​ជា​ប្អូន​ស្រី​របស់​គាត់​ ជា​ដើម។

ខាង​ចិន ប្រតិភូ​មួយ​ក្រុម ដឹក​នាំ​ដោយ​តំណាង​ជាន់​ខ្ពស់​នៃការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​បក្សកុម្មុយនិស្ត​ចិន អមដោយ​អ្នក​ជំនាញ​វេជ្ជសាស្ត្រផង បាន​ចាក​ចេញពីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ទី ២៤​មេសា​ ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាង​ជើង​ទៀតផង។

ចំណែ​ក​ ប្រធានា​ធិបតីអាមេរិក​​​លោក ដូណាល់ ត្រាំ ក៏​ធ្លាប់​បាន​សរសេរ​សារ​ជូន​ពរ​ឱ្យលោក គីម ជុងអ៊ុន ជួប​តែ​សំណាង​ល្អ ទៀត​ផង។ តែក្រោយមក នៅថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ​ លោក ត្រាំ ថា​ ព័ត៌មាន​ពី​បញ្ហា​សុខភាព​លោក គីម គឺ«​ខុស​ឆ្គង​»​​។

ការបាត់មុខនៅទីសាធារណៈ​នៃ​មេដឹកនាំ​កូរ៉េខាងជើង​ មិនមែ​នជារឿង​ថ្មី​ទេ​។

អវត្តមាន​ជាសាធារណៈ​របស់ ​គីម ជុងអ៊ុន មិន​មែន​ជាលើក​ទីមួយ​នោះឡើយ​។ ពេល​នេះ លោក​បាត់​មុខ ប្រមាណតែ​​ពីរ​សប្តាហ៍​​ទេ កាលមុន​ បាត់​មុខ​យូរ​ជាង​នេះ​ផង។​ កាល​ពី​ឆ្នាំ២០១៤ លោកបានអវត្តមានជាសាធារណៈអស់រយៈពេល ៦សប្តាហ៍ឯណោះ។ ពេលចេញ​មកវិញ គឺ​ដៃកាន់ឈើច្រត់​។ កាលនោះ កាសែតកូរ៉េខាងត្បូងឈ្មោះ Yonhap បានបញ្ជាក់ ​ ថា លោកទទួលការវះកាត់កជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI