អានតួអត្ថបទ
ចិន-អូស្ត្រាលី

ចិនគំរាម ឈប់ទិញផលិតផលរបស់អូស្ត្រាលី ដែលចង់បើកអង្កេតរឿងកូវីដ១៩

ចិន​ព្រមាន​ធ្វើ​ពហិការ​ប្រឆាំងនឹង​អូស្ត្រាលី​ដែល​ចង់​បើក​អង្កេតរឿង​កូរ៉ូណាវីរុស​ថ្មី
ចិន​ព្រមាន​ធ្វើ​ពហិការ​ប្រឆាំងនឹង​អូស្ត្រាលី​ដែល​ចង់​បើក​អង្កេតរឿង​កូរ៉ូណាវីរុស​ថ្មី REUTERS - CARLOS GARCIA RAWLINS
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

ឯកអគ្គរដ្ឋ​ទូត​ចិន ប្រចាំ​អូស្ត្រាលី លោកចេង ជីងយ៉េ Cheng Jingye បាន​ព្រមាន​នៅថ្ងៃ ចន្ទទី ២៧​មេសា​នេះ ថា ការ​បើកអង្កេត​ចង់ដឹង​អំពី​របៀប​គ្រប់គ្រង​ជំងឺ​កូវីដ១៩ អាច​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចិន​មិន​សប្បាយ​ចិត្ត។ ហើយនៅ​ពេលមាន​ការ​​ខក​ចិត្ត ពលរដ្ឋ​ចិន​អាច​នឹង​​ធ្វើ​ពហិការ​ប្រឆាំង​នឹង​អូស្ត្រាលី។ ឯកអគ្គរដ្ឋ​ទូតចិន ប្រចាំអូស្ត្រាលី បាន​បញ្ចេញ​ប្រតិកម្មបែបគំរាមកំហែង​នេះ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយទស្សនាវដ្តី​អូស្ត្រាលី Australian Financial Review។

ផ្សាយពាណិជ្ជកម្ម

ក្នុងសំដី​បែប​គំរាមកំហែង ឯកអគ្គរដ្ឋទូតចិនប្រចាំ​អូស្ត្រាលី បាន​ថ្លែង​ថា សំណើសុំបើក​អង្កេត​ឯករាជ្យ ជា​គ្រោះថ្នាក់។ ប្រជាពលរដ្ឋ​ចិន ពិត​ជា​ហួស​ចិត្ត ខកចិត្ត និង​ខូច​ចិត្ត​ ចំពោះ​ទង្វើ​របស់​អូស្ត្រាលី​។ បើ​មាន​អ្វីមិន​​ស្រួល​បន្តិច ប្រជាពលរដ្ឋចិន​ច្បាស់​ជា​នឹង​ចោទ​សួរ​ខ្លួន​ឯង​ភ្លាម​ថា​ហេតុ​អ្វី​​ទៅ​ទៅ​លេងប្រទេស​ដែលមិន​សូវ​មាន​ភារៈ​ជាមួយ​ចិន​ដូច​​យ៉ាង​អូស្ត្រាលី ? ទេសចរ​ចិន​ច្បាស់​មាន​មន្ទិល​ក្នុង​ចិត្ត​។ នេះ​បើ​តាម​ការអះអាង​របស់​លោក​ឯកអគ្គរដ្ឋទូត​ចិន ដោយគូស​បញ្ជាក់​ទៀត​ថា គឺពលរដ្ឋ​ចិន​ជាអ្នកសម្រេច​ចិត្ត។ ពលរដ្ឋសាមញ្ញ​ចិនអាច​នឹងឈប់​ទទួលទាន​ស្រា​អូស្ត្រាលី ឬ​ឈប់​បរិភោគ​សាច់​គោអូស្ត្រាលី​ជាដើម។ល។

លោក​ចេង​បាន​ព្រលយ​ទៀតថា ទៅ​ថ្ងៃ​មុខ​ មាន​និស្សិត​ចិន​ច្រើន​ចង់​មកបន្តការសិក្សា​នៅអូស្ត្រាលី តែ​ត្រូវខកខាន​ខ្លះ ដោយ​សារ​រាតត្បាត​របស់កូវីដ១៩ និង​អាច​ដោយ​សារ​តែ​ឪពុកម្តាយ​ចិនត្រូវ​ពិចារណាឡើង​វិញថា​គួរឬ​មិនគួរបញ្ចូនកូន​ចៅ​របស់​ពួក​គេ​ទៅកាន់​ប្រទេសដែល​មិន​រាក់ទាក់ឬស្អប់​ចិន។ សូម​បញ្ជាក់​ថា​ថ្លៃសិក្សា​របស់​និស្សិតបរទេស ជា​ប្រភព​ចំណូល​ជាតិ​ដ៏​សំខាន់​មួយ​របស់​អូស្ត្រាលី។

សេចក្តី​ប្រកាស​របស់​បែប​ព្រមាន​របស់​ចិន​ បង្ហាញឱ្យឃើញ​ទំនាក់ទំនង​ចិន-អូស្រ្តាលី​ដែល​ដុនដាប​ស្រាប់​ កាន់​ធ្លាក់​យ៉ាប់​យឺន​​បន្ថែម​ទៀត  និង​ស​ឱ្យ​ឃើញ​ថា ក្នុង​នាម​ជា​មហាអំណាចសេដ្ឋកិច្ច​មួយ អ្នក​​ការ​ទូត​​ចិន​ជំនាន់​ថ្មី​ មិន​ខ្លាច​នឹងចេញ​មុខ​ការពារ​បក្ស​កុម្មុយនិស្ត​យ៉ាង​គឃ្លើន និង​ជា​សាធារណៈទេ។

ប្រតិកម្ម​របស់​ចិន​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អូស្តា្រលី បាន​រួម​ដៃ​ជាមួយ​សហរដ្ឋ​អាមេរិក ស្នើ​សុំ​បើក​អង្កេត ថា​តើ​ជំងឺកូវីដ​១៩​បង្ក​ឡើង​ដោយ​មេរោគកូរ៉ូណា​ថ្មី ដែល​លេចឡើង​ជា​ដំបូង​នៅ​វូហាន​ប្រទេសចិន ធ្វើ​ការចម្លង​និង​វិវឌ្ឍន៍​យ៉ាង​ដូចម្តេច ទើប​អាច​រាលដាល​ក្លាយ​ជា​រោគ​រាតត្បាតសកល​ទូទាំង​ពិភពលោក យ៉ាង​ដូច្នេះ ?!

អូស្ត្រាលី​និង​សហរដ្ឋ​អាមេរិក បាន​ចោទ​​ជា​អាទិ៍​ថា ​​ចិនមិន​បាន​​ចាត់​វិធានការ​​ត្រឹម​ត្រូវ ប្រកប​ដោយ​ប្រសិទ្ធភាព​នៅពេល​កូវីដ​១៩​ផ្ទុះ​ឡើង​ក្នុង​សប្តាហ៍​ដំបូងភ្លាម និង​បាន​លាក់​បាំង បង្រួម​ផលវិបាកនៃ​ការរាតត្បាត​របស់​កូវីដ​១៩ ​ដែល​កើតមាន​នៅ​ទឹក​ដី​របស់​ខ្លួន។ ពាក្យ​ចោទ​ប្រកាន់​ទាំង​នេះ​ត្រូវ​បាន​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន ច្រាន​ចោល និង​បាន​អះអាង​អំពី​តម្លាភាព​របស់​ខ្លួន​ ចំពោះ​ចំណាត់​ការ​ទប់​ស្កាត់​ជំងឺកូវីដ​១៩។ ​កាលពីសប្តាហ៍​មុន ចិន​បាន​ច្រាន​ចោល​សំណើ​សុំ​បើក​អង្កេត​ឯករាជ្យ​របស់​អូស្ត្រាលី​ម្តង​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ