អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការអន្តរាគមន៍របស់រដ្ឋ និងគុណភាពស្ថាប័នល្អ អាចដោះស្រាយ គម្លាតរវាងអ្នកមាន និងអ្នកក្រ បានឬយ៉ាងណា?

សំឡេង ០៤:២៣
តើការអន្តរាគមន៍របស់រដ្ឋ និងគុណភាពស្ថាប័នល្អ អាចដោះស្រាយ គម្លាតរវាងអ្នកមាន និងអ្នកក្រ បានឬយ៉ាងណា?
តើការអន្តរាគមន៍របស់រដ្ឋ និងគុណភាពស្ថាប័នល្អ អាចដោះស្រាយ គម្លាតរវាងអ្នកមាន និងអ្នកក្រ បានឬយ៉ាងណា? AFP
ដោយ៖ ឆន ឌីណា

ការកើនឡើងគម្លាតរវាងអ្នកមាន និងអ្នកក្រ តែងតែជាក្ដីបារម្ភ សម្រាប់សង្គមនីមួយៗ មិន​ថានៅក្នុងពេលអតីតកាល បច្ចុប្បន្ន និងអនាគត។ នៅពេលណាដែលគម្លាតសង្គមបន្តកើនឡើង អ្នក​ក្រចេះតែមានអារម្មណ៍ថា សង្គមរបស់ខ្លួនអយុត្តិធម៌ និងបម្រើសម្រាប់តែប្រយោជន៍អ្នកមាន។ ដើម្បីដោះស្រាយបញ្ហានេះ ការអន្តរាគមន៍របស់រដ្ឋ និង​ការបង្កើនគុណភាពស្ថាប័នល្អ ត្រូវគេមើលឃើញថាជាយន្តការដ៏មានប្រសិទ្ធិភាព។ តើមកពីមូលហេតុអ្វី?

ផ្សាយពាណិជ្ជកម្ម

អំឡុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក មានការអភិវឌ្ឍសេដ្ឋកិច្ច យ៉ាងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណា តំបន់នេះក៏ប្រឈមក្តីបារម្ភ ពាក់ព័ន្ធទៅនឹងការកើនឡើងវិសមភាពសង្គម ឬគម្លាតរវាងអ្នកមាន និងអ្នកក្រ ផងដែរ។ ខ្សែភាពយន្តល្បីៗរបស់ពិភពលោក រួមមាន រឿង Hollywood “Crazy Rich Asians” និង ខ្សែភាពយន្តកូរ៉េខាងត្បូង “Parasite” អាចជាភ័ស្តុតាងសង្គមជាក់ស្ដែង ដើម្បីពន្យល់អំពីសង្គមមនុស្ស ដែល​អ្នកមានស្ថិតនៅទីតាំងដាច់ឆ្ងាយពីអ្នកក្រ។ ផ្អែកតាមអ្នកជំនាញ វាជាកំហុសឆ្គងមិនគាប្បី ប្រសិនបើគេមើលស្រាលអំពីសារៈសំខាន់នៃខ្សែភាពយន្តទាំងនេះ ក្នុងការបង្ហាញអំពីគម្លាតរវាងអ្នកមាន និងអ្នកក្រ។

យោងតាមទិន្នន័យផ្លូវការចុងក្រោយ របស់ធនាគារស៊្វីស និង​ Oxfam បង្ហាញថា ចំនួនអ្នកមាន ឬដែលគេស្គាល់ជារឿយៗថា មហាសេដ្ឋីពាន់លាន និងមហាសេដ្ឋី នៅបណ្ដាប្រទេសអាស៊ី​ប៉ាស៊ីហ្វិក តួយ៉ាង  អូស្ត្រាលី សាធារណរដ្ឋប្រជាមានិតចិន ហុងកុង តៃវ៉ាន់ ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េខាងត្បូង ថៃ និងវៀតណាម បូកសរុប បានវ៉ាដាច់អាមេរិកខាងជើង និងអឺរ៉ុប។ ការកើនឡើងគម្លាតប្រាក់ចំណូលក្នុងតំបន់នេះ បានកើនឡើងគួរឱ្យកត់សម្គាល់ នៅចន្លោះឆ្នាំ១៩៩០ និងឆ្នាំ២០១៤ ខណៈគម្លាតទ្រព្យសម្បត្តិកាន់តែមានសភាពធំធេង។ ស្របពេលជាមួយគ្នា តំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ជាជម្រករបស់ប្រជាជនក្រីក្រផងដែររបស់ពិភពលោក ។

នៅដំណាក់កាលដំបូងនៃការអភិវឌ្ឍសង្គម អំឡុងពាក់កណ្តាលសតវត្សរ៍មុន តំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវគេស្គាល់ជាទូទៅថាជាតំបន់ដែលពោរពេញដោយ ជម្លោះផ្ទៃក្នុង អស្ថិរភាពនយោបាយ សង្គ្រាមស៊ីវិល និងជម្រកនៃភាពក្រីក្រ។ អំឡុងពេលនោះ រដ្ឋាភិបាលនៃប្រទេសនីមួយៗ ត្រូវផ្តោតការយកចិត្តទុកដាក់លើ ការផ្តល់នូវតម្រូវការសង្គមជាមូលដ្ឋាន និងបង្កើតប្រព័ន្ធសន្តិសុខក្នុងកម្រិតអប្បបរមាណាមួយ។ មិនខុសពីសង្គមផ្សេងៗ ក្នុងបណ្ដាប្រទេសជឿនលឿន ដរាបណាសង្គមមួយរីកចម្រើន ការរំពឹងទុក និងការទាមទារចង់បានរបស់ប្រជាជន នឹង​កើនឡើង តួយ៉ាង ការទាមទារទទួលបាន​សេវាសាធារណៈល្អប្រសើរ នីតិរដ្ឋ គណនេយ្យភាព តម្លាភាព និងក្នុងពេលដំណាលគ្នា ការបង្កើនសុខុមាលភាពសង្គម និងការកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រផងដែរ។

ការសិក្សាយ៉ាងច្រើន បានបង្ហាញថា ការកើនឡើងគម្លាតប្រាក់ចំណូល និងគម្លាតទ្រព្យសម្បត្តិក្នុងសង្គមមួយ អាចជាបញ្ហាប្រឈមដ៏ធំបំផុតមួយ សម្រាប់រដ្ឋាភិបាលពិភពលោក ក្នុងសតវត្សរ៍ទី២១ ហើយរឿងនេះមិនមានករណីលើកលែងទេ សម្រាប់បណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងរយៈពេលវែង មេរៀនប្រវត្តិសាស្រ្តបង្ហាញថា គម្លាតសង្គមខ្លាំងពេក អាចរុញច្រានឱ្យ​មានអស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គមទាំងមូល។

ការដោះស្រាយបញ្ហានេះ ជារឿងចម្រូងចម្រាស និងមានភាពស្មុគស្មាញខ្លាំង ព្រោះថាមិនមែនគ្រប់វិធានការសុទ្ធតែទទួលបានផលល្អ។ ក្នុងចំណោមវិធានការផ្សេងៗ ការធ្វើការអន្តរាគមន៍របស់រដ្ឋាភិបាល តាមរយៈចំណាយសាធារណៈ និងការបង្កើនស្ថាប័នមានគុណភាពល្អ ត្រូវគេចាត់ទុកជារឿងអាទិភាព នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

ផ្អែកតាមអ្នកជំនាញ ការចំណាយសាធារណៈអាចដំណើរការទៅបានល្អ និងអាចលើកកម្ពស់សង្គម កុំឱ្យមានគម្លាតខ្លាំង អាចអនុវត្តទៅបាន លុះត្រាតែមានការរួមចំណែកពីគុណភាពស្ថាប័នល្អ។ ក្នុងការអនុវត្តជាក់ស្ដែង ប្រសិទ្ធិភាពនៃការធ្វើការអន្តរាគមន៍របស់រដ្ឋ តាមរយៈគោលនយោបាយសាធារណៈ អាចរួមចំណែកកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ អាស្រ័យទៅនឹងលក្ខខណ្ឌ។ ភ័ស្តុតាងយ៉ាងច្រើនបង្ហាញថា ការចំណាយសាធារណៈ ដែលផ្តោតលើក្រុមពលរដ្ឋដែលមានចំណូលទាប និងមធ្យម តាមរយៈ ការផ្តល់ការធានារ៉ាប់រងសុខភាពជាមូលដ្ឋាន ការផ្ដល់សេវាអប់រំកាតព្វកិច្ច (នៅថ្នាក់បឋម និងវិទ្យាល័យ) ការធានារ៉ាប់រងភាពគ្មានការងារធ្វើ ការឧបត្ថម្ភធនលំនៅដ្ឋាន ឬការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ អាចជាយន្តការចាំបាច់ដើម្បីដោះស្រាយបញ្ហា។

ក្នុងបណ្ដាប្រទេសដែលមិនមានគុណភាពស្ថាប័នល្អ នុ៎ះអំពើពុករលួយ អាចរុញច្រានឱ្យមានការបង្កើនគម្លាតរវាងអ្នកមាន និងអ្នកក្រទៅវិញ។ បញ្ហាអំពើពុករលួយ បង្កឱ្យមាន ការគេចពន្ធ ការងាររដ្ឋបាលមិនមានប្រសិទ្ធិភាព ការលើកលែងពន្ធពីអ្នកមាន ឬការចំណាយសាធារណៈមិនមានប្រសិទ្ធិភាព។ បញ្ហានេះអាចបង្កើតឱ្យមានប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលបម្រើឱ្យផលប្រយោជន៍សម្រាប់តែអ្នកមាន ក៏ប៉ុន្តែបែរជាមិនខ្វល់ខ្វាយអំពីប្រជាជនក្រីក្រទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ