អានតួអត្ថបទ

ប៉េកាំង​បិទទ្វារ​មិនឲ្យមានការស៊ើបអង្កេត​អន្តរជាតិ​លើ​ប្រភព​កូរ៉ូណាវីរុស

ទាហានយាមនៅរាជវាំង​ហាមឃាត់ នៅទីក្រុង​ប៉េកាំង ថ្ងៃទី​១​ឧសភា​២០២០
ទាហានយាមនៅរាជវាំង​ហាមឃាត់ នៅទីក្រុង​ប៉េកាំង ថ្ងៃទី​១​ឧសភា​២០២០ REUTERS - Tingshu Wang
ដោយ៖ ឈាង បុប្ផា
4 នាទី

ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ពុធ​ទី​៦​ឧសភា បាន​បដិសេធ មិន​ឲ្យ​មាន​ការស៊ើបអង្កេត​អន្តរជាតិ ទៅលើ​ប្រភព​ជំងឺកូវីដ​១៩ ដែល​កើតមាន​ដំបូង​នៅទីក្រុង​វូហាន។ ប្រទេស​ចិន តាមរយៈ ឯកអគ្គរដ្ឋទូត ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់ថា ខ្លួន​មិនទទួល​សហការ​ឲ្យ​មាន​ការស៊ើបអង្កេត​ទេ ដរាបណា​ជំងឺកូវីដ ១៩ និង​ការចោទប្រកាន់​របស់​អាមេរិក​ទៅភាគី​ចិន នៅតែ​បន្ត​រីករាលដាល ក្នុង​ពិភពលោក។ 

ផ្សាយពាណិជ្ជកម្ម

"ជាគោលការណ៍ ប្រទេស​ចិន​មិន​ប្រឆាំង​រាល់ទម្រង់​ស៊ើបអង្កេត ឬ​ការវាយតម្លៃ​ណាមួយទេ ព្រោះ​ថា ការស៊ើបអង្កេត​ណាមួយ នឹង​ជួយ​ឲ្យគេ​អាច​ត្រៀមខ្លួន​ទប់ទល់​នឹង​ស្ថានភាពអាសន្ន​សុខភាព នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ ស្ថានភាព​បច្ចុប្បន្ន​នេះ គេ​មិនអាច​ខាតពេល​ដើម្បី​សង្រ្គោះជីវិត​មនុស្ស​នោះទេ"។ នេះ​ជា​ការបកស្រាយ​របស់​លោក Chen Xu ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​អង្គការ​សហប្រជាជាតិ នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ ពុធ នៅទីក្រុង​ហ្សឺណែវ។

ឆ្លើយ​នឹង​សំណួ​របស់​អ្នកកាសែត ស្តីពី​ការស្នើឡើង​របស់​​អង្គការ​សុខភាព​ពិភពលោក ដែល​ចង់​បញ្ជូន អ្នកជំនាញ​ទៅ​ទីក្រុង​វូហាន ដែល​ជា​ប្រភពកើតដំបូង នៃ​ជំងឺកូវីដ ១៩ អ្នកតំណាង​របស់​ប្រទេស​ចិន បាន​វាយតម្លៃថា កាលៈទេសៈ​បច្ចុប្បន្ន​មិន​អំណោយផល​ឲ្យ​គេ​បើក​ការស៊ើបអង្កេត​នោះទេ។

តាម​ឯកអគ្គរដ្ឋទូត​ចិន គេត្រូវ​កំណត់​អាទិភាព​ដែល​ត្រូវធ្វើ ពោល​គឺ​ប្រមូលផ្តុំ​កម្លាំង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ រហូត​ដល់​ទទួល​ជ័យជំនះ។ ម្យ៉ាងទៀត ដើម្បី​ឲ្យ​មាន​ការស៊ើបអង្កេត ចិន​ក៏​ត្រូវការ​ឲ្យ​មាន​បរិយាកាស​ល្អ ផងដែរ។

អ្នកតំណាង​ចិន នៅ​អង្គការ​សហប្រជាជាតិ ចង់​សំដៅ​ដល់​ថ្នាក់ដឹកនាំ​អាមេរិក ដែល​បាន​ចោទប្រកាន់​ថា មេរោគកូវីដ​១៩​លេចធ្លាយ​ចេញពី​មន្ទីរពិសោធន៍​មេរោគ​ក្នុង​ទីក្រុងវូហាន។

នៅក្នុង​បទសម្ភាសន៍ជាមួយ​ទូរទស្សន៍​ ABC កាលពី​ថ្ងៃ​អាទិត្យ ប្រមុខការបរទេស​អាមេរិក បានអះអាងថា គេ​មានភស្តុតាង​ដែល​បញ្ជាក់ថា អាជ្ញាធរ​ចិន​បណ្តែតបណ្តោយ​ឲ្យ​មេរោគកូវីដ ១៩ លេចចេញ​ពីមន្ទីរពិសោធន៍​នៅក្រុង​វូហាន។

ឯកអគ្គរដ្ឋទូត ចិន បាន​ទាមទារ​ឲ្យ​ប្រធានាធិបតី​និង រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បង្ហាញ​ភស្តុតាង ឲ្យ​គ្រប់គ្នា​បាន​ដឹង ជាជាង​ដើរចង្អុរ​ចោទប្រកាន់​គេឯង។ បើតាម​លោក មានអ្នកតែ​អ្នកវិទ្យាសាស្រ្ត​ដែល​អាច​ឆ្លើយ​នឹង​សំណួរខាងលើបាន។

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិនវិញ​កាលពី​ថ្ងៃ​ពុធ​បាននិយាយថា អាមេរិក គ្មាន​ភស្តុតាង​នោះទេ។ សម្រាប់​ប៉េកាំង ដោយ​ព្យាយាម​បំបែរ​ចំណាប់អារម្មណ៍ មិន​ចង់​ទទួល​ខុសត្រូវ​លើ​បញ្ហា​កូវីដ​ដែល​កំពុង​ធ្លាក់ធ្ងន់ធ្ងរ ក្នុង​ប្រទេស លោក​ដូណាល់ ត្រាំ និង​រដ្ឋមន្រ្តី​ការបរទេស​កំពុង​បង្កលំបាក​ដល់​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ។ “យើង​មិន​អាច​អត់ឱន​ឲ្យ​មេរោគ​នយោបាយ រីកសាយភាយ​ដោយ​សេរីនោះទេ។ គេ​គួរ​តែ​ផ្តោត​សំខាន់​ទៅលើ​ការប្រយុទ្ធប្រឆាំង​នឹង​មេរោគពិតប្រាកដ ដូចជា​កូវីដ” នេះជាយោបល់​របស់​ឯកអគ្គរដ្ឋទូត​ចិន។

ខណៈពេល​ដែល​ចំនួន​អ្នកស្លាប់​ដោយសារ​កូវីដ ១៩ កើនឡើង​ជាង ៧ម៉ឺននាក់ នៅ​អាមេរិក លោកដូណាល់ ត្រាំ បាន​ទម្លាក់​កំហុស​លើ​ទីក្រុង​ប៉េកាំង​ថា គ្មាន​តម្លាភាព និង​គ្រប់គ្រង​មិនបាន​ល្អ​បញ្ហា​កូវីដ រហូត​ធ្វើ​ឲ្យ​បែកសាយភាព​ពេញពិភពលោក។ ដើម្បី​សងសឹក ប្រទេស​ចិន រដ្ឋបាលលោកដូណាល់ ត្រាំ នាពេលថ្មីៗនេះ បាន​គំរាម ចាត់វិធានការ ដំឡើង​ពន្ធ​លើ​ទំនិញចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ