អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកផ្លាស់ទីផលិតទៅវៀតណាមអំឡុងវិបត្តិកូវិដ១៩

សំឡេង ០៤:២៧
ប្រជាជនវៀតណាម​រង់ចាំ​ការចែកអង្ករ​នៅមុខ​វិហារ​ Saint Joseph ក្នុង​ទីក្រុង​ហាណូយ ក្នុង​អំឡុង​វិបត្តិ​កូវីដ​១៩ នៅខែ​មេសា ២០២០
ប្រជាជនវៀតណាម​រង់ចាំ​ការចែកអង្ករ​នៅមុខ​វិហារ​ Saint Joseph ក្នុង​ទីក្រុង​ហាណូយ ក្នុង​អំឡុង​វិបត្តិ​កូវីដ​១៩ នៅខែ​មេសា ២០២០ REUTERS - Nguyen Huy Kham
ដោយ៖ ឆន ឌីណា
២៦ នាទី

​ប្រឈមមុខដំណាលគ្នា ចំពោះសង្គ្រាមពាណិជ្ជកម្ម និង​វិបត្តិជំងឺរាតត្បាតសកលបច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកយ៉ាងច្រើន បាន​និងកំពុងពិចារណា ផ្លាស់ទីតាំងផលិតរបស់ខ្លួនចេញពីប្រទេសចិន។ វិបត្តិទាំងនេះ បានបន្ថែមហេតុផលចម្បងមួយផ្សេងទៀត សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ឱ្យយកចិត្តទុកដាក់លើភាពចាំបាច់នៃការធ្វើពិពិធកម្មផលិតកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពនូវឧស្សាហកម្មផលិតរបស់ខ្លួន ហើយមិនមែនផ្តោតតែលើថ្លៃដើមទាបនៃការផលិតប៉ុណ្ណោះទេ។ ក្នុងចំណោមប្រទេសទាំងនោះ វៀតណាមជាបេក្ខភាពមួយដ៏ល្អបំផុត។ តើមកពីហេតុអ្វី? 

ផ្សាយពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន​ បានរុញច្រានឱ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកយ៉ាងច្រើន ពិចារណាផ្លាស់ទីផលិតចេញពីប្រទេសចិន។ កាលពីអំឡុងពាក់កណ្ដាលខែមករា ពោលគឺនៅពេល​ដែលសហរដ្ឋអាមេរិក និងចិន បានបង្ហាញជំហរទន់ភ្លន់រួចទៅហើយ ដើម្បីស្វែងរកកិច្ចព្រមព្រៀង ក្នុងការ​បន្ធូរបន្ថយភាពតានតឹងនៃជម្លោះពាណិជ្ជកម្ម ក៏ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បាន​បង្ហាញពីចេតនា​ ព្យាយាមធ្វើយ៉ាងណា​ផ្លាស់ប្ដូរទីតាំងផលិត ចេញពីប្រទេសចិន ដែលជាទីតាំងផលិតដ៏ធំបំផុតរបស់ខ្លួន។ ក៏ប៉ុន្តែ វិបត្តិជំងឺរាតត្បាតសកលបច្ចុប្បន្ន បាន​បន្ថែមហេតុផលចម្បងមួយផ្សេងទៀត សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ ឱ្យយកចិត្តទុកដាក់លើ ភាពចាំបាច់នៃការធ្វើពិពិធកម្មផលិតកម្ម (ការបង្កើតឱ្យមានផលិតផលច្រើនមុខផ្សេងពីគ្នា) និងការអភិវឌ្ឍប្រកបដោយចីរភាពនូវឧស្សាហកម្មផលិតរបស់ខ្លួន ហើយមិនមែនផ្តោតតែលើថ្លៃដើមទាបនៃការផលិតប៉ុណ្ណោះទេ។

ផ្អែកតាមការចេញផ្សាយរបស់ កាសែតជប៉ុន Nikkei Asian Review ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកយ៉ាងច្រើន រួមមានក្រុមហ៊ុន Apple ផងដែរ បាន​ពិចារណាផ្លាស់ទីផលិតពីប្រទេសចិន។ ក្រុមហ៊ុនខ្លះ បានបង្ហាញការពេញចិត្តលើប្រទេសវៀតណាម ថៃ ឥណ្ឌា អាមេរិកខ្លួនឯងផ្ទាល់ ឬក៏បណ្ដាប្រទេសនៅតំបន់អាស៊ាន។

ប្រភពដដែលនេះបង្ហាញថា ក្រុមហ៊ុន Apple មានគម្រោងផលិត ឧបករណ៍សម្រាប់ស្តាប់សំឡេងឥតខ្សែ ឬគេស្គាល់ថា AirPods wireless ចំនួនរាប់លានគ្រឿង ក្នុងប្រទេសវៀតណាម ជាលើកដំបូង ក្នុងត្រីមាសនេះ។ នេះជាសញ្ញាមួយ ដែលបង្ហាញថា ក្រុមហ៊ុន Apple កំពុងពន្លឿនការធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ចេញពីប្រទេសចិន អំឡុងវិបត្តិកូវិដ១៩។ ប្រមាណ ៣លាន ក្នុងចំណោម ៤លានគ្រឿង នៃផលិតផលនេះ ឬ ប្រហែល ៣០ភាគរយនៃផលិតផល AirPods ជំនាន់មុន នឹងត្រូវបានផលិត ដោយមានយីហោសម្គាល់ថា “Made in Vietnam”។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរទីតាំងផលិតកម្មនេះ មិនបានរាប់បញ្ចូល AirPods Pro ដែល​ជាផលិតផលបច្ចេកវិទ្យាចុងក្រោយ មិនមានសំឡេងរំខាន របស់ក្រុមហ៊ុន Apple នោះទេ។

សម្រាប់ពេល​បច្ចុប្បន្ន ផលិតផល AirPods ភាគច្រើន រួមបញ្ចូល AirPods (តម្លៃ ១៥៩ ដុល្លារអាមេរិក) និង AirPods Pro (តម្លៃ ២៤៩ ដុល្លារអាមេរិក) កំពុងបន្ដផលិតនៅក្នុងប្រទេសចិន ទោះជា​ផលិតផលខ្លះ ត្រូវប្រឈមនឹងការដាក់ពន្ធបន្ថែម ដោយរដ្ឋាភិបាលលោក ដូណាល់ ត្រាំ កាលពីឆ្នាំមុន។ ដើម្បីសម្រួលដល់ការផលិតក្នុងប្រទេស រដ្ឋាភិបាលវៀតណាម បាន​អនុញ្ញាតផ្ដល់នូវសិទ្ធិពិសេស សម្រាប់ក្រុមហ៊ុនដំឡើងផលិតផល AirPods និង​ការ​ជំរុញឱ្យ​ក្រុមហ៊ុននាំយកវិស្វករជំនាញ ចូលមកក្នុងប្រទេសខ្លួន។

ហេតុអ្វីវៀតណាម ស្ថិតក្នុងចំណោមបេក្ខភាពដ៏ល្អបំផុត សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ?​ ប្រទេសវៀតណាម មានប្រជាជនច្រើន និងសម្បូរដោយយុវជន។ ក្នុងន័យសេដ្ឋកិច្ច លក្ខខណ្ឌនេះ មានន័យ មិនត្រឹមតែស្មើនឹងអំណាចនៃការទិញមានទំហំធំធេង ក៏ប៉ុន្តែ វាក៏អាចជាប្រភពនៃកម្លាំងពលកម្មយ៉ាងសម្បើមផងដែរ។ ស្ថិតក្នុងលក្ខខណ្ឌដែលប្រទេសអាស៊ីមួយនេះ អាច​បណ្ដុះបណ្ដាលធនធានមនុស្សទាំងនោះឱ្យបានត្រឹមត្រូវ នុ៎ះក្តីស្រមៃរបស់រដ្ឋាភិបាលវៀតណាម សម្រាប់ផែនការបង្កើតការផលិត ក្រោមយីហោសម្គាល់ថា “Made in Vietnam” នឹងកាន់តែមានភាពធំធេងផងដែរ។

បច្ចុប្បន្ន ប្រជាជនវៀតណាមត្រូវគេចាត់ទុកជា ប្រជាជនមួយក្នុងចំណោមប្រជាជនដែលខិតខំធ្វើការបំផុតនៅអាស៊ី ខណៈសិស្សវៀតណាមតាំងពីថ្នាក់បឋមសិក្សា រហូតដល់មហាវិទ្យាល័យ ក៏មានការតស៊ូប្ដូរផ្តាច់ខ្លាំងណាស់ដែរ បើមើលទៅលើចំណាត់ថ្នាក់អប់រំ ក្នុងស្ដង់ដារកម្រិតពិភពលោក។ និស្សិតវៀតណាម នៅថ្នាក់ឧត្តមសិក្សានៅបរទេសភាគច្រើន ជាពិសេសនៅប្រទេសជឿនលឿន ទទួលបានការវាយតម្លៃខ្ពស់ ពីសាកលវិទ្យាល័យផ្សេងៗ ធៀបនឹងនិស្សិតអាស៊ីផ្សេងទៀត។

យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាលជាតិវៀតណាម បានឱ្យដឹងថា និស្សិតវៀតណាមប្រមាណជាង ១៩០០០០នាក់ កំពុងសិក្សានៅបរទេស ហើយ ភាគច្រើននៅសហរដ្ឋអាមេរិក មានចំនួន ២៩០០០នាក់ បន្ទាប់មកកាណាដា មានចំនួន ២១០០០នាក់ នៅអូស្រ្ដាលី និងនូវែលសេឡង់ មានចំនួន ៣០០០០នាក់ នៅជប៉ុន មានចំនួន ១៥០០០នាក់ នៅកូរ៉េខាងត្បូង មានចំនួន ១៤០០០នាក់ នៅចក្រភពអង់គ្លេស មានចំនួន ១២០០០ពាន់ នៅអ៊ីតាលី និងចិន មានចំនួន ១១០០០នាក់ នៅអាល្លឺម៉ង់ មានចំនួន ៧៥០០នាក់ ហើយនៅបារាំង មានចំនួន ៦៥០០នាក់។ ចំនួននេះ បង្ហាញយ៉ាងច្បាស់ថា វៀតណាមស្ថិតក្នុងចំណោមប្រទេសខ្ពស់បំផុត លើពិភពលោក ដែល​បាន​បញ្ចូននិស្សិតរបស់ខ្លួនទៅបន្តការសិក្សានៅបណ្ដាប្រទេសជឿនលឿន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ