អានតួអត្ថបទ
ចិន-កូវីដ-១៩

កូវីដ-១៩៖មន្ទីរពិសោធន៍ចិនថា អាចបញ្ឈប់ការឆ្លងកូវីដ១៩ ដោយមិនបាច់ប្រើថ្នាំវ៉ាក់សាំង

មន្ទីរពិសោធន៍ចិនបាន​អះអាង​ថា អាចបញ្ឈប់ការឆ្លងកូវីដ១៩ ដោយមិនបាច់ប្រើថ្នាំវ៉ាក់សាំង
មន្ទីរពិសោធន៍ចិនបាន​អះអាង​ថា អាចបញ្ឈប់ការឆ្លងកូវីដ១៩ ដោយមិនបាច់ប្រើថ្នាំវ៉ាក់សាំង AFP - JOE KLAMAR
១៤ នាទី

ខណៈ​ដែល​មាន​មន្ទីរពិសោធន៍​ប្រមាណ​ជា ១០០ នៅ​ទូទាំង​ពិភពលោក​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​ស្វែង​រក​ថ្នាំព្យាបាល និង​ថ្នាំវ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩ ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​ប្រទេស​ចិន​បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ថ្នាំ​ដែល​អាច​ពន្លឿន​ការ​ជា សះស្បើយ និង​ថែម​ទាំង​អាច​ទប់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដោយ​មិន​បាច់​ប្រើ​ថ្នាំវ៉ាក់សាំង។ លោក​សាស្រ្តាចារ្យ​ស៊ុននី ស៊ី នាយក​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ថ្មី Beida បាន​បញ្ជាក់​ថា ថ្នាំ​ប្រភេទ​នេះ​បាន​ផលិត​ចេញ​ពី​ប្រព័ន្ធ​ការពារ ឬ​ហៅ​អង់ទីក​ពី​អ្នក​ជំងឺ​កូវីដ១៩ ដែល​បាន​ព្យាបាល​ជា។

ផ្សាយពាណិជ្ជកម្ម

ដំណឹង​មួយ​នេះ​អាច​ជា​ក្តីសង្ឃឹម​ថ្មី​មួយ​ទៀត​នៅ​ក្នុង​យុទ្ធនាការ​ស្វែង​រក​ថ្នាំ​ព្យាបាល និង​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ-១៩។ លោក​ស៊ុននី ស៊ី​បាន​ពន្យល់​ថា លោក​បាន​ធ្វើ​ការ​សាកល្បង​ថ្នាំ​ប្រភេទ​នេះ​នៅ​លើ​សត្វកណ្តុរ​ដោយ​ទទួល​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់។ តាម​លោក​ស៊ុននី ស៊ី ថ្នាំ​ដែល​លោក​បាន​សាកល្បង​លើ​សត្វកណ្តុរ​ជា​ថ្នាំ​ដែល​ផលិត​ចេញ​ពី​ប្រព័ន្ធ​ការពារ ឬ​អង់ទី ក​របស់​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ ចំនួន៦០នាក់។ នៅ​ក្នុង​ជំហាន​បន្ទាប់ ការ​សាកល្បង​កំពុង​រៀបចំ​ធ្វើ​លើ​អ្នក​ជំងឺ​កូវីដ១៩ ហើយ​បើ​តាម​លោក​ស៊ុននី ស៊ី ការ​សាកល្បង​លើ​អ្នក​ជំងឺ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី និង​នៅ​ក្នុង​ប្រទេស​ផ្សេង ព្រោះ​នៅ​ចិន​សព្វថ្ងៃ គេ​មិន​មាន​អ្នក​ជំងឺ​កូវីដ១៩ គ្រប់គ្រាន់​ដើម្បី​សាកល្បង​ទេ។

អ្នក​ស្រាវជ្រាវ​ចិន​រូប​នេះ​ដដែល​សង្ឃឹម​ថា ប្រព័ន្ធការពារ ឬ​អង់ទី ក ដែល​យក​ចេញ​ពី​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ នឹង​ក្លាយ​ជា​ថ្នាំ​ពិសេស​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពន្លឿន​ការ​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ តាម​លោក​ស៊ុននី ស៊ី ថ្នាំព្យាបាល​នេះ​នឹង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​មុន​ដំណាច់ឆ្នាំ ២០២០ ពោល​មុន​រដូវត្រជាក់​ឆ្នាំ​ក្រោយ​ដែល​ជំងឺ​ដដែល​មួយ​នេះ​អាច​វិល​ត្រឡប់​ជា​ថ្មី។ តាម​រដ្ឋអំណាច​សុខាភិបាល​ចិន មាន​អ្នក​ជំងឺ​កូវីដ១៩ ជាង ៧០០នាក់​នៅ​ចិន​ដែល​ទទួល​ការ​ព្យាបាល​ដោយ​ប្លាស្មា​បាន​ជា​សះស្បើយ។ តែ​លោក​ស៊ុននី ស៊ី​បាន​ទទួល​ស្គាល់​ពី​បរិមាណ​ប្លាស្មា​មាន​កំណត់​ដែល​គេ​មិន​អាច​ប្រើ​ក្រោម​ទ្រង់ទ្រាយ​ធំ​បាន​ឡើយ។

តាម​លោក​ស៊ុននី ស៊ី ថ្នាំ​ព្យាបាល​ដោយ​ប្រើ​អង់ទី ក របស់​អ្នក​ជា​សះស្បើយ​ពី​កូវីដ១៩ អាច​ផលិត​បាន​ក្នុង​បរិមាណ​ច្រើន និង​ក្រោម​ទ្រង់ទ្រាយ​ធំ។ គួរ​រម្លឹក​ថា វិធីសាស្រ្ត​ស្រដៀង​គ្នា​នេះ​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ទៀត ដូច​យ៉ាង​ជំងឺ​អេបូឡា ឬ​ជំងឺ​ផ្លូវដង្ហើម​ដើមបូព៌ា​ដែល​គេ​ហៅ Mers៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ