អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តៃវ៉ាន់​-​ចិន​ ផ្ទុះ​សង្គ្រាម​ពាក្យ​សម្តីជាថ្មី​ក្នុង​ថ្ងៃ​ដែល​ប្រធានាធិបតី​តៃវ៉ាន់​ស្បថ​ចូល​កាន់​តំណែង​អាណត្តិ​ទី​២​

សំឡេង ០៦:៤១
ប្រធានាធិបតីតៃវ៉ាន់លោកស្រីឆៃ អ៊ីងវេន Tsai Ing-wen និងអនុប្រធានាធិបតីលោក William Lai Ching-te ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ ។
ប្រធានាធិបតីតៃវ៉ាន់លោកស្រីឆៃ អ៊ីងវេន Tsai Ing-wen និងអនុប្រធានាធិបតីលោក William Lai Ching-te ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ ។ VIA REUTERS - TAIWAN PRESIDENTIAL OFFICE
ដោយ៖ អ៊ុង គឹមអ៊ាន់

នៅក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង​អាណត្តិ​ទី២​ នា​ថ្ងៃ​ពុធ​ទី ២០ ឧសភានេះ​ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ ឆៃ អ៊ីង​វេន​ បាន​​អះអាង​ថា​ តៃវ៉ាន់​ព្រម​ចូល​តុ​ចរចាជាមួយ​ចិន​ ក៏​ប៉ុន្តែ​តៃវ៉ាន់​ មិន​ព្រម​ជាដាច់ខាត​ក្លាយជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន​។ ការ​ប្រកាស​បែបនេះ​ បាន​ធ្វើឲ្យ​ចិន​ផ្ទុះ​កំហឹង​ជាខ្លាំង​ និង​ឆ្លើយតប​វិញ​ភ្លាម​ថា​ ទីក្រុង​ប៉េកាំង​ មិន​អាច​ឈរ​ឱបដៃ​មើល​តៃប៉ិ​ បំបែក​ខ្លួន​ចេញពី​ប្រទេស​ចិន​និង​ប្រកាស​ឯករាជ្យ​បាន​ជា​ដាច់​ខាត​។

ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​បានជា​សង្គ្រាម​ពាក្យ​សម្តី​រវាង​ចិន​និង​តៃវ៉ាន់​ចាប់​ផ្ទុះ​ឡើង​ជាថ្មី​?

បញ្ហា​ទាក់ទង​នឹង​ប្រទេស​ចិន​ ហើយនិង​កោះ​តៃវ៉ាន់​ត្រូវ​បាន​គេ​ចុះផ្សាយ​ព្រោងព្រាត​នៅ​តាម​បណ្តា​សារព័ត៌មាន​អន្តរជាតិ​ធំៗ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ ជាពិសេស​នៅ​ថ្ងៃ​ ទី​ ២០​ ឧសភា នេះ​តែ​ម្តង​។ ពោល​គឺ​បន្ទាប់​ពី​លោកស្រី​ ឆៃ​ អ៊ីងវេន​ ប្រធានាធិបតី​តៃវ៉ាន់​ បាន​និយាយ​បញ្ជាក់ពី​ចេតនា​របស់​តៃវ៉ាន់​សាជាថ្មី​ ថា​ ព្រម​ចូល​តុ​សន្ទនា​ជាមួយ​ចិន​ ក៏ប៉ុន្តែ​តៃវ៉ាន់​ មិន​ព្រម​ជាដាច់​ខាត​រស់នៅ​ក្រោម​ការត្រួតត្រា​របស់​ចិន​ដីគោក​ ក្រោម​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធពីរ​។ ជា​គំរូ​នយោបាយបាយ​ដូច​ដែល​ដែនដី​ហុងកុង​អនុវត្តន៍​ជាមួយ​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​ដែរ​។

ការ​ប្រកាស​របស់​លោកស្រី​ ឆៃ​ អ៊ីងវេន​ ខាង​លើ​នេះ​ធ្វើឡើង​ក្នុងពេល​ដែល​លោកស្រី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់​សម្រាប់​អាណត្តិ​ទី២​ និង​នៅក្នុង​ពេល​ដែល​លោក​ស្រី​ថ្លែង​សុន្ទរកថា​អបអរ​ចំពោះ​ជោគជ័យ​របស់​កោះ​តៃវ៉ាន់​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ១៩​។

មួយវិញទៀត​ គេ​កត់​សម្គាល់​ទៀត​ថា​ ការ​ប្រកាស​មិន​ទទួល​ស្គាល់​ថា​តៃវ៉ាន់​ ជា​ផ្នែក​មួយ​របស់​ចិន​នេះ​ ធ្វើ​ឡើង​ភ្លាមៗ​ផងដែរ​ ក្រោយពី​អង្គការ​សុខភាព​ពិភពលោក ​មិនព្រម​ទទួល​ឲ្យ​តៃវ៉ាន់​ចូលរួម​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ទៅតាម​ការចង់​បាន​របស់​ចិន​។

តៃវ៉ាន់​ ខឹង​សម្បា​ និង​ខក​ចិត្ត​ខ្លាំង​មែនទែន​ ការណ៍​ដែល​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​មហាសន្និបាត​ប្រចាំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ បើទោះជា​តៃវ៉ាន់​ ជា​ប្រទេស​ទទួល​បាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩​ ក្តី ​និង​បើទោះជា​ មាន​ប្រទេស​ជាច្រើន​ដែល​ក្នុង​នោះ​មាន​ទាំង​សហរដ្ឋអាមេរិក​និង​នូវែលសេឡង់​ផង​ គាំទ្រ​ចំពោះ​បេក្ខភាព​របស់​កោះតៃវ៉ាន់​ក្នុង​នាម​ជា​ប្រទេស​អង្កេតការណ៍​នៅ​អង្គការ​សុខភាព​ពិភពលោក​។

ចិន​ថ្កោលទោស​និង​ខឹង​សម្បា​ចំពោះ​ការ​ប្រកាស​របស់​តៃវ៉ាន់

ក្រោយពី​បាន​ឮ​នូវ​ការ​សម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក​ភ្លាម​ កោះ​តៃវ៉ាន់​ បាន​ចោទ​ប្រកាន់​ប្រទេស​ចិនភ្លាមតែម្តង​ថា​បាន​ដាក់​សម្ពាធ​លើ​ស្ថាប័ន​សុខភាព​កំពូល​មួយ​នេះ​ មិនឲ្យ​ផ្តល់​កៅអី​ជា​អ្នក​សង្កេតការណ៍​មួយ​នៅ​អង្គការ​សុខភាព​ពិភពលោក​។

តែ​សម្រាប់​ក្រុង​ប៉េកាំង​វិញ​ កោះ​តៃវ៉ាន់​ គឺ​គ្រាន់តែ​ជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន​ ហើយ​តៃវ៉ាន់​គ្មាន​សិទ្ធិ​ឬក៏​មាន​មុខមាត់​អី​ អង្គុយ​លើ​កៅអី​មួយ​ក្នុង​នាម​ជា​ប្រទេស​សង្កេតការណ៍​ របស់​មហា​សន្និបាត​សុខភាព​ពិភពលោក​ឡើយ​។

បន្ថែមលើនេះ​ នៅថ្ងៃ​ពុធ​នេះ​ ចិន​ហាក់​កាន់តែ​ក្តៅ​ស្លឹក​ត្រចៀក​ខ្លាំង​ទ្វេឡើង​ក្រោយ​បាន​ឮ​ ប្រមុខ​រដ្ឋាភិបាល​តៃវ៉ាន់​លោក​ស្រី​ឆៃ អ៊ីងវេន​ បញ្ជាក់​ពី​គោលជំហរ​ម៉ឺងម៉ាត់​ ចង់​បាន​ស្វ័យភាព​ ឯករាជ្យ​ និង​មិន​ទទួល​យក​នយោបាយ​ប្រទេស​មួយ​ ប្រព័ន្ធ​ពីរ​ ដូចការ​ស្នើ​របស់​ខ្លួន​។

ជាក់ស្តែង​ អ្នកនាំពាក្យ​នៃ​ស្ថាប័ន​កំពូល​ចិន​មួយ​ទទួល​បន្ទុក​កិច្ចការ​កោះ​តៃវ៉ាន់​ បាន​និយាយ​ នៅថ្ងៃ​ពុធ​ ទី២០ ឧសភា​នេះ​ថា​ តៃវ៉ាន់​ គឺ​ជា​ផ្នែក​មួយ​ ជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន​ ដូច្នោះហើយ​ទីក្រុង​ប៉េកាំង​ នឹង​មិន​អាច​ឈរ​ក្រពាត់​ដៃ​មើល​ កោះតៃវ៉ាន់​ ផ្តាច់ខ្លួន​ចេញពី​ប្រទេសចិន​បាន​ជាដាច់ខាត​។

តើ​ចិន​អាច​ទន់​ចិត្ត​បន្ទន់​ជំហរ​ខ្លះ​ និង​ព្រម​ជួប​សន្ទនា​ជាមួយ​តៃវ៉ាន់​ដែរ​ឬទេ​?

បើតាម​ប្រតិកម្ម​ដាច់ណាត់​របស់​មន្ត្រី​រដ្ឋាភិបាល​ចិន​ គេអាច​សន្និដ្ឋាន​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នឹង​មិន​ព្រម​ចូល​តុ​សន្ទនា​ជាមួយ​រដ្ឋាភិបាល​កោះតៃវ៉ាន់​ឡើយ​ ប្រសិន​ណាបើ​តៃវ៉ាន់​នៅតែ​រក្សា​ចិត្ត​ ចង់​បំបែក​ខ្លួនចេញ​ពី​ចិន​ និង​ចង់​ប្រកាស​ឯករាជ្យ​នៅ​ទីបំផុតទៅ​។

នយោបាយ ​“ចិនតែមួយ​” គឺ​ជា​នយោបាយ​ដ៏សំខាន់​បំផុតមួយ​របស់​រដ្ឋាភិបាល​ចិន​នៃ​លោកស៊ី​ ជីនពីង​ នា​ពេល​បច្ចុប្បន្ន​។ ចិន ​តែងតែ​ចាត់ទុក​ថា តៃវ៉ាន់​គ្រាន់តែ​ជា​ផ្នែក​មួយ​របស់​ខ្លួន​តែប៉ុណ្ណោះ​។ ការ ​ក្រសោប​យក​តៃវ៉ាន់ ​មកបញ្ចូល​ក្នុង​ទឹកដី​ចិន​តែមួយ​វិញ គឺ​ជា​បញ្ហា​ទាក់ទង​នឹង​មោទនភាព​ជាតិ​ ព្រមទាំង​ភាពខ្លាំង​របស់​ចិន​ដើម្បី​ឈោង​ទៅចាប់​តំណែង​ជា​មហាអំណាច​ពិភពលោក​ពី​សហរដ្ឋ​អាមេរិក​។ ដូច្នោះហើយ​ រឿង​ជួប​សន្ទនា​ជាមួយ​រដ្ឋាភិបាល​តៃវ៉ាន់​ ដឹកនាំ​ដោយ​អ្នក​ឯករាជ្យ​និយម​ដូច​ជាលោកស្រី​ ឆៃ​ អ៊ីងវេន​នេះ​ គឺ​ជារឿង​ពិបាក​ទៅ​រួច​ណាស់​សម្រាប់​ចិន​ប៉េកាំង​។

ដោយឡែក​ ពីខាង​ក្រុង​តៃ​ប៉ិ​វិញ​ បើទោះបីជា​ នៅ​រក្សា​ជំហរ​ មិន​ព្រម​រស់​នៅក្រោម​របប​ចិន​តែ​មួយ​ និង​បាន​ប្រកាស​ស្នើឲ្យ​ចិន​ រស់នៅ​ប្រកប​ដោយ​សន្តិភាព​ជាមួយគ្នា​ តែ​មេដឹកនាំ​តៃវ៉ាន់​ ក៏​បាន​ប្រកាស​ព្រម​ចូលតុ​សន្ទនា​ជាមួយ​ដើម្បីស្វែងរក​សន្តិភាព​ជាមួយ​ភាគីចិនដែរ​។

ខណៈពេល​ដែល​ទីក្រុង​ប៉េកាំង​ មាន​ប្រតិកម្ម​លាយឡំ​នឹង​កំហឹង​ ចំពោះ​ការ​ថ្លែង​របស់​លោកស្រី​ ឆៃ អ៊ីងវេន​ ក្នុង​ពេល​ស្បថ​ចូល​កាន់​មុខ​តំណែង​នា​អាណត្តិទី​ ២​ នេះ​ ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ ការ​ប្រកាស​របស់​លោក​ស្រី​ ឆៃ ពិតជា​មាន​បង្កប់​នូវ​សារ​ផ្សះផ្សា​ និងគ្មាន​ចេតនា​ចង់​ឈ្លោះ​ទាស់ទែង​អ្វី​ជាមួយ​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត​ចិន​ឡើយ​។

ជាក់ស្តែង​ អ្នក​ជំនាញ​សិក្សា​អំពី​ទំនាក់ទំនង​ចិន​-តៃវ៉ាន់​ លោក​ជេក​ ម៉ៃឃឺល​ បាន​មាន​ប្រសាសន៍​ថា​ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ ឆៃ អ៊ីងវេន​ បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ និង​បាន​បង្កើត​ឱកាស​ចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​ប្រទេស​ចិន​។

ទាក់ទង​រឿងនេះ​ដែរ​ លោកហ្វាន​ ស៊ី​ពីង​ អ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យាល័យជាតិ​តៃវ៉ាន់​ បាន​បក​ស្រាយថា​ ការលើកឡើង​របស់​មេដឹក​នាំ​កោះតៃវ៉ាន់​​គឺ​ជា​ចេតនា​ល្អ ហើយ​លោក​ស្រី ឆៃ​ ហាក់​កំពុង​ធានា​ដល់​ភាគី​ចិន​ថា​សហរដ្ឋ​អាមេរិក​ នឹង​គ្មាន​ប្រតិកម្ម​អ្វីហើយក៏​មិន​ធ្វើឲ្យ​មាន​បញ្ហា​កើតឡើង​ដែរ​ ប្រសិនណា​បើ​​កិច្ចសន្ទនា​គ្នារវាងកោះតៃវ៉ាន់​ និង​ចិនពិតជា​កើតឡើង​មែន​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ