អានតួអត្ថបទ
ចិន-អាមេរិក

លោកហ្សង់ ហ្វីលីប បេហ្សា៖ចិនព្រមានប្រឆាំងពីការផ្ទុះសង្រ្គាមត្រជាក់ និងក៏បានធ្វើអ្វីៗដើម្បីបញ្ឆេះសង្គ្រាមត្រជាក់

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​នា​ឱកាស​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស G២០ ក្នុង​ប្រទេស​ជប៉ុនខែ​មិថុនា ឆ្នាំ ២០១៩
ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​នា​ឱកាស​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស G២០ ក្នុង​ប្រទេស​ជប៉ុនខែ​មិថុនា ឆ្នាំ ២០១៩ REUTERS - Kevin Lamarque
1 នាទី

នៅ​ថ្ងៃ​អាទិត្យ ទី២៤ ឧសភា ចិន​តាម​រយៈ​ប្រមុខ​ការទូត​លោក​វ៉ាង យី​បាន​ព្រមាន​ច្បាស់ៗ​ថា ការ​រិះគន់​របស់​អាមេរិក​លើ​ការ​គ្រប់គ្រង​វិបត្តិ​កូវីដ១៩ របស់​ចិន​កំពុង​រុញ​ចិន​ផ្ទុះ​សង្រ្គាមត្រជាក់ថ្មី​ជាមួយ​អាមេរិក។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ លោក​វ៉ាង យី​បាន​បន្ថែម​ដោយ​ដាក់​ផ្លែផ្កា​ថា ក្រៅ​ពី​រង​ការ​បំផ្លាញ​ដោយ​មេរោគកូរ៉ូណាថ្មី មេរោគ​នយោបាយ​មួយ​កំពុង​ឆ្លងរាលដាល​នៅ​សហរដ្ឋអាមេរិក ហើយ​មេរោគ​នយោបាយ​នេះ​បាន​ឆ្លៀត​វាយប្រហារ និង​បរិហារកេរ្តិ៍​ចិន។ សម្តី​វាយប្រហារ​ខ្លាំងៗ​របស់​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​ត្រាំ​បន្ត​ចោទ​ចិន​ពី​បទ​លាក់ព័ត៌មាន​ពិត​ជុំវិញ​ជំងឺ​កូវីដ១៩ និង​ថា ចិន​បាន​លាតត្រដាង​ប្រាប់​ពិភពលោក​យឺតពេល។ គួរ​រម្លឹក​ថា ទន្ទឹម​នឹង​ភាព​តានតឹង​ថ្មី​ជុំវិញ​រឿង​កូវីដ១៩​ពេល​នេះ ចិន​និង​អាមេរិក​ក៏​កំពុង​បន្ត​ជម្លោះ​ពាណិជ្ជកម្ម​ដែល​បាន​ផ្ទុះ​តាំង​ពី ២ឆ្នាំ​មុន។ លោក​ហ្សង់ ហ្វីលីប បេហ្សា នាយក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវវិទ្យាសាស្រ្ត​ជាតិ​បារាំង​បាន​យល់​ឃើញ​ថា សុន្ទរថា​របស់​ចិន​បាន​ព្រមាន​ប្រឆាំង​ពី​ការ​ផ្ទុះ​សង្រ្គាម​ត្រជាក់ និង​ក៏​បាន​ធ្វើ​អ្វីៗ​ដើម្បី​បញ្ឆេះ​សង្គ្រាម​ត្រជាក់។

ផ្សាយពាណិជ្ជកម្ម

« ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកបានឡើងតានតឹងខ្លាំងតាំងពីជំងឺកូវីដ-១៩ បានឆ្លងរាលដាលចូលទឹកដីអាមេរិក។ ក្នុងពេលដំបូង ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានសរសើរចិនពីការគ្រប់គ្រង និងពីវិធានការទប់ស្កាត់ជំងឺឆ្លងរាលដាលមួយនេះ។ តែលោកត្រាំចាប់ផ្តើមវាយប្រហារលើចិនក៏ព្រោះតែរូបគាត់ផ្ទាល់បានរងការវាយប្រហារពីក្រុមប្រឆាំងនៅអាមេរិកដែលស្តីបន្ទោសគាត់ពីរបៀបគ្រប់គ្រងវិបត្តិកូវីដ១៩។

 

នៅក្នុងលក្ខខណ្ឌនេះ លោកត្រាំបានយកការប្រឈមមុខទល់នឹងចិនជាប្រធានបទស្នូលរបស់គាត់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ យើងគួររម្លឹកថា អាមេរិកគ្រោងរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅខែវិច្ចិកាខាងមុខ។ លោកត្រាំគិតថា ជម្រើសយកការប្រឈមមុខដាក់ចិនជារឿងដែលលោកអាចទទួលបានប្រជាប្រិយភាពខ្លាំងពីក្រុមសកម្មជនគាំទ្រលោក។

 

ងាកទៅមើលចិនវិញក្នុងពេលជាមួយគ្នានេះ របបក្រុងប៉េកាំងក៏មិនញញើតនឹងធ្វើការវាយបកវិញដោយប្រើគ្រប់មធ្យោបាយទាំងអស់។ ដំបូងវាយប្រហារតាមរយៈការទូតម៉ាស បន្ទាប់មក ការវាយប្រហាររបស់មន្រ្តីការទូតចិនទាំងអស់ដែលប្រចាំនៅគ្រប់ប្រទេស ហើយក្រៅពីរឿងរ៉ាវជុំវិញវិបត្តិកូវីដ១៩ ចិនក៏បានវាយបកលើប្រទេសណាដែលបានលូកដៃក្នុងរឿងរ៉ាវនៅហុងកុងដែរ។ ក្នុងករណីនេះគេបានសម្លឹងឃើញយុទ្ធសាស្រ្តមុខពីរនៅក្នុងសុន្ទរកថារបស់ចិន នៅម្ខាង ចិនបានព្រមានប្រឆាំងនឹងការផ្ទុះសង្រ្គាមត្រជាក់ និងនៅម្ខាងទៀត ចិនបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឆេះសង្រ្គាមត្រជាក់។

 

ក៏មានផងដែរនូវហេតុផលសេដ្ឋកិច្ច ព្រោះសង្រ្គាមពាណិជ្ជកម្មដែលបានផ្ទុះតាំងពី ២ឆ្នាំរវាងអាមេរិក និងចិននៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ មើល​ទៅ​សព្វថ្ងៃនេះ វាហាក់ដូចជាភាពតានតឹងកំពុងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ