ចិនគ្រោងនឹងបង្ហោះយានទៅកាន់ភពអង្គារនៅខែកក្កដា
ចុះផ្សាយនៅថ្ងៃ៖
ប្រទេសចិននឹងចាប់ផ្តើមបេសកកម្មទៅកាន់ភពអង្គារ នៅអំឡុងខែកក្កដាខាងមុខ។ នេះបើតាមការប្រកាស កាលពីថ្ងៃអាទិត្យ របស់ក្រុមហ៊ុនចិនដែលទទួលបន្ទុកលើគម្រោងការ មួយនេះ។ ដំណឹងនេះ កើតមានឡើងនៅតែ ២០ថ្ងៃក្រោយ ដែលចិនបានបង្ហោះដោយជោគជ័យយានអវកាសដែលអាចដឹកមនុស្សទៅកាន់លំហអាកាស នៅក្នុងមហិច្ឆតាប្រកួតប្រជែងជាមួយអាមេរិក ដើម្បីក្លាយជាមហាអំណាចអវកាស។
បេសកកម្មទៅកាន់ភពអង្គារ ត្រូវបានទីក្រុងប៉េកាំង គ្រោងនឹងធ្វើនៅអំឡុងឆ្នាំនេះ ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអវកាស ដែលទទួលបន្ទុកលើគម្រោង ទើបបញ្ជាក់កាលពីថ្ងៃអាទិត្យថា គេនឹងចាប់ផ្តើមបេសកកម្ម ទៅកាន់ភពអង្គារ នៅខែកក្កដា បន្ទាប់ពីដំណើរការរបស់គម្រោងប្រព្រឹត្តទៅដោយរលូន ទៅតាមការគ្រោងទុក។
បង្ហោះចេញនៅខែកក្កដា យានអវកាសរបស់ចិននឹងអាចទៅដល់ភពអង្គារ នៅ ឆ្នាំ ២០២១ ព្រោះថា គេត្រូវការពេលវេលាយ៉ាងហោច ៧ខែដើម្បី ធ្វើដំណើរទៅដល់ភពអង្គារដែលស្ថិតនៅចម្ងាយ ៥៥លានគីឡូម៉ែត្រពីផែនដី។
បេសកកម្មទៅកាន់ភពអង្គារជាគម្រោងការមួយ ក្នុងចំណោមគម្រោងការផ្នែកអវកាសជាច្រើនរបស់ប្រទេសចិន ដូចជា ការបញ្ជូន មនុស្សទៅកាន់ ឋានព្រះចន្ទ ឬការសាងសង់ស្ថានីយ៍អវកាសចិន នៅឆ្នាំ ២០២២។
តាមក្រុមហ៊ុន បច្ចេកវិទ្យា និងវិទ្យាសាស្រ្តអវកាស បេសកកម្មទៅកាន់ភពអង្គារ មានគោលដៅ បី ដែលនៅក្នុងនោះ មានការបញ្ជូនយានអវកាសដែលឈ្មោះថា Tianwen ទៅក្នុងគន្លងតារាវិថី របស់ភពអង្គារ ការចុះចតយានTianwenលើភពអង្គារ និងគោលដៅចុងក្រោយ គឺ ការបញ្ចេញយានយន្ត រ៉ូបូ ដើម្បីចុះរុករកលើភពអង្គារ។
ប្រទេសចិនធ្លាប់បានផ្តើមបេសកកម្មស្រដៀងគ្នានេះ ទៅកាន់ឋានព្រះចន្ទ កាលពីឆ្នាំ ២០១៣ មុននឹងបញ្ជូនយានឲ្យទៅរុករក និងសិក្សាលំអិត ផ្នែកងងឹតរបស់ឋានព្រះចន្ទ នៅដើមឆ្នាំ ២០១៩ ដែលធ្វើឲ្យចិន ក្លាយជាប្រទេសទី១ ដែលចុះចតយាននៅផ្នែកងងឹតរបស់ព្រះចន្ទ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិន បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍កម្មវិធីអវកាសរបស់ខ្លួន ដើម្បី អាចប្រកួតប្រជែង ដណ្តើមតំណែងមហាអំណាចអវកាសជាមួយអាមេរិក។ គម្រោងការបញ្ជូនយានអវកាសរបស់ចិន អាចជួនចំពេលជាមួយ នឹងបេសកកម្មទៅភពអង្គាររបស់អាមេរិក។ អាមេរិកដែលធ្លាប់បញ្ជូន យានចំនួន៤ឲ្យទៅសិក្សាភពអង្គារ គ្រោងផងដែរថា នឹងបញ្ជូនយានអវកាសទី៥របស់ខ្លួន ទៅចុះចត ភពអង្គារនៅចន្លោះខែកក្កដា និងសីហា។ តាមគម្រោង យានអវកាសរបស់អាមេរិកនឹងអាចទៅដល់ភពអង្គារ នៅខែកុម្ភៈឆ្នាំក្រោយ។
នៅក្នុងមហិច្ឆតាទៅកាន់ភពអង្គារ ប្រទេសអេមីរ៉ា អារ៉ាប់រួម គ្រោងនឹងបញ្ជូនយានរបស់ខ្លួន ជាលើកទី១ ទៅកាន់ភពអង្គារដែរ តាមរយៈ ការបាញ់បង្ហោះពីប្រទេសជប៉ុននៅ ខែកក្កដាឆ្នាំ២០២០។ ផ្ទុយទៅវិញ បេសកកម្មរុស្ស៊ី អឺរ៉ុបសម្រាប់ភពអង្គារ ត្រូវបានលើកពេលទៅធ្វើនៅឆ្នាំ ២០២២ បន្ទាប់ពីគម្រោងការបញ្ជូនរ៉ូបូ ទៅកាន់ភពអង្គារ ត្រូវខកខាន ពន្យារពេល ដោយសារ វិបត្តិកូវីដ ១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ