អានតួអត្ថបទ

រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ដក​ប្រទេសជាតិ​ចេញពី​ភាពអាសន្ន​សុខាភិបាល

សន្និសីទ​កាសែត​របស់​នាយករដ្ឋមន្រ្តីជប៉ុន ត្រូវ​បានចាក់ផ្សាយផ្ទាល់​នៅតាមទូរទស្សន៍ជប៉ុន នៅថ្ងៃ​ចន្ទទី ២៥ ឧសភា ២០២០
សន្និសីទ​កាសែត​របស់​នាយករដ្ឋមន្រ្តីជប៉ុន ត្រូវ​បានចាក់ផ្សាយផ្ទាល់​នៅតាមទូរទស្សន៍ជប៉ុន នៅថ្ងៃ​ចន្ទទី ២៥ ឧសភា ២០២០ REUTERS - ISSEI KATO
ដោយ៖ ឈាង បុប្ផា
1 នាទី

ប្រមុខ​រដ្ឋាភិបាល​ជប៉ុន នៅថ្ងៃ​ចន្ទ នេះ បាន​ប្រកាស​ដកចេញ ស្ថានភាព​ប្រកាសអាសន្ន ថ្នាក់ជាតិ នៅខណៈពេល​ដែល​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ ១៩ នៅទូទាំង​ប្រទេស បាន​ថយចុះ ពី ជាង ៧០០​មកនៅ​ត្រឹមជាង ៣០​ករណី ក្នុង​មួយថ្ងៃ។ តាម​ការចុះផ្សាយ​របស់​កាសែត​ជប៉ុន Nikkei នៅថ្ងៃ​ចន្ទនេះ រដ្ឋាភិបាល​ជប៉ុន​គ្រោងផងដែរ នឹង​បញ្ចេញ​កញ្ចប់​ថវិកា​ថ្មី ប្រមាណ ៩២៩​ពាន់​លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត ដែល​ចាក់ផ្សាយ​តាមទូរទស្សន៍ជាតិ​ជប៉ុន នៅថ្ងៃ​ចន្ទនេះ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស៊្ហីនហ្សូ អាបេ បាន​ប្រកាស​ដក​ចេញ ភាពប្រកាស​អាសន្ន​ថ្នាក់ជាតិ ដែលរដ្ឋាភិបាល​បាន​ចាប់អនុវត្ត តាំង​ពី​ថ្ងៃទី​៧មេសា មក ដោយសារ វិបត្តិកូវីដ ១៩។ តាមគម្រោង ភាពប្រកាសអាសន្ន​ថ្នាក់ជាតិ នៅជប៉ុន​ត្រូវ​ពន្យារពេល​រហូតដល់​ថ្ងៃទី​៣១​ឧសភា។ ប៉ុន្តែ នៅពាក់កណ្តាល​ខែ ឧសភា រដ្ឋាភិបាល​បាន​ដកចេញ​បណ្តើរៗ ភាពប្រកាស​អាសន្ន នៅតាម​ខេត្ត តំបន់​ចំនួន ៣៩ ក្នុង​ចំណោម​ខេត្តក្រុង​សរុប​ចំនួន ៤៧​របស់​ជប៉ុន។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ជប៉ុន បាន​សម្រេច​បើក​ទីក្រុង​ក្យូតូ និង​អូសាកាឡើងវិញ ប៉ុន្តែ នៅ​បន្ត ដាក់​រាជធានី តូក្យូ និង​ទីក្រុង​ជុំវិញ នៅ​ក្នុង​ស្ថានភាពប្រកាស​អាសន្ន មុន​នឹង​សម្រេច​បើកទីក្រុង​តូក្យូ​ឡើងវិញ ទៅតាម​មតិយោបល់​របស់​ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត។

គិត​មក​ដល់​ថ្ងៃ​ចន្ទនេះ ជប៉ុន​មាន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ ១៩ ចំនួន ៨៣០នាក់ និង​ករណី​ឆ្លងកូរ៉ូណាវីរុស ជាង ១ម៉ឺន ៦ពាន់នាក់ (១៦ ៥៨១នាក់)។ បន្ទាប់​ពី​ករណីឆ្លង​កូរ៉ូណាវីរុស បាន​កើនឡើង​ដល់​៧០០​នាក់ ក្នុង​មួយ​ថ្ងៃ កាលពី​ខែ​មេសា ចំនួន​អ្នកឆ្លង​បាន​ថយចុះ ជាបន្តបន្ទាប់ មក​នៅ​ត្រឹម ៣១នាក់ ក្នុង​មួយថ្ងៃ។ លោកនាយករដ្ឋមន្រ្តី ជប៉ុន នៅថ្ងៃ​ចន្ទនេះ បានលើកឡើង​ពី​ជោគជ័យ​របស់​ជប៉ុន ក្នុង​ការប្រយុទ្ធទប់ទល់​នឹង​ជំងឺ​រាតត្បាត​កូវីដ ប៉ុន្តែ ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ប្រជាជន​ឲ្យ​មានការប្រុងប្រយ័ត្ន និង​ត្រូវ​រស់នៅ តាមបែប​ថ្មី ពោល គឺ​ត្រូវ​បន្តជៀសវាង ការជួបជុំ​មនុស្សច្រើន ឬ​ទៅ​កន្លែង​ដែល​មានការប្រមូលផ្តុំ​មនុស្ស​អ៊ូអរ ដើម្បី​ជៀសវាង​រលកទី​២​នៃ​ជំងឺកូវីដ​១៩។

ច្បាប់​ដាក់ប្រទេស​ក្នុង​ស្ថានភាពអាសន្ន តម្រូវ​ឲ្យ​សាលារៀន និង​ក្រុមហ៊ុន ហាងទំនិញ ត្រូវ​បិទទ្វារ ប៉ុន្តែ ខុសប្លែក​ពី​នៅ​បណ្តា​ប្រទេស​អឺរ៉ុប និង​នៅអាមេរិក ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​សុខាភិបាល របស់​ជប៉ុន មិនចាប់បង្ខាំង​មនុស្ស​ឲ្យ​នៅក្នុង​ផ្ទះ ឬ ចែង​ពី​ការបង់ផាក​ពិន័យនោះទេ ប៉ុន្តែ គ្រាន់​តែ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​នៅក្នុង​ផ្ទះ។

ការផ្អាកសកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ដៃគូពាណិជ្ជកម្ម របស់​ជប៉ុន បូកផ្សំ​នឹង​ការធ្លាក់ថយចុះ​នៃ​ការប្រើប្រាស់​ក្នុង​ស្រុក ដោយសារ​តែ​ច្បាប់ដាក់ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន និង ការដំឡើង​ពន្ធ TVA តាំង​ពីឆ្នាំ ២០១៩ សុទ្ធជា​កត្តា​សំខាន់​ដែល​ធ្វើ​​ឲ្យ​សេដ្ឋកិច្ច របស់​ជប៉ុន​ដើរ​ថយក្រោយ ជាលើកទី១ ចាប់តាំង​ពី​ឆ្នាំ ២០១៥។

កាលពី​ចុងខែ​មេសា រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចេញ​កញ្ចប់​ថវិកា​គ្រា​អាសន្ន​ចំនួន​ ២៤០​ ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ទ្រទ្រង់ដល់​សេដ្ឋកិច្ច​ជប៉ុន ដែល​ជួប​ការលំបាក​តាំង​ពីមុន កើតមាន​វិបត្តិ​កូវីដ ១៩។ តាម​កាសែត​ជប៉ុន Nikkei រដ្ឋាភិបាល​នឹង​បញ្ចេញ ថវិកា​ជាង ៩០០​ពាន់​លាន​ដុល្លារ បន្ថែមទៀត សម្រាប់​គម្រោង​កញ្ចប់​ថវិកា​សរុប ប្រមាណ ១០ម៉ឺនលាន​ដុល្លារ (ស្មើនឹង​៤០%នៃ​ផលិតផល​ក្នុង​ស្រុកសរុប GDP) ដែល​រដ្ឋាភិបាល​ត្រូវ​ប្រើ​សម្រាប់​សង្រ្គោះសេដ្ឋកិច្ច​ជប៉ុន ដែល​រងប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិកូវីដ​១៩។ តាម​កាសែត​ជប៉ុន គម្រោង​កញ្ចប់​ថវិកា​ថ្មី​នេះ នឹង​ត្រូវ​អនុម័ត នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី ជប៉ុន នៅថ្ងៃ​ពុធ​ខានស្អែក។

ជាមួយ​គម្រោង ថវិកា ជាង ១០ម៉ឺន​លាន​ដុល្លារ លោក​នាយករដ្ឋមន្រ្តី ជប៉ុន​ធ្លាប់​បាន​បង្ហាញ​រួចហើយ ផែនការ​ចាប់ផ្តើម​សេដ្ឋកិច្ច ឡើងវិញ ដែល​នៅក្នុង​នោះ មានការផ្តល់​ថវិកា​ប្រមាណ ៩៣០​ដុល្លារ សម្រាប់​ប្រជាជន​ជប៉ុន​១នាក់ ដើម្បី ជំរុញ ការប្រើប្រាស់​ក្នុង​ស្រុក​ឡើងវិញ ដែល​ជា​គន្លឹះទ្រទ្រង់​សំខាន់​នៃ​សេដ្ឋកិច្ច​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ