អានតួអត្ថបទ
ភូមា-NGO

NGO៖មានភស្តុតាងដែលបញ្ជាក់ពីវត្តមានឧក្រិដ្ឋកម្មសង្រ្គាមជាថ្មីនៅក្នុងរដ្ឋរ៉ាក់ឃីន ប្រទេសភូមា

លោក Phil Robertson នាយករង Human Rights Watch ប្រចាំតំបន់អាស៊ី
លោក Phil Robertson នាយករង Human Rights Watch ប្រចាំតំបន់អាស៊ី AFP - ROMEO GACAD
1 នាទី

អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ ទី២៦ ឧសភា​ពី​វត្តមាន​ថ្មី​នៃ​ឧក្រិដ្ឋកម្មសង្រ្គាម​នៅ​ក្នុង​រដ្ឋរ៉ាក់ឃីន ប្រទេស​ភូមា។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ Human Rights Watch ផ្អែក​លើ​រូបភាព​ទទួល​បាន​ពី​ផ្កាយរណប​ដែល​បង្ហាញ​ឲ្យ​ឃើញ​ផ្ទះ​យ៉ាង​តិច ២០០ខ្នង​ត្រូវ​បាន​ដុត​កម្ទេច​ចោល។ នៅ​ក្នុង​ន័យ​នេះ Human Rights Watch បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​គួរ​ឲ្យ​ទុកចិត្ត និង​ឯករាជ្យ​ដើម្បី​វែក​មុខ​រក​អ្នក​ទទួល​ខុស​ត្រូវ។ ចំណែក​កងទ័ព​ភូមា និង​កងទ័ព​អារ៉ាក់ខាន់​បាន​បដិសេធ​កា​ទទួល​ខុស​ត្រូវ និង​ចង្អុល​មុខ​គ្នា​ទៅ​វិញ ទៅ​មក។

ផ្សាយពាណិជ្ជកម្ម

គេ​នៅ​ចាំ​បាន​មិន​ភ្លេច​​កាល​ពី​ឆ្នាំ ២០១៧ កងទ័ព​ភូមា​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​យ៉ាង​បង្ហូរ​ឈាម​នៅ​ក្នុង​រដ្ឋរ៉ាក់ឃីន​ដោយ​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ៧៤០ ០០០នាក់​ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស។ បច្ចុប្បន្ន គឺ​នៅ​ក្នុង​រដ្ឋ​ដដែល​នេះ​ដែល​កងទ័ព​ភូមា និង​កងទ័ព​អារ៉ាខាន់​បាន​ប្រឈម​អាវុធ​ដាក់​គ្នា។ ការ​តស៊ូ​របស់​កងទ័ព​អារ៉ាក់ខាន់​គឺ​ដើម្បី​ទទួល​បាន​ស្វ័យភាព​បន្ថែម​សម្រាប់​ជនជាតិ​ភាគតិច​ក្នុង​រដ្ធរ៉ាក់ឃីន។ តាំង​ពី​ខែ​មករា ឆ្នាំ ២០១៩ មក ជម្លោះ​ប្រដាប់​អាវុធ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​ជា​ច្រើន​នាក់ របួស​ជា​ច្រើន​រយនាក់ និង​មាន​ជនបម្លាស់ទី​ប្រមាណ​ជា ១៥០ ០០០នាក់។

តាម Human Rights Watch លទ្ធផល​នៃ​ការ​សិក្សា វិភាគ​លើ​រូបភាព​ដែល​ទទួល​បាន​ពី​ផ្កាយរណប​ឲ្យ​ដឹង​ថា មាន​ផ្ទះសម្បែង​យ៉ាង​តិច ២០០ខ្នង​ត្រូវ​បាន​ដុតបំផ្លាញ​កាល​ពី​ថ្ងៃទី១៦ ឧសភា​ក្នុង​រដ្ឋរ៉ាក់ឃីន។ ដោយ​មិន​ទម្លាក់​កំហុស​ដាក់​ក្រុម​ណា​មួយ លោក Phil Robertson នាយករង Human Rights Watch ប្រចាំ​តំបន់​អាស៊ី​គ្រាន់​បាន​បញ្ជាក់​ថា ទង្វើ​របៀប​នេះ​ធ្លាប់​បាន​ប្រើ​ដោយ​ពួក​យោធា​ភូមា​ទៅ​លើ​ភូមិ ស្រុក​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​កាល​ពី​អតីតកាល។ តាម​លោក Robertson ប្រហែល​ជា​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដុត​បំផ្លាញ​ផ្ទះសម្បែង​នោះ​ទេ ព្រោះ​មនុស្ស​ភាគច្រើន​បាន​រត់​ចោល​ផ្ទះសម្បែង​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៩​មក​ម្ល៉េះ។

លោក Phil Robertson បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​គួរ​ឲ្យ​ទុកចិត្ត និង​ឯករាជ្យ​មួយ​ជា​បន្ទាន់​ដើម្បី​វែក​មុខ​អ្នក​ទទួល​ខុស​ត្រូវ។ តាម Human Rights Watch កងទ័ព​ភូមា និង​កងទ័ព​អារ៉ាក់ខាន់​បាន​បដិសេធ​ការ​ទទួល​ខុស​ត្រូវ និង​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ពី​ថ្ងៃ​សុក្រ ទី២២ ឧសភា អ្នកនាំពាក្យ​កងទ័ព​ភូមា​បាន​បញ្ជាក់​ថា រូបថត​ផ្សព្វផ្សាយ​ដោយ​កងទ័ព​បាន​បង្ហាញ​ពី​ការ​រត់គេច​ខ្លួន​របស់​ពួក​ទាហាន​អារ៉ាក់ខាន់ បន្ទាប់​ពី​ពួក​គេ​បាន​ដុត​ផ្ទះសម្បែង​នៅ​ក្នុង​ភូមិ។ តែ​កងទ័ព​អារ៉ាក់ខាន់​បាន​ច្រានចោល​លើ​ការ​ចោទប្រកាន់​នេះ។ គឺ​មាន​តែ​ការ​ចុះ​ទៅ​ស៊ើបអង្កេត​នៅ​នឹង​កន្លែង​ផ្ទាល់​ទេ​ទើប​គេ​អាច​រក​ឃើញ​ការ​ពិត។

ក្រៅ​ពី Human Rights Watch ការ​ទាមទារ​ឲ្យ​បើក​ស៊ើបអង្កេត​ក៏​ធ្លាប់​មាន​ពី​អ្នកជំនាញ​សិទ្ធិមនុស្ស​លោកស្រី Yanghee Lee ដែរ។ ក្នុង​ខែ​មេសា​កន្លង​ទៅ លោកស្រី Lee បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ក្នុង​បទ​ឧក្រិដ្ឋកម្មសង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជា​យថាហេតុ។ លោកស្រី Lee បាន​ចោទ​កងទ័ព​ភូមា​ពី​បទ​ធ្វើ​ឲ្យ​បាត់ខ្លួន ធ្វើ​ទារុណកម្ម និង​សម្លាប់​សមាជិក​កងទ័ព​អារ៉ាខាន់​ជា​ច្រើន​នាក់។ ការ​ចោទ​ប្រកាន់​ដែល​កងទ័ព​ភូមា​បាន​ទាត់ចោល ​ភ្លាមភ្លែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ