អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ ទទួល​​សម្ពាធ​កាន់​តែខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​រឿង​ច្បាប់​សន្តិសុខជាតិ​

សំឡេង ០៧:០៥
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានចាប់ខ្លួនដោយប៉ូលិសនៅហុងកុងនៅថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២០។
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានចាប់ខ្លួនដោយប៉ូលិសនៅហុងកុងនៅថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២០។ REUTERS/Tyrone Siu
ដោយ៖ អ៊ុង គឹមអ៊ាន់

សភា​ចិន​ កាលពី​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ ​បាន​សម្រេច​អនុម័ត​ជាផ្លូវការ​លើ​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​។ ដោយ​ឡែក​នៅ​ថ្ងៃ​សុក្រ ទី​២៩ ឧសភា​នេះ​វិញ​ ចិន​ត្រូវ​រង​ប្រតិកម្ម​ប្រឆាំង​ជុំទិស​ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​ផែនការ​ដាក់ឲ្យ​អនុវត្ត​ច្បាប់សន្តិសុខ​ដ៏​ចម្រូងសម្រាស​នេះ​ទៅលើ​ដែនដី​ហុងកុង​។ ដោយ​មិន​ពេញចិត្ត​ទៅនឹង​ទង្វើ​របស់​ចិន​ សហរដ្ឋអាមេរិក​និង​ប្រទេស​អង់គ្លេស​ ក៏​បាន​ស្នើផងដែរ​ឲ្យ​លើក​យក​សំណុំ​រឿង​ហុងកុង​នេះ​ទៅ​ពិភាក្សា​​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។ ហេតុអ្វី​បានជា​សហគមន៍​អន្តរជាតិ​ខ្វល់ខ្វាយ​ខ្លាំងម្ល៉េះ​ពី​វិធានការ​របស់​ចិន​ក្នុង​ការ​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ក្នុងទឹកដី​ហុងកុង​? តើ​សម្ពាធ​របស់​អន្តរជាតិ​លើ​ប្រទេស​ចិន​មាន​អ្វីខ្លះ​ ហើយ​ចិន​វិញ​បាន​​តបត​អ្វីខ្លះ​ដែរ​? ​

ផ្សាយពាណិជ្ជកម្ម

តើ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិន​មាន​ចែង​ពី​អ្វីខ្លះ​?

ផែនការ​របស់​ចិន​ក្នុងការ​ដាក់ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​ហុងកុង​ បាន​ក្លាយជា​ប្រធាន​បទ​ដ៏ក្តៅ​បំផុត​មួយ​និង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​មែនទែន​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​។

រដ្ឋាភិបាល​ចិន​ដីគោក​ បានធ្វើឲ្យ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ហុងកុង​ ក៏​ដូចជា​សហគមន៍​អន្តរជាតិ​ជាច្រើន​ទៀត​ ភ្ញាក់ផ្អើល​និង​ស្រឡាំងកាំង​ខ្លាំង​តាំងតែ​ពី​បានឮ​ចិន​ដាក់​ស្នើច្បាប់​នេះ​ដំបូង​កាល​ពីថ្ងៃសុក្រ​ ទី​២២​ ឧសភា​កន្លងទៅ​នៅក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​របស់​សភា​ប្រជាជន​ចិន​។

នៅ​ពេល​នេះ​ គេ​នៅ​មិនទាន់ដឹងច្បាស់​នៅឡើយ​នោះទេ​ អំពី​ខ្លឹមសារ​ពិស្តារ​ទាំងអស់​ ដែល​ត្រូវ​បាន​កំណត់​ ឬក៏​ចែង​នៅក្នុង​ច្បាប់​សន្តិជាតិ​ហុងកុង​ ពីព្រោះថា​ អ្វី​ដែល​ចិន​បានដាក់​ស្នើ​ទៅ​សភា​ គឺជា​សេចក្តី​ព្រាងច្បាប់​មួយ​។ ដូចគ្នា​ចឹងដឹង​ អ្វី​ដែល​សភា​ចិន​ សម្រេច​អនុម័ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២៨ ឧសភា ក៏ជា​ការ​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​តែ​ប៉ុណ្ណោះ​។

យ៉ាងណាក៏ដោយ​ គេដឹងថា​ច្បាប់​សន្តិសុខជាតិ​របស់​ចិន​ មាន​គោលដៅ​សំខាន់​ ប្រឆាំង​ទៅ​នឹង​អំពើ​ក្បត់ជាតិ​​ ការ​ធ្វើ​វិទ្ធង្សនា​ និងអំពើភេរវកម្ម​បូករួម​ទាំង​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្កគ្រោះថ្នាក់​ដល់​សន្តិសុខជាតិ​។

ច្បាប់​ថ្មី​នេះ​ ក៏​អនុញ្ញាត​ផងដែរ​ឲ្យ​ភ្នាក់ងារ​សន្តិសុខ​ចិន​អាច​ធ្វើ​ប្រតិបត្តិ​ការ​ណាមួយ​ដោយ​បើកចំហ​នៅក្នុង​ទឹកដី​ហុងកុង​។ ចំណុច​នេះ​ គឺជា​ផ្នែកមួយ​ដ៏​សំខាន់​បំផុត​ ដែល​ធ្វើឱ្យ​ប្រជាជន​ហុងកុង​ហើយនិង​សហគមន៍​អន្តរជាតិ​មាន​ការ​ព្រួយបារម្ភ​ថា​ចិនប៉េកាំង​ អាច​នឹង​បង្កើត​ស្ថាប័ន​ផ្ទាល់ខ្លួន​នៅលើ​ដែនដី​ហុងកុង​ ដើម្បី​ទទួលខុស​ត្រូវ​ផ្នែក​សន្តិសុខ​តែម្តង​។ ហេតុនេះហើយ​ បានជា​គេ​មាន​ការ​បារម្ភកាន់​តែ​ខ្លាំងថា​ ស្វយ័ភាព​និង​សិទ្ធិសេរីភាព​របស់​ដែនដី​ហុងកុង​អាច​ឈាន​ដល់​ទី​បញ្ចប់​។ ​

គួរ​គូសញ្ជាក់ជូនថា ចិន​បាន​លើក​ឡើងពី​ផែនការ​ដាក់ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​ បន្ទាប់ពី​មាន​បាតុកម្ម​តវ៉ា​ពី​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ រយៈពេល​ប្រមាណជា​ ៧ ខែ​ កាលពី​ឆ្នាំមុន​ និង​ក្រោយពី​មេដឹកនាំ​ចិន​លោក​ ស៊ី ជីនពីង​ បាន​ធ្វើការ​ព្រមាន​ម្តងហើយ​ម្តងទៀត​ថា​អំណាច​កណ្តាល​ប៉េកាំង​ មិន​អាច​ឈរ​ទ្រាំមើលការធ្វើ​បាតុកម្ម​ជាច្រើន​លើកច្រើនសា​នៅ​ហុងកុង​បានទៀត​នោះ​ទេ។

ការ​ពិភាក្សា​អំពី​សំណុំ​រឿង​ហុងកុង​​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ..

បន្ទាប់​ពី​ត្រូវ​ជាប់គាំង​ម្តង​ដោយមាន​ការប្រឆាំង​ជំទាស់​ពីប្រទេសចិន​ នៅទីបំផុតទៅ​ សំណុំ​រឿង​ហុងកុង​នេះ​ ត្រូវ​បាន​គេ​យក​ទៅ​ពិភាក្សា​គ្នាហើយ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅតាម​សំណើ​របស់​អាមេរិក​ និង​អង់គ្លេស​។

បើតាម​ប្រភព​ពី​មន្ត្រីទូត​ជាច្រើន​ ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ប្រទេស​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ នឹង​ធ្វើការ​ជជែកពិភាក្សា​គ្នា​ជា​លក្ខណៈ​មិនផ្លូវការមួយ​ពាក់ព័ន្ធ​រឿង​ចិន​ហើយនិងហុងកុង​នៅថ្ងៃសុក្រ​នេះ​។ ក៏ប៉ុន្តែ​ រហូតមកទល់នឹងពេលនេះ លទ្ធផល​នៃការប្រជុំ​យ៉ាងណានោះ​ គេ​នៅមិន​ដឹង​នៅឡើយ​នោះទេ។

ប្រតិកម្ម​ផ្សេងទៀត​របស់​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​ផែនការ​របស់​ចិន

ក្រៅតែពីបាន​សហការ​ជាមួយ​អាមេរិក​ ក្នុងការ​ស្នើឲ្យ​មាន​កិច្ចពិភាក្សា​ស្តីអំពី​សំណុំ​រឿង​ហុងកុង​នៅឯ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប  អង់គ្លេស​ដែល​ជា​អតីត​ប្រទេស​អាណានិគម​នៅ​ហុងកុង​ក៏​គ្រោង​ផងដែរ​ ផ្តល់​សិទ្ធិពិសេស​ដល់​ប្រជាជន​ហុងកុងដែល​កាន់​លិខិតឆ្លងដែន​អង់គ្លេស​។

រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​លោក Dominic Raab បាន​និយាយថា​អង់គ្លេស​អាចនឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រជាជន​ហុងកុង​ដែល​កាន់​លិខិតឆ្លង​ដែន​អង់គ្លេស​ក្នុងការ​សុំ​សញ្ជាតិ​អង់គ្លេស​ទៀតផង​ ប្រសិនណាបើចិន​មិន​ពន្យារ​ផែនការ​ដាក់ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​នៅក្នុង​ក្រុងហុងកុង​ទេនោះ​។

សេចក្តី​ប្រកាស​របស់​លោក​រដ្ឋមន្រ្តីការ​បរទេសអង់គ្លេស​ខាងលើនេះ បានធ្វើឡើង​ភ្លាមៗ​ បន្ទាប់​ពី​ប្រទេសអង់គ្លេស​ សហរដ្ឋអាមេរិក​ អូស្ត្រាលី​ ហើយនិង​ប្រទេសកាណាដា​ បាន​ចេញ​សេចក្តីថ្កោលទោស​រួមគ្នា​មួយ​ ចំពោះ​ផែនការ​ចុងក្រោយ​របស់ទីក្រុង​ប៉េកាំង​ពាក់ព័ន្ធ​នឹង​ហុងកុង​។

ប្រតិកម្ម​តបត​របស់​ចិន​ចំពោះ​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​

រហូតមកទល់នឹងពេលនេះ ប្រទេសចិន​នៅតែ​រក្សាគោល​ជំហរ​របស់​ខ្លួន​ និង​ដើរ​ទៅមុខ​មិន​ថយ​ក្រោយ​ឡើយ​ជុំវិញ​ផែនការ​ដាក់ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​នៅ​ហុងកុង។

ចិន មិន​បាន​បង្ហាញ​កាយវិការ​ខ្វល់ខ្វាយ​ឬក៏ព្រួយបារម្ភ​បន្តិច​សោះឡើយ​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ​ដែលបាន​បង្កើន​ការដាក់​សម្ពាធ​លើខ្លួន​។ មិន​តែប៉ុណ្ណោះ​ ចិន​ថែម​ទាំង​បាន​ស្តីបន្ទោស​ បរទេស​ថា​បាន​បញ្ឆេះឲ្យ​មាន​ចលនា​ប្រឆាំងតវ៉ា​ និង​បង្កើតជា​ភាពវឹកវរ​ នៅក្នុង​ទីក្រុង​ហុងកុងដែល​ជាដែនដី​ពាក់កណ្តាល​ស្វយ័ត​របស់​ចិន​ និង​ជាដែនដី​មាន​ប្រជាជន​ ៧ លាន​ ៥ សែន​នាក់។

ខុសផ្ទុយ​ស្រឡះពី​អន្តរជាតិ​ដែល​និយាយ​ថា​ ច្បាប់​សន្តិសុខជាតិ​នឹង​បញ្ចប់​ស្វ័យភាព សេរីភាព​របស់​ហុងកុង​ ចិន​បាន​អះអាង​ថា​ច្បាប់នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ ការ​ពារ​ផលប្រយោជន៍​ ការពារ​សន្តិភាព​ និង​ស្វ័យភាព​នៅ​ហុងកុង​។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ (Xinhua) ច្បាប់​សន្តិសុខជាតិ​ហុងកុង​នេះ​ នឹង​ផ្តោត​សំខាន់តែ​លើការ​ប្រឆាំង​ទៅនឹង​ជន​មួយក្តាប់តូច​ ដែល​គេ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​បង្កជា​គ្រោះថ្នាក់​ដល់​សន្តិសុខជាតិ​តែប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ