អានតួអត្ថបទ
អឺរ៉ុប-ចិន-ហុងកុង

សហភាព​អឺរ៉ុប​ មិន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​លើចិន​ពាក់ព័ន្ធ​រឿង​ហុងកុង​

មនុស្សម្នាដើរក្រោមកញ្ចក់អេក្រង់ដែលបង្ហាញពីប្រធានាធិបតីចិនស៊ី ជីនពីងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់សភាប្រជាជនចិន នៅក្រុងហុងកុងកាលពីថ្ងៃព្រហស្បតិ៍ទី ២៨ ខែឧសភាឆ្នាំ ២០២០។
មនុស្សម្នាដើរក្រោមកញ្ចក់អេក្រង់ដែលបង្ហាញពីប្រធានាធិបតីចិនស៊ី ជីនពីងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់សភាប្រជាជនចិន នៅក្រុងហុងកុងកាលពីថ្ងៃព្រហស្បតិ៍ទី ២៨ ខែឧសភាឆ្នាំ ២០២០។ AP - Vincent Yu
ដោយ៖ អ៊ុង គឹមអ៊ាន់
1 នាទី

ចិន​ ទទួល​រង​សម្ពាធ​កាន់​តែច្រើនឡើង​ពី​សហគមន៍​អន្តរជាតិ​ បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ត្រូវ​បាន​អនុម័ត​ជាផ្លូវការ​រួចមក​។ ទោះបី​ជា​មិន​គាំទ្រ​ ចំពោះ​ផែនការ​របស់​ចិន​ ក្នុងការ​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​ក្នុង​ដែនដី​ហុងកុង​យ៉ាងណាក្តី​ សហភាពអឺរ៉ុប​ នៅ​ថ្ងៃសុក្រ​ ទី​២៩​ ឧសភា​ បាន​និយាយ​ថា​ ការ​ដាក់ទណ្ឌកម្ម​លើ​ចិន​ទាក់ទង​រឿង​ហុងកុង​ នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​ បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សេចក្តី​សម្រេច​របស់​សភាចិន​ក្នុងការ​អនុម័តជាផ្លូវការ​លើច្បាប់​សន្តិសុខជាតិ​ហុងកុង​កាលពី​ថ្ងៃទី​ ២៨​ ឧសភា​កន្លងទៅ​។ សម្រាប់​សហភាពអឺរ៉ុប​ ការ​ចាប់​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​ទៅលើ​ហុងកុង​ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ទីក្រុងប៉េកាំង​ ហើយនិង​សហភាពអឺរ៉ុប​។

“ទំនាក់​ទំនង​របស់​អឺរ៉ុប​ជាមួយចិន​ គឺ​ផ្អែកជាសំខាន់​លើការ​គោរពនិង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​”។ នេះ​គឺជា​ប្រសាសន៍​របស់​មន្ត្រីទូត​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​លោក​ ជូសេព​ បូរ៉េល​ (Josep Borrell) ដោយ​បានបន្ថែមថា​ “ផែនការ​របស់​ចិន​ពាក់ព័ន្ធក្រុងហុងកុង​កំពុង​បង្កើតឲ្យ​មាន​ចម្ងល់​បន្ថែម​ទៀត​ជុំវិញ​ឆន្ទៈ​របស់ចិន​នៅចំពោះ​មុខ​សហគមន៍​អន្តរជាតិ​”។

តែទោះជាបែបបនេះក្តី នៅពេល​សួរថាតើ​អឺរ៉ុប​ អាចនឹង​ដាក់ទណ្ឌកម្ម​លើចិន​ជុំវិញ​សំណុំ​រឿង​ហុងកុង​ដែរឬយ៉ាងណា​? លោក​ ជូសេព បូរ៉េល​ បាន​ឆ្លើយតប​វិញ​ក្នុងនាម​សហភាព​អឺរ៉ុប​ថា​ ការ​ដាក់​ទណ្ឌកម្ម​លើ​ចិន​មិន​អាច​ដោះស្រាយ​បញ្ហាអ្វី​បាននោះទេ​។

ជាមួយគ្នានេះ​ លោក​ ជូសេព​ បូរ៉េល​ បានឲ្យដឹងដែរ​ថា​មាន​រដ្ឋជា​សមាជិកមួយ​របស់​អឺរ៉ុប​ចង់​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​លើ​ចិន​ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាប់ប្រាប់​នោះទេ​ ថា​រដ្ឋ​នោះ​ជា​ប្រទេសណា​ឲ្យប្រាកដ​។ យ៉ាងណាក៏ដោយ​ លោក​ថា​គម្រោង​រៀបចំ​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​-ចិន​ ក្នុង​ប្រទេស​អាល្លឺម៉ង់​នាចុង​ឆ្នាំ២០២០នេះ​ គ្មាន​បញ្ហា​នោះ​ទេ​។

គួរកត់សម្គាល់ថា​ សេចក្តី​ប្រកាស​ដោយ​ការ​ប្រុងប្រយ័ត្ន​របស់​អឺរ៉ុប​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ ពី​សហរដ្ឋអាមេរិក​ អង់គ្លេស​ កាណាដា​ និង​អូស្រ្តាលី​ បានចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ​ថ្កោលទោស​ចិនយ៉ាងខ្លាំង​ជុំវិញ​ច្បាប់​សន្តិសុខជាតិ​ហុងកុង​។

ក្រុម​ប្រទេស​ទាំងនេះ​ និយាយថា​ច្បាប់​របស់​ចិន​នឹងធ្វើឱ្យ​អន្តរាយ​ដល់​ក្របខណ្ឌ​ប្រទេស​មួយ​ប្រព័ន្ធពីរ​ ក៏ដូចជាឋានៈជាដែន​ដី​ស្វយ័តរបស់ហុងកុង។ សហរដ្ឋអាមេរិក​ អង់គ្លេស​ កាណាដា​ និង​អូស្រ្តាលី​ ក៏​បាន​ជំរុញ​ផងដែរ​ឲ្យ​ចិន​ គោរព​តាម​លក្ខខណ្ឌ​នៃការ​ទទួល​យក​ហុងកុង​ពី​អតីត​ប្រទេស​អាណានិគម​អង់គ្លេស​កាលពី​ឆ្នាំ​ ១៩៩៧​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ