អានតួអត្ថបទ

​ចិន​ ប្រៀបធៀប​បាតុកម្មប្រឆាំងនឹងការរើសអើងពូជសាសន៍ នៅអាមេរិក ទៅនឹង បាតុកម្ម​នៅហុងកុង

Un manifestant devant un bâtiment incendie dans la ville américaine de Minneapolis dans la nuit du 29 au 30 mai 2020
Un manifestant devant un bâtiment incendie dans la ville américaine de Minneapolis dans la nuit du 29 au 30 mai 2020 AFP
ដោយ៖ ហេង ឧត្តម
1 នាទី

ថ្ងៃអាទិត្យ​ ទី​៣១ឧសភា សារព័ត៌មានចិន ផ្សាយ​​ប្រៀបធៀបក្នុងន័យ​​​​ចំអកឌឺដង​ ពី ចលនាបាតុកម្មប្រឆាំង​នឹង​ការ​រើស​អើង​ពូជសាសន៍​នៅ​សហរដ្ឋ​អាមេរិក ធៀប​ទៅនឹង ចលនាទាមទារលិទ្ធិ​ប្រជាធិបតេយ្យនៅហុងកុង​។ តាម​រយៈ ព្រឹត្តិការណ៍​បាតុកម្ម​ប្រឆាំងនឹង​ការ​រើសអើង​ពណ៌សម្បុរ​ នៅសហរដ្ឋ​​អាមេរិក ដែល​បណ្តាល​ឱ្យ​មាន​ការ​ដុត​បំផ្លាញ​ឡាន​ប៉ូលិស, ដុតហាងទំនិញ, វាយតប់​ប្រឈមមុខ​ដាក់​គ្នារវាង​ប៉ូលិសនិងហ្វូង​បាតុករ, ការ​ចាប់ឃុំខ្លួន​ក្រុមបាតុកម្ម​ច្រើន​រយនាក់​ ហើយ​ក៏មាន​​ស្លាប់​មនុស្ស​​ផង​នោះ​,​ អ្នក​កាសែត​ចិន​​ម្នាក់​ បាន​ឌឺដងតាមកញ្ចក់ទូរទស្សន៍​ថា សិទ្ធិមនុស្ស​នៅ​​អាមេរិក ជាការ​បន្លំ​បំភាន់ភ្នែកតែប៉ុណ្ណោះ។​

ផ្សាយពាណិជ្ជកម្ម

កញ្ចក់ទូរទស្សន៍ចិន​ ​ផ្សាយ​ផ្ទាល់ ​តាម​ដាន​យ៉ាង​ស្និទ្ធ ពី​បាតុកម្ម​នៃក្រុម​​ពលរដ្ឋ​អាមេរិកស្បែក​ខ្មៅ​ ដែលទាម​ទារ​យុត្ថិធម៌ បន្ទាប់ពី​ការ​ស្លាប់​បុរសស្បែកខ្មៅម្នាក់​ ក្រោម​ស្នាដៃ​​សង្កត់ក​របស់​បូលិស​​ស្បែកស​។ ទូរទស្សន៍​រដ្ឋ​ចិន CCTV ​បាន​ពិព័ណ៌នា ពីបណ្តា​ក្រុងមួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក ​ថាដូច​ជា​«តំបន់​សង្គ្រាម»។ ហើយ បាតុកម្ម​ហិង្សា​ដែល​ត្រូវ​រង​​ការ​បង្ក្រាបដោយហិង្សារដែរនោះ ក៏​​ត្រូវ​អ្នកកាសែតចិនម្នាក់ លើកឡើង​ថា សិទ្ធិមនុស្សបែប​អាមេរិក ជាការ​បំភាន់ភ្នែក​។

​កាសែតចិន​ Global Times ស្និទ្ធ​នឹង​បក្សកុម្មុយនិស្ត​ចិន​ បានប្រៀបធៀបពី ចលនាបាតុកម្មប្រឆាំងនឹងស្អប់​ខ្ពើម​ពូជសាសន៍នៅសហរដ្ឋអាមេរិក ធៀបទៅនឹង ចលនាទាមទារលិទ្ធិប្រជាធិបតេយ្យនៅហុងកុង ដែល​មាន​ចំណុច​រួមដែរ គឺ​ហិង្សា​ដុត​បំផ្លាញ​ចេញភ្លើង​។ កាសែត​ចិន​ជា​​ភាសា​អង់គ្លេសនេះ បាន​រម្លឹក​ដាក់​ផ្លែផ្កាថា «មានម្តង​នោះ ​ប្រធាន​រដ្ឋសភា​អាមេរិក លោកស្រី Nancy Pelosi បាន​ចាត់ទុកថា បាតុកម្ម​ហិង្សា​នៅហុងកុង គឺ​ស្រស់ស្អាត​ ជា​ឆាកដ៏​គួរ​ឱ្យ​ចង់​គយគន់​។ ម្តងនេះ ទិដ្ឋភាព​ស្រស់ស្អាតដ៏គួរឱ្យចង់គយគន់នេះ បាន​ទៅដល់​រដ្ឋ​មួយ​ចំនួន​របស់​អាមេរិក​វិញហើយ។ ​អ្នក​នយោបាយ​អាមេរិក​អាច​មើល​ ទិដ្ឋភាពស្រស់ស្អាតនេះ ពីបង្អួច​តែម្តង»។ មើលបាតុកម្ម​​ពីបង្អួច​នេះ ទំនង​ជាចង់​សំដៅ​ដល់​លោក ​ដូណាល់ ត្រាំ ដែល​អាច​អើត​ឃើញ​បាតុកម្ម​ផ្ទាល់​ភ្នែក​ពី​បង្អួច ​នៃ​សេតវិមាន​​ប្រធានាធិបតី។​

នាយកនិពន្ធកាសែត​ Global Times លោក ហូ ស៊ីជិន (Hu Xijin) បាន​បន្តអត្ថបទ​វិចារណកថារបស់សខ្លួន​ ដោយ​ចង្អុច​បង្ហាញពីករណីដែល​​ថ្នាក់ដឹកនាំ​នយោបាយ​អាមេរិក​គាំទ្រ​ក្រុ​ម​បាតុករ​ហុង​កុង នៅពេល​នេះ តើ​ពួក​គេ​គួរ​ឱ្យ​គាំទ្រ​បាតុករ​នៅ​អាមេរិក​ដែរទៅ? ហើយនិងសួរ​ដែរថា តើ​ចិន​គួរ​គាំទ្រ​បាតុកម្ម​នៅ​អាមេរិក​វិញ​ឬទេ? ចុះ​បើ​ចិន​មិន​ធ្វើ​ ហេតុអ្វី​អាមេរិក​ម្តេចក៏​មក​គាំទ្រ​បាតុករ​នៅ​ហុង​កុងដូច្នោះ​​?​ នេះជា​សំនួន​វោហារសាស្ត្រ​ខ្លីៗ ​តែន័យ​ចាត់​ដោត គួរឱ្យ​ពិចារណា របស់​កាសែតចិន Global Times។​

​កាសែត​ China Daily បាន​ស្រង់​សម្តី​អ្នក​នាំពាក្យ​បក្សកុម្មុយនិស្តចិន ទៅផ្សាយ​នៅថ្ងៃអាទិត្យ ថា​ អំពើ​ហិង្សាកើត​មាន​ស្ទើរពេញ​ប្រទេស​អាមេរិក អ្នក​ទទួល​ខុសត្រូវ​នយោបាយ​អាមេរិក គួរ​តែ​ធ្វើការ​របស់​ខ្លួន និងជួយ​ដោះស្រាយ​បញ្ហា​អាមេរិក​ចុះ។ មិន​គួរ​ណា​ព្យាយាម​ជ្រៀតជ្រែង​បញ្ហា​អ្នក​ផ្សេង​ និង​បង្កការ​រំខាន​ដល់​ប្រទេស​ដទៃ​​​នោះឡើយ។ ប្រទេស​ដដៃ​ដែល​អ្នកនាំពាក្យបក្សកុម្មុយនិស្តចិន ចង់​ដំដៅដល់​ គឺ​​ជា​បញ្ហា​ ​ហុងកុង​។ ហុងកុង ដែលសហរដ្ឋ​​អាមេរិក ទើបតែ​ដក​សិទ្ធ​ពិសេស ជាមជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ