អានតួអត្ថបទ

វិបត្តិកូវីដ៖ សភាថៃ​អនុម័ត​ផែនការ​ជំរុញសេដ្ឋកិច្ច តម្លៃ ជិត ៦០ពាន់លាន​ដុល្លារ

អ្នកលក់ដូរតាមផ្លូវ​នៅទីក្រុង​បាងកក នៅឆ្នាំ ២០១៩
អ្នកលក់ដូរតាមផ្លូវ​នៅទីក្រុង​បាងកក នៅឆ្នាំ ២០១៩ AP - Gemunu Amarasinghe
ដោយ៖ ឈាង បុប្ផា
១៥ នាទី

រដ្ឋសភា​ថៃ នៅថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បោះឆ្នោត អនុម័ត​ផែនការ​ស្រោចស្រង់​សេដ្ឋកិច្ច ដែល​មាន​តម្លៃ ជិត ៦០ពាន់​លាន​ដុល្លារ។ នេះជាលើក​ទី១ នៅរាជាណាចក្រ​ថៃ ដែល​រដ្ឋាភិបាល​ចាក់បញ្ចេញ ថវិកា​ដ៏ច្រើន​សម្បើម សម្រាប់​ជំរុញ​​សេដ្ឋកិច្ច ដែល​ចុះ​ខ្សោយ ដោយសារ​ជំងឺ​រាតត្បាត​កូវីដ ១៩។

ផ្សាយពាណិជ្ជកម្ម

ផែនការ​ជំរុញ​សេដ្ឋកិច្ច​តម្លៃ ៥៩ពាន់ ៧រយ​លាន​ដុល្លារ (១៩០០​ពាន់​លាន​ដុល្លារ) សំខាន់​ណាស់​សម្រាប់​ប្រទេស​ថៃ ដែល​ត្រូវ​ស្គាល់​អត្រា​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន ពី ៦ទៅ ៧%​នៅឆ្នាំនេះ។ តាមរដ្ឋាភិបាល​ដែល​ជាអ្នកស្នើ​ផែនការ​ជំរុញ​សេដ្ឋកិច្ច លើកនេះ ថវិកា​ប្រមាណ ១,៧ពាន់លាន​ដុល្លារ នឹង​ត្រូវ​យកទៅប្រើ​សម្រាប់​ជួយ​កសិករ និង​អ្នកធ្វើការ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដូចជា​អ្នកលក់ដូរ​តាមផ្លូវ បុគ្គលិក​ធ្វើការ​នៅ​ហាងម៉ាស្សា និង​នៅតាម​រង្គសាល ដែល​ខាតបង់ គ្មាន​ប្រាក់ចំណូល ដោយសារ វិធានការ​បិទទីក្រុង បិទព្រំដែន នៅក្នុង​សម័យ​ជំងឺរាតត្បាត​កូវីដ។

រដ្ឋាភិបាល គ្រោង​ផងដែរ​នឹង​ចំណាយ​ថវិកា​មួយផ្នែក​នៃផែនការ​សេដ្ឋកិច្ច សម្រាប់ រក្សា​ស្ថិរភាពទីផ្សារ និង​ជំរុញ ការប្រើប្រាស់​ក្នុង​ស្រុក។ តាមគម្រោង រដ្ឋាភិបាល​របស់​លោកប្រាយុទ្ធ ចាន់អូចា​នឹង​ចំណាយ​ផងដែរ ទឹកប្រាក់​១៤០០​លានដុល្លារ​សម្រាប់​វិស័យ​សុខាភិបាល។ ប៉ុន្តែ រដ្ឋាភិបាល មិន​បាន​លម្អិត​ថា តើ​គេ​នឹង​ប្រើប្រាស់ ចែកចាយ​យ៉ាងម៉េច​នោះទេ។

នៅសភា កាលពី​ថ្ងៃ​អាទិត្យ ក្រុមគណបក្ស​ប្រឆាំង​បាន​បោះឆ្នោត​មិនគាំទ្រ​ផែនការ​របស់​នាយករដ្ឋមន្រ្តី ដែល​ពួកគេ​ចាត់ទុក គ្មាន​តម្លាភាព និង​មិនច្បាស់លាស់។ គណបក្ស​ប្រឆាំង ​បារម្ភខ្លាច​ថា ថវិកា​សម្រាប់ផែនការ​ជំរុញ​សេដ្ឋកិច្ច នឹង​ត្រូវ​គេ​បង្វែរ​យកទៅប្រើ​សម្រាប់​គម្រោង បង្កើតឡើង​ដោយ​មន្រ្តីពុករលួយ។ “ជាជាង​យកលុយ​ទៅ​ចំណាយ​ជួយផ្តល់​ប្រយោជន៍​ប្រជាជន គេ​អាចបន្លំ​យក​ថវិកា សម្រាប់​ហោប៉ៅ របស់​មនុស្ស​មួយក្រុម” នេះជា​ការលើកឡើង​របស់​សមាជិកសភា Pijan Chaopattanapong មក ពីគណបក្ស​ប្រឆាំង Move Forward។

ប្រឈម​នឹង​អរិភាព និងការរិះគន់​របស់​សមាជិកសភា​មកពីគណបក្ស​ប្រឆាំង លោកនាយករដ្ឋមន្រ្តី ថៃ ប្រាយុទ្ធ ចាន់អូចា បាន​សន្យា​ថា នឹង​ការតាមដាន​ត្រួតពិនិត្យ រាល់​ដំណាក់កាល​នៃ​ការចំណាយ​កញ្ចប់​ថវិកា។

នៅប្រទេស​ថៃ ជំងឺកូវីដ បាន​សម្លាប់​មនុស្ស ៥៧នាក់ និង​ចម្លង​ទៅមនុស្ស​ច្រើនជាង ៣ពាន់នាក់។ វិធានការ​បិទទីក្រុង បិទ​មជ្ឈមណ្ឌលពាណិជ្ជកម្ម និង​បិទព្រំដែន ដើម្បី ទប់ស្កាត់​ការឆ្លងរីករាលដាល​ជំងឺ​កូវីដ បាន​សម្លាប់​វិស័យ​ទេសចរណ៍ ដែល​ជា​ដង្ហើមសេដ្ឋកិច្ច​សំខាន់​របស់​ថៃ។ ប្រជាជន​ថៃ ជាង​២០លាននាក់​បាន​ចុះឈ្មោះ​សុំ​របបជំនួយ ពីរដ្ឋាភិបាល ដែល​បាន​ផ្តល់ទឹកប្រាក់​១៥០ដុល្លារ សម្រាប់​ប្រជាជន​ថៃ​ម្នាក់ ដែល​រងគ្រោះគ្មាន ប្រាក់ចំណូល​សម្រាប់​ចិញ្ចឹមជីវិត នៅក្នុងកាលៈទេសៈ​កើតមាន​ជំងឺកូវីដ៕

នៅ​ប្រទេស​ថៃ ជាទី​មានអ្នកឆ្លងមេរោគកូរ៉ូណា ជាង ៣ពាន់នាក់

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ