អានតួអត្ថបទ
ចិន-អាមេរិក

ចិនគម្រាមចាត់វិធានការសងសិកវិញ បើសហរដ្ឋអាមេរិក ហ៊ានដាក់ទណ្ឌកម្ម

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន AFP/Archivos
ដោយ៖ ម៉ម ពិសី
1 នាទី

សង្រ្គាមពាក្យសំដី កំពុងធ្វើ​ឲ្យ​ទំនាក់ទំនងអាមេរិក និងចិន មានភាពកាន់តែល្អក់កករ កាន់តែខ្លាំង។ ថ្ងៃចន្ទ ទី១មិថុនា ក្រសួងការបរទេសចិន បានប្រកាសថា ចិននឹងមានវិធានការតប សងសិកវិញ បើសិនជារដ្ឋាភិបាលអាមេរិក​អនុវត្តទណ្ឌកម្មមកលើចិនមែននោះ។ ការប្រកាសដូចនេះ គឺជាប្រតិបត្តិកម្មរបស់ចិន ចិនទៅនឹងការប្រកាសរបស់លោកដូណាល់ ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅ ដែលលោកនឹងដាក់ចុះ នូវវិធានការ​ទណ្ឌកម្មមួយចំនួន ទៅលើផលប្រយោជន៍របស់ចិន។

ផ្សាយពាណិជ្ជកម្ម

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងនៅក្នុងសន្និសីទកាសែតថា រាល់ពាក្យសំដី និងទង្វើណាមួយ ដែលបំពាន បំផ្លាញដល់ផលប្រយោជន៍របស់ចិន នឹងត្រូវប្រឈមតបវិញ ដោយវិធានសងសិក។ មន្ត្រីការទូតចិនរូបនេះ ក៏បានអំពាវនាវ ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវតែកែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន ហើយត្រូវបោះបង់ចោល នូវគំនិតយល់ឃើញ បែបសង្រ្គាមត្រជាក់។​ រាល់វិធានការទណ្ឌកម្មរបស់អាមេរិកមកលើចិន ដោយសំអាងលើ​បញ្ហានៅហុងកុង គឺជាការលូកដៃចូលច្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។

សូមរំលឹកថា កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកដូណាល់ ត្រាំ បានប្រកាសពីវិធានការមួយចំនួន ដើម្បីដាក់ទណ្ឌកម្មទៅលើចិន ក្នុងនោះមានដូចជាការហាមឃាត់ មិនឲ្យជាន់ដីអាមេរិក នូវជនជាតិចិនណា ដែលអាចបង្កបញ្ហា មកលើសន្តិសុខជាតិអាេមរិក។ លោកដូណាល់ ត្រាំ បានបញ្ជាឲ្យ​ព្យួរជាបណ្តោះអាសន្ន នូវវិធានអនុគ្រោះពាណិជ្ជកម្ម​​ ដែលសហរដ្ឋអាមេរិកបាន ព្រមព្រៀងជាមួយដែនដីហុងកុង ដើម្បីជាការបរិហាប្រឆាំងទៅនឹងច្បាប់ថ្មីស្តីពីសន្តិសុខជាតិ ដែលចិនមានកម្រោងដាក់មកលើហុងកុង។ លោកដូណាល់ ត្រាំ ក៏បានបញ្ជាឲ្យគេស៊ើបអង្កេត លើក្រុម​ហ៊ុនចិនទាំងអស់ ដែល​ចុះបញ្ជីលក់ភាគហ៊ុន នៅលើទីផ្សារហ៊ុន​របស់អាមេរិក។

គួរកត់សំគាល់ថា អ្វីដែលជាបុព្វហេតុជំរុញឲ្យ​លោកដូណាល់ ត្រាំ ចេញវិធានការពិន័យចិនទាំងងនេះ គឺដោយ​សារច្បាប់ថ្មីស្តីពី សន្តិសុខជាតិចិន ដែលចិនមានចេតនាអនុវត្តមកលើដែនដីហុងកុង។ ច្បាប់នេះ បានក្លាយជាកម្មវត្ថុរបស់អាមេរិក​ ដើម្បីបើកយុទ្ធនាការរិះគន់ចិន នៅលើឆាកអន្តរជាតិ។ កាលពីថ្ងៃសុក្រ លោកដូណាល់ ត្រាំបានលើកឡើងថា ចិន មិនគោរពពាក្យ​សន្យារបស់ខ្លួន​​ ដែលថាផ្តល់ស្វ័យភាព​ ឲ្យ​ដែន​ដី​ហុងកុង។ លោកដូណាល់ ត្រាំ បានចាត់ទុកបញ្ហានៅហុងកុង ថាជាសោកនាដកម្ម ទាំងសម្រាប់ប្រជាជនចិន និងប្រជាជនហុងកុង។

ជាការឆ្លើយតបវិញ អ្នកនាំពាក្យក្រសួងការប​រទេសចិន បានចាត់ទុកបញ្ហាការរើសអើងប្រកាន់ពូជសាសន៍ នៅសហរដ្ឋអាេមរិក ថាជាជំងឺរ៉ាំរ៉ៃប្រចាំកាយ របស់អាេមរិក ហើយដែលអាមេរិកខ្លួនឯងមិនព្រមព្យាបាល បែជាដើរ​ស្តីបន្ទោស ផ្តល់ដំបូន្មានទៅប្រទេសដ៏ទៃទៅវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិន​ ចំអកថា អាេមរិកគាំទ្រក្រុមបាតុករហិង្សានៅហុងកុង តែនៅស្រុកឯងវិញ​ អាមេរិកបានប្រើកណ្តាប់ដៃបង្ក្រាបបាតុករ ដែលតវ៉ាទាមទារយុត្តិធម៌សង្គម ជូនជនជាតិអាេមរិកស្បែកខ្មៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ