អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាជ្ញាធរ​ហុងកុង​ហាមមិន​ឲ្យគេប្រារព្ធ​ខួប​៣១ឆ្នាំ នៃការបង្រ្កាប​នៅ​ទីលាន​ធានអានមេន

សំឡេង ០៤:៥៦
មនុស្ស​រាប់ម៉ឺននាក់​ចូលរួម​ដុតទៀន​នៅទីលាន​Victoria កណ្តាល​ក្រុង​ហុងកុង នៅឆ្នាំ ២០០៩ ដើម្បី​រំលឹកខួប​២០ឆ្នាំ​នៃការបង្រ្កាប​លើ​ចលនា​និស្សិត​នៅ​ទីក្រុង​ធានអានមេន​ប្រទេស​ចិន នៅថ្ងៃទី​៤មិថុនា ១៩៨៩
មនុស្ស​រាប់ម៉ឺននាក់​ចូលរួម​ដុតទៀន​នៅទីលាន​Victoria កណ្តាល​ក្រុង​ហុងកុង នៅឆ្នាំ ២០០៩ ដើម្បី​រំលឹកខួប​២០ឆ្នាំ​នៃការបង្រ្កាប​លើ​ចលនា​និស្សិត​នៅ​ទីក្រុង​ធានអានមេន​ប្រទេស​ចិន នៅថ្ងៃទី​៤មិថុនា ១៩៨៩ ASSOCIATED PRESS - Vincent Yu
ដោយ៖ ឈាង បុប្ផា

តើ​ចិន​ចាប់អនុវត្ត​ច្បាប់​សន្តិសុខជាតិ​នៅហុងកុង? អាជ្ញាធរ​ហុងកុង​បាន​សម្រេច នៅ​ថ្ងៃ​ចន្ទ កន្លងទៅ បាន​ហាម​មិន​ឲ្យមាន​ការរៀបចំ​ពិធី​រំលឹកខួប ៣១​ឆ្នាំ​នៃ​ការបង្រ្កាប​នៅទីលាន​ធានអានមេន ដែល​ត្រូវ​ធ្វើ នៅថ្ងៃព្រហស្បតិ៍ ទី​៤​មិថុនា​សប្តាហ៍នេះ។ ក្នុងរយៈពេល ៣០ឆ្នាំ គិត​ចាប់តាំង​ពី​មាន​ការបង្រ្កាប​ទៅលើ​និស្សិត​នៅទីលាន​ធានអានមេន នៅប្រទេស​ចិន នេះជាលើកទី១ ដែល​ប្រជាជន​ហុងកុង ខកខាន មិន​អាច​ធ្វើ​ពិធីរំលឹក​ខួប នៅ​ទីលាន​Victoria កណ្តាល​ក្រុង​ហុងកុង។ ហុងកុង ដែល​ត្រូវ​អង់គ្លេស ប្រគល់​ទៅ​ឲ្យ​ប្រទេស​ចិន វិញ កាលពី​ឆ្នាំ ១៩៩៧ គឺជាដែនដី​តែមួយគត់​របស់​ប្រទេស​ចិន ដែល​នៅ​អាច​បន្ត​រៀបចំ​ពិធី​រំលឹកខួប ធានអានមេន ដែល​នៅក្នុង​នោះ អ្នកចូលរួម តែងមាន​ទម្លាប់ ​ស្រែក​ថ្កោលទោស គណបក្ស​ផ្តាច់ការ។ បម្រាម​របស់​អាជ្ញាធរ​ហុងកុង ធ្វើឡើង នៅ​ខណៈពេល​ដែល​ទីក្រុង​ប៉េកាំង​ទើប​បង្កើត​ច្បាប់​ស្តីពីសន្តិសុខជាតិ​នៅ​ហុងកុង។ 

ផ្សាយពាណិជ្ជកម្ម

គោលនយោបាយ​ប្រទេស​មួយ ប្រព័ន្ធ​ពីរ ធ្វើឲ្យ​ទីក្រុង​ហុងកុង ក្លាយ​ជា​ទឹកដី​ចិន​តែ​មួយគត់ ដែល​អាច​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការបង្រ្កាប​ដ៏ឃោឃៅ របស់​កងទ័ព​ទៅលើ​ចលនា​និស្សិតចិន នៅ​ទីលាន​ធានអានមេន កាលពី​៣០ឆ្នាំ​មុន។ ពិធី​រំលឹកខួប​នៃ​ការបង្រ្កាប​នៅ​ទីលាន​ធានអានមេន ត្រូវ​បាន​រៀបចំ​ធ្វើ ជារៀងរាល់​ឆ្នាំ នៅ​ទីលាន​Victoria កណ្តាល​ក្រុង​ហុងកុង ចាប់តាំង​ពី​ឆ្នាំ ១៩៩០ ពោល​គឺ​នៅ​ពេល​ហុងកុង កំពុង​ស្ថិតនៅ​ក្រោម​អាណានិគមនិយម​អង់គ្លេស មកម្ល៉េះ។

ប៉ុន្តែ នៅ​ឆ្នាំ​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៤មិថុនា ដែល​គេ​ត្រូវ​រំលឹកខួប​៣១​ឆ្នាំ នៃ​ការបង្រ្កាប​លើ​ក្រុមនិស្សិត​នៅទីលាន​ធានអានមេន ទីលាន Victoria នៅកណ្តាល​ក្រុង​ហុងកុង នឹង គ្មាន​ភ្លើងទៀន អុជបំភ្លឺ របស់​អ្នកចូលរួម​រាប់ម៉ឺន​នាក់ ដូច​រាល់ឆ្នាំ​នោះ​ទេ។ កាលពី​ថ្ងៃ​ចន្ទ ប៉ូលិស​ហុងកុង បាន​ សម្រេច ហាម​មិន​ឲ្យ​មាន​ការប្រមូលផ្តុំ នៅ​ទីលាន​Victoria ក្នុង​ហេតុផល​ការពារ​សុខភាព​ប្រជាជន នៅក្នុង​សម័យ​កូវីដ

ថ្វីត្បិត​តែមាន​ព្រំដែន​ជាប់​ប្រទេស​ចិន​ដីគោក ហុងកុង បាន​គ្រប់គ្រង វិបត្តិកូវីដ មិនឲ្យ​ធ្លាក់ធ្ងន់ធ្ងរ​នោះទេ។ ទីក្រុង​ហុងកុង ដ៏តូច ដែល​មាន​ប្រជាជន​រស់នៅ ដល់ទៅ ៧លាន​៥សែន​នាក់ មាន​អ្នកឆ្លង​តែ​ជាង​១ពាន់នាក់ និង​មាន​មនុស្ស​ស្លាប់តែ​៤នាក់ ដោយសារ​កូវីដ។ បន្ទាប់ពី​ស្ងាត់​គ្មាន​ករណី​ឆ្លង អស់​រយៈពេល​២សប្តាហ៍ ហុងកុង ទើប​រកឃើញ​មាន​ករណី​ឆ្លង​ក្នុង​ស្រុក ចំនួន ៥ នៅ​រយៈពេល​តែ​២ថ្ងៃ។ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លងរាលដាល ជំងឺ​កូវីដ ១៩ ​អាជ្ញាធរ​ហុងកុង​បាន​សម្រេច​ពន្យារ ​ការអនុវត្ត​វិធានការ​ហាមមិន​ឲ្យ​មានការជួបជុំ​គ្នា លើសពី​៨នាក់ នៅកន្លែង​សាធារណៈ រហូត​ដល់​ថ្ងៃទី​៤​មិថុនា ថ្ងៃ​ដែល​គេ​ត្រូវ​រៀបចំ ពិធីរំលឹកខួប​នៃ​ការបង្រ្កាប​នៅទីលាន​ធានអានមេន។

តាម​សម្ព័ន្ធ​គាំទ្រ​ចលនា​ស្នេហា​ប្រជាធិបតេយ្យ នៅប្រទេស​ចិន ដែល​ជា​អ្នករៀបចំ កម្មវិធី​រំលឹក​ខួប​នៃការបង្រ្កាបនៅទីលាន​ធានអានមេន ជារៀងរាល់​ឆ្នាំ នៅទីក្រុង​ហុងកុង បម្រាម​របស់​ប៉ូលិស ដោយ​លើក​ហេតុផល ទប់ស្កាត់​ការឆ្លងជំងឺកូវីដ គឺ​គ្រាន់តែ​ជា​លេស​ដើម្បី​បិទខ្ទប់ មិន​ឲ្យ​គេ​អាច​រំលឹក​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត ដែល​នៅក្នុង​នោះ កងទ័ព​ចិន​បាន​បង្រ្កាប បង្ហូរឈាម ទៅលើ​និស្សិត នៅ​ទីលាន​ធានអានមេន។ សម្រាប់​ប្រធាន​សម្ព័ន្ធ គាំទ្រ ចលនា​ស្នេហា​ប្រជាធិបតេយ្យ នៅប្រទេស​ចិន បម្រាម​របស់​អាជ្ញាធរ ក្នុងការហាម​មិន​ឲ្យ​មានការជួបជុំគ្នា ដើម្បី​កុំ​ឲ្យ​ឆ្លងមេរោគកូរ៉ូណា ប្រាសចាក ផ្ទុយ​ពី​វិធានការ​របស់​រដ្ឋអំណាច​ហុងកុង ដែលបាន អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ សាលារៀន រោងកុន ភោជនីយដ្ឋាន និង​កន្លែង​សាធារណៈ​ផ្សេង​ទៀតៗ នៅ​ហុងកុង។

នៅពេល​អាជ្ញាធរ​ហាម​មិន​មាន​បាតុកម្ម ជួបជុំ​នៅ​ទីលាន​Victoria ដូច​រាល់ឆ្នាំ អ្នករៀបចំ​បាន​អំពាវនាវ​ឲ្យ​គេ​ដុតទៀន នៅពេញទីក្រុង និង​រក្សា​ភាពស្ងៀមស្ងាត់​មួយនាទី នៅ​យប់​ថ្ងៃ ព្រហស្បតិ៍ ទី​៤ ថ្ងៃ​ដែល កាលពី​៣០​ឆ្នាំមុន ក្រុមនិស្សិត​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​ចិន ត្រូវ​កងទ័ព បង្រ្កាប សម្លាប់ ដោយ​ឈាមត្រជាក់ នៅ​ទីលាន​ធានអានមេន។ តាំង​ពី​ថ្ងៃ​ចន្ទ សមាជិកសភា​មកពីគណបក្ស​ដើម្បី ប្រជាធិបតេយ្យ នៅ​ហុងកុង បាន​ចូលរួម​ជាមួយ អ្នករៀបចំ​កម្មវិធី ដើម្បី​ចែកចាយ ទៀន​ទៅ​ឲ្យ​អ្នករស់នៅ​ហុងកុង។

ការប្រារព្ធខួប នៃការបង្រ្កាប​របស់​កងទ័ព​ទៅលើ​និស្សិត ចិន នៅ​ទីលាន​ធានអានមេន ជាកញ្ចក់​ឆ្លុះបញ្ចាំង​ពីសិទ្ធិសេរីភាព ដែល​ហុងកុង​ទទួល​បាន​គោលនយោបាយ​ប្រទេស​មួយ ប្រព័ន្ធពីរ។ ប៉ុន្តែ សម្រាប់​ប្រធាន​សម្ព័ន្ធ​គាំទ្រ​ចលនា​ស្នេហា​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ចិន បាតុកម្មរំលឹកខួប ទីលាន​ធានអានមេន ត្រូវ​បានគេ ហាម​មិន​ឲ្យ​ធ្វើ​ជាលើកទី១ នៅក្នុង​រយៈពេល​៣០ឆ្នាំ។ អ្វីដែល​គេ​ភ័យ បារម្ភខ្លាំង​គឺ​បាតុកម្ម​ដុតភ្លើងទៀន ដើម្បី​រំលឹក​ការបង្រ្កាប​នៅធានអានមេន នឹង​លែង​តទៅទៀត នៅ​ឆ្នាំ​ក្រោយ ឬ​ទៅ​ថ្ងៃ​អនាគត នៅពេល ច្បាប់សន្តិសុខ​ជាតិ ត្រូវ​អនុវត្ត​ពេញលេញ នៅ​ហុងកុង ចាប់ពី​ខែ​មិថុនា​នេះ។ “ជាមួយ​នឹង​ច្បាប់សន្តិសុខជាតិ យើង​គ្មានសុទិដ្ឋិនិយមនោះទេ”។ នេះ​ជា​ការលើកឡើង​របស់​ប្រធាន​សម្ព័ន្ធ​គាំទ្រ​ចលនា​ស្នេហា​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ចិន។

ដើម្បី​ទប់ស្កាត់ បាតុកម្ម​ប្រឆាំង​រដ្ឋអំណាច​ហុងកុង ដែល​នឹង​អាច​ចាប់កំរើកឡើង​វិញ នៅពេល​វិបត្តិកូវីដ ចាប់ស្ងប់ ទីក្រុង​ប៉េកាំង​បាន​បង្កើត​ច្បាប់​សន្តិសុខជាតិ ដែល​មាន​គោលដៅ ហាមឃាត់ ការធ្វើវិទ្ធង្សនា ការទាមទារ​បំបែក​ទឹកដី ភេរវកម្ម និង​ការឃុបឃិត​ជាមួយ​ជនបរទេស។

នៅថ្ងៃ​ចន្ទ នៅក្នុង​បទសម្ភាសន៍ ជាមួយ​វិទ្យុក្នុង​ស្រុក ប្រធានគណៈកម្មការ​សភា​ហុងកុង​ម្នាក់ ដែល​មាន​ទំនោរ​ទៅខាង​ក្រុង​ប៉េកាំង បាន​អំពាវនាវ​ឲ្យ​អ្នកដែល​ចូលរួម​ក្នុង​ពិធីរំលឹក​ខួប​ធានអានមេន ដើរចេញ ពី​កន្លែង​ជួបជុំ នៅពេល​គេចាប់ស្រែក​ច្រៀង ពាក្យស្លោក ទាមទារ ឲ្យ​បិទបញ្ចប់​គណបក្ស​ផ្តាច់ការ​តែមួយ។ សម្រាប់​សមាជិកសភាហុងកុង ​គាំទ្រ​ក្រុង​ប៉េកាំង ប៉ូលិស​នឹង​ចាប់ខ្លួន អ្នកដែល​ស្រែកច្រៀង ប្រឆាំង​ប្រទេស​ចិន។

អ្នករៀបចំ​ពិធី​រំលឹក​ខួប ធានអានមេន បាន​និយាយ​ហើយថា លោក​មិនខ្លាច​ការគំរាម ហើយ​និង​នៅតែ​បន្តច្រៀង​ពាក្យស្លោក ដែល​គេ​បានធ្វើ​អស់​រយៈពេល​៣០ឆ្នាំ​មកហើយ ដោយមិនធ្លាប់​មាន​ការហាមឃាត់ ពីអាជ្ញាធរ​នោះទេ។

នៅដើមឡើយ ពិធីរំលឹកខួប​នៃការបង្រ្កាប​នៅទីលាន​ធានអានមេន ​ត្រូវ​បាន​រៀបចំឡើង ដោយ​ប្រជាជន​ហុងកុង ក្នុងបំណង​សាមគ្គីភាព​ជាមួយ​សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ​នៅប្រទេស​ចិន។ សម្រាប់ក្រុម​អ្នករៀបចំ ពិធី​រំលឹកខួប នៃការបង្រ្កាប នៅទីលាន​ធានអានមេន​មានតម្លៃ​ស្មើ​នឹង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ នៅ​គ្រប់​កន្លែង​ក្នុង​ប្រទេស​ចិន ហើយ​និង​ការគោរព​វិញ្ញាណក្ខន្ធ​របស់​និស្សិត​ដែល​ស្លាប់​នៅក្នុង​ការបង្រ្កាប​របស់​កងទ័ព​ចិន។

ប៉ុន្តែ ក្រុមនិស្សិត​ហុងកុង ដែល មិន​សង្ឃឹម​នឹងឃើញ​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​ចិន បាន​ដើរចេញ ព្រឹត្តិការណ៍ រំលឹក​ការបង្រ្កាប​នៅទីលាន​ធានអានមេន ព្រោះតែ​ពួកគេគិត​ថា លទ្ធិប្រជាធិបតេយ្យ​អាច​បោះជំហាន​ដោយ​យឺតបំផុត​នៅ​ទឹកដីចិន។ ផ្ទុយទៅវិញ ពួកគេ​កាន់តែច្រើនបាន​ផ្តោតសំខាន់​លើ​បាតុកម្ម​ដើម្បី​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ទឹកដី​ហុងកុង ដែល​ពួកគេ​ចាត់ទុក​ជា​អាទិភាព និង​ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារ​ការឈ្លានពាន​លូកដៃ​របស់​ទីក្រុង​ប៉េកាំង។

ការហាមប្រាម​មិន​ឲ្យ​មាន​ការប្រារព្ធ​ពិធី​រំលឹកខួប នៃ​ការបង្រ្កាប នៅ​ទីលាន​ធានអានមេន នៅ​ក្នុង​ខណៈពេល​ដែល​ច្បាប់​ស្តីពីសន្តិសុខ​ជាតិ ត្រូវ​ចាប់អនុវត្ត​នៅ​ហុងកុង គឺជា​ការរំលោភបំពាន​មួយទៀត របស់​ប្រទេស​ចិន ដែល​ធ្លាប់​បាន​ធានា​សន្យា​ផ្តល់​សិទ្ធិសេរីភាព និង​ឯករាជ្យ តុលាការ​ពិសេស​ដល់​ហុងកុង រហូត​ដល់​ឆ្នាំ ២០៤៧៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ