អានតួអត្ថបទ

ប៉េកាំង​​ចោទក្រុមហ៊ុន​​ហ្វេសប៊ុក​ថា ប្រកាន់​រើសអើង មនោគមវិជ្ជា

រូបថតបង្ហាញ​ការផ្សាយពាណិជ្ជកម្ម​ជាច្រើន​ ដែល​មកពីខាងរុស្ស៊ី សំដៅ​ជះឥទ្ធិពល​ទៅលើ​អ្នកបោះឆ្នោត​អាមេរិក នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​ឆ្នាំ ២០១៦
រូបថតបង្ហាញ​ការផ្សាយពាណិជ្ជកម្ម​ជាច្រើន​ ដែល​មកពីខាងរុស្ស៊ី សំដៅ​ជះឥទ្ធិពល​ទៅលើ​អ្នកបោះឆ្នោត​អាមេរិក នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​ឆ្នាំ ២០១៦ AP - Jon Elswick
ដោយ៖ ឈាង បុប្ផា
១៦ នាទី

ប្រទេស​ចិន តាមរយៈ​អ្នកនាំពាក្យ​របស់ក្រសួងការបរទេស កាលពី​ថ្ងៃ​សុក្រ​ទី​៥មិថុនា​បាន​ប្រតិកម្ម​រិះគន់​វិធានការ​ថ្មី​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុក​ថា ជា​ការរើសអើង​មនោគវិជ្ជា។ នៅថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​ដាក់ចេញ​វិធានការ​ជាច្រើន ដូចជា បញ្ជាក់​ឈ្មោះ​ប្រព័ន្ធផ្សព្វផ្សាយ ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​បរទេស។ 

ផ្សាយពាណិជ្ជកម្ម

ទៅតាមវិធានការ​ថ្មី ដែល​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ជាផ្លូវការ កាលពី​ថ្ងៃព្រហស្បតិ៍ រាល់​ប្រព័ន្ធផ្សព្វផ្សាយ​របស់រដ្ឋ ដែល​មានតាំង​ពី​កាសែត និង​វិទ្យុ​ទូរទស្សន៍ ដែល​បង្ហោះផ្សាយ​នៅលើ​បណ្តាញហ្វេសប៊ុក នឹង​ត្រូវ​គេ​បញ្ជាក់​អត្តសញ្ញាណ​យ៉ាងជាក់ច្បាស់ថា ជា​កម្មសិទ្ធិ​របស់​រដ្ឋ។

ច្បាប់ថ្មី​របស់​ហ្វេសប៊ុក ធ្វើ​ឲ្យទីក្រុង​ប៉េកាំង​មិន​សប្បាយចិត្ត ព្រោះថា ប្រព័ន្ធផ្សព្វផ្សាយ​របស់​ចិន ភាគច្រើន​ជាកម្មសិទ្ធិ​របស់​រដ្ឋអំណាច  ជាឧបករណ៍​ឃោសនា​របស់​បក្ស​កុម្មុយនិស្ត​ចិន ដូចជា​ទីភ្នាក់ងារ​ស៊ីនហួរ ទីភ្នាក់ងារ​ចិនថ្មី ទូរទស្សន៍CCTV ឬ​កាសែត​អង់គ្លេស​China Daily ជាដើម។ នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃសុក្រ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​លះបង់​ចោល ការប្រកាន់​រើសអើង​មនោគមវិជ្ជា និង​ត្រូវ​ធ្វើការ ដោយ​សមភាព ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស ដែល​មាន​វត្តមាន​នៅទឹកដី​អាមេរិក។

សម្រាប់ ​មន្រ្តី​ហ្វេសប៊ុក ទទួល​បន្ទុក សន្តិសុខអ៊ីនធ័រនែត វាជាការធម្មតា ដែល​អ្នកប្រើប្រាស់​ហ្វេសប៊ុក ត្រូវ​ដឹង​ថា ព័ត៌មាន​ដែល​គេ​ទើបតែ​អាន ជា​ព័ត៌មាន​របស់​ប្រព័ន្ធផ្សព្វផ្សាយ ដែល​អាច​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល។

ច្បាប់ថ្មី​របស់​ហ្វេសប៊ុក​សំដៅ​ផងដែរ ហាម​មិន​ឲ្យ​មាន​ការផ្សាយ​ពាណិជ្ជកម្ម​របស់​ប្រព័ន្ធផ្សព្វផ្សាយ ដែល​គ្រប់គ្រង​ដោយ​រដ្ឋបរទេស។

ដោយ​បង្កើត​បទបញ្ជា ថ្មី ហ្វេសប៊ុក មានគោលដៅ ការពារ កុំ​ឲ្យ​បរទេស​អាច​លូកដៃ សាជាថ្មី ក្នុង​កិច្ចការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅខែ​វិច្ឆិកា​ចុងឆ្នាំនេះ។ ក្រុមហ៊ុន អាមេរិកាំង បានចាប់ផ្តើម ចាត់វិធានការ​ជាច្រើន ដើម្បី​រឹតបន្តឹង​ខ្លឹមសារ​ចុះផ្សាយ​នៅលើ​បណ្តាញហ្វេសប៊ុក បន្ទាប់ពី​មាន​រកឃើញ​មាន​ប្រតិបត្តិការ​លូកដៃ​របស់​បរទេស ជាពិសេស រុស្ស៊ី ទៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង កាលពី​ឆ្នាំ ២០១៦។ កាលណោះ ហ្វេសប៊ុក​បាន​រកឃើញ​មាន​ការផ្សាយពាណិជ្ជកម្ម​ជាច្រើន​របស់​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស ដែល​មាន​គោលដៅ​ជះឥទ្ធិពល​ទៅលើ​ការសម្រេចចិត្ត​របស់​អ្នកបោះឆ្នោត​អាមេរិក។

នៅឆ្នាំ ២០១៨ ហ្វេសប៊ុក​ចាប់ផ្តើមយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មានក្លែងបន្លំ គណនី​ក្លែងក្លាយ ដែលបង្កើត​ឡើង​ដោយ​ក្រុមហ៊ុនបរទេស។ វិធានការ​ថ្មី​របស់ហ្វេសប៊ុក ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ខែ​កក្កដា​ឆ្នាំ ២០២០ ត្រូវបាន​បង្កើតឡើង នៅក្នុង​កាលៈទេសៈ​ដែលទំនាក់ទំនង​ចិន-អាមេរិក កាន់តែ​តានតឹង។ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បាន​បណ្តេញ​អ្នកកាសែត គ្នាទៅវិញ ដោយសារ​តែ​វិបត្តិកូវីដ និង​បញ្ហា​សិទ្ធិមនុស្ស​នៅហុងកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ