កូរ៉េខាងជើង-កូរ៉េខាងត្បូង

កូរ៉េ​ខាងជើង​ គំរាម​បិទ​ការិយាល័យ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង

គីម ជុងអ៊ុង មេដឹកនាំកូរ៉េខាងជើង។
គីម ជុងអ៊ុង មេដឹកនាំកូរ៉េខាងជើង។ © 路透社图片

កូរ៉េ​ខាងជើង​ នៅថ្ងៃ​សៅរ៍​ ទី ៦​ មិថុនា​នេះ​ បាន​គំរាម​បិទ​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង​ជា​អចិន្ត្រៃយ៍​ ចំពោះការ​ដែល​កូរ៉េខាងត្បូង​ខកខាន​ក្នុងការ​រារាំង​សកម្មជន​មួយ​ចំនួន​ កុំឲ្យ​ចែកចាយ​ខិត្ត​ប័ណ្ណ​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​នៅតាមតំបន់​ព្រំដែន​នៃប្រទេស​ទាំងពីរ​។ ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត​នោះ​ មន្ត្រី​របប​ក្រុង​ព្យុងយ៉ាង​ ថា​ខ្លួន​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ធ្វើ​ឲ្យ​សេអ៊ូល​ឈឺចាប់ទៀតផង ​បើសិន​សេអ៊ូល​នៅតែ​មិន​អាច​ផ្តល់ដំណោះស្រាយ​តាម​ដែល​ព្យុង​យ៉ាង​ចង់​បាន​។

ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​របស់​កូរ៉េខាងជើង​ខាងលើនេះ​ បាន​ធ្វើឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ការ​ព្រមាន​របស់​លោកស្រី​ គីម យ៉ូជុង​ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម្ងៃ​ ប្អូនស្រី​របស់ គីម ជុងអ៊ុន បាន​គំរាមថា​នឹង​បញ្ចប់​កិច្ច​ព្រម​ព្រៀង​យោធា​ឆ្នាំ ២០១៨​ ដែលជា​កិច្ច​ព្រមព្រៀង​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​បងប្អូន​កូរ៉េ​ទាំងពីរ​ ប្រសិនណា​បើ​ទីក្រុង​សេអ៊ូល​ មិន​អាច​បញ្ឈប់​ក្រុម​សកម្មជន​ ដែល​សុទ្ធ​តែជា​ទាហាន​រត់​គេចពី​កូរ៉េខាង​ជើង​ពីការ​បញ្ជូន​សារ​ប្រឆាំង​នឹង​របប​ព្យុងយ៉ាង​ទេ​នោះ។

ក្រៅតែពី​បញ្ចេញ​នូវ​សារព្រមាន​ចំៗ​ កូរ៉េ​ខាងជើង​ថែមទាំង​បាន​គំរាម​ធ្វើឲ្យ​កូរ៉េខាង​ត្បូង​រង​ទុក្ខ​ទៀត​ផង​ ប្រសិនណាបើ​កូរ៉េខាងត្បូង​ មិន​អាច​រារាំង​ ក្រុម​សកម្មជន​ ពីការ​ចែកចាយព័ត៌មាន​រិះគន់​របប​គ្រប់គ្រង​ និង​មហិច្ឆតានុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​។

“រឿង​ដំបូង​ដែល​យើង​ប្រាកដថា​នឹង​ធ្វើនោះគឺ​ការដក​មកវិញ​នូវ​ការិយាល័យ​ទំនាក់ទំនង​រួមគ្នា​រវាង​កូរ៉េខាងជើង​-កូរ៉េខាងត្បូង​”។ នេះ គឺជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​នាយកដ្ឋាន​រណសិរ្ស​បង្រួបបង្រួម​កូរ៉េខាងជើង។ មន្ត្រី​កូរ៉េខាងជើង​ដដែល​នេះ​បាន​លើក​ឡើង​ដែរ​ថា​ វិធានការ​ផ្សេងៗ​នឹង​ធ្លាក់​មក​បន្ត​កន្ទុយ​គ្នា​ទៀត​ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុងសេអ៊ូល​។

ដោយមើលឃើញថា​កិច្ច​សហប្រតិបត្តិការ​អន្តរកូរ៉េ​កំពុង​ធ្លាក់ចុះខ្លាំង​ ជាការ​ឆ្លើយ​តប កូរ៉េខាងត្បូង​បាន​និយាយ​ថា​ ខ្លួន​នឹងជំរុញ​ឲ្យមាន​ច្បាប់ថ្មី​មួយ​ ដើម្បី​ហាម​ឃាត់​សកម្មជន​ពីការ​បញ្ជូន​ខិត្ត​ប័ណ្ណ​រិះគន់​របប​គ្រប់គ្រង​របស់​គីម ជុងអ៊ុន​ ចូល​ទឹកដី​កូរ៉េខាងជើង​តាម​រយៈ​ការបង្ហោះ​ប៉េងប៉ោង​។

ក៏ប៉ុន្តែ ចំណាត់ការថ្មីរបស់ក្រុងសេអ៊ូលបែបនេះ បានបំផុសឲ្យមានខ្វែងគំនិតគ្នាជាច្រើន អំពីការរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ យ៉ាងណាក៏ដោយ មន្ត្រីការិយាល័យ​ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា យុទ្ធនាការចែកចាយ​ខិត្តប័ណ្ណរិះគន់គីម ជុងអ៊ុន បង្កជាអន្តរាយច្រើនជាងផលល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI