ឥណ្ឌា និងចិន បើកជំនួបពិភាក្សាយោធាជាន់ខ្ពស់ ដើម្បីបន្ធូរសម្ពាធនៅព្រំដែន
ចុះផ្សាយនៅថ្ងៃ៖
តំណាងយោធាជាន់ខ្ពស់ឥណ្ឌានិងចិន ដែលជាប្រទេសពីរ មានកម្លាំងទាហានច្រើនជាងគេបំផុតនៅអាស៊ី បានជួបពិភាក្សាគ្នា នៅល្ងាចសៅរ៍ទី ៦មិថុនា រហូតដល់យប់ជ្រៅ ដើម្បីសាកល្បងរកដំណោះស្រាយឱ្យវិបត្តិព្រំដែនដ៏រ៉ាំរ៉ៃ។ ជាលទ្ធផល ឥណ្ឌានិងចិន បានឯកភាពលើភាពចាំបាច់នៃការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ នេះបើតាមការប្រកាសរបស់ញូវដេលីនៅព្រឹកថ្ងៃអាទិត្យទី ៧ មិថុនា។
ឥណ្ឌានិងចិនមានជម្លោះព្រំដែននឹងគ្នា តាំងពី យូរលង់ និងជាច្រើនចំណុច ៖ នៅឡាដា Ladakh នៃតំបន់កាស្មៀ ភាគខាងជើងឥណ្ឌា និងតំបន់ អារុណាចាល ប្រាដេស Arunachal Pradesh នៅភាគខាងកើតប្រទេស។ ប្រវែងព្រំដែនខណ្ឌចែកប្រទេសទាំងពីរ ក៏មានតួលេខខុសគ្នាដែរ។ ឥណ្ឌាប្រកាសជាផ្លូវការមានព្រំដែន៣៥០០គីឡូម៉ែត្រជាចិន ឯសារព័ត៌មានរដ្ឋចិនវិញ ថាមានតែ២០០០គីឡូម៉ែត្រ។
ចិនបានបន្ទោសឥណ្ឌាដែលមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើទឹកដីរបស់ខ្លួន។ ចំណែកឥណ្ឌាវិញខឹងចិន ដែលប្រមូលផ្តុំទ័ពនៅកៀកព្រំដែន។ ជាលទ្ធផល តាំងពីដើមខែឧសភាមក ទាហាននៃមហាអំណាចអាស៊ីទាំងពីរ បានតតាំងប្រឈមមុខគ្នា ជាច្រើនដង នៅតំបន់ខ្ពង់រាប ឡាដាក។ ទាហានជាង៥០០នាក់បានរងរបួស។ ភាពតានតឹងបានប៉ោងឡើងគួរឱ្យព្រួយបារម្ភ។
មួយខែក្រោយ នៅថ្ងៃទី ៦មិថុនា ប្រទេសទាំងពីរ បានសម្រេចរកដំណោះស្រាយតាមផ្លូវការទូត។ នាយឧត្តមសេនីយ៍ជាន់ខ្ពស់របស់ប្រទេសបក្ខដិបក្ខទាំងពីរ បានជួបពិភាក្សាគ្នា យ៉ាងយូររហូតដល់យប់ជ្រៅ នៅតំបន់ព្រំដែនឡាដាក។ ជាជំនួបជាន់ខ្ពស់ដែលពុំធា្លប់មានពីមុនមកទេ និងការពិភាក្សាប្រកបដោយលក្ខណៈវិជ្ជមាន ប៉ុន្តែពុំទទួលបានលទ្ធផលច្បាស់លាស់ទេ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា ភាគីទាំងពីរបានព្រមព្រៀងគ្នាដោះស្រាយដោយសន្តិវិធី ធ្វើយ៉ាងណារក្សាស្ថានភាពនៅតំបន់ព្រំដែន តាមកិច្ចព្រមព្រៀងដែលមានពីមុន (statu quo )។ ដោយយល់អំពីភាពចាំបាច់នៃការស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័ស ដើម្បីរក្សាទំនាក់ទំនងទ្វេភាគី ក្រុមយោធាទាំងពីរក្រុមនឹងបន្តជួបផ្តោះប្តូរយោបល់ និងមានជំនួបការទូត ដើម្បីឈានទៅដោះស្រាយស្ថានការណ៍និងរកសន្តិភាពនិងស្ថិរភាពតំបន់ព្រំដែន។ នេះបើតាមក្រសួងការបរទេសឥណ្ឌាដដែល។ សូមបញ្ជាក់ថា ឥណ្ឌានិងចិនធ្លាប់មានជំនួបចរចានឹងគ្នាជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែពុំអាចនាំភាពធូរស្បើយជានិរន្តបានសោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ