អានតួអត្ថបទ
នូវែលសេឡង់ កូវិដ១៩

នាយករដ្ឋមន្ត្រីនូវែលសេឡង់ ប្រកាសថាបានយកឈ្នះជំងឺកូ​វីដ១៩ទាំងស្រុង

លោក​ស្រី​ Jacinda Ardern នាយករដ្ឋមន្ត្រី​នូវែលសេឡង់ ឆ្លើយសំណួរអ្នក​កាសែត Reuters ។ ក្រុងវ៉ែលីងតុន ថ្ងៃទី១១ ធ្នូ ២០១៩
លោក​ស្រី​ Jacinda Ardern នាយករដ្ឋមន្ត្រី​នូវែលសេឡង់ ឆ្លើយសំណួរអ្នក​កាសែត Reuters ។ ក្រុងវ៉ែលីងតុន ថ្ងៃទី១១ ធ្នូ ២០១៩ REUTERS - Reuters Staff
ដោយ៖ ម៉ម ពិសី
១៣ នាទី

លោកស្រី នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ បានថ្លែងសន្ទរកថាតាមទូរទស្សន៍ នៅថ្ងៃចន្ទទី៨មិថុនានេះ ដោយបាន​ប្រកាសថា នូវែលសេឡង់​ បានយកឈ្នះទាំងស្រុង លើជំងឺកូវីដ​១៩​។​ ប្រមាណ២សប្តាហ៍មកហើយ ដែលនូវែលសេឡង់ ពុំមានអ្នកឆ្លងថ្មីទេ ហើយអ្នកជំងឺកូវីដ១៩ទាំងអស់ ក៏បានជាសះស្បើយអស់ហើយដែរ។ លោកស្រីបាន​ប្រកាសថា រដ្ឋាភិបាល សម្រេចដកចេញ​នូវការរិតត្បិតទាំងអស់ ហើយបើកប្រទេស ឲ្យដំណើរការឡើងវិញដូចធម្មតា។

ផ្សាយពាណិជ្ជកម្ម

នៅតាមកញ្ចក់ទូរទស្សន៍ លោកស្រី Jacinda Arderne នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានលើកឡើងថា សម្រាប់ពេលន​េះ ប្រជាជននូវែលសេឡង់បានរួមកម្លាំងគ្នា ហើយបានទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ១៩ បានយ៉ាងមានប្រសិទ្ធិភាព ដោយក្នុងរយៈពេល១៧ថ្ងៃចុងក្រោយនេះ ពុំមានករណីមនុស្សឆ្លងថ្មីបន្ថែមទៀតទេ។ លើកលែងតែការត្រួតពិនិត្យនៅតាម​ព្រំដែន ដែលត្រូវបន្តពង្រឹងដដែល ក្រៅពីនោះ លោកស្រីនាយករដ្ឋមន្ត្រី បានប្រកាសដកចេញនូវការ​រិតត្បិតទាំងអស់។ ការជួបជុំគ្នា ឬដំណើរការបើករកស៊ី តាមហាងទំនិញ ឬភោជនីយដ្ឋាន ជាដើម ។ល។ គឺមិនចាំបាច់គោរពការរក្សាចំងាយ ឬចំនួន​មនុស្ស​កំណត់ ទៀតឡើយ។

យោងតាមក្រសួងសុខាភិបាលនូវែលសេឡង់ អ្នកជំងឺកូវីដ១៩ចុងក្រោយគេក្នុងប្រទេសនេះ លែងមានរោគសញ្ញាអ្វីហើយ ហើយអាចចាត់ទុកបាន​ថាបានជាសះស្បើយ។ ពុំមាននរណាម្នាក់ ដែលស្ថិត​ក្នុងការ​ដាក់ឲ្យ​នៅដាច់ដោយឡែកទៀតទេ។ ចាប់ពីពេលនេះទៅ កម្រិតគ្រោះថ្នាក់នៃការប្រកាសអាសន្នជំងឺឆ្លង បានធ្លាប់មកនៅកម្រិតទី១ ក្នុងចំណោមកម្រិតទាំង៤។ មានន័យថា រោងភាពយន្ត រោងល្ខោនជាដើម អាចបើកដំណើរការឡើងវិញ ដោយមិនជាប់បម្រាម នៃការកំហិតចំនួន​មនុស្សឡើយ។ លោកស្រីនាយករដ្ឋមន្ត្រីបានឆ្លៀតបញ្ជាក់ថា កម្រិតទី១នេះ នឹងអនុញ្ញាត ឲ្យសេដ្ឋកិច្ច​នូវែលសេឡង់ អាចដំណើរការឡើងវិញ ចំនួន​៩៦%។

យ៉ាងណាមិញ សកម្មភាពប្រកួតកីឡា បានចាប់ផ្តើមឡើងវិញហើយ។ ប្រធានសហព័ន្ធកីឡាបាល់អោប រូប៊ី ដែលជាកីឡាពេញនិយមបំផុតនៅនូវែលសេឡង់ បានថ្លែងអបអរ ថាវាគឺជាមោទនភាពណាស់ សម្រាប់នូវែលសេឡង់​ ដែលបានយកឈ្នះ​ជំងឺកូវីដ១៩ នឹងអាចឈានទៅបើក​ការប្រកួតកីឡា​បាល់អោប​ឡើងវិញ បានមុនគេ​ និងបើកឲ្យ​អ្នកគាំទ្រអាចចូលមើលដូចធម្មតាវិញ។

សូមរំលឹកថា នូវែលសេឡង់ ដែលមានប្រជាជនប្រមាណ​៥លាននាក់នេះ បានចាប់ផ្តើមមានករណីឆ្លងមេរោគកូរ៉ូណាថ្មី កាលពីថ្ងៃទី​២៨ កុម្ភៈ។ រដ្ឋាភិបាលប្រទេសនេះ បាន​សម្រេចបិទខ្ទប់ប្រទេសទាំងស្រុង រយៈពេល​៧សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ គិតត្រឹមពេលនេះ នូវែលសេឡង់ មានករណីឆ្លងកូរ៉ូណាវីរុសសរុប ចំនួន១១៥៤នាក់ ហើយក្នុងនោះមានស្លាប់២២នាក់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ