កូរ៉េខាងត្បូង​ Samsung

អ្នកស្នងមរតកក្រុមហ៊ុនSamsung ប្រឈមនឹងការសម្រេចឃុំខ្លួន នៅចំពោះមុខតុលាការ

លោក លី ជែយុង ពេលធ្វើដំណើរ​ចូលទៅ តុលាការ​ក្រុងសេអ៊ូល ថ្ងៃទី​៨ មិថុនា ២០២០
លោក លី ជែយុង ពេលធ្វើដំណើរ​ចូលទៅ តុលាការ​ក្រុងសេអ៊ូល ថ្ងៃទី​៨ មិថុនា ២០២០ REUTERS - KIM HONG-JI

លោក លី ជែយុង អ្នកស្នងមរតកក្រុមហ៊ុន Samsung កំពុងតែប្រឈមនឹងការសម្រេចឃុំខ្លួន ពីសំណាក់តុលាការ ទៅតាមការស្នើសុំរបស់រដ្ឋអាជ្ញាកូរ៉េខាងត្បូង។ លោកបានចូលខ្លួន ទៅ​សវនកា ដែលបានបើក​នៅថ្ងៃចន្ទទី៨មិថុនានេះ នៅតុលាការ ក្រុង​សេអ៊ូល។ យោងតាមលិខិតប្រកាសរបស់រដ្ឋអាជ្ញាកូរ៉េខាងត្បូង លោក លី ជែយុង កំពុងជាប់ក្នុងការសង្ស័យ ទាក់ទិននឹងភាពមិនប្រក្រតី​​​នៃតម្លៃ ក្នុងប្រតិបត្តិការ​ច្របាច់ក្រុមហ៊ុន២បញ្ចូលគ្នា និងឲ្យស្ថិតក្នុង​ចង្កោមគ្រួសារក្រុមហ៊ុន Samsung។

ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្នើសុំទៅកាន់តុលាការ ដើម្បីសម្រេចចាប់លោក លី ជែយុង អគ្គនាយករងក្រុមហ៊ុន Samsung អេឡិចត្រូនិក ដាក់ក្នុងការឃុំឃាំង។ សវនាកា សម្រេចសេចក្តីបានបើកនៅថ្ងៃចន្ទទី​៨មិថុនា ដោយ​មានវត្តមាន​របស់លោក លី ជែយុង។

សូមបញ្ជាក់ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេត ទាក់ទិននឹងប្រតិបត្តិការច្របាច់ក្រុម​ហ៊ុន​​​២​បញ្ចូលគ្នា  កាលពីឆ្នាំ២០១៥ គឺក្រុមហ៊ុន Cheil Industries និងក្រុមហ៊ុន C&T ។ សហគ្រាសថ្មីដែលកើតចេញពី​ ការច្របាច់បញ្ចូលគ្នានេះ បានក្លាយ​ជា​ផ្នែកមួយដ៏សំខាន់ នៅក្នុងចង្កោមក្រុមហ៊ុន​មេរបស់ Samsung។ យោងតាមការសង្ស័យ លោក លី ជែយុង ដែលមានភាគ​ហ៊ុនមួយចំណែកធំក្នុងក្រុមហ៊ុន Cheil Industries នោះ បានរៀបចំយុទ្ធសាស្ត្រទំលាក់តម្លៃរបស់ក្រុមហ៊ុន C&T។ ធ្វើដូចនេះ គឺដើម្បីឲ្យខ្លួន មានកម្លាំងភាគហ៊ុនធំ នៅក្នុងក្រុមហ៊ុនថ្មី ដែលត្រូវបង្កើតឡើង ហើយនឹងឈានទៅ​ពង្រឹងលទ្ធភាព ឲ្យ​ខ្លួន​អាចក្លាយ​ជា​អគ្គនាយកនៃក្រុមហ៊ុន Samsungទាំងមូល ដោយពេញសិទ្ធិ។

គួរំលឹកថា លោក លី ជែយុង អាយុ៥១ឆ្នាំ គឺជាចៅប្រុសរបស់ស្ថាបនិកក្រុមហ៊ុនSamsung។ នៅពេលឪពុកលោកបានស្លាប់ ដោយគាំងបេះដូងនៅឆ្នាំ២០១៤ ក្រសែភ្នែកមនុស្ស បានសម្លឹងទៅកាន់លោក លី ជែយុង ថាអាចឡើងមកស្នងមរតក ជំនាន់ទី៣​នៃ​ក្រុមហ៊ុនSamsung។ ​កាល​ពីឆ្នាំ​២០១៧ លោក លី​ ជែយុង ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ទាក់ទិន​នឹងសំណុំរឿងពុករលួយ ដែលពាក់ព័ន្ធជាមួយលោកស្រី ប៉ាក់ គិនហឺ អតីតប្រធានាធិបតីកូរ៉េខាងត្បូង។​ ជាប់ពន្ធនាគារបានតែមួយឆ្នាំ លោកលី ជែយុង ត្រូវបានគេដោះលែងមក​វិញ។ ប៉ុន្តែសំណុំរឿងនេះ នៅមិនទាន់ស្ងាត់ទាំងស្រុងទេ ដោយតុលាការកូរ៉េខាងត្បូង បានបើកការ​ស៊ើបអង្កេត​ថ្មីមួយទៀត​។កាលពីខែឧសភាកន្លងទៅ អគ្គនាយករងក្រុមហ៊ុន Samsung រូបនេះ​ បានធ្វើការសុំទោសជាសាធារណៈ​ ហើយបានសន្យាថា នឹងមិនធ្វើឲ្យ​មានរឿងអាស្រូវណាមួយទៀតនោះទេ។

គួរកត់សំគាល់ផងដែរថា ក្រុមហ៊ុន​ Samsung មានឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយយ៉ាងខ្លាំងនៅកូរ៉េខាងត្បូង។ ចំណូលសរុបរបស់ក្រុមហ៊ុននេះ ស្មើនឹង ១ភាគ៥ នៃចំណូលដុលក្នុងស្រុកសរុប របស់កូេរ៉ខាងត្បូងទាំងមូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI