អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាង​ជើង​ថា​លែងសូវមាន​ប្រយោជន៍​ដែល​ត្រូវ​​រក្សា​ទំនាក់ទំនងល្អ​រវាង​ គីម-ត្រាំ

សំឡេង ០៦:២៦
លោក​ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នៅ​ក្នុង​ជំនួបកំពូល​ លើក​ទី​មួយ នៅ​ប្រទេស​សិង្ហបុរី ថ្ងៃទី ១២​មិថុនា ២០១៨
លោក​ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នៅ​ក្នុង​ជំនួបកំពូល​ លើក​ទី​មួយ នៅ​ប្រទេស​សិង្ហបុរី ថ្ងៃទី ១២​មិថុនា ២០១៨ AFP/Archivos
ដោយ៖ អៀង សុខម៉ិញ
២៩ នាទី

១២មិថុនា​២០១៨-១២មិថុនា​២០២០ ថ្ងៃ​នេះ​ជា​ខួប​ពីរ​ឆ្នាំគត់​នៃ​ជំនួប​ជា​លើក​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក​កំពុង​កាន់​អំណាច​ ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន។ ពីរ​ឆ្នាំ​ក្រោយ ក្តី​សង្ឃឹម​បានរលាយ​ស្ទើរ​អស់។ ក្នុង​ថ្ងៃ​ខួប​ ព្យុងយ៉ាង​បាន​​ បរិហារ​រិះគន់ ​ដោយ​ប្រើ​ពាក្យចោទ​ប្រកាន់​ធ្ងន់ៗ​ថា​អាមេរិក​មាន​ពុតត្បុត  និង​បាន​ប្រកាស​ថា ​ការ​​រក្សា​ទំនាក់ទំនងល្អ​​ជាលក្ខណៈ​បុគ្គល​​រវាង​លោក​ត្រាំ និងលោក​គីម ដូច​ជា​លែងសូវ​​មាន​​ប្រយោជន៍ទៀត​ហើយ​។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ដែល​ព្យុងយ៉ាង​បាន​បង្កើន​​ការ​វាយប្រហារ​​ជា​ពាក្យសំដី​លើ​សហរដ្ឋ​អាមេរិកនិង​កូរ៉េខាង​ត្បូង​។ កាលពី​ថ្ងៃពុធ​ទី ១០​មិថុនា កូរ៉េខាង​ជើង​បាន​ប្រកាស​ផ្តាច់​រាល់​គ្រប់​បណ្តាញ​​ទំនាក់ទំនង​ជាមួយ​កូរ៉េខាង​ត្បូង​។ នៅ​ថ្ងៃព្រហស្បតិ៍​ ព្យុងយ៉ាង​បាន​ព្រមានដោយប្រយោល​ថា​នឹង​ទៅ​រំខាន​សម័យ​​បោះឆ្នោត​ប្រធានាធិបតីខែ​វិច្ឆកា ប្រសិន​បើ​​​​​អាមេរិក ​នៅ​បន្ត​​លូកលាន់ក្នុង​វិបត្តិ​​អន្តរកូរ៉េ។

នៅ​ថ្ងៃ​សុក្រ​ទី ១២​មិថុនា​នេះ ការ​វាយប្រហារ​ ​និង​រិះគន់អាមេរិក​ មាន​កាន់តែ​ខ្លាំង និង​ដោយ​ពាក្យ​សំដី​​ធ្ងន់ៗ​ក្រៃ​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​ទេ។ ដូច​ចង់​​ជម្រះ​បញ្ជី​ ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កូរ៉េខាង​ជើង លោក Ri Son Gwon បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា មាន​ពុតត្បុត និង​បាន​ស្វែង​រក​វិធី​​​ផ្តួលទម្លាក់​របប​ដឹកនាំព្យុងយ៉ាង។ ​បើ​តាម​មន្ត្រី​រូប​នេះ ក្តី​សង្ឃឹម​ដ៏ធំធេងរបស់​ពិភពលោក​ ដែល​​ដុះចេញ​ពី​ជំនួបកំពូល​ជា​ប្រវត្តិសាស្ត្រ​ និង​ប្រកប​ដោយ​និម្មិត្តរូប​បំផុត​នៅ​សិង្ហបុរី កំពុង​ក្លាយ​ជា សុបិន្ត​ដ៏​អាក្រក់បំផុត និង​ជា​ការ​ខក​ចិត្ត​អស់​​​សង្ឃឹមយ៉ាង​ខ្លាំង។

សន្យាខ្យល់

លោក​រី ​បាន​អះអាង​ថា ប្រជាពលរដ្ឋ​កូរ៉េ ​ចង់​បាន​សន្តិភាព​ណាស់ តែ​វ៉ាស៊ីនតោនបែរ​ប្រឹង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​ទម្លាក់​ស្ថានភាព​ឱ្យ​ដុនដាប​និង​ធ្ងន់ធ្ងរទៅ​វិញ។ កូរ៉េខាង​ជើង​មាន​ឆន្ទៈមុះ​មុតជាង​ពេល​ណា​ទាំង​អស់​​ ចង់​បញ្ចប់​ភាព​​ស្អប់​ខ្ពើម​គ្នា​រវាង​ព្យុងយ៉ាង​និង​វ៉ាស៊ីនតោន ហើយ​បើក​សករាជ​ថ្មី​​នៃ​កិច្ចសហប្រតិបត្តិការ សករាជ​សន្តិភាព និងរុងរឿង ដោយ​បាន​ប្រឹង​ប្រែងបញ្ចេញ​សកម្មភាព​រំសាយ​នុយក្លេអ៊ែរ​ជា​ច្រើន ក្រោយ​ពីជំនួប​កំពូល​រវាង​លោក​ដូណាល់ ត្រាំ និង​លោក គីមជុងអ៊ុន។

នៅ​​ថ្ងៃទី ១២​មិថុនា​២០១៨ លោក ត្រាំ​ និង​លោក​គីម​ បាន​បើក​ជំនួប​កំពូល​ជា​លើក​ទី​មួយ និង​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​សិង្ហបុរី។ មេដឹកនាំទាំង​ពីរ​បាន​សេចក្តី​ថ្លែងការណ៍រួមដោយ​គ្មាន​ការ​លម្អិត​ខ្លឹមសារ​​ថា​ អំពី​ការព្រមព្រៀង​​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ។ លោក​ត្រាំ​ផ្ទាល់​បាន​បង្ហោះ​សារ​ថា ព្យុងយ៉ាង​លែង​ជា​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ទៀត​ហើយ។

​ជំនួប​កំពូល​លើក​ទី​ពីរ នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហាណូយ​ ជា​បរាជ័យ​ទាំងស្រុង ភាគី​ទាំង​ពីរ​មិន​អាច​ព្រមព្រៀង​គ្នា​រវាង​ការ​ព្រមធ្វើសម្បទាន​របស់​កូរ៉េខាង​ជើង​ជា​ថ្នូរ​នឹង​ការ​លើក​ទណ្ឌកម្ម​ខ្លះ​។

អ្នក​ការទូត​អាមេរិក​នៅ​តែ​បន្ត​អះអាង​ថា កូរ៉េខាង​ជើង​មិន​ចាត់​វិធានការ​រំសាយ​នុយក្លេអ៊ែរ​ទេ។ តែ​បើ​តាម​តាមរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាង​ជើង ព្យុង​យ៉ាង​​គួរ​តែ​បាន​ទទួល​រង្វាន់​លួង​ចិត្តខ្លះ​​​ ចំពោះ​ការ​សម្រេច​ចិត្ត​ផ្អាក​ការ​សាកល្បង​នុយក្លេអ៊ែរ មីស៊ីស​បាលីស្ទិក​អន្តរទ្វីប ចំពោះ​ការ​រំសាយ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ឬ​ចំពោះ​ការ​ព្រម​បញ្ជូនឥដ្ឋិធាតុ​​ទាហាន​អាមេរិក​ស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​១៩៥៣។

កូរ៉េខាង​ជើង​បាន​ផ្តល់​អោយ​អាមេរិក​ច្រើន​​តែ​គ្មាន​បាន​អ្វី​ត្រលប់​មក​វិញ​សោះ។ កូរ៉េខាង​ជើងបន្ត​ជាប់​ទណ្ឌកម្ម​​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ដដែល។ សម្រាប់​លោក​រី គ្មាន​អ្វី​អាក្រក់​ជាង​សន្យា​ហើយ​មិន​គោរព​ទេ។ ដូច្នេះ​​កូរ៉េខាង​ជើង​នឹង​លែង​ផ្តល់​អ្វីឱ្យ​មេដឹកនាំ​អាមេរិក​ ដោយ​មិន​អាច​ទទួល​អ្វី​បាន​មក​វិញ​ឡើយ។

​ទំនាក់ទំនង​ល្អ​ បែ​បបុគ្គល ​ លែង​សូវ​មាន​ប្រយោជន៍

​លោក​ត្រាំ​នៅ​តែ​បន្ត​អួត​អាង​ថា​មាន​ទំនាក់ទំនង​ជា​លក្ខណៈល្អ​ជាមួយ​លោក គីម ជុងអ៊ុន ដែល​​បុរស​ខ្លាំងទាំង​ពីរ​បាន​ជួប​គ្នា​ជា​លើក​ទី​បី​ នៅ​ខែមិថុនា​២០១៩ នៅ​តំបន់គ្មាន​កងទ័ព​​ត្រង់​បន្ទាត់​​ព្រំ​ដែន​ខ័ណ្ឌ​ចែក​កូរ៉េទាំង​ពីរ។ លោក​ត្រាំ ថែម​ទាំង​បាន​ឆ្លង​ចូល​ជាន់​ដី​កូរ៉េខាង​ជើង​ជា​លើក​ទី​មួយ​ផង។

ប៉ុន្តែ​ សម្រាប់​ព្យុងយ៉ាង ភាព​ជឿនលឿន​ការ​ទូត​មិនអាច​កំរិត​ត្រឹម​ការ​រក្សា​ទំនាក់ទំនងល្អ ​ជា​លក្ខណៈ​បុគ្គល​ ​​រវាង​មេដឹកនាំ​ទាំងពីរ​បាន​ទេ។ ភាព​ល្អូនល្អើន​របស់​មេដឹកនាំ​ទាំង​ពី​រ​ផ្តល់​ប្រយោជន៍​តិច​តួច​ណាស់។ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​បាន​ធ្លាក់​ចុះ​ដុន​ដាប​ជា​លំដាប់ ទៅ​តាម​រលក​នៃ​​ទំនាក់ទំនង​អាមេរិក​-កូរ៉េខាង​ជើង នារយៈ​ពេល​ពីរ​ឆ្នាំ​មក​នេះ។ បើ​តាម​លោក រី ត្រាំ ​អ្វីៗ​ដែលរដ្ឋបាល​លោក​ដូណាល់​បាន​ធ្វើ​កន្លង​មក គឺ គ្រាន់​តែ​ដើម្បី​បាន​ចំណេញ​នយោបាយ​លើ​ឆាក​អន្តរជាតិ ដោយ​ទុក​​​កូរ៉េខាង​ជើង​ឱ្យ​នៅ​ឯកា​​ដដែល។

​ជាមួយពន្លឺ​​សុទិដ្ឋនិយម​តែ​តិចៗ​ទៅ កូរ៉េខាង​ជើង​ត្រូវ​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​ឡើង​វិញ​ ដើម្បី​ទប់​ទល់​អាមេរិក។ ដូច្នេះ​​ជា​ផលវិបាក ឧបទ្វីប​កូរ៉េ​ពេល​នេះ​ក្លាយ​ជា​តំបន់​ក្តៅ​និង​ដ៏​គ្រោះ​ថ្នាក់​ជាង​គេ​នៅ​លើ​ពិភពលោក ដោយ​មាន​ស្រមោល​សង្គ្រាម​នុយក្លេអ៊ែរ អន្ទោល​តាម​ជាប់​ស្អិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ