អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វីលីពីន ៖ អ្នក​កាសែត​រិះគន់​លោក​ឌុយទែរតេ ជាប់​ទោស​បរិហារ​កេរ្តិ៍

សំឡេង ០៦:១៤
អ្នកស្រី​ Maria Ressa រូបថត​ថ្ងៃទី​១៣ កុម្ភៈ​២០១៩
អ្នកស្រី​ Maria Ressa រូបថត​ថ្ងៃទី​១៣ កុម្ភៈ​២០១៩ REUTERS/Eloisa Lopez
ដោយ៖ អៀង សុខម៉ិញ
២៩ នាទី

​អ្នកស្រី ម៉ារីយ៉ា រ៉េសា Maria Ressa អតីត​ប្រធាន​ការិយាល័យ​កាសែត​ CNN នៅ​ម៉ានីល និង​ជាសហ​ស្ថាបនិក​វេបសាយ​ព័ត៌មាន Rappler.com ដែល​ល្បី​ខាង​រិះគន់​នយោបាយ​របស់​រដ្ឋាភិបាល​លោក​ ឌុយទែរតេ ត្រូវបាន​​តុលាការ​ហ្វីលីពីន កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ពី​បទ​បរិហារកេរ្តិ៍។ អ្នក​តាមដាន​ស្ថានការ​ណ៍​ ដ៏​ដូច​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ យល់​ថា​​​សាលក្រម នេះ​មា​នលក្ខណៈ​នយោបាយ ដែល​ ឆ្លុះ​ឱ្យ​ឃើញ​អំពី​ភាព​ផ្តាច់ការ​របស់ប្រធានាធិបតី​លោក​ឌុយទែរតេ​។

ផ្សាយពាណិជ្ជកម្ម

សាលក្រម​របស់​អ្នក​ស្រី ម៉ារីយ៉ា រ៉េសា Maria Ressa បាន​ទទួល​ការ​តាមដាន​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រទេស​ធំៗ​ជា​ច្រើន។ ជា​អ្នក​កាសែត​ជាតិ​អាមេរិក​-កាត់​ហ្វីលីពីន អាយុ​៥៦​ឆ្នាំ អ្នក​ស្រី​ជា​​​សហស្ថាបនិកវេបសាយ​ព័ត៌មាន​​អនឡាញ Rappler ​របស់​ហ្វីលីពីន ដែល​ល្បី​ខាង​ផ្តល់​ព័ត៌មាន​ពិត​ច្បាស់ និង​បែប​ប្រឆាំង​រិះគន់​សកម្មភាព​របស់​រដ្ឋាភិបាល​ហ្វីលីពីន។

មាន​និន្នាការ​ជា​អ្នក​កាសែត​ឯករាជ្យ​បំផុត និង​ជា​អ្នក​កាសែត​ស៊ើប​អង្កេត អ្នក​ស្រី​ត្រូវ​បាន​កាសែត Time ជ្រើសរើស​ជា​ឥស្សរជន​ម្នាក់​ប្រចាំ​ឆ្នាំ​២០១៨។ តែ​នៅ​ក្នុង​ប្រទេស អ្នក​ស្រី​មាន​ជាប់បណ្តឹង​នៅ​តុលាការ​ចំនួន​៨​ករណី​ បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​អត្ថបទ​ព័ត៌មាន​រិះគន់​របៀប​ដឹកនាំ​​របស់​ប្រធានាធិបតី​ឌុយទែរតេ មាន​ជា​អាទិ៍ ការ​រិះគន់​​អំពី​​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ដ៏​ចម្រូង​ចម្រាសដែល​បានសម្លាប់​មនុស្ស​អស់​ពីរ​ម៉ឺន​នាក់​យ៉ាង​តិច ឬ​ អំពីការ​លាក់បាំងទ្រព្យ​ធន​របស់​ក្រុមគ្រួសារ​លោក​ឌុយទែរតេនិង​កូនចៅ ។ល។ និង​។ល។

ការ​ផ្សព្វផ្សាយព័ត៌មាន​ដែល​មាន​លក្ខណៈ​រំខាន​និង​ប៉ះពាល់​ដល់​រដ្ឋាភិបាល បាន​ជំរុញ​ឱ្យ​អ្នក​ស្រី​រង​ការចាប់​ខ្លួន​ទៅ​សួរ​ចម្លើយ ឃាត់​ខ្លួន​មួយ​រយៈ​ នៅ​អាកាសយានដ្ឋាន​ ពេល​ត្រលប់​មក​ពី​ចូល​រួម​សន្និសីទ​អន្តរជាតិ​អ្វី​មួយ​ ឬ​ត្រូវ​បង់​ប្រាក់​កក់​ជា​ថ្នូរ​នឹង​សេរីភាព​ជា​ដើម​ ជាញឹកញយ។

ជា​ផ្លូវការ អ្នកស្រី​អតីត​ប្រធានការិយាល័យ​CNN នៅ​ហ្វីលីពីន ត្រូវ​តុលាការ​ក្រុងម៉ានីល​កាត់​ទោសថ្ងៃ​នេះ​ ពី​បទ​បរិហារ​កេរ្តិ៍ បុរស​អ្នក​ជំនួញ​ធំ​ម្នាក់ថា​មាន​​ទំនាក់ទំនង​គួរ​ឱ្យ​សង្ស័យ​ជាមួយ​ប្រធាន​តុលាការ​កំពូល​ហ្វីលីពីន​ នា​សម័យ​នោះ តាម​រយៈ​ការ​ចុះ​ផ្សាយ​​​​​អត្ថបទ​មួយ​ក្នុង​​វេបសាយ​Rappler ​កាលពី​ឆ្នាំ​២០១២។

​​​តុលាការ​សម្រេច​ដាក់​ទោសអ្នកស្រី និង​​អតីត​សហការីរ​របស់​អ្នក​ស្រី​ម្នាក់ ​ឱ្យ​​​ជាប់​ពន្ធនាគារ​ ​ពី ៦​ខែ​ទៅ​៦​ឆ្នាំ។ អ្នក​ទាំងពីរ​បាន​ប្រកាស​ធ្វើ​​​​ឧទ្ធរណ៍ ហើយ​ក្នុង​ពេល​នេះ ​អ្នក​ស្រី​និង​អតីត​សហការី នៅមាន​សេរីភាព​ដើរហើរ​ធម្មតា​ទេ។

សាលក្រម​នយោបាយ

រដ្ឋាភិបាល​លោក​ឌុយទែរតេ បាន​ធានា​អះអាង​ថា ​​សវនាការ​នេះ​គ្មាន​លក្ខណៈនយោបាយ​ទេ។  ប៉ុន្តែ​ សម្រាប់​អ្នក​ស្រី និង​អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន​ ច្បាស់​ណាស់​ដែល​ថា​ រដ្ឋអាជ្ញា​រង​សម្ពាធ​ខ្លាំង​ពី​អ្នក​កាន់​អំណាច​ ប្រើ​សាលក្រម​ថ្ងៃ​នេះ ដើម្បី​បំបិទ​មាត់​វេបសាយ​Rappler​និង​ក្រុម​អ្នក​កាសែត​ស៊ើប​អង្កេត​នោះ។

រឿង​ហេតុ​ បណ្តឹង​របស់​បុរស​អ្នក​ជំនួញ បាន​កើត​ឡើង​តាំ​ងពី​ឆ្នាំ​២០១២ និង​ត្រូវបាន​តុលាការ​ហ្វីលីពីន​សម័យ​នោះ​មិន​ទទួល​បើ​ក​អង្កេត​ទេ ស្រាប់​តែ​នៅ​ឆ្នាំ​២០១៧ សំណុំ​រឿង​បាន​លេច​ឡើង​មក​វិញ​និង​បញ្ជូន​ឡើង​ទៅ​តុលាការ​បើក​អង្កេត​ប្រឆាំ​ងនឹង​អ្នក​កាសែត​ទាំងពីរ​រូប គឺ​អ្នក​ស្រី​ម៉ារីយ៉ា រ៉េសា និង​សហការី រៃណាល់ដូ សង់តូស Reynaldo Santos ដោយ​មក​ច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធ័រនែតមក​ជា​សំអាង។ ជា​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ដែល​បង្កើត​ឡើង​ក្រោយ​ការចេញ​ផ្សាយ​អត្ថបទ​​ទៅ​ទៀត។ តាម​ធម្មតា គេ​មិន​អាចគាស់​​​​អង្គហេតុ​ណាមួយ​ដែល​កើត​មុន​​ច្បាប់​ មក​កាត់​ទោសបាន​ទេ។ ប៉ុន្តែ​តុលាការ​ហ្វីលីពីន​បាន​បក​ស្រាយ​ថា​​ វេបសាយ​Rappler ក៏​បាន​កែ​ពាក្យ​មួយម៉ាត់​​​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន ក្រោយ​ច្បាប់​ចេញ។

បំបិទ​មាត់

ក្រោយ​ការ​ប្រកាស​សាលក្រម​ភ្លាម អ្នក​ស្រី ម៉ារីយ៉ា រ៉េសា បាន​ធ្វើ​សន្និសីទកាសែត ដោយ​គូស​បញ្ជាក់​ថា ​អ្នក​ស្រី​មិន​ចុះ​ញ៉ម​ទេ។ អ្នក​ស្រី​ធុន​នឹង​គ្រប់​ការ​វាយប្រហារមក​លើ​អ្នក​កាសែត។ អ្នកស្រី​មិន​ខ្លាចទេ ព្រោះ​បើ​អ្នក​ស្រី​មិន​បំពេញ​សិទ្ធិ​និង​ការងារ​ មាន​ន័យ​ថា​អ្នក​ស្រី​ត្រូវ​បាត់បង់​សិទ្ធិ​នោះ។ ​ប៉ុន្តែសេរីភាព​សារព័ត៌មាន​កំពុង​រង​គ្រោះ​យ៉ាង​ដំណំ។

កាត់​ទោស​ Rappler ពី​បទ​បរិហារកេរ្តិ៍ គឺ​គ្រាន់​តែ​ដំណើរការ​​ដក​សិទ្ធិ​ជា​អ្នក​កាសែត​ពី​​វេបសាយ។ នេះ​បើ​តាម​​អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន។ Amnesty International អង្គការ​សហភាព​អ្នកកាសែត​ជាតិ​ហ្វីលីពីន យល់​ថា​សាលក្រម​ថ្ងៃ​នេះ គឺ​យុទ្ធនាការ​ប្រឆាំ​ង​នឹង​សេរីភាព​សារព័ត៌មាន ដូច​អ្វី​ដែល​លោកប្រធានាធិបតី​ឌុយទែរតេ តែង​​វាយប្រហារ​ដោយ​ចំៗ​ប្រឆាំង​នឹង​ Rappler ព្រមទាំង​សារព័ត៌មានផ្សេង​ទៀតជា​សាធារណៈ និង​ជា​ការ​សម្លាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

សូម​បញ្ជាក់​ថា សាលក្រម​នេះ​ធ្លាក់​មក​តែ​មួយ​ខែ​ក្រោយ​ពីប្រធានាធិបតី​​ហ្វីលីពីន​បាន​បញ្ជា​ឱ្យ​​បិទ ABS-CBN  ​​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​ធំជាង​គេ​​របស់ប្រទេស​តាំង​ពី​២៥​ឆ្នាំ​មក។ បណ្តាញ​ព័ត៌មាន​​ដែល​បាន​ធ្វើ​បទ​យក​ការណ៍​​ច្រើន​ទាក់​ទងនឹង​សង្គ្រាម​គ្រឿង​ញៀន និង​​ចំណាត់​ការ​មិន​ល្អ​​ប្រឆាំ​ង​នឹង​កូវីដ​១៩របស់​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ