អានតួអត្ថបទ
ឥណ្ឌា-ចិន

ចិន​និង​ឥណ្ឌា​ប៉ះទង្គិច​គ្នា​ជា​ថ្មី​ នៅ​តាមព្រំដែនជាប់​ជម្លោះ

តំបន់ Ladakh ព្រំដែន​ជាប់​ជម្លោះ​រវាងចិន​និង​ឥណ្ឌា
តំបន់ Ladakh ព្រំដែន​ជាប់​ជម្លោះ​រវាងចិន​និង​ឥណ្ឌា REUTERS
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ទាហានឥណ្ឌាបី​នាក់ នៅ​ក្នុងការប៉ះទង្គិច​ដោយ​ហិង្សា​រវាង​ទាហាន​ចិន និង​ទាហាន​ឥណ្ឌា នៅ​តាមបណ្តោយ​ព្រំដែន​ជាប់​ជម្លោះ​ត្រង់តំបន់ ឡាដាក។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​យោធា​ឥណ្ឌា។ ជម្លោះ​ព្រំដែន​រវាង​ចិន​និង​ឥណ្ឌា នៅ​តំបន់​ឡាដាក ភាគ​ខាង​ជើង​ឥណ្ឌា បាន​ផ្ទុះ​ឡើង​កម្តៅ​ និង​តាន​តឹង​យោធា​ថ្មី តាំង​ពី​ខែ​ឧសភា២០២០មក។

ផ្សាយពាណិជ្ជកម្ម

ចិនបាន​ចោទ​ទាហាន​ឥណ្ឌា​ថា​ជា​អ្នក​នាំ​រឿង​ ដោយ​បាន​ឆ្លង​ព្រំដែន​ជាប់​ជម្លោះ​ដល់​ទៅ​ពីរ​ដង​ នៅ​ថ្ងៃ​ទី​១៥​មិថុនា និង​បាន​ផ្គើន​​ទាហាន​ចិនមុន ទើប​បង្ក​ឱ្យ​មាន​ការប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា។ ប៉ុន្តែ​ចិន​ពុំបាន​ជូន​ដំណឹង​ជា​សាធារណៈ​ថា​មាន​ទាហាន​ខាង​ខ្លួន​បានបាត់បង់ជីវិត​ទេ។

ខាង​ឥណ្ឌាវិញ​ បើ​តាម​យោធាម្នាក់​ដែលប្រចាំការ​នៅ​ក្នុង​តំបន់ និង​ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ ការ​ប៉ះទង្គិច​គ្នា​ថ្ងៃ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​​គ្មាន​ការ​បាញ់តបតគ្នា​​ដោយប្រើ​អាវុធ​ទេ គឺមានតែ​ការ​វាយប្រតប់​គ្នា​។

ភាព​តាន​តឹង​នៅ​ព្រំដែន​ បាន​ឡើង​ប៉ោង​ខ្លាំង​ តាំង​ពីដើមខែ​ឧសភា​មក ទាហាន​របស់​មហាអំណាចនុយក្លេអ៊ែរ​​ប្រចាំ​តំបន់​ទាំង​ពីរ បាន​ប្រឈម​មុខ​ដាក់គ្នា​ជាញឹកញយ​ និង​បាននាំគ្នា​បញ្ជូន​​​កម្លាំង​ទ័ពបន្ថែម​​​ជា​ច្រើន​ពាន់​នាក់​។ ​ភាគី​ទាំងពីរ​បានសន្យា​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​និង​តាម​ផ្លូវការទូត។ ក្រោយ​កិច្ចចរចា​ថ្នាក់​ឧត្តមសេនីយ៍កាលពីជាង១០​ថ្ងៃមុន ឥណ្ឌា​និង​ចិន បាន​ផ្តើមដំណើរការ​ដកកងទ័ព​រៀងៗខ្លួន​ពី​ជួរមុខ។ ហើយ​គឺ​ក្នុងដំណើរការ​ដក​កងទ័ព​ បន្ធូរបន្ថយ​ភាព​តាន​តឹង​នេះ​ឯង ដែលការ​ប៉ះទង្គិច​គ្នាបាន​ផ្ទុះ​ឡើង​នៅ​យប់​មិញ បង្ក​ឱ្យ​នាយទាហាន​ម្នាក់​​និង​កូន​ទាហាន​ឥណ្ឌា​ពីរ​នាក់​ស្លាប់។​ នេះ​បើ​តាម​អ្នកនាំពាក្យ​យោធា​ឥណ្ឌា ដោយ​អះអាង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ទៀត​ថា មេដឹកនាំយោធាជាន់​ខ្ពស់ទាំង​ពីរ កំពុង​ជួប​ចរចា​គ្នា​នៅ​ពេល​នេះ ដើម្បីបន្ធូរបន្ថយ​សម្ពាធ។

សូម​បញ្ជាក់​ថា ឥណ្ឌា​និង​ចិន មាន​ជម្លោះព្រំដែន តាម​បណ្តោយ​ជួរ​ភ្នំហេមពាន្ត​​ ដោះស្រាយ​មិន​ចេញ​តាំង​ពី​យូរ​មក​ហើយ។ ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ តែងកើត​ឡើង​ជា​ញឹកញយ និង​កាន់​តែ​ធ្ងន់ធ្ងរ​​នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ប៉ុន្តែគិត​ចាប់តាំងពី​ឆ្នាំ​១៩៧៥​មក ចិន​និង​ឥណ្ឌា​ពុំ​ដែល​មាន​ករណី​ប្រើ​អាវុធ​ ឬគ្រាប់កាំភ្លើង​ផ្ទុះ​ដាក់​គ្នាទេ នៅ​ព្រំដែន​ទេ។ ជម្លោះព្រំដែន​ ​រវាង​មហាអំណាច​ជា​ប្រទេស​ជិតខាង​គ្នា​ ​លើក​ចុងក្រោយ​បផុត​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ១៩៦៧ ក្នុង​ទម្រង់​ជាសង្គ្រាមប្រដាប់​អាវុធ​មួយ​ឆាប​ដែល​ទាហាន​ឥណ្ឌា​ប្រយុទ្ធចាញ់​ទាហាន​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ