អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីឥណ្ឌា-ចិន ផ្ទុះជម្លោះព្រំដែនខ្លាំងដល់មានស្លាប់ នៅពេលនេះ ?

សំឡេង ០៦:២៣
ពលរដ្ឋ​ឥណ្ឌា​ដុត​រូប​ថត​ប្រធានាធិបតី​ចិន ក្រោយ​ហេតុការណ៍​ហិង្សា​នៅ​ព្រំដែន​ស្លាប់​ទាហាន​ឥណ្ឌា​២០​នាក់
ពលរដ្ឋ​ឥណ្ឌា​ដុត​រូប​ថត​ប្រធានាធិបតី​ចិន ក្រោយ​ហេតុការណ៍​ហិង្សា​នៅ​ព្រំដែន​ស្លាប់​ទាហាន​ឥណ្ឌា​២០​នាក់ REUTERS/Amit Dave
ដោយ៖ អៀង សុខម៉ិញ
៣១ នាទី

​“មិន​​ស្លាប់​​​​អត់​ប្រយោជន៍​ទេ ឥណ្ឌា​ចង់​បាន​សន្តិភាព តែក៏​មាន​សមត្ថភាព​ឆ្លើយ​តប​វិញ​សក្តិសម ចំពោះ​ទង្វើ​ផ្គើន​បង្ករឿង​ដែរ” នេះ​ជា​ប្រសាសន៍​របស់​លោ​ក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ម៉ូឌី។ ឥណ្ឌាទាំង​មូល​​កំពុង​បន្ត​ស្ថិត​ក្នុង​ភាព​តក់​ស្លុត​ និង​សោក​សៅ​យ៉ាង​ខ្លាំង​ចំពោះ​មរណភាព​របស់​ទាហានជាង​២០​នាក់​​ ​​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​នឹង​ទាហាន​ចិន​នៅ​ព្រំដែន​ កាលពី​យប់​ថ្ងៃទី​១៥មិថុនា២០២០។ ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសចិន​វិញ​​អះអាង​​ថា​ចិន​ចង់​បាន​ភាព​ធូរស្បើយនិង​មិន​ចង់​មាន​ការ​ប៉ះទង្គិច​ហិង្សា​ជាមួយ​​ឥណ្ឌាឡើយ។ ចិន​បាន​​​ជំរុញ​ឱ្យ​ឥណ្ឌា​បញ្ឈប់​សកម្មភាព​ផ្គើន​និង​បង្ករឿង។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​សង្គ្រាម​នៅ​ឆ្នាំ​១៩៦២ ដែល​ឥណ្ឌា​រង​បរាជ័យ​ដ៏​ជូរចត់​មក ប្រទេស​ទាំងពីរ​ពុំ​បានគូស​​ព្រំដែន​ប្រវែង ៣៥០០​គីឡូម៉ែត្រ ​ខណ្ឌ​ចែកគ្នា​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ។ ហើយរហូតមក​ដល់​សព្វថ្ងៃ​នេះ​ មាន​ចំណុច​និង​តំបន់ជា​ច្រើនដែល​​កំពុង​ជាប់​ជម្លោះ​គ្នា​ខ្លាំង មាន​ជា​អាទិ៍​តំបន់​ Arunachal Pradesh នៅ​ប៉ែក​ខាង​ឥណ្ឌា ជាប់​នឹង​​តំបន់ Aksai Chin ​ របស់​ចិន។

តែ​ជា​សំណាង​ល្អ ដោយ​តាំង​ពី​ឥណ្ឌា​និង​ចិន​បាន​ភ្ជាប់​ចំណង​ការ​ទូត​នឹង​គ្នា​នៅ​ឆ្នាំ​១៩៨៨មក ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​ដោះស្រាយ​ជម្លោះ​ដោយ​មិន​អាវុធ ដើម្បីកុំ​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត។ ដូច្នេះ​រាល់​ការ​ប៉ះទង្គិច​ហិង្សា​ ដែល​កើត​ឡើង​ជា​ញឹកញយ​នោះ មាន​ត្រឹម​ជា​ប្រវាយ​ប្រតប់ គប់​ដុំ​ថ្ម ដំបង​ដែក​ ...

តាម​ការ​ពិត ការ​ប៉ះទង្គិច​តែ​ងកើត​មាន​ជា​ញឹកញយ និង​ធ្ងន់ធ្ងរ​ខ្លាំង​ម្តង​កាលពី​ឆ្នាំ​២០១៣ និង​ម្តង​ទៀត​កាលពី​ឆ្នាំ​២០១៧ នៅពេល​ទាហាន​ឥណ្ឌា​ចេញ​ទៅ​រារាំង​ទាហាន​ចិន​មិន​ឱ្យ​ចូល​កាន់កាប់​ខ្ពង់​រាប​ Doklam ដុកឡាម។ ពេល​នោះ​ទាហាន​ទាំង​ពីរ​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈ​ពេល​២​ខែ​ ទើ​បធូរ​ស្រាល​ទៅ​វិញនៅ​ពេល​ប្រធានាធិបតី​ចិន​ស៊ីជីនពីង និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ លោក ណារិនដ្រាម៉ូឌី ចេញ​មុខ​បញ្ជា​ទាហាន​ឱ្យ​ដក​ថយ និង​ធ្ងន់​ខ្លាំង​នៅ​លើក​នេះ​។ ​

តាំង​ពី​ថ្ងៃទី ៥​ឧសភា ទាហាន​ចិន​បាន​ចេញ​មុខ​ប្រឆាំ​ងនឹង​គម្រោង​សាង​សង់​ផ្លូវ​យោធា​ នៅ​តំបន់​ជ្រលង​ ហ្កាល់វ៉ាន់​ក្នុង​រដ្ឋ​ឡាដាក ឥណ្ឌា​ តែ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​គូស​បន្ទាត់​ព្រំដែន​ទេ។ ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង និងអូស​បន្លាយ​ជា​ច្រើន​សប្តាហ៍ ដោយ​បាន​ធ្វើ​ទាហាន​ឥណ្ឌា​៧០​នាក់​រង​របួស (និង​គ្មាន​តួលេខ​មក​ពី​ខាង​ចិន​ទេ)។ នៅ​ថ្ងៃទី ២៧ឧសភា ចិន​បាន​ធានា​រ៉ាប់រង​ថា​ស្ថានភាព​ប្រសើរ​ឡើង។ តែ​ទន្ទឹម​គ្នា​នោះ ចិន​បាន​បញ្ជូន​ទាហាន​ទៅតំបន់​ជម្លោះ​១២០០០​នាក់​បន្ថែម​ទៀត។ ជំនួបចរចា​ថ្នាក់​ឧត្តមសេនីយ៍​ត្រូវ​បានរៀប​ចំ​ឡើង​​ជា​លើក​ទី​មួយ​ នៅ​ថ្ងៃទី ៧​មិថុនា ដោយភាគី​ទាំងពីរ​ព្រមព្រៀងដក​ទ័ព​ថយរៀងៗ​ខ្លួន​ដើម្បី​​​​បន្ធូរបន្ថយ​សម្ពាធ និង​ដោះស្រាយ​វិបត្តិ​តាម​ផ្លូវការ​ទូត។

ប៉ុន្តែ​នៅ​ពេល​ដក​ទ័ព​ថយ​ ស្រាប់​តែ​មាន​ការ​ប៉ះទង្គិ​ច​ផ្ទុះ​ឡើង​ជា​ថ្មី​និង​កាន់​តែ​ខ្លាំង។ ​ ​បើ​តាម​ប្រភព​ព័ត៌មាន​ឥណ្ឌា មាន​យ៉ាង​ហោច​ណាស់​ទាហាន​ឥណ្ឌា​២០​នាក់​បាន​ស្លាប់ និង​​​ប្រហែល​ជាមាន​ស្លាប់៥​នាក់ឬ​របួស​ដល់​៤៣​នាក់​​ដែរ​នៅ​ខាង​ចិន។ ចិន​មិន​បាន​ផ្តល់​តួលេខ​ទេ​ ដោយ​សំអាង​ថា​មិន​ចង់​បន្ថែម​ភាព​តាន​តឹង។

នេះ​ជា​លើក​ទី​មួយ ​តាំ​ងពី​៤៥​ឆ្នាំ​មក ដែលជម្លោះ​ព្រំដែន​ឥណ្ឌាចិន​បាន​ឈាន​ដល់​មាន​ការ​បាត់​បង់​ជីវិត​នៅ​ក្នុង​​ការ​ប៉ះទង្គិច​គ្នា។

​ហេតុ​អ្វីឥណ្ឌា​និង​ចិន​ស្រាប់​តែ​មាន​​ផ្ទុះ​ជម្លោះ​ព្រំដែន?

​ឥណ្ឌា​ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក និង​ដែល​មើល​ឃើញ​ចិន​កំពុង​បង្កើន​ឥទ្ធិពល​​កាន់​តែ​ខ្លាំង គ្រប​ព័ទ្ធ​ស្ទើរ​ជិត​មហាសមុទ្ទ​ឥណ្ឌា និង​តំបន់​ ក៏​ចាប់​ចង់​បង្កើន​កម្លាំង​ អភិវឌ្ឍ​ផ្លូវ​ថ្នល់ ផ្លូវ​ដែក​ ស្ពាន យុទ្ធសាស្ត្រ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កង​កម្លាំង​យោធា​ឥណ្ឌា​អាច​ទៅ​ដល់​តំបន់​ព្រំដែន​ជាប់​ជម្លោះ។ តំបន់​ជម្លោះ​ដែល​ជា​ទូទៅ ជា​តំបន់​ភ្នំហេមពាន្ត​ ខ្ពស់​ជាបួន​ពាន់​ម៉ែត្រ។ ​គម្រោងអភិវឌ្ឍ​របស់​ឥណ្ឌានេះ​បាន​បំផុស​កំហឹង​ចិន​ជា​ថ្មី។

​ម្យ៉ាង​វិញ​ទៀត មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​សុទ្ធ​តែ​ជាអ្នក​​ជាតិ​និយម​ខ្លាំង​ ដែលមិនខ្លាច​នឹង​​បង្ហាញ​សាច់​ដុំ​ការពារ​ព្រំដែន​​ ដើម្បី​បង្ខិល​មតិសាធារណៈ​ក្នុង​ស្រុកចេញពី​វិបត្តិ​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​កូរ៉ូណាវីរុស​ទេ។ តាំង​ពី​ជា​ច្រើន​សប្តាហ៍​មក​នេះ ​ក្នុង​ពេល​ចិនធ្វើ​​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយអាមេរិកផង ប៉េកាំងប្រើ​កម្លាំង​យោធា​នៅ​គ្រប់​ជ្រុង ប្រឆាំ​ង​នឹង​ឥណ្ឌា​ផង នៅ​ហុងកុង​ផង តៃវ៉ាន់ វៀតណាម និង​ជប៉ុន​ទៀត។​ តាមការ​ពិត​ទៅ វា​គ្មាន​ប្រយោជន៍​អ្វី​ដែល​ចិន​ត្រូវ​តតាំង​ដោយ​ចំហ​ជាមួយ​ឥណ្ឌា​ទេ​ ប៉ុន្តែ​សម្រាប់អ្នក​ជាតិនិយម​ចិន ការប្រឈម​គ្រប់​ទិស​ជា​យុទ្ធ​សាស្ត្រ​មួយដែល​អាច​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​ចិន​ថា​បក្ស​កុម្មុយនិស្ត​ខ្លាំង​និងមាន​សមត្ថភាព។

ហានិភ័យសង្គ្រាម​​​នុយក្លេអ៊ែរ ?

​រាល់​​ការ​បង្ក​ហេតុជាមួយ​ឥណ្ឌា​ ទំនង​ជា​គ្មាន​ហានិភ័យ​ទេ​សម្រាប់​ចិន ព្រោះ​ចិន​មាន​ទាហាន​ច្រើន​ណាស់។ ឥណ្ឌា​មិន​អាច​ប្រៀប​បាន​ឡើយ។ ទោះ​បី​ជា​លោក មូឌី ស្រមៃ​និង​មា​ន​មហិច្ឆតា​យ៉ាង​ណា​ក៏​ដោយ ក៏​ឥណ្ឌា​គ្មាន​មធ្យោបាយ​​ធ្វើ​សង្គ្រាម​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ជិត​ខាង​ដូច​យ៉ាង​ចិន​នេះ​បាន​ឡើយ​។ ម្យ៉ាង​ទៀត ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ស្អិត​ល្មួត​នឹង​គ្នា​ខ្លាំង​ណាស់ ដែល​គ្មាន​នរណា​ហ៊ានប្រថុយ​ឱ្យ​ខាត​ប្រយោជន៍​ធំទេ។ ប៉ុន្តែ​ មិនមែន​គ្មាន​ហានិភ័យ​សោះ​ទេ​ បើ​ចេះ​តែ​មាន​ការ​ប៉ះទង្គិច​ជ្រុល​រាលដាល​ដល់ស្លាប់​នោះ​។ គ្រោះ​ថ្នាក់​ពិត​ជា​អាច​មាន​ ផលវិបាក​ពិត​ជា​ធ្ងន់ធ្ងរ​ខ្លាំង​ព្រោះ​ប្រទេស​ទាំង​ពីរជា​មហា​អំណាច​នុយក្លេអ៊ែរ​ដូច​គ្នា និង​​មាន​ប្រជាជន​ច្រើនខ្លាំង​ដូច​គ្នា។ ចំនួន​ប្រជាជន​ឥណ្ឌា​និង​ចិន​បូក​​បញ្ចូល​គ្នា​ស្មើ​នឹង​មួយភាគ​បី​នៃ​មនុស្ស​លើ​ផែន​ដីទាំង​មូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ