ចិន-ហុងកុង

ចិនបង្កើន​វត្តមាន​នៅ​ហុងកុង​តាម​រយៈ​ការ​បង្កើតអង្គភាព​​សន្តិសុខ​ជាតិ

ចិន​នឹង​បង្កើត​ការិយាល័យ​សន្តិសុខ​ជាតិ​នៅ​ហុងកុង
ចិន​នឹង​បង្កើត​ការិយាល័យ​សន្តិសុខ​ជាតិ​នៅ​ហុងកុង © REUTERS/Tyrone Siu

ក្នុង​ពេល​ដែល​បណ្តា​ជន​ហុងកុង​រាប់​ពាន់​នាក់​កំពុង​ចូល​រួម​ធ្វើ​ប្រជាមតិស្តី​ពី​ការ​រៀប​ចំ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ថ្មី អាជ្ញាធរ​ចិន​បាន បង្ហាញ​ខ្លឹម​សារលម្អិត​នៃសេចក្តី​ព្រាង​ច្បាប់​សន្តិសុខ​នោះ។ បើ​តាម​​សារព័ត៌មាន​ផ្លូវការ​ចិន ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី ២០​មិថុនា​នេះ អង្គភាព​សន្តិសុខ​ជាតិ​ថ្មី​មួយតំណាង​ឱ្យ​ប៉េកាំង​នឹង​ត្រូវ​បង្កើត​ឡើង​​នៅហុងកុង​។ ឯ​ចៅ​ក្រម​នឹង​ត្រូវ​តែង​តាំង​ដោយ​ផ្ទាល់​ដោយ​ប្រមុខ​ដឹកនាំរដ្ឋាភិបាលហុងកុង។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​​ច្បាប់​សន្តិសុខ​ហុងកុងដ៏​ចម្រូង​ចម្រាស ត្រូវ​បាន​សភាពេញ​អង្គ​​ចិន​​អនុម័ត​ជា​គោលការណ៍​​កាលពី​​​ចុង​ខែ​ឧសភា ហើយ​ពេល​នេះ​​គណៈកម្មការអចិន្ត្រៃយ៍​បាន​​តាក់តែង​លម្អិត​ និង​បង្ហើប​បង្ហាញ​ជា​​សាធារណៈ។

​បើ​តាម​ច្បាប់ ការិយាល័យ​សន្តិសុខ​ជាតិ​ថ្មី​មួយ​នៅហុងកុង​​នឹង​ត្រូវ​បង្កើតឡើង ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ និង​មាន​បន្ទុក​​​ប្រមូល​ព័ត៌មាន​សម្ងាត់​និង​ត្រួត​ពិនិត្យ​បទ​ល្មើសណា​​ដែលអាចគំរាមកំហែង​និង​​​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ​​​អង្គភាព​នេះត្រូវ​ស្ថិត​នៅក្រោម​បង្គាប់ផ្ទាល់​របស់​​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ហុងកុង គឺ​លោកស្រី ការី ឡាំ តែ​ក្រោម​​ការ​សម្របសម្រួល​ ត្រួត​ពិនិត្យរបស់​រដ្ឋាភិបាល​ក្រុង​​ប៉េកាំង។ មិន​តែ​ប៉ុណ្ណោះ​ លោកស្រី ការី ឡាំ ​ ដែល​បក្ស​ប្រឆាំង​ចាត់​ទុក​ថា​ជា​ប្រមុខ​ដឹកនាំ​អាយ៉ង​របស់​ប៉េកាំង ជា​អ្នក​តែង​តាំង​ចៅក្រម​ ទទួល​បន្ទុក​កាត់​ទោស​បទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​សន្តិសុខ​ជាតិ។ នេះ​បើ​តាមការចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​ផ្លូវការ​ចិន​ នៅ​ថ្ងៃសៅរ៍​ទី​២០​មិថុនា​២០២០។

កាសែតផ្លូវការ​ចិន​​បាន​អះអាង​ទៀត​ថា សំណើ​ច្បាប់​សន្តិសុខ​ថ្មី​ដែល​ចិន​កំពុង​តាក់តែង​នេះ ​នឹង​មាន​តម្លៃ​គ្រប​ច្បាប់​សន្តិសុខ​ចាស់​របស់​ហុងកុង​​ដែល​ជា​អតីត​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​ទៀត។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ច្បាប់​ថ្មី​នេះ​នឹង​ត្រូវ​អនុម័ត​នៅ​​ថ្ងៃ​ទេ។ សារព័ត៌មាន​ចិន​ថ្មី​បាន​ត្រឹម​តែ​បញ្ជាក់​ថា គម្រោង​ច្បាប់កំពុង​​បង្ហើយនិង​ត្រូវ​​​ចប់សព្វគ្រប់​ក្នុង​ពេល​ឆាប់ៗ។​

សម្រាប់​ប៉េកាំង​ ​ច្បាប់​សន្តិសុខ​ថ្មី មាន​ទិសដៅ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​នឹង​រាល់​គ្រប់​សកម្មភាព​​ចង់​ផ្តាច់​ទឹក​ដី សកម្មភាព​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ ភេរវកម្ម​និង​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស។ ប៉ុន្តែ​ក្រុម​បក្ស​ប្រឆាំង​ ចោទ​ថា​ច្បាប់​សន្តិសុខ​ថ្មី​នេះ ​ជា​ការបុក​ទម្លាយ​ឱ្យ​មាន​​ការ​ប្តូរ​ផ្លាស់​យ៉ាង​ស៊ី​ជម្រៅ​ស្វយ័ភាព​​ និ​ង ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរនៅ​ហុងកុង ពោល​គឺ​ជា​បើក​ផ្លូវ​ឱ្យ​ប៉េកាំង​លូក​ដៃ​មក​គ្រប់គ្រង់​ហុងកុង ទាំង​ផ្នែក​រដ្ឋបាល​និង​តុលាការ។

ការ​លម្អិត​ច្បាប់​សន្តិសុខ​ជាតិនៅហុងកុង​ធ្លាក់​មកតែ​មួយ​ថ្ងៃ​ក្រោយ​ពី​សភា​អឺរ៉ុប​បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អឺរ៉ុប​ទាំងអស់​នាំ​គ្នា​ដាក់​​​ទណ្ឌកម្ម​​លើ​មេដឹកនាំ​ចិន​និ​ងហុងកុង​និង​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ប្រសិន​បើ​ច្បាប់​​​ត្រូវ​បាន​អនុម័ត​មែន​។ សហរដ្ឋអាមេរិក​ក៏​​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើហុងកុង។ នៅ​ក្នុង​​សប្តាហ៍​នេះ​ដែរ ក្រុម​ប្រទេស​​មហាអំណាច​ឧស្សាហកម្ម​ទាំង​៧ ហៅ​កាត់​ថា ​G៧ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ទាមទារ​​ឱ្យ​ប៉េកាំង​បោះបង់សេចក្តី​ព្រាង​ច្បាប់​នេះ​ចោល តែ​ប៉េកាំង​បាន​បដិសេធ​​និង​មិន​ឮ​សោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI