ឥណ្ឌា-ចិន

ឥណ្ឌា-ចិន ៖ ក្រោយការប៉ះទង្គិចមរណៈ​នៅព្រំដែន ឥណ្ឌាចង់ធ្វើពហិការមិនប្រើផលិតផលចិន

បាតុកម្ម​ប្រឆាំង​នឹង​ចិន នៅ​ក្រុង​ New Delhi ប្រទេស​ចិន ថ្ងៃទី ១៩ មិថុនា ២០២០
បាតុកម្ម​ប្រឆាំង​នឹង​ចិន នៅ​ក្រុង​ New Delhi ប្រទេស​ចិន ថ្ងៃទី ១៩ មិថុនា ២០២០ REUTERS/Anushree Fadnavis

ក្រោយហេតុការណ៍ប៉ះទង្គិច​ដ៏​ហិង្សា រហូត​ដល់​ស្លាប់​ទាហាន​ជា​ច្រើននាក់ ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥មក ការ​​តបត​ដោយ​ប្រើ​កម្លាំង​យោធាទំនង​មិន​អាច​ទៅ​រួច​ទេ ប៉ុន្តែ​នៅ​ឥណ្ឌា​សំឡេង​អំពាវនាវ​ឱ្យ​សងសឹក​តាម​ផ្លូវ​សេដ្ឋកិច្ច តាម​រយៈ​ការ​ធ្វើ​ពហិការ​ឈប់​ប្រើ​ផលិតផល​ចិន ​លាន់​ឮ​កាន់​តែ​ខ្លាំងឡើងៗ។ ឥណ្ឌា​​អាចចាត់​វិធានការ​នេះបាន ប៉ុន្តែ​ត្រូវ​​ខាត​បង់​ច្រើន​។

ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​សន្យា​ថា ការ​ស្លាប់​របស់​ទាហាន​ឥណ្ឌា នៅក្នុង​ការ​ប៉ះទង្គិច​តាម​ព្រំដែន​ជាមួយ​ទាហាន​ចិន មិន​អត់​ប្រយោជន៍​ទេ។ ឥណ្ឌា​នឹង​ចាត់​វិធានការ​តបតវិញ។ តើ​ជា​វិធានការ​បែបណាខ្លះ ? សហព័ន្ធពាណិជ្ជករ​ឥណ្ឌា​ចេញ​មុខ​ស្នើ​ទៅ​រដ្ឋាភិបាល ឱ្យ​ធ្វើ​ពហិការ​លើ​ផលិតផល​នាំ​ចូលមកពី​ចិន ចំនួន​បី​ពាន់​មុខ។ សម្រាប់​សហព័ន្ធ ឈប់​នាំ​ចូល​​ផលិតផលចិន នាំ​ប្រយោជន៍​ពី​រយ៉ាង៖ សម្តែង​កំហឹង​ជាមួយ​ពលរដ្ឋ​ឥណ្ឌា​ដែល​ស្លាប់​និង​រងរបួស​នៅ​ក្នុង​ការវាយប្រហារ​ពីសំណាក់​ទាហាន​ចិន និង​ទីពីរ​ ទប់​ស្កាត់​ចិន​មិន​ឱ្យ​ដណ្តើម​ទីផ្សារ​នៅ​ឥណ្ឌា។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ឥណ្ឌា​នាំ​ចូល​ផលិតផល​ផ្សេង​ៗ​ពី​ចិនចំនួនដល់​ទៅ​​​១៥%​នៃ​ការ​នាំ​ចូលសរុប ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការ​ធ្វើ​​ពហិការ​មិន​ប្រើ​របស់​របរ​ចិនស្មុគស្មាញ​ខ្លាំង។ ឧទាហរណ៍​ ឥណ្ឌាអាច​​ផលិត​ទូរស័ព្ទបាន​​ដែរ ប៉ុន្តែ​គុណភាព​មិន​សូវ​ល្អ និង​ថ្លៃ​ជាង​ទូរស័ព្ទ​របស់​ចិន ​ដែលកំពុង​គ្របដណ្តប់​លើ​ទីផ្សារ​ឥណ្ឌា​​ទាំង​មូល។ ក្នុង​ខណៈ​ដែល​ប្រទេស​កំពុង​លង់​ក្នុង​វិបត្តិកូរ៉ូណាវីរុស អត្រា​ពលរដ្ឋ​អត់ការងារ​ធ្វើ​កំពុង​ឡើង​ខ្ពស់ ឥណ្ឌា​ពិត​ជា​ពិបាក​នឹង​ធ្វើ​អន្តរកាល​សេដ្ឋកិច្ចពាណិជ្ជកម្ម​ណាស់។

មាន​សំឡេង​ខ្លះ បាន​អំពាវនាវ​ឱ្យ​ឥណ្ឌា​ចាត់វិធានការ​ណា​ដែលមានតម្លៃ​ជា​និម្មិត្តរូបប្រឆាំងចិន​ខ្លាំង ដូច​ជា​ដក​សិទ្ធិក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចិន វីវ៉ូ ចេញ​ពី​បញ្ជី​ឈ្មោះ​​ក្រុមហ៊ុនអ្នក​ឧបត្ថម្ភ​​សម្ព័ន្ធ​កីឡា​​គ្រីកេ ជា​ផ្លូវការ ដែល​មាន​កិច្ចសន្យា​រយៈ​ពេល​៥​ឆ្នាំ តម្លៃ​២៤៥​លានដុល្លារ។ ប៉ុន្តែ​ក្រុមប្រឹក្សា​កីឡា​គ្រីកេ​ជាតិ បាន​ប្រកាស​ចាត់វិធានការ​មួយ​ជា​ជា​ស្រេច​ហើយ​​ថា​នឹងមិនប្រើក្រុមហ៊ុន​សំណង់​ចិនសម្រាប់​មក​ជួសជុល​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន​ទេ។

ក្នុង​ពេល​រង់ចាំ​ការសម្រេច​ កម្មវិធីទូរទស្សន៍​ជា​ច្រើន ដែល​ខ្លះ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ចិន បាននិង​កំពុង​បន្ត​ស្រែក​អំពាវនាវ​ឱ្យ​ឥណ្ឌា​ធ្វើ​ពហិការ​លើ​ផលិតផល​ចិន។

សូម​បញ្ជាក់​ថា វិបត្តិ​ព្រំដែនឥណ្ឌា​ចិន​បានឡើងតានតឹង​ខ្លាំង​តាំង​ពី​ដើម​ខែ​ឧសភាមក។ ហើយ​នៅ​​ថ្ងៃ​ទី ១៥​មិថុនា ទាហាន​ឥណ្ឌា​និង​ចិន បានប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ នៅ​ព្រំដែន​ជាប់​ជម្លោះ ត្រង់​តំបន់ឡាដាក លើ​ជួរ​ភ្នំហេមពាន្ត។ ជា​ការ​ប៉ះទង្គិច​ដ៏​ហិង្សា​និងធ្ងន់ធ្ងរមិន​ធ្លាប់​ជួប​ប្រទះ​ទេ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥មមក។ ឥណ្ឌាបានបាត់​បង់ជីវិតទាហាន​អស់​ជាង​២០​នាក់ ១៨​នាក់​រងរបួស​កំពុង​ព្យាបាលក្នុងនោះ​បួន​នាក់​ជា​របួស​ធ្ងន់។ ចិន​បានបដិសេធ​មិន​បញ្ជាក់​អំពី​ទាហាន​បាត់​បង់​ជីវិត​ទេ ប៉ុន្តែ​ប្រព័ន្ធ​ឃោសនាព័ត៌មាន​ឥណ្ឌា​បានអះអាង​ថា មានទាហានចិន​យ៉ាង​ហោច​៤០​នាក់​បាន​ស្លាប់​និង​របួស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI