ចិន-អាវុធ

ចិន​នឹង​ចូល​ជា​សមាជិក​សន្ធិសញ្ញាស្តី​ពី​ការ​ធ្វើ​​ពាណិជ្ជកម្ម​អាវុធ​

ចិន​នឹង​ភ្ជាប់​ខ្លួន​ជា​មួយ​សន្ធិសញ្ញា​ស្តីពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អាវុធ
ចិន​នឹង​ភ្ជាប់​ខ្លួន​ជា​មួយ​សន្ធិសញ្ញា​ស្តីពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អាវុធ © Jimmy Anderson/Getty Images

ចិន​ ប្រទេស​អ្នក​ផលិត​អាវុធ​លំដាប់​ទី​ពីរ​ពិភពលោក​បន្ទាប់​ពីសហរដ្ឋ​អាមេរិក បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី ២២​មិថុនា ២០២០​ ថា​នឹងចូល​ជា​សមាជិក​សន្ធិសញ្ញា​ធ្វើ​ពាណិជ្ជកម្ម​អាវុធ​ (TCA)។ សេចក្តី​សម្រេច​នេះ ជា​ការ​ពង្រឹង​សន្តិភាព​​នៅលើ​ភព​ផែនដី។ នេះ​បើ​តាម​ការ​អះអាង​របស់​ប៉េកាំង។

ផ្សាយពាណិជ្ជកម្ម

“គណៈកម្មការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​បាន​អនុម័ត​កាលពី​ថ្ងៃសៅរ៍​ ទី ២០​មិថុនា២០២០ ភ្ជាប់​ប្រទេស​ទៅ​នឹង​សន្ធិសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អាវុធ​។ សេចក្តីសម្រេច​នេះ ជា​វិធានការ​​ដ៏​សំខាន់​មួយ ដែល​បញ្ជាក់​ថា​ចិន​គាំទ្រ​នយោបាយ​ពហុជាតិ​និយម”។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ទៅ​កាន់​អ្នក​សារព័ត៌មាន​​នៅ​ថ្ងៃចន្ទទី ២២​មិថុនា ដោយ​បន្ថែម​ទៀត​ថា « ចិន​ នឹង​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រក្សា​និង​ពង្រឹង​សន្តិភាព​ ស្ថិរភាព​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក”។ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិនដដែល​នេះ បានឆ្លៀត​បញ្ជាក់​ថា​ តាំង​ពី​ដើម​មក មហាយក្ស​ចិនតែង​តែ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​បំផុត​​ការ​នាំ​ចេញ​ (លក់) សព្វាវុធ។​

សន្ធិសញ្ញា​ធ្វើ​ពាណិជ្ជកម្ម​អាវុធ  ត្រូវ​បាន​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ នៅថ្ងៃទី​២​មេសា​ឆ្នាំ​២០១៣​ និង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៤។ គិត​មក​ទល់​នឹង​ឆ្នាំ​២០១៩ ​មាន​ប្រទេស​ចំនួន​១០៥​បាន​ផ្តល់​សច្ចាប័ន ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ជាង​១៣០​ប្រទេស។ តាមរយៈ​​​សន្ធិសញ្ញាស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្មអាវុធ​​នេះ ប្រទេស​ហត្ថលេខី មាន​កាតព្វកិច្ច​ត្រូវ​ផ្ទៀង​ផ្ទាត់​និង​ធានា​ថា​ពាណិជ្ជកម្ម​អាវុធ​របស់​ខ្លួន គ្មាន​ហានិភ័យ​​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ពង្វាង​ទណ្ឌកម្ម​អន្តរជាតិ ឬ​ការ​ពង្វាង​លក់​ទៅឱ្យ​ពួក​ឧក្រិដ្ឋ​ជន ឬ​ក្រុម​ប្រព្រឹត្ត​អំពើ​​ហិង្សា​រំលោភ​សិទ្ធិមនុស្ស។ អាវុធ​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​មាន​ចែង​ក្នុង​សន្ធិសញ្ញា រាប់​មាន​តាំង​ពី​ប្រភេទ​ កាំភ្លើង​ខ្លី​ធម្មតា រហូត​ដល់​យន្តហោះ និង​នាវា​ចម្បាំង ព្រមទាំង​អាវុធ​មីស៊ីល​ទៀត។

បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ ហៅកាត់​ថា Sipri ចេញ​ផ្សាយ​កាលពី​ខែ​មករា​ឆ្នាំ​២០២០ ចិនជាប់​ឈ្មោះ​​ជា​ប្រ​ទេស​អ្នក​ផលិត​អាវុធ​លំដាប់​ទីពីរ​​ពិភ​ពលោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។

​សហរដ្ឋ​អាមេរិកដែលប្រទេស​អ្នក​ផលិត​និងលក់​អាវុធ​​លំដាប់​លេខ​មួយពិភពលោក ​ក្រោម​ការ​ដឹកនាំ​របស់​លោក​បារ៉ាក់​អូបាម៉ា បាន​ចុះ​ហត្ថលេខា​ភ្ជាប់​ខ្លួន​ទៅ​នឹង​សន្ធិសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អាវុធ​ដែរ ប៉ុន្តែ​មិន​ដែល​បាន​ផ្តល់​សច្ចាប័ន​ទេ​។ នៅ​ឆ្នាំ​២០១៩ ប្រធានាធិបតី​អាមេរិក​ ​​លោក ដូណាល់ ត្រាំ ដែល​មិន​ទុក​ចិត្ត​​លើ​គ្រប់​សន្ធិសញ្ញា​អន្តរជាតិ ​បាន​ប្រកាស​ដក​ខ្លួន​ចេញពី​សន្ធិសញ្ញា​ធ្វើ​ពាណិជ្ជកម្មអាវុធ​នេះ​ទៅ​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI