សហភាពអឺរ៉ុបនិងចិនបើកជំនួបកំពូល ក្រោមសម្ពាធនយោបាយដ៏តានតឹង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជំនួបកំពូលសហភាអឺរ៉ុប-ចិន លើកទី២២ ត្រូវប្រព្រឹត្តទៅ នៅថ្ងៃចន្ទទី ២២ មិថុនា ២០២០នេះ។ តាមគម្រោងជំនួបពិភាក្សាថ្ងៃនេះជាកិច្ចប្រជុំត្រៀមមុននឹងឈានដល់ជំនួបកំពូលវិសាមញ្ញខែកញ្ញារវាងប្រមុខដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ជាមួយសមភាគីចិននៅអាល្លឺម៉ង់។ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ជំនួបថ្ងៃនេះ ជាឱកាសមួយដែលអឺរ៉ុបត្រូវបង្ហាញជំហរការពារអធិបតេយ្យភាព និងការពារវិស័យយុទ្ធសាស្ត្ររបស់ខ្លួននៅចំពោះមុខចិន។
ខាងភាគីចិន បានការចូលពីសំណាក់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផ្ទាល់តែម្តងផង ជាមួយនាយករដ្ឋមន្ត្រី លី ខឺឈាំងទៀត។ ខាងអឺរ៉ុបវិញ មានប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ឆាល មីឆែល ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលជាមេដឹកនាំសហភាពអឺរ៉ុបថ្មី។ នេះជាលើកទីមួយ ដែលប្រធានាធិបតីចិន ជួបតទល់ជាមួយមេដឹកនាំសហភាពអឺរ៉ុបថ្មី។
ជំនួបកំពូលដែលខកខានបង្អូសពេលទើបមកធ្វើនៅថ្ងៃនេះ តាមធម្មតាត្រូវជាឱកាសមួយនៃការអបអរសាទរការផ្សារភ្ជាប់ទំនាក់ទំនងអឺរ៉ុប-ចិន គម្រប់ខួប៤៥ឆ្នាំគត់ឆ្នាំនេះផង និងជាឱកាសដែលភាគីទាំងពីរ ត្រូវសម្រេចកិច្ចព្រមព្រៀងវិនិយោគទូទៅដ៏ធំមួយផង។ ការចរចាបានចាប់ផ្តើម តាំងពី៧ឆ្នាំ ហើយត្រូវសម្រេចបង្ហើយចេញជារូបរាងនៅឆ្នាំនេះ។
ប៉ុន្តែកូរ៉ូណាវីរុសបានមកចូលកាត់ ធ្វើឱ្យអ្វីៗត្រូវយឺតយ៉ាវទាំងអស់ និងជាពិសេសបានបង្កើតឱ្យមានភាពមិនទុកចិត្តកាន់តែខ្លាំង។ ជំនួបថ្ងៃនេះជាពេលវេលាដែលអឺរ៉ុបត្រូវបញ្ជាក់បង្ហាញជំហរដ៏រឹងមាំ ការពារអធិបតេយ្យភាពរបស់ខ្លួន មិនមែនត្រឹមតែមកជួបពិភាក្សា ញញឹមដាក់គ្នា និង និយាយពីអភិវឌ្ឍការផ្តោះប្តូរពាណិជ្ជកម្មជាមួយមហាយក្សចិនទៀតទេ។
អឺរ៉ុបភ្ញាក់ខ្លួន ពេលមានវិបត្តិកូវីដ១៩
ពេលកូវីដ១៩ចូលរាតត្បាត អឺរ៉ុបជួបគ្រោះខ្វះខាតផ្នែកសម្ភារៈបរិក្ខាពេទ្យ ៖ ម៉ាស់ ថ្នាំសង្កូវ យ៉ាងខ្លាំង ទើបអឺរ៉ុបមើលឃើញចំណុចខ្សោយរបស់ខ្លួន ដែលរំពឹងខ្លាំងលើចិន។ អឺរ៉ុបចាប់ភ្ញាក់ខ្លួន ផ្តើមពិចារណានាំប្រព័ន្ធផ្គត់ផ្គង់ គ្រប់ផ្នែកសុខាភិបាល ឧស្សាហកម្ម បច្ចេកវិទ្យា និងអវកាស ចូលស្រុកវិញ។ ប្រទេសគាំទ្រការផ្តោះប្តូរសេរីបំផុតនោះក៏ចង់ពង្រឹងវិធានការដែរ។
វិបត្តិកូវីដកាន់តែរីកធំ អាមេរិកនិងចិនប្រឈមគ្នាកាន់តែខ្លាំង ជាងពេលណាៗទាំងអស់ ក្លាយជាសម្ពាធដ៏ធ្ងន់។ ទើបអឺរ៉ុប ភ្ញាក់ស្មារតីថាត្រូវដើរចេញពីគន្លង ជម្លោះពាណិជ្ជកម្មសុទ្ធសាធមួយនេះ ដោយត្រូវជ្រើសរើសដើរ តាមផ្លូវមួយជារបស់ខ្លួន ដើម្បីការពារអធិបតេយ្យអឺរ៉ុប។
ផ្លូវដែលអឺរ៉ុបត្រូវដើរ ត្រូវបង្ហាញតាមរយៈជំនួបកំពូលលើកទី២២នេះហើយ។ ជំនួបថ្ងៃនេះ ដំបូងឡើយគឺជាការប្រជុំពិភាក្សាត្រៀមសម្រាប់ជំនួបវិសាមញ្ញនៅខែកញ្ញានៅប្រទេសអាល្លឺម៉ង់ទេ។ ប៉ុន្តែអាល្លឺម៉ង់បានប្រកាសលុបចោលជំនួបវិសាមញ្ញនោះទៅវិញ ក្រោមហេតុផលជាផ្លូវការថាមានវិបត្តិកូវីដ១៩។ តែតាមការពិតគឺមកពីការជួបប្រជុំនោះនឹងគ្មានផ្តល់ផលប្រយោជន៍ដូចអ្វីដែលអឺរ៉ុបចង់បាន។ អឺរ៉ុបចង់កំណត់ជម្រើសនយោបាយរបស់ខ្លួនសិនមុននឹងត្រលប់ទៅចរចាជាមួយចិន។ អឺរ៉ុបត្រូវការស្តារកម្លាំងរបស់ខ្លួនធ្វើយ៉ាងណាឱ្យមានប្រៀបលើចិនវិញសិន។
តាំងពីប៉ុន្មានសប្តាហ៍មកនេះ អឺរ៉ុបចាប់ផ្តើមគូសវាសបន្ទាត់នយោបាយរបស់ខ្លួន។ កាលពីសប្តាហ៍មុន ត្រូវជាថ្ងៃទី ១៧មិថុនា គណៈកម្មការអឺរ៉ុបបានបង្ហាញសៀវភៅស ចែងកំណត់អំពីបន្ទាត់នយោបាយការពារក្រុមហ៊ុនអឺរ៉ុប ប្រឈមនឹងការប្រកួតប្រជែងមិនស្របច្បាប់របស់ក្រុមហ៊ុនបរទេសដែលជួយឧបត្ថម្ភដោយរដ្ឋ។ អឺរ៉ុបគ្រោងនឹងដាក់ពិន័យ និងបិទខ្ទប់សកម្មភាពរបស់ក្រុមហ៊ុនបរទេសនោះផង។ អឺរ៉ុបមិនដៅឈ្មោះប្រទេសចិនដោយចំៗទេ តែប៉េកាំងយល់ថាចង់សំដៅមកលើខ្លួន។
សហភាពអឺរ៉ុបក៏បានដាក់គំនាប ឱ្យចិនបើកទីផ្សាររបស់ខ្លួនទទួលក្រុមហ៊ុនអឺរ៉ុបឱ្យបានធំជាងមុន។ បើតាមការសិក្សារបស់ភ្នាក់ងារពាណិជ្ជកម្មអឺរ៉ុប នៅចិន មានក្រុមហ៊ុនអឺរ៉ុបឈរជើងនៅចិនចំនួន១១%ចង់បង្វិលវិនិយោគរបស់ខ្លួនត្រលប់ចូលស្រុកវិញ។ ៦០% ចង់បន្តនៅតែគិតចង់ដាក់គំនាបលើរដ្ឋាភិបាលដើម្បីបានប្រកួតប្រជែងស្មើភាពជាមួយក្រុមហ៊ុនក្នុងស្រុក។
បរិបទនយោបាយឡើងតានតឹង
តាំងពីកូវីដបានផ្ទុះឡើង ចិនបានប្តូរវិធីសាស្ត្រផ្នែកទំនាក់ទំនង ដោយងាកទៅប្រើនយោបាយការទូតបែបវាយលុក និងឃោសនាបំប៉ោងបែបកំណាច មិនមែនត្រឹមតែដើម្បីការពារសកម្មភាពរបស់ខ្លួនទេ តែក្នុងន័យបំបែកនិងបំបាក់អឺរ៉ុបខ្លាំងណាស់។
ខាងអឺរ៉ុប សភាទើបបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃសប្តាហ៍មុនអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសជាសមាជិកអឺរ៉ុបទាំងអស់ ដំឡើងសំឡេងដាក់ទណ្ឌកម្មចិន រឿងប៉េកាំងបង្កើតច្បាប់សន្តិសុខជាតិនៅ ហុងកុង ភ្ជាប់ជាមួយនឹងការចរចាពណិជ្ជកម្ម។
អាមេរិក ដែលមានជម្លោះពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយចិន ក៏ដាក់សម្ពាធលើអឺរ៉ុប ដោយចង់ឃើញអឺរ៉ុបប្រកាន់ជំហរប្រឆាំងដាច់ខាតជាមួយចិន លើគ្រប់សំណុំរឿងទាំងអស់។ ប្រមុខការទូតអាមេរិកបានស្នើសុំដោយចំៗឱ្យអឺរ៉ុបជ្រើសរើសនៅខាងអាមេរិក ជាសម្ព័ន្ធមិត្ត និងមានគោលនយោបាយដូចគ្នា។ ប៉ុន្តែដើម្បីរក្សាប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្មដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ អឺរ៉ុបត្រូវការត្រូវរ៉ូវជាមួយចិន។ ស្តីអំពីសំណុំរឿងសំខាន់ៗបែបពហុជាតិ ដូចជា បញ្ហាអាកាសធាតុ សុខភាព និងការគាំទ្រសេដ្ឋកិច្ចបំណុល-ដោះស្រាយបំណុលក្នុងក្របខ័ណ្ឌហ្សេ២០វិញ អឺរ៉ុបកាន់តែចាំបាច់ត្រូវសហការជាមួយចិន ប្រសិនបើចង់ដោះស្រាយប្រកបដោយប្រសិទ្ធភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ