អានតួអត្ថបទ

ចិនបាញ់បង្ហោះផ្កាយរណប​ទៅបង្រ្គប់​ប្រព័ន្ធផ្កាយរណបGPS គ្របដណ្តប់​ជុំវិញផែនដី

គំរូផ្កាយរណប​បៃឌូ ឬប្រព័ន្ធ​ផ្កាយរណបកំណត់ទីតាំង​GPS ដែល​ដាក់តាំង​នៅពិព័រណ៌​អវកាស​នៅខេត្ត​ហូណាន​ប្រទេស​ចិន នៅខែ​មេសា ឆ្នាំ ២០១៩
គំរូផ្កាយរណប​បៃឌូ ឬប្រព័ន្ធ​ផ្កាយរណបកំណត់ទីតាំង​GPS ដែល​ដាក់តាំង​នៅពិព័រណ៌​អវកាស​នៅខេត្ត​ហូណាន​ប្រទេស​ចិន នៅខែ​មេសា ឆ្នាំ ២០១៩ REUTERS - Aly Song
ដោយ៖ ឈាង បុប្ផា
១៨ នាទី

ប្រទេស​ចិន នៅថ្ងៃ​អង្គារនេះ​បាន​បាញ់បង្ហោះ​ដោយជោគជ័យ រ៉ុកកែត​ផ្ទុកផ្កាយរណប សម្រាប់​ប្រព័ន្ធ​កំណត់​ទីតាំង ឬ ប្រព័ន្ធ GPS។ ផ្កាយរណប​ដែល​ចិន​បញ្ជូន​ទៅក្នុង​គន្លង​តារាវិថី នៅថ្ងៃ​អង្គារ​នេះ​ជា​ផ្កាយរណប​ទី៣០ សម្រាប់​ទៅ​បំពេញ​បង្រ្គប់ ធ្វើ​ឲ្យ​ប្រព័ន្ធ​កំណត់ទីតាំង របស់​ចិន​អាច​គ្របដណ្តប់​ជុំវិញ​ផែនដី។ ការណ៍នេះ​នឹង​ធ្វើ​ឲ្យ​ចិន​លែង ត្រូវការ​ពឹងពាក់​ប្រព័ន្ធ​GPS របស់​អាមេរិក​តទៅទៀត។

ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​រដ្ឋ​ចិន នៅថ្ងៃអង្គារនេះ​បាន​បង្ហាញ​រូបភាព បាញ់បង្ហោះ រ៉ុកកែត Longue-Marche 3 ផ្ទុកផ្កាយរណប ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Xichang ដែល​ស្ថិតនៅ​ភាគនិរតី​ប្រទេស​ចិន។

បង្កើត​ឡើង​នៅ​ឆ្នាំ ២០០០ និង​ដាក់ឲ្យ​ដំណើរការ​នៅក្នុង​ពិភពលោក​នៅ​ឆ្នាំ ២០១៨ ប្រព័ន្ធ​ផ្កាយរណប កំណត់​ទីតាំង ឬ​ប្រព័ន្ធ​GPS របស់​ចិន អាច​គ្របដណ្តប់​ត្រឹម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប៉ុណ្ណោះ។ ប៉ុន្តែ ជាមួយ​ផ្កាយរណប​ចុងក្រោយ ដែល​ចិន​បាញ់បង្ហោះ​នៅថ្ងៃ​អង្គារ​នេះ ប្រព័ន្ធ​ផ្កាយរណប​កំណត់​ទីតាំង​ របស់​ចិន ឈ្មោះ បៃឌូ នឹង​មាន​ចំនួន​ផ្កាយរណប​ពេញលេញ ៣០គ្រឿង ដើម្បី​អាច​ផ្តល់​រលកសញ្ញា ទៅ​ដល់​គ្រប់​កន្លែង​នៃ​ផែនដី មិន​ចាញ់ ប្រព័ន្ធ​GPS របស់​អាមេរិក (ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​អាមេរិក ប៉ុន្តែ គ្រប់គ្រង​ប្រតិបត្តិការ​ដោយ​កងទ័ពអាកាស​អាមេរិក) ប្រព័ន្ធ Galileo របស់​អឺរ៉ុប និង Glonass​របស់​រុស្ស៊ី។

ប្រើបាន​ទាំង​ក្នុង​​វិស័យយោធា និង​ស៊ីវិល ​ប្រព័ន្ធ​GPS របស់​ចិន​ជួយ​ឲ្យ​អ្នកប្រើប្រាស់​​អាច​រក ​ភោជនីយដ្ឋាន កន្លែង​ចាក់សាំង និង​ជា​ផែនទី​បង្ហាញ​ផ្លូវ សម្រាប់​រថយន្ត កប៉ាល់ដឹកទំនិញ។ ប្រព័ន្ធ​GPS របស់​ចិន​នឹង​អាច​បង្ហាញ​ទីតាំង​ច្បាស់ៗ​ផងដែរ សម្រាប់ ការវាយប្រហារ​មីស៊ីល ឬ​សម្រាប់​យន្តហោះ​គ្មានមនុស្ស​បើក ដ្រូន។ ក្រៅតែ​ពី​ផ្តល់សេវា​កំណត់ទីតាំង ដែលជា​ប្រយោជន៍​សម្រាប់​ការបើកបរ​ទូក នៅប្រទេស​ចិន ប្រព័ន្ធ​GPS របស់​ចិន​មាន​ភ្ជាប់ជាមួយ​បណ្តាញ​សារ​អេឡិចត្រូនិក ដែល​ប្រព័ន្ធ​GPS របស់ប្រទេស​ផ្សេងទៀត គ្មាន ប៉ុន្តែ ដែល​សំខាន់​សម្រាប់​ការជួយ​សង្រ្គោះ​បន្ទាន់។

សម្រាប់​តារាវិទូ Jonathan McDowell នៃ​មជ្ឈមណ្ឌលHavard Smithsonian នៅអាមេរិក ការបាញ់បង្ហោះ​ផ្កាយរណប របស់​ចិន នៅ​ថ្ងៃ​អង្គារ ជា​ព្រឹត្តិការណ៍សំខាន់ ដែល​បង្ហាញថា  ចិន​នឹង​លែងត្រូវការ​ពឹងអាស្រ័យ​ប្រព័ន្ធ​GPS​របស់​អាមេរិក និង​អឺរ៉ុប តទៅទៀត។ ជាការពិត ប្រព័ន្ធ​ផ្កាយរណប​GPS របស់​ចិន នឹង​ជួយឲ្យ​ចិន​អាច​រួចផុត​ពី​ការគំរាមកំហែង កាត់ផ្តាច់ លែង​ឲ្យ​ប្រើ​ប្រព័ន្ធ​GPS របស់​អាមេរិក នៅពេល​ណា​កើតមាន​ជម្លោះ ចិន និង​អាមេរិក។ មួយវិញទៀត ជាមួយ​នឹង​សមត្ថភាព​ផ្តល់​រលកសញ្ញា​ច្បាស់ៗ ប្រព័ន្ធ GPS របស់​ចិននឹង​​អាច​ជាគូប្រជែង សំខាន់ ដែល​អាច​ដណ្តើម​ទីផ្សារ​របស់​ប្រព័ន្ធ​GPS ​របស់​អាមេរិក និង​អឺរ៉ុប។

តាម​កាសែត​ចិន មានប្រទេស​ប្រមាណ ១២០ ដែលនៅក្នុងនោះ មាន​ថៃ ប៉ាគីស្ថា្ ឡាវ ព្រុយណេ​ជាដើម ដែល​ប្រើ​ប្រព័ន្ធ​កំណត់ទីតាំង GP¨S របស់​ចិន ឈ្មោះ បៃឌូ។ ជាមួយ​នឹង​គម្រោងសេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ចិន​បាន​បញ្ចុះបញ្ចូល ប្រទេស​ជាច្រើន ឲ្យចូលរួម​ប្រើ​ប្រព័ន្ធ GPS របស់ខ្លួន។ តារា​វិទូ​អាមេរិក​វិញ​វាយតម្លៃ​ថា ប្រព័ន្ធ GPS របស់​ចិន ផ្តល់​ព័ត៌មាន​ទីតាំង​ច្បាស់ៗ​ពិតមែនហើយ ប៉ុន្តែ គេ​នៅតែ​មិនទាន់​អាច​ជឿជាក់ទាំងស្រុង​លើ​បច្ចេកវិទ្យា​របស់​ចិន​នោះទេ។ យ៉ាងណាក៏ដោយ ប្រព័ន្ធ​GPS របស់​អាមេរិក​នឹង​នៅ​នាំមុខគេ ក្នុង​រយៈពេល ២០​ឆ្នាំ​ទៅមុខទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ