អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ីប៉ាស៊ីហ្វិក៖ នៅពេល​ចិន​ឆ្លៀតឱកាស​ដែល​អាមេរិក​កំពុងជាប់ផុង​នឹង​វិបត្តិ​ផ្ទៃក្នុង

សំឡេង ០៥:២២
រូបភាពផ្កាយរណប​បង្ហាញ​កោះសិប្បនិម្មិត​ដែល​ចិន​សាងសង់​នៅសមុទ្រ​ចិន​ខាងត្បូង។ តាម​មន្រ្តីយោធា​អាមេរិក​ ចិន​បាន​បញ្ជូន​យោធា និង​សព្វាវុធ​ទៅ​តាំងទីនៅលើ​កោះ
រូបភាពផ្កាយរណប​បង្ហាញ​កោះសិប្បនិម្មិត​ដែល​ចិន​សាងសង់​នៅសមុទ្រ​ចិន​ខាងត្បូង។ តាម​មន្រ្តីយោធា​អាមេរិក​ ចិន​បាន​បញ្ជូន​យោធា និង​សព្វាវុធ​ទៅ​តាំងទីនៅលើ​កោះ AP - Cliff Owen
ដោយ៖ ឈាង បុប្ផា
៣៣ នាទី

អាស៊ីប៉ាស៊ីហ្វិក​កំពុង​ស្គាល់​ភាពតានតឹង​ខ្លាំង​ជាងពេលណាៗ​ទាំងអស់ នៅមួយរយៈពេល​ចុងក្រោយនេះ។ នៅពេល​ជម្លោះចិន អាមេរិក​កំពុង​ឡើង​កំដៅ នៅគ្រប់​វិស័យ ទំនាក់ទំនង​ចិន ជាមួយ​អូស្ត្រាលី និង​ឥណ្ឌា ក៏​កំពុង​ចាប់​ល្អក់កករ​ខ្លាំង​ណាស់ដែរ។ ចិន បាន​ផ្តើម​ដាក់ទណ្ឌកម្ម​អូស្ត្រាលី ដែល​ហ៊ាន​ទាមទារ​ឲ្យ​មានការស៊ើបអង្កេត​រកប្រភពកើតដំបូង នៃ​មេរោគកូវីដ នៅទីក្រុង​វូហាន​ប្រទេស​ចិន។ ជាមួយគ្នានោះ កងទ័ព​ចិន និង​ឥណ្ឌា​ទើប​តែ​បាន​ប្រយុទ្ធ សម្លាប់គ្នា នៅតំបន់​ព្រំដែន​ដីគោក​រវាង​ប្រទេស​ទាំងពីរ។ តើអ្វីជា​យុទ្ធសាស្រ្ត​របស់ចិននៅអាស៊ីប៉ាស៊ីហ្វីក?

ផ្សាយពាណិជ្ជកម្ម

ស្ថិតនៅចំកណ្តាល​នៃ​ជម្លោះដណ្តើម​ឥទ្ធិពល​រវាង​ចិន និង​អាមេរិក អាស៊ីប៉ាស៊ីហ្វិក​កើតមាន​ភាពតានតឹង នៅគ្រប់មុខព្រួញ មិនថា ការប្រយុទ្ធគ្នា​រវាង​កងទ័ពចិន និង​ឥណ្ឌា ការបង្កើតច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែលធ្វើ​ឲ្យ​ក្រុមប្រទេស​មហាឧស្សាហកម្ម​តវ៉ា ហើយ​និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ចិន ទៅលើ​អូស្ត្រាលី។ នេះគេ​នៅមិនទាន់​និយាយ​ពី​ការកម្ទេចបំផ្លាញ​ការិយាល័យ​ទំនាក់ទំនង​កូរ៉េ ដោយស្នាដៃ​ក្រុងព្យុងយ៉ាង និង​ការប្រឈម​មុខ​គ្នា កាន់តែញយ ​រវាង​កប៉ាល់ចម្បាំង​អាមេរិក និង​កប៉ាល់ល្បាត​ចិន នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ការបញ្ជូននាវាចម្បាំង​របស់​ចិន​ទៅក្នុង​តំបន់ទឹក​របស់​តៃវ៉ាន់។

លើកលែង​តែ​រឿង​កូរ៉េខាងជើង ដែល កម្ទេច​បំផ្លាញ​ការិយាល័យ ទំនាក់ទំនង កូរ៉េទាំងពីរ ចិន​មាន​មុខ​នៅគ្រប់រឿង គ្រប់សមរភូមិ ប្រឆាំង​នឹង​ប្រទេស​ដទៃទៀត មិនថា ឥណ្ឌា អូស្ត្រាលី។ ចិន​ប៉ះទង្គិច កាន់តែ​ច្រើន​ជាមួយ ប្រទេស​ជិតខាង ដូចជា​វៀតណាម ដែល កំពុង​ជាប់ជម្លោះ​ដណ្តើមដីកោះ ជាមួយ​ចិន នៅ​សមុទ្រ ចិន​ខាងត្បូង។

ដោយ បង្កើតកោះសិប្បនិម្មិត ដើម្បី​ទាមទារ គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង ចិន​មាន​ទិសដៅ ចង់​ទៅ​ក្រសោប គ្រប់គ្រង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ប្រយោជន៍​សេដ្ឋកិច្ច នយោបាយ និង​យោធា។ ប៉ុន្តែ មហិច្ឆតា​របស់​ចិន ត្រូវ​ពើបប្រទះ​នឹង​ជំហរ​អាមេរិកាំង ដែល​ចាត់ទុក​អាស៊ីប៉ាស៊ីហ្វិក ជា​តំបន់​សំខាន់ សម្រាប់​យុទ្ធសាស្រ្ត​យោធា​របស់ខ្លួន។

នៅក្នុង​របាយការណ៍ ដែល វិទ្យាស្ថាន​ជាតិ​នៃ​ការសិក្សា​ទៅលើ​សមុទ្រ​ចិន​ខាងត្បូង​ចេញផ្សាយ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ក្រុមអ្នកជំនាញ ពិចារណា​របស់​រដ្ឋាភិបាល​ចិន បាន​ព្រមាន​ពី​ការបង្កើន​វត្តមាន​កងទ័ព​អាមេរិក នៅ​អាស៊ីប៉ាស៊ីហ្វិក។ របាយការណ៍​ចិន​បាន​បង្ហាញថា កងទ័ព​អាមេរិក​បាន​បង្កើនបេសកកម្ម នៅ​តំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុង​ចំនួន​ដ៏ច្រើន មិនធ្លាប់​មាន​ពីមុន។ អាមេរិក​បាន​ពង្រាយ​កងទ័ព​របស់ខ្លួន ជាង ៣សែន​៦ម៉ឺន​នាក់ និង​បញ្ជូន​កប៉ាល់ចម្បាំង ប្រមាណ ៦០ភាគរយ ទៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

តាម​ភាគី​ចិន នៅ​ជំនាន់​ដឹកនាំ ៨ឆ្នាំ របស់​លោកអូបាម៉ា អាមេរិក​បញ្ជូន​កប៉ាល់ចម្បាំង តែ​៤ដង ប៉ុណ្ណោះ សម្រាប់​ប្រតិបត្តិការ​ធានា​សេរីភាព​ចរាចរណ៍​ផ្លូវទឹក នៅ​សមុទ្រ​ចិនខាងត្បូង ប៉ុន្តែ អាមេរិក​នៅក្រោម​ការដឹកនាំ​របស់​លោកដូណាល់ ត្រាំ វិញ បាន​បញ្ជូន​នាវាចម្បាំង​ដល់​ទៅ​២២លើក នៅក្នុង​រយៈពេល មិន​ដល់​៤ឆ្នាំផង។ មន្រ្តីចិន​បាន​ព្រមាន​ពីគ្រោះថ្នាក់ នៃ​ការប៉ះទង្គិចគ្នា​ផ្នែកអាវុធ នៅថ្ងៃ​ណាមួយ បើសិន អាមេរិក​នៅតែ​បន្ត​បញ្ជូន​នាវាចម្បាំង​ទៅក្នុង​ដែនទឹក​ដែល​ចិន​ទាមទារ​ជា​ម្ចាស់​កម្មសិទ្ធិ។

ចិន​ដំឡើង​សំឡេង​រិះគន់​អាមេរិក។ ចិន​ចេញមុខ​ឈ្លោះរករឿង​​ជាមួយ​បណ្តា​ប្រទេស​ដែល​ចង​សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក ដូចជា​អូស្ត្រាលី ឥណ្ឌា ជប៉ុន។ នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ។ វិបត្តិ​កូវីដ ដែល​មាន​ប្រភព​កើតចេញ​ដំបូង​ពី​ទីក្រុង​វូហាន ប្រទេស​ចិន កំពុង​ធ្វើ​ឲ្យ​កម្លាំង​សាមគ្គីភាព រវាង​គ្នា​ចុះខ្សោយ។

ដោយសារ​វិបត្តិកូវីដ ប្រទេស​នីមួយៗ​គិតតែ​រឿងផ្ទាល់ខ្លួន។ ពិភពលោក​ហាក់​បាត់​ក្បាល​ម៉ាស៊ីន​ដឹកនាំ ជាពិសេស​នៅពេល​មហាអំណាច​អាមេរិក គិតរវល់​តែ​បញ្ហា​ក្នុង​ស្រុក។ ដូច​រដ្ឋាភិបាល​ប្រទេស​ផ្សេងទៀត ដែល​រវល់​តែ​គិត​បញ្ហា​ក្នុងស្រុក បញ្ហា​សេដ្ឋកិច្ច មនុស្ស​អត់ការងារ​ធ្វើ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ឯណោះវិញ កំពុង​តែ​ឈឺក្បាល​នឹង​វិបត្តិ​ក្នុង​ស្រុក បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍ ចំនួនកើនឡើង​នៃអ្នកគ្មានការងារ​ធ្វើ ហើយ។ នៅពេល​ការបោះឆ្នោត​ប្រធានាធិបតី​កាន់តែ​ខិតចូល​មកដល់ គឺ​នៅ​សល់​តែ​​៥ខែ​ទៀត​ប៉ុណ្ណោះ លោកដូណាល់ ត្រាំ ដែល​ឈរឈ្មោះ​សម្រាប់​អាណត្តិថ្មី គិត​ធ្វើ​នយោបាយ ក្នុង​ស្រុក ឬ​បរទេស​ណា ដែល​ផ្តល់ប្រយោជន៍​សម្រាប់​តែ​សន្លឹកឆ្នោត របស់​លោក​តែប៉ុណ្ណោះ។

នៅពេល​លោកដូណាល់ ត្រាំ ចង់​រករឿង សើរើ​ឡើងវិញ ​ការផ្គត់ផ្គង់ ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម មហាអំណាច​ចិន​ឯណោះវិញ ​ដែល​រងគ្រោះ​មុនគេ​ដោយសារ​នយោបាយ ជាតិនិយម​របស់​លោកដូណាល់ ត្រាំ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ពង្រឹង​យុទ្ធសាស្រ្ត ផ្គត់ផ្គង់ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ថ្នាក់តំបន់ អាស៊ី សម្រាប់​បណ្តាប្រទេស​នៅក្នុង​តំបន់។ ទីក្រុង​ប៉េកាំង អំពាវនាវ​ឲ្យ​ប្រទេស​នៅក្នុង​តំបន់ គិតតែ​ពី​រឿង​សេដ្ឋកិច្ច និង​បំភ្លេចចោលទៅ បញ្ហា​ភូមិសាស្រ្ត​នយោបាយ។

ប៉ុន្តែ ប្រទេស​អាស៊ី​ផ្សេងទៀត មិន​គាំទ្រ​គំនិត​របស់​ចិន ព្រោះ​មិន​ចង់​រស់ពឹងផ្អែក​លើ​ចិន។ ប្រឈម​នឹង​នយោបាយ​មិន​ច្បាស់លាស់ និង​ជំហរ​មិន​ស្ថិតស្ថេរ​របស់​មេដឹកនាំ​អាមេរិក ប្រទេស​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដឹងថា គេ​មិនអាច​ចេះតែ​ពឹងពាក់​លើ​ជំនួយ​របស់​អាមេរិក​រហូត​នោះទេ។ ប្រទេស​ជាច្រើន​នៅ​អាស៊ីប៉ាស៊ីហ្វិក បានចាប់ដៃគូគ្នា ជា​ក្រុមតូចៗ ដូចជា​ឥណ្ឌា-ជប៉ុន អូស្ត្រាលី -កូរ៉េខាងត្បូង ហ្វីលីពីន-ជប៉ុន ឬ​ឥណ្ឌូណេស៊ី-វៀតណាម​ជាដើម ដើម្បី​ទប់ទល់ នឹង​ការពង្រីកអំណាច​យោធា ចិន នៅក្នុង​តំបន់។

ចាប់តាំង​ពី​ខែ​មីនា ​ជប៉ុន អូស្ត្រាលី ឥណ្ឌា និង​អាមេរិក ដែលស្ថិតក្នុង​ក្រុម​យុទ្ធសាស្រ្ត​ចតុភាគី ផ្តួចផ្តើមឡើង​ដោយ​នាយករដ្ឋមន្រ្តីជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ កាលពី​ឆ្នាំ ២០០៧ បាន​កោះប្រជុំ​នៅរៀងរាល់សប្តាហ៍ ដើម្បី​ពិភាក្សា​ពី​ការគ្រប់គ្រង ដោះស្រាយ​វិបត្តិកូវីដ។ ប៉ុន្តែ តាមការចុះផ្សាយ​របស់​កាសែត​ឥណ្ឌា មន្រ្តីអាមេរិក ជប៉ុន ឥណ្ឌា អូស្រ្តាលី ដែល​បាន​អញ្ជើញ វៀតណាម កូរ៉េខាងត្បូង និង​នូវែលសេឡង់​ចូលរួម​ក្នុង​កិច្ចប្រជុំផងដែរនោះ បាន​ពិភាក្សា​គ្នា​ផងដែរ​ពីបញ្ហា​សន្តិសុខ និង​មធ្យោបាយ ដើម្បី​ទប់ទល់​កុំ​ធ្លាក់រងគ្រោះ​ទៅក្នុង​ដែនឥទ្ធិពល​ពីខាងក្រៅ។

ការរួមកម្លាំងគ្នា​រវាងបណ្តា​ប្រទេស​ដែល​មានសក្តានុពល​សេដ្ឋកិច្ច​នៅ​អាស៊ីប៉ាស៊ីហ្វិក ប្រាកដ​ជា​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត។ អ្នកជំនាញ​ចិនផ្ទាល់​ទទួល​ស្គាល់​ថា ថ្វីបើ​ពិភពលោក​ដឹកនាំ​មុខ​ដោយ​អាមេរិក ជា​រឿង​អតីតកាល ពិភពលោក​សព្វថ្ងៃ ក៏មិន​ចង់​បាន​ចិន ឲ្យ​ដឹកនាំ​ជំនួស​អាមេរិកដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ