កូរ៉េខាង​ជើង

កូរ៉េខាង​ជើងប្រកាស​​ផ្អាកផែនការយោធា​ប្រឆាំង​នឹង​កូរ៉េខា​ង​ត្បូង

គីម ជុងអ៊ុន សម្រេច​ព្យួរ​ផែនការ​យោធា​ប្រឆាំងនឹង​កូរ៉េខាង​ត្បូង
គីម ជុងអ៊ុន សម្រេច​ព្យួរ​ផែនការ​យោធា​ប្រឆាំងនឹង​កូរ៉េខាង​ត្បូង © KCNA via agencies

បន្ទាប់​ពីបាន​បញ្ចេញ​សកម្មភាព​បង្ក​ហេតុ​ ដំឡើង​សម្ពាធ​យ៉ាង​តានតឹង​ក្នុង​ឧបទ្វីប​កូរ៉េ​អស់​ជា​ច្រើនថ្ងៃមក កូរ៉េខាងជើង​បានប្តូរ​ផ្លាស់​ជំហរ។ ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន​ បាន​សម្រេចព្យួរ​ផែនការ​យោធា​ប្រឆាំង​នឹង​កូរ៉េខាង​ត្បូង​។ នេះ​បើ​តាម​សេចក្តី​ប្រកាសរបស់​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង ​នៅ​ថ្ងៃ​ពុធ​ទី ២៤​មិថុនា ២០២០​នេះ។

ផ្សាយពាណិជ្ជកម្ម

ផ្តាច់​រាល់​គ្រប់​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​កូរ៉េខាង​ត្បូង​ជិត​ខាង បំផ្លាញ​ការិយាល័យ​ទំនាក់ទំនង​អន្តរកូរ៉េ​នៅ​កែសុង បោះបោក​ពាក្យ​សំដី​វាយប្រហារ​ធ្ងន់ៗកាន់​តែ​ច្រើន​ឡើងៗ​នារយៈ​ពេល​ប៉ុន្មាន​សប្តាហ៍កន្លង​មក​នេះ ជា​ចុងក្រោយ​យោធា​កូរ៉េខាង​ជើង​ បាន​គំរាម​ថា​នឹង​បង្កើន​សកម្មយោធា​ប្រឆាំង​នឹង​កូរ៉េខាង​ត្បូង ដូច​ជា​ចូល​កាន់​កាប់​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​អន្តរកូរ៉េ ដំឡើង​ប៉ុស្តិ៍​យាម​នៅតំបន់​គ្មាន​កងទ័ព ឬ​បង្កើន​សកម្មភាព​ធ្វើ​សមយុទ្ធ​យោធា​ ។ល។ និង​។ល។

ការ​គំរាមកំហែង​យោធា និង​ញុះញង់​ពាក្យ​សំដី​របស់​ប្អូន​ស្រី​មេដឹកនាំកូរ៉េខាង​ជើង បានជំរុញ​ឱ្យ​​សេអ៊ូល​​បញ្ចេញ​ប្រតិកម្ម​ដាច់​ណាត់​ថា​លែង​​អនុគ្រោះ​ចំពោះ ទង្វើ​និង​ភាសា​អសុរស​របស់​កូរ៉េខាង​ជើង​ទៀត​ហើយ។

 

ស្រាប់​តែ​នៅថ្ងៃ​ពុធ​នេះ កូរ៉េខាង​ជើង​ប្តូរ​ចិត្តវិញ។ ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង ​ប្រកាស​ថា លោក គីមជុងអ៊ុន ដែលបាន​ដឹកនាំ​បើក​កិច្ចប្រជុំ​គណៈកម្មការ​យោធាមជ្ឈិម​បក្ស​កាលពី​ល្ងាចមិញ បាន​សម្រេច​ព្យួរផែនការ​យោធា​ប្រឆាំង​នឹង​កូរ៉េខាង​ត្បូង។ ភ្នាក់ងារ​មិន​បាន​ពន្យល់​លម្អិត​អ្វី​បន្ថែម​ទាក់ទង​នឹង​ការ​ប្តូរ​ផ្លាស់​យុទ្ធសាស្ត្រ​នេះទេ។

អ្នក​ជំនាញ​ជា​ច្រើន​សង្ស័យ​ថា​ ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ​កូរ៉េខាង​ជើងរក​លេស​ តាក់តែង​បង្កើតឱ្យ​មាន​​វិបត្តិលេច​ឡើង ​ក្រែង​អាច​ទទួល​សម្បទានអ្វី​មក​វិញ​ខ្លះ ព្រោះ​ការ​ចរចានុយក្លេអ៊ែរជាមួយ​​អន្តរជាតិ​កំពុង​ជាប់​គាំង​ស្តូក​ស្តឹង​ទៅ​ហើយ។​ ហើយ​បណ្តោយ​ឱ្យ​អ្នក​ផ្សេង (ប្អូនស្រី)​ធ្វើ​សកម្មភាព​ជំនួស​របប​កុម្មុយនិស្ត​ ទើប​លោក​គីម ជុងអ៊ុន ស្រួល​ស្ទាបស្ទង់​ស្ថានការណ៍​ ដើម្បី​តម្រង់ទិសដឹកនាំ។

អ្នក​ជំនាញ​ខ្លះ​ទៀត​យល់​ថា គីមជុងអ៊ុន​ សុខ​ចិត្ត​ព្យួរ​សកម្មភាព​យោធា​ប្រឆាំង​នឹងកូរ៉េខាង​ត្បូ​ងពេល​នេះ ដោយ​សង្ឃឹម​ថា​នឹងអាច​ទទួល​សម្បទាន​ពី​ក្រៅ​មកខ្លះ ឬ​ដោយ​ត្រូវការ​ទុក​ពេល​វេលាឱ្យ​យោធា​បង្កើន​សមត្ថភាព រៀប​ចំ​ការបង្ក​ហេតុ​ថ្មី។ អ្វី​ដែល​អ្នក​ជំនាញ​ប្រាកដ​ក្នុង​ចិត្ត​ខ្លាំង​​ គឺ​កូរ៉េខាង​ជើង​នឹង​មិន​បញ្ចប់​ទង្វើ​គំរាមកំហែង​កូរ៉េខាង​ត្បូង និង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ។

តាំង​ពីជំនួបរវាង​លោក​ដូណាល់ត្រាំ​និង​លោកគីមជុងអ៊ុន ​នៅ​ក្រុង​ហាណូយ​ កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ ទទួល​បរាជ័យ​មក ទំនាក់ទំនង​កូរ៉ខាង​ជើង-ត្បូង បាន​ចុះដុនដាប​ជា​លំដាប់៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI