អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ខួប​៧០​ឆ្នាំនៃសង្គ្រាម​កូរ៉េ ៖ សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូ​ងប្តេជ្ញា​ការពារ​សន្តិភាព

អ្នក​ស្រី Park Ok-sun ពេទ្យ​ទាហានស្ម័គ្រចិត្ត​ ក្នុង​សម័យ​សង្គ្រាម​ដែល​កាលណោះ​មានអាយុ​ទើប​តែ​១៦​ឆ្នាំ​
អ្នក​ស្រី Park Ok-sun ពេទ្យ​ទាហានស្ម័គ្រចិត្ត​ ក្នុង​សម័យ​សង្គ្រាម​ដែល​កាលណោះ​មានអាយុ​ទើប​តែ​១៦​ឆ្នាំ​ AFP
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ថ្ងៃ​នេះ​ជា​ខួប​៧០​ឆ្នាំ​គត់ នៃ​ការ​ផ្ទុះ​​សង្គ្រាមនៅ​ឧបទ្វីប​កូរ៉េ។ ជា​សង្គ្រាម​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជា​ច្រើនលាន​នាក់ ពោល​ជា​សង្គ្រាម​មរណៈ​ដ៏​ធ្ងន់ធ្ងរបំផុត​​បន្ទាប់​ពី​សង្គ្រាម​លោក។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម នា​ឱកាស​រំលឹក​ខួប​នេះ​ សេអ៊ូលនិង​វ៉ាស៊ីនតោន​ បាន​ប្តេជ្ញាជា​ថ្មី​ ថា​នឹង​ការពារ​ថែទាំ​សន្តិភាព​ដែលសម្ព័ន្ធ​មិត្ត​ទាំងពីរ​ដណ្តើម​បាន​យ៉ាង​លំបាកលំបិន​ មក​ប្រគល់​ជូន​​ឧបទ្វីប។ ឧបទ្វីប​ដែល ​បាន​បែង​ចែក​ជា​ពីរ​ចម្រៀក (ប្រទេស) តាំងពី​ពេល​នោះ​មក។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃទី ២៥​មិថុនា ឆ្នាំ​១៩៥០ ជា​ថ្ងៃ​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ តែ​ក៏​ជា​ថ្ងៃ​ដែល​កំណើត​នៃ​សម្ព័ន្ធភាព​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង។ សម្ព័ន្ធភាព​យោធា​កើត​ឡើង​ដោយ​ចាំបាច់ តែ​ត្រូវ​បានពង្រឹងក្លាយ​សម្ព័ន្ធភាព​​រួមឈាម។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ Mark Esper និង​​​សមភាគី​កូរ៉េខាង​ត្បូងJeong Kyeong-doo។ បើ​ទោះ​បី​ជាមួយ​រយៈ​ពេល​ចុងក្រោយ​នេះ​ទំនាក់ទំនង​សេអ៊ូលនិង​វ៉ាស៊ីនតោន​ហាក់​ល្អក់កករបន្តិច ក្រោយ​ពី​​​លោកដូណាល់ត្រាំ​គំរាម ទារ​លុយ​ពី​​កូរ៉េខាង​ត្បូងថ្លៃ​រក្សា​​កងទ័ពអាមេរិកនៅ​ឧបទ្វីប​កូរ៉េ​ក៏​ដោយ ក៏​សម្ព័ន្ធមិត្ត​​​យោធា​អាមេរិក​និង​កូរ៉េខាង​ត្បូង បាន​សន្យា​រក្សា​និងការពារ​សន្តិភាព​​ឱ្យ​ឧបទ្វីប ជានិច្ច។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល។

សូម​រំលឹក​ថា ក្រោយ​សង្គ្រាមលោកលើកទីពីរ កូរ៉េ​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង់​ភាគ​ខាង​ជើង​ដោយ​រុស្ស៊ី និងភាគ​ខាង​ត្បូង​ដោយ​សហរដ្ឋ​អាមេរិក។ ហើយ​នៅ​ថ្ងៃ​ទី ២៥​មិថុនា​១៩៥០ កម្លាំង​យោធា​កូរ៉េខាង​ជើង​បានវាយលុក​​ចូល​មក​ឈ្លាន​ពាន​​កូរ៉េខាង​ផ្នែក​ខាង​ត្បូង។ សង្គ្រាមបង្ហូរ​ឈាម​​ក៏​បាន​ផ្ទុះឡើង ស្លាប់​ជីវិត​អស់​ជាងបី​​លាននាក់ ភាគ​ច្រើន​ជា​ជន​ស៊ីវិល ក្នុង​អំឡុង​ពេល​បី​ឆ្នាំ។ សង្គ្រាម​ប្រដាប់​អាវុធ​ប្រយុទ្ធ​តតាំងគ្នា បាន​បិទ​បញ្ចប់​នៅថ្ងៃ​ទី ២៧​កក្កដា ១៩៥៣ តាម​រយៈ​ការ​ចុះកិច្ចព្រមព្រៀង​ឈប់​បាញ់ ប៉ុន្តែ​មិន​បាន​ចុះសន្ធិសញ្ញា​​សន្តិភាពទេ បាន​ន័យ​ថា​តាម​បែបបច្ចេកទេស កូរ៉េខាង​ជើង​និង​ខាងត្បូង​ដែល​ខ័ណ្ឌ​ចែក​ដោយ​តំបន់​គ្មាន​កងទ័ព នៅមាន​សង្គ្រាមនឹងគ្នា។

៧០​ឆ្នាំ​ក្រោយ និង​ក្នុង​បរិបទ​បច្ចុប្បន្ន ទំនាក់ទំនង​រវាង​បងប្អូន​បង្កើត​​ជា​គូសត្រូវ​គ្នា កាន់​តែ​ដុន​ដាបខ្លាំង។ ពីរ​ឆ្នាំក្រោយ​ជំនួប​ជា​ប្រវត្តិសាស្ត្រ រវាង​លោក​ដូណាល់ ត្រាំ​និង​លោក គីមជុងអ៊ុន និង​ជំនួប​ទ្វេភាគីជា​ច្រើនលើក​រវាង​លោក​ គីម ជុងអ៊ុន និង​ប្រធានាធិបតី​កូរ៉េខាង​ត្បូង មូន ចែអ៊ីន នៅសប្តាហ៍​មុន​ កូរ៉េខាង​ជើង​បាន​បង្កើន​សកម្មភាព​ផ្គើន​បង្កហេតុ​ជា​ច្រើន បាញ់បំផ្លាញការិយាល័យ​ទំនាក់ទំនង​អន្តរកូរ៉េ​នៅ​ព្រំប្រទល់​ បង្កើន​វត្តមានយោធា​​នៅ​តំបន់​គ្មាន​កងទ័ព ... តែ​លោកគីម ជុងអ៊ុន​ទើប​បានសម្រេចព្យួរ​សកម្មភាព​យោធា​វិញ កាលពី​ថ្ងៃ​ពុធទី ២៤​មិថុនា២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ