អានតួអត្ថបទ
កូវីដ-អូស្ត្រាលី

អូស្ត្រាលីបើក​យុទ្ធនាការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​បញ្ចេញ​ទាហាន​​ដើម្បីទប់​ស្កាត់​​​កូវីដ១៩

រថយន្ត​បន្ត​កន្ទុយ​គ្នា​ចាំធ្វើ​តេស្ត​កូវីដ១៩ នៅ​ទីក្រុង​មែលប៊ន​ប្រទេសអូស្ត្រាលី
រថយន្ត​បន្ត​កន្ទុយ​គ្នា​ចាំធ្វើ​តេស្ត​កូវីដ១៩ នៅ​ទីក្រុង​មែលប៊ន​ប្រទេសអូស្ត្រាលី AFP
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ចំនួន​អ្នកកើត​កូវីដ១៩ បាន​កើន​ឡើង​ជិត​ដល់​១០លាននាក់ អ្នកស្លាប់​ជិត​កន្លះ​លាន​នាក់​នៅលើ​ពិភពលោក។ សន្ទុះចម្លង​ថ្មី​កំពុង​បន្តកើន​ឡើង​យ៉ាង​លឿន​នៅ​សហរដ្ឋ​អាមេរិក​ភាគ​ខាងត្បូង និង​អាមេរិក​ឡាទីន។ ចំណែក​នៅ​អូស្ត្រាលី ករណី​អ្នក​ឆ្លង​កូរ៉ូណាវីរុសថ្មី​ក៏​កំពុង​កើន​ឡើង​ដែរ។ រក​ឃើញ​មាន​ករណី​ឆ្លង​កូវីដ១៩ ៣៣​នាក់ថ្មី ក្នុង​រយៈ​ពេល២៤ម៉ោង​ចុងក្រោយ​ នៅ​រដ្ឋ​វិចតូរីយ៉ា។ ប្រឈម​នឹង​ស្ថានភាព​បែបនេះ អាជ្ញាធរអូស្ត្រាលី​បាន​សម្រេច​បើក​យុទ្ធនាការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​បញ្ចេញ​កងទ័ព​១០០០​នាក់​មក​ជួយ​ក្រុង​មែលប៊ន ក្រុងធំទីពីរ​របស់​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

រដ្ឋវិចតូរីយ៉ា ​ដែល​មាន​ប្រជាពលរដ្ឋ​រស់ច្រើន​ជាង​គេ​លំដាប់​ទីពីរ​របស់អូស្ត្រាលី​ កំពុង​ទាញសញ្ញា​អាសន្ន។ ទី​ក្រុង​មែលប៊ន​ បាននិង​កំពុង​​ក្លាយ​ជា​ជង្រុក​កូវីដ​១៩​ថ្មី​ ដោយ​សង្កេតឃើញមាន​កំណើន​​​ករណី​ឆ្លង​កូវីដ​១៩ ​យ៉ាង​ច្រើន ​ជាលើកទីមួយ​ ដល់​ទៅ​ជាង​១៥០​នាក់​ក្នុងរយៈ​ពេល​តែ​មួយ​សប្តាហ៍។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាលយល់​ថា ស្ថានភាព​កំពុង​តែ​គួរ​ឱ្យ​បារម្ភ​ខ្លាំង និងមាន​គម្រោង​ចង់​ចាត់​វិធានការបិទ​ខ្ទប់​តំបន់​ឬ​សង្កាត់​មានរងគ្រោះខ្លាំង​ផង។​

​ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ និង​ ដើម្បីខ្ទប់​កូវីដ​១៩​កុំ​រីករាល​ដាលខ្លាំងទាន់ អាជ្ញាធរអូស្ត្រាលី​​បានចាត់​វិធានការ​ធំ ​ប្រមូល​ផ្តុំឡានពេទ្យ ឡាន​ទ្រុង​ យកមកធ្វើ​កន្លែង​ធ្វើ​តេស្ត​ចល័ត ដាក់​នៅ​តាមគ្រប់​ដើមផ្លូវ។ ក្នុង​រយៈពេល​១០​ថ្ងៃ​ទៅមុខ អូស្ត្រាលី​​គ្រោង​នឹង​ធ្វើ​តេស្ត​ឱ្យ​បាន​១សែន​នាក់។ នេះ​បើ​តាមការអះអាង​របស់​លោកអភិបាល​រដ្ឋ។

ហើយ​ដើម្បីពង្រឹងយុទ្ធនាការធ្វើ​តេស្ត​រក​កូវីដ១៩ទ្រង់ទ្រាយ​ធំ​​នេះ​ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ បាន​ប្រកាសបញ្ចេញ​​​ទ័ព​ចំនួន​១០០០នាក់​ ដាក់​ពង្រាយ​​នៅ​មែលប៊ន​ ចាប់​ពី​ថ្ងៃសុក្រ​ទី ២៦​មិថុនាតទៅ។ យោធា​មួយ​ភាគ​ធំ​មានភារកិច្ចជួយ​តាមដាន និង​ត្រួត​ពិនិត្យ​ស្ថានភាព​សុខភាព និង​សកម្មភាព​​របស់​អ្នក​ជំងឺ​ដែល​ត្រូវ​ជាប់​ចត្តាឡីស័ក១៤​ថ្ងៃ នៅ​តាម​សណ្ឋាគារ និង​នៅ​លើ​ទឹក​ដី​អូស្ត្រាលី។ យោធា​មួយ​ភាគ​ទៀត នឹង​ចុះ​ជួយ​ក្នុងកិច្ចការធ្វើ​តេស្ត​វិភាគរក​អ្នក​វិជ្ជមានកូវីដ១៩។ ​​

សូម​បញ្ជាក់​ថា ​អូស្ត្រាលីជាប់​ឈ្មោះ​ថា​​គ្រប់គ្រង​ស្ថានការណ៍កូវីដ​​បានល្អ​ ទើប​សម្រេច​​​ចាប់​ផ្តើម​លើក​បម្រាម បន្ធូរបន្ថយ​វិធានការការ​ពារ​មួយ​ចំនួន ដូចជា​លែង​កំណត់​គម្លាត​សុវត្ថិភាព​ជា​ដើម កាលពី​​ពីរ​បី​សប្តាហ៍​មុន ស្រាប់​តែ​​កំណើន​ករណីកូវីដ​១៩​ស្ទុះ​ឡើង​ខ្លាំងតែម្តង។ អាជ្ញាធរ​សុខាភិបាល​គិត​ថានេះគឺ​បណ្តាលមក​ពី​មានការ​ជួប​ជុំ​គ្នា​ច្រើន​ក្នុង​គ្រួសារ។ ជា​សរុប​អូស្ត្រាលី​រាប់​ឃើញ​មាន​អ្នក​ស្លាប់​ដោយ​កូវីដ១៩ចំនួន ១០៤នាក់ និង​អ្នក​វិជ្ជមានកូវីដ​ចំនួន​ជាង​៧៥០០​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ