អានតួអត្ថបទ
ឥណ្ឌា-ចិន

ស្ថានភាពនៅតាមព្រំដែនរវាងប្រទសឥណ្ឌា និងប្រទេសចិនកំពុងបន្តតានតឹងខ្លាំង

印度军队在中印边境区域运动 2020年6月17日照片
印度军队在中印边境区域运动 2020年6月17日照片 REUTERS - DANISH ISMAIL
1 នាទី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ មិថុនា ប្រទេស​ឥណ្ឌា​បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ពី​ការ​មិន​ចាញ់​ប្រទេស​ចិន​ក្នុង​ការ​ដាក់​ពង្រាយ​ចំនួន​កងទ័ព​នៅ​តាម​ព្រំដែន​ស្ថិត​ក្នុង​ឡាដាក​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​បន្ត​មាន​ជម្លោះ។ ការ​អះអាង​របស់​ទីក្រុង​ញូដែលី​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កងទ័ព​ឥណ្ឌា និង​កងទ័ព​ចិន​បាន​ឈ្លោះ​វាយប្រតាយប្រតប់គ្នា​ដោយ​ប្រើ​ដុំ និង​ដំបង​ក្នុង​ថ្ងៃ​ទី១៥ មិថុនា​ដោយ​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ឥណ្ឌា​យ៉ាង​តិច ២០នាក់ និង​ស្លាប់​ទាហាន​ចិន​ដែល​គេ​គ្មាន​តួលេខ​ច្បាស់លាស់។ ក្រោយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​មក ភាគី​ទាំង​ពីរ​ក៏​បាន​ព្យាយាម​សម្របសម្រួល​តាម​ផ្លូវយោធា និង​ផ្លូវទូត។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ស្ថានភាព​នៅ​តាម​ព្រំដែន​ហាក់​កំពុង​បន្ត​តានតឹង​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ដែល​ឥណ្ឌា និង​ចិន​កំពុង​ព្យាយាម​បញ្ចុះ​ភាព​តានតឹង​រវាង​គ្នា​តាម​រយៈ​ការ​ទាក់ទង​ផ្លូវយោធា និង​ផ្លូវទូត ចំនួន​កងទ័ព​ដែល​ភាគី​នីមួយៗ​បាន​ដាក់​ពង្រាយ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​មាន​ជម្លោះ​ក៏​មាន​យ៉ាង​ច្រើន​សម្បើម​ដែរ នេះ​ជា​ការ​ថ្លែង​ទទួល​ស្គាល់​ដោយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​លោក​អានូរ៉ា ស្រ៊ីវ៉ាតាវ៉ា។ ក្នុង​ពេល​ជា​មួយ​គ្នា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​រូប​នេះ​ដដែល​មិន​ញញើត​ចង្អុល​មុខ​ចិន​ជា​អ្នក​បង្ក​ភាព​តានតឹង​មុន​គេ​ដោយ​បាន​ដាក់​ពង្រាយ​កម្លាំងទ័ព​នៅ​តាម​ព្រំដែន​ស្ថិត​ក្នុង​តំបន់​ឡាដាក។ « បេះដូង​នៃ​បញ្ហា គឺ​មក​ពី​ចិន​បាន​បញ្ជូន​កងទ័ព និង​គ្រឿងសព្វាវុធ​យ៉ាង​សន្ធឹកសន្ធាប់​ទៅ​ដាក់​តាម​បណ្តាយ​ព្រំដែន​មាន​ជម្លោះ​នា​ដើម​ខែ​ឧសភា » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ស៊្រីវ៉ាតាវ៉ា។

គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃទី១៥ មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ កងទ័ព​ឥណ្ឌា និង​កង​ទ័ព​ចិន​បាន​ឈ្លោះ​វាយប្រតាយប្រតប់​គ្នា​ដោយ​ប្រើ​ដុំ និង​ដំបង​នៅ​តំបន់​ជ្រលង​ភ្នំ​ហ្កាល់វ៉ាន់​ដែល​មាន​កំពស់​ជាង ៤៥០០ម៉ែត្រ​ស្ថិត​ក្នុង​តំបន់​ឡាដាក​ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ឥណ្ឌា​យ៉ាង​តិច ២០នាក់ និង​ស្លាប់​ទាហាន​ចិន​គួរសម​ដែល​គេ​គ្មាន​តួលេខ​ច្បាស់លាស់។ ការ​ប្រឈម​មុខ​ដាក់​គ្នា​លើក​ដំបូង​គិត​តាំង​ពី​ឆ្នាំ ១៩៧៥ មួយ​នេះ​ត្រូវ​បាន​ភាគី​នីមួយៗ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​មក។ តែ​តាម​លោក​ស៊្រីវ៉ាតាវ៉ា គឺ​សកម្មភាព​របស់​ចិន​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​មាន​ជម្លោះ​ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​វាយ​ប្រតាយប្រតប់​រវាង​កងទ័ព​ទាំង​ពីរ​ក្នុង​ថ្ងៃទី១៥ មិថុនា។

សកម្មភាព​របស់​ចិន​ដែល​លោក​ស៊្រីវ៉ាតាវ៉ា​ចង់​និយាយ គឺ​កងទ័ព​ចិន​បាន​បន្ទច់បង្អាក់​កងទ័ព​ឥណ្ឌា​មិន​ឲ្យ​ដើរល្បាត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ព្រម​ទាំង​បញ្ជាក់​ថា កងទ័ព​ចិន​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លង​ចូល​ខាង​ឥណ្ឌា​នៅ​ជ្រលងភ្នំ​ហ្គាល់វ៉ាន់​ស្ថិត​ក្នុង​តំបន់​ឡាដាក។ តាម​លោក​ស៊្រីវ៉ាតាវ៉ា ទង្វើ​របៀប​នេះ​របស់​កងទ័ព​ចិន​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បញ្ជៀស​ការ​ប៉ះទង្គិច​ផ្លូវអាវុធ។ សូម​បញ្ជាក់​ថា ចិន និង​ឥណ្ឌា​ដែល​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដូច​គ្នា​កំពុង​បន្ត​មាន​ជម្លោះ​ព្រំដែន​នៅ​លើ​ជួរ​ភ្នំ​ហេមពាន្ត​ដោយ​ធ្លាប់​ធ្វើ​សង្រ្គាម​បង្ហូរ​ឈាម​គ្នា​ម្តង​កាល​ពី​ឆ្នាំ ១៩៦២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ