អានតួអត្ថបទ
អាស៊ាន-វៀតណាម

អាស៊ាន៖កំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំនៅអាស៊ីអាគ្នេយ៍ត្រូវបានបំផ្លាញដោយកូវីដ-១៩

Hội nghị Thượng Đỉnh ASEAN lần thứ 36 (qua vô tuyến). Ảnh 26/06/2020.
Hội nghị Thượng Đỉnh ASEAN lần thứ 36 (qua vô tuyến). Ảnh 26/06/2020. REUTERS - POOL
1 នាទី

នៅ​ថ្ងៃ​សុក្រ ទី២៦ មិថុនា ប្រទេស​វៀតណាម​ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន​បាន​រៀបចំ​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៦ ជា​ផ្លូវការ។ តែ​ខុស​ពី​កិច្ចប្រជុំកំពូល​មុនៗ កិច្ចប្រជុំកំពូល​ឆ្នាំ​នេះ​បាន​រៀបចំ​ឡើង​តាម​វីដេអូ​ក្រោម​ប្រធាន​បទ «ភាព​ស្អិត​រមួត និង​ការ​ឆ្លើយ​តប» ចំពោះ​ការ​ឆ្លង​រាតត្បាត​នៃ​កូវីដ​១៩។ នាយករដ្ឋមន្រ្តី​វៀតណាម​លោក​ង្វៀន សួនហ្វុក​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​សមិទ្ធិផល​សេដ្ឋកិច្ច​ជា​ច្រើន​ឆ្នាំ​របស់​អាស៊ីអាគ្នេយ៍​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ជំងឺ​កូវីដ-១៩។ ក្រៅ​ពី​និយាយ​ពី​វិបត្តិ​កូវីដ-១៩ លោក​ង្វៀន សួនហ្វុក​ក៏​បាន​លើក​ឡើង​ពី​ភាព​តានតឹង​នៅ​សមុទ្រចិន និង​គម្រោង​មហាសន្ធិសញ្ញា​នៃ​ការ​ដោះដូរ​សេរី​នៅ​អាស៊ីប៉ាស៊ីហ្វិក​ដែល​បាន​ជាប់គាំង​តាំង​ពី​ដំណាច់ឆ្នាំ ២០១៩។

ផ្សាយពាណិជ្ជកម្ម

វិបត្តិ​កូវីដ-១៩ ជា​ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៦ ដែល​នាយករដ្ឋមន្រ្តី​វៀតណាម​លោក​ង្វៀន សួនហ្វុក​​បាន​ទទួល​ស្គាល់​ជា​ទូទៅ​ថា ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​បាន​ចាត់ចែង គ្រប់គ្រង និង​ដោះស្រាយ​បាន​ល្អ​ណាស់។ តែ​អ្វី​ដែល​នាយករដ្ឋមន្រ្តី​វៀតណាម​ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន​ឆ្នាំ ២០២០ មាន​ការ​សោកស្តាយ គឺ​កំណើន​សេដ្ឋកិច្ច​ជា​ច្រើន​ឆ្នាំ​របស់​អាស៊ីអាគ្នេយ៍​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ជំងឺ​កូវីដ-១៩។ នៅ​ត្រង់​ចំណុច​នេះនិង​ដើម្បី​ជំនះ​លើ​គ្រប់​ការ​លំបាក លោក​ង្វៀន សួនហ្វុក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ក្នុង​តំបន់​នៅ​ឆមាស​ទី២។

ក្រៅ​ពី​វិបត្តិ​កូវីដ-១៩ នាយករដ្ឋមន្រ្តី​វៀតណាម​មិន​ភ្លេច​និយាយ​ពី​ស្ថានការណ៍​នៅ​សមុទ្រចិន​ខាងត្បូង និង​ពី​សន្ធិសញ្ញា​នៃ​ការ​ដោះដូរ​សេរី​នៅ​អាស៊ីប៉ាស៊ីហ្វិក​ទេ។ ដោយ​និយាយ​បញ្ឈិតបញ្ឈៀង​ដាក់​ប្រទេស​ចិន លោក​ង្វៀន សួនហ្វុក​បាន​ចោទ​ក្រុង​ប៉េកាំង​ពី​បទ​ឆ្លៀត​ឱកាស​ក្នុង​សម័យ​កូវីដ-១៩ ដើម្បី​រំកិល​ជំហាន​ចូល​ក្នុង​សមុទ្រចិន​ខាងត្បូង​កាន់​តែ​ជ្រៅ។ នាយករដ្ឋមន្រ្តី​វៀតណាម​មាន​ការ​សោកស្តាយ​ថា តាំង​ពី​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ មាន​ការ​រំលោភ​លើ​ច្បាប់អន្តរជាតិ​ដែល​លោក​ចាត់​ទុក​ជា​ទង្វើ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។

គួរ​រម្លឹក​ថា អាស៊ាន​មាន​ក្រមប្រតិបត្តិ​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​សមុទ្រចិនខាងត្បូង​ដែល​មាន​សមាជិក ៤ប្រទេស​កំពុង​មាន​ជម្លោះ​តទល់​ជាមួយ​ចិន គឺ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។ វៀតណាម​សង្ឃឹម​នឹង​ផ្តល់​សន្ទុះ​លើ​ក្រមប្រតិបត្តិ​មួយ​នេះ​ក្នុង​ពេល​ដែល​ខ្លួន​កំពុង​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន។ ប្រធានបទ​សំខាន់​បន្ទាប់​មក​ទៀត​សម្រាប់​កិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣៦ គឺ​ការ​ព្យាយាម​ពន្លឿន​កិច្ចចរចា​លើ​គម្រោង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ដែល​មហា​សន្ធិសញ្ញា​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី​អាស៊ី ប៉ាស៊ីហ្វិក។ មហា​សន្ធិសញ្ញា​មួយ​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចិន តែ​បាន​ជាប់​គាំង​តាំង​ពី​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ដក​ខ្លួន​ចេញ​វិញ​កាល​ពី​ដំណាច់​ឆ្នាំ ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ