អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម លើ​​សមាជិក​បក្សកុម្មុយនីស្ត​ចិន​ប៉េកាំង

សំឡេង ០៥:២២
សកម្មជនប្រជាធិបតេយ្យ​ លើក​​បដាធ្វើបាតុកម្ម ទាមទារឯករាជ្យតំបន់ហុងកុង នៅក្នុង​ផ្សារទំនើប​មួយកន្លែង ក្នុងក្រុង​ហុងកុង ថ្ងៃទី​១២ មិថុនា ២០២០
សកម្មជនប្រជាធិបតេយ្យ​ លើក​​បដាធ្វើបាតុកម្ម ទាមទារឯករាជ្យតំបន់ហុងកុង នៅក្នុង​ផ្សារទំនើប​មួយកន្លែង ក្នុងក្រុង​ហុងកុង ថ្ងៃទី​១២ មិថុនា ២០២០ REUTERS - Laurel Chor
ដោយ៖ ម៉ម ពិសី

វិបត្តិនៅហុងកុង​ បានក្លាយ​ជាចំណុចវិវាទមួយទៀត រវាងរដ្ឋាភិបាលលោកដូណាល់ ត្រាំ ជាមួយ​នឹង​រដ្ឋាភិបាល​ចិន។ រដ្ឋាភិបាលអាេមរិក បានប្រកាសជាច្រើនលើក ដោយបានថ្កោល​ទោស​ចិន ដែល​​មានបំណងបំបិទសិទ្ធិសេរីភាព និងបំពានលើ​ស្វ័យត្នភាព របស់ដែនដីហុងកុង។ នៅថ្ងៃសុក្រ ទី​២៦មិថុនា លោក ម៉ៃឃ៍ ប៉ុមប៉េអូ ប្រមុខការទូតអាមេរិក បានប្រកាសថា រដ្ឋាភិបាលអាមេរិក បានសម្រេចដាក់ទណ្ឌកម្ម ទៅលើសមាជិកធំៗ នៃគណបក្សកុម្មុយនីស្តចិន តាមរយៈការ​ហាម​បិទទិដ្ឋាការ​មិនឲ្យចូលសហរដ្ឋអាេមរិក។ សម្រាប់រដ្ឋាភិបាល​លោកដូណាល់ ត្រាំ គឺសមាជិក​បក្សកុម្មនីស្តចិនប៉េកាំង ដែលជាអ្នកធ្វើឲ្យ​មានវិបត្តិនៅហុងកុង។

ផ្សាយពាណិជ្ជកម្ម

តាំងតែពីផ្ទុះ​ចលនាបាតុកម្មនៅហុងកុងមក គឺសហរដ្ឋអាមេរិក បានប្រកាស​គោល​ជំហរ គាំទ្រក្រុមប្រជាធិបតេយ្យហុងកុង ដោយបានចោទចិន ថាបាននិងកំពុង ​សង្កត់​សង្កិន​សិទ្ធិសេរីភាពនៅហុងកុង ជាពិសេសនោះ គឺបានបំពានពាក្យសន្យាររបស់ខ្លួន ថាផ្តល់ស្វ័យត្នភាព​ដល់តំបន់នេះ រហូតដល់ឆ្នាំ​២០៤៧។

ជាមួយនឹងគម្រោងច្បាប់គ្រប់គ្រងសន្តិសុខជាតិ ដែលចិន មានផែនការអនុវត្តមកលើ​ហុងកុងនេះ​ ត្រូវបាន​ក្រុម​ប្រជាធិបតេយ្យហុងកុង ចាត់ទុក ថាគឺជាការពង្រឹងអំណាចផ្តាច់ការយ៉ាងណែន របស់បក្សកុម្មុយនីស្តចិន មក​លើសិទ្ធិសេរីភាពដែលប្រជាជនហុងកុងធ្លាប់មាន។ ហើយសម្រាប់​សហរដ្ឋ​អាមេរិក និង​ប្រទេស​​លោក​ខាងលិច មួយចំនួន​ គឺថា​ជាមួយ​ច្បាប់ថ្មីនេះ គឺចប់ហើយស្វ័យត្នភាព​នៃតំបន់ស្វ័យត្នហុងកុង។

បិទទិដ្ឋាកាមន្ត្រីបក្សកុម្មុយនីស្តចិន

កាលពីថ្ងៃសុក្រទី២៦មិថុនា​ លោក ម៉ៃឃ៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក​បានលើកឡើងថា​ ដើម្បី​ដាក់ពិន័យទៅលើសាមជិកបក្សកុម្មុយនីស្តចិន ដែលជាអ្នកបង្កឲ្យ​មានវិបត្តិនៅហុងកុងនេះ គឺសហរដ្ឋអាមេរិក នឹងសម្រេច បិទទិដ្ឋាកា មកឲ្យ​សមាជិក​បក្សកុម្មុយនិស្តប៉េកាំង ចូលជាន់ដីអាមេរិកទេ។ ប្រមុខការទូតអាមេរិករូបនេះ មិនបានបញ្ជាក់ទេ ថា​ការបិទទិដ្ឋាកានេះ​ នឹងធ្វើទៅលើមន្ត្រីថ្នាក់ដឹកនាំចិនប៉ុន្មាននាក់ ហើយឈ្មោះអ្វីខ្លះនោះទេ។ តែលោកបានបញ្ជាក់ថា ការហាមឃាត់នេះ អាចឈានទៅដល់សមាជិកគ្រួសារ របស់មន្ត្រីចិនផងដែរ។

លោកអគ្គរដ្ឋទូតចិនប្រចាំក្រុងវ៉ាស៊ីនតោន បាន​មានប្រតិកម្មថា សហរដ្ឋ​អាមេរិក​​​កំពុងតែ​ធ្វើខុសទៅ ខុសទៅហើយ។ អាមេរិកត្រូវតែ​ បញ្ឈប់ជាបន្ទាន់ នូវការលូកដៃចូលជ្រៀតជ្រែក​ ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។ ចំណែកក្រសួងការបរទេសចិនវិញ បានចេញលិខិតប្រកាសមួយដែរ ដោយបានបញ្ជាក់ថា ទោះជាមានរឿងអ្វីក៏ដោយ រដ្ឋាភិបាលចិន ប្តេជ្ញាដាក់ចុះនូវវិធានការចាំបាច់ ព្រមទាំងរឹងមាំ ក្នុងការ​ពង្រឹង​សន្តិុសុខ សន្តិសភាព អធិបតេយ្យ​ជាតិចិន ព្រមទាំងការពារផលប្រយោជន៍ចិន។

ប្រតិកម្មរបស់ភាគីចិនទាំងនេះ គឺសរបញ្ជាក់ថា វិធានការទណ្ឌកម្មរបស់​រដ្ឋាភិបាលអាមេរិក គឺវាគ្មានហុចផលវិជ្ជមាន ទៅតាមអ្វីដែលអាេមរិកចង់បាននោះទេ​។

មិនគ្រប់គ្រាន់ ត្រូវដាក់ទណ្ឌកម្មហិរញ្ញវត្ថុ

សាមាជិកសភាខុនហ្ក្រេសរបស់អាមេរិក មិនថាមកពីបក្សប្រជាធិបតេយ្យ ឬបក្សសាធារណៈរដ្ឋទេ គឺភាគច្រើនបានលើកឡើងថា វិធានការទណ្ឌកម្មរបស់រដ្ឋាភិបាល​លោកដូណាល់ ត្រាំ ទៅលើចិន គឺនៅ​មិនទាន់គ្រប់គ្រាន់ទេ។

លោក Chris Van Hollen សមាជិកព្រឹទ្ធសភាមកពីបក្ស​ប្រជាធិបតេយ្យ បាននិយាយថា ត្រឹមបិទទិដ្ឋាកាមន្ត្រីបក្សកុម្មុយនីស្តចិន គឺវាមិនមានប្រយោជន​៍ទេ។ គឺត្រូវតែមានទណ្ឌកម្មបន្ថែ ដែលទណ្ឌកម្មនោះ គឺទណ្ឌកម្ម​ហិរញ្ញវត្ថុ។ គឺសមាជិកព្រឹទ្ធសភារូបនេះហើយ ដែលជាអ្នកផ្តួចផ្តើម ធ្វើសេចក្តីព្រាង​ច្បាប់ថ្មីមួយ​ដើម្បីដាក់ទណ្ឌកម្មពិន័យ ផ្នែកហិរញ្ញវត្ថុ ទៅលើសមាជិកធំៗនៃបក្សកុម្មុយនីស្តចិនប៉េកាំង។ ច្បាប់នេះ​ទើបតែត្រូវព្រឹទ្ធសភាបោះឆ្នោតអនុម័ត​ជាឯកច្ឆ័ន កាលពីថ្ងៃព្រសហ្បតិ៍កន្លងទៅ។ ពេលនេះគឺត្រូវយកទៅឆ្លងសភាតំណាង ហើយបន្ទាប់មក គឺលោកដូណាល់ ត្រាំ ត្រូវប្រកាស​យល់ព្រម ទើបអាចអនុវត្តបាន។

បើសិនជាច្បាប់នេះអាចចេញមែន គឺមានន័យថា សហរដ្ឋអាេមរិក អាចនឹងរករឿងធនាគារ ឬស្ថាប័នហិរញ្ញវត្ថុណា ដែលហ៊ានរកស៊ី ឬធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយមន្ត្រីចិន​ ដែលជាប់ទណ្ឌកម្ម។

មួយវិញទៀត កាលពីចុងខែឧសភា រដ្ឋាភិបាលលោកដូណាល់ ត្រាំ ក៏ធ្លាប់ប​ាន​ប្រកាសគំរាមដែរ ថាអាមេរិក នឹងដកចេញនូវ​លក្ខខន្តិកៈពិសេសរបស់តំបន់ហុងកុង ក្នុងនាមជាទីផ្សារហិរញ្ញវត្ថុ។ កម្មវត្ថុរបស់អាេមរិក គឺចង់ធ្វើឲ្យចិនដឹងថា បើសិនជាគ្មានសិទ្ធិសេរីភាព​នៅហុងកុង គឺហុងកុង​ នឹងបាត់បង់​កិត្តិនាម ជា​ទីផ្សារហិរញ្ញវត្ថុដ៏សំខាន់មួយ របស់ពិភពលោក។ ដូច្នេះ សេដ្ឋកិច្ចចិន ក៏វានឹងរងគ្រោះទៅតាមនោះដែរ។

នរណាក៏ដឹងដែរថា លោក ម៉ៃឃ៍ ប៉ុមប៉េអូ មានទស្សនៈប្រឆាំងនឹងចិន​កម្រិតណា។ ជាក់ស្តែងជាមួយនឹង​បញ្ហាជំងឺកូវីដ១៩ ដែលគាត់ចោទចិន ថាជាអ្នកបង្កើត និងចម្លងគេឯង។ បន្ថែមជាមួយរឿងហុងកុងនេះទៀត គឺលោក ម៉ៃឃ៍ ប៉ុមប៉េអូ ដែលជាមនុស្សស្និទនឹងលោកដូណាល់ ត្រាំ គឺពិតជា មិនឲ្យ​ឱកាសរករឿងចិននេះរំលងផុតទេ ។

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ