អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្នុង​រយៈពេល មិន​ដល់​១ខែ មនុស្ស​៤លាន​នាក់នៅក្នុង​ពិភពលោក ​ឆ្លង​ជំងឺកូវីដ១៩

សំឡេង ០៧:២៦
ចំនួន​មនុស្ស​ឆ្លងជំងឺកូវីដ បានកើនឡើង​ដល់​​១០លាននាក់ នៅ​ទូទាំងពិភពលោក គិតត្រឹមថ្ងៃអាទិត្យ ទី ២៨មិថុនា ២០២០
ចំនួន​មនុស្ស​ឆ្លងជំងឺកូវីដ បានកើនឡើង​ដល់​​១០លាននាក់ នៅ​ទូទាំងពិភពលោក គិតត្រឹមថ្ងៃអាទិត្យ ទី ២៨មិថុនា ២០២០ AFP
ដោយ៖ ឈាង បុប្ផា

ចំនួន​មនុស្ស​ឆ្លង​មេរោគកូរ៉ូណា​ក្នុង​ពិភពលោក បាន​កើន​ដល់ ១០​លាន​នាក់ គិតត្រឹម​ នៅថ្ងៃ​អាទិត្យ​ទី ២៨​មិថុនា។ តាម​អង្គការ​សុខភាព​ពិភពលោក ដោយ​ចម្លងទៅ​មនុស្ស​១០លាននាក់ គិតចាប់តាំង​ពី​លេចមុខ​ដំបូង នៅទីក្រុង​វូហាន ប្រទេស​ចិន កាលពីចុងខែ​ធ្នូ ឆ្នាំមុន មេរោគកូរ៉ូណា​បាន​សម្លាប់មនុស្ស​ក្នុង​ចំនួន​ដ៏ច្រើន ពោល​គឺ​ស្មើ​នឹងចំនួន​​មនុស្ស​ស្លាប់​ដោយសារ​ចំនួន​ជំងឺគ្រុនផ្តាសាយ ធំ ​ក្នុង​រយៈពេល​ពេញមួយឆ្នាំ។ នៅ​ពេល​រលកទី ២ នៃ​ជំងឺ​កូវីដ កំពុង​ចាប់លេច​មុខ​ឡើងវិញ នៅ​អាស៊ី នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក​ឯណោះវិញ នៅមិនទាន់​ងើបរួចខ្លួន​នៅឡើយពី​រលក​ទី១​នៃជំងឺ​កូវីដ។

ផ្សាយពាណិជ្ជកម្ម

ផ្ទុយ​ពី​ការប៉ាន់ស្មាន​ដែល​ថា វានឹង​ចុះ​ថមថយ នៅ​រដូវផ្ការីក នៅ​អំឡុង​ខែ​ឧសភា និង​ខែ​មិថុនា ជំងឺ​រាតត្បាត​កូវីដ បាន​រាលដាល​ខ្លាំង លឿន​មែនទែន។ ដូច​បាន​លើកខាងដើម គិត​ចាប់តាំង​ពី ថ្ងៃទី​៣១ ឧសភា រហូត​មកដល់​ថ្ងៃ​ទី ២៨​មិថុនា គឺ​ក្នុង​រយៈពេល មិនដល់​១ខែ​ផង ចំនួន មនុស្ស​ឆ្លង​កូវីដ បាន​កើនឡើង​បន្ថែម ដល់​ទៅ ៤លាននាក់ នៅក្នុង​ពិភពលោក។

ជំងឺកូវីដ​បាន​ឆ្លង​ទៅ​មនុស្ស​សរុប ១០លាននាក់ នៅក្នុង​ពិភពលោក ដោយ​មាន​អាមេរិក​នាំមុខគេ ទាំង​ក្នុង​ចំនួន​អ្នកឆ្លង និងមនុស្ស​ស្លាប់​ដោយសារ​កូវីដ ១៩។

នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ជំងឺកូវីដ​បាន​រាលដាល​ខ្លាំង នៅ​ទ្វីបអាមេរិក ប៉ុន្តែ​ហាក់​ថមថយចុះ នៅ​តំបន់​អាស៊ី និង​អឺរ៉ុប។ ទ្វីបអាមេរិក ដែល​មាន​ទាំង​អាមេរិក​ខាងជើង និង​អាមេរិកឡាទីន មាន​អ្នកឆ្លងជំងឺកូវីដ តំណាង​ឲ្យ​២៥ភាគរយ រៀងៗខ្លួន នៃចំនួន​អ្នកឆ្លង​សរុប នៅក្នុង​ពិភពលោក។ នៅ​អាមេរិក ចំនួន​អ្នកឆ្លងថ្មី បាន​កើនឡើង ដល់ ៤៣០០០​នាក់ ក្នុង​មួយថ្ងៃ កាលពី​ថ្ងៃ​សៅរ៍។ ជាចំនួន​ឆ្លង​ដ៏ច្រើន ដែល​អាមេរិក​មិនធ្លាប់ មាន គិតចាប់តាំង​ពីកើតមាន​ជំងឺរាតត្បាតកូវីដ នៅទឹកដី​អាមេរិក។ នៅ​ទឹកដី​អាមេរិកឡាទីន ប្រេស៊ីល​បាន​ក្លាយ​ជា​ប្រទេស​ទី​២ ក្នុង​ពិភពលោក បន្ទាប់​ពី​អាមេរិក ដែល​មាន​អ្នកឆ្លង​ជំងឺ​កូវីដ​១៩។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ប្រេស៊ីល​មាន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ ជាង ៥ម៉ឺននាក់ និង​អ្នកឆ្លងសរុប ជាង ១លាន ៣សែននាក់។

គេវាយតម្លៃថា ទាំង​អាមេរិក និង​ប្រេស៊ីល ដែល​មាន​ចំនួន​មនុស្ស​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​ នៅក្នុង​ពិភពលោក ដោយសារ​តែ​ជំងឺ​កូវីដ ក៏ព្រោះតែ​ប្រទេស​ទាំងពីរ ធូររលុង អនុវត្ត​មិនបាន​ច្បាស់លាស់​វិធានការ​បិទខ្ទប់ ការពាក់ម៉ាស និង​ការរក្សា​គម្លាតសង្គម។ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច ទាំង​ប្រធានាធិបតី អាមេរិក ក៏ដូចជា​ប្រធានាធិបតី​ប្រេស៊ីល បាន​ជំរុញ ឲ្យ​គេ​បើក​ទីក្រុង បើក​ក្រុមហ៊ុន ភោជនីយដ្ឋាន ឡើងវិញ ដោយ​មិន​ខ្វល់​នឹង​ការអំពាវនាវ​របស់​អ្នកវិទ្យាសាស្រ្ត​ដែល​ព្រមាន​ពីគ្រោះថ្នាក់ បើសិន​គេឆាប់បើក​ទីក្រុង នៅពេល​គេ​នៅ​មិនទាន់​អាច​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូវីដ​បាន​នោះ។

អាមេរិក និង​ប្រេស៊ីល​ដើរផ្ទុយស្រឡះ​ពី​បណ្តា​ប្រទេស​នៅអឺរ៉ុប និង​ប្រទេស​ចិន ដែល​បាន​រងគ្រោះមុន​នឹងគេ ដោយសារ​កូវីដ។ នៅអឺរ៉ុប ករណី​ឆ្លង​ជំងឺកូវីដ ហាក់ងើបកំរើកឡើងវិញ បន្ទាប់​ពី​ធ្លាក់ថយចុះ​ខ្លាំង មកពី​វិធានការ​បិទខ្ទប់ អស់រយៈពេល ២ខែ​កន្លងមក។ បើទោះបីជា​បើកប្រទេស បើក​ព្រំដែន​ឡើងវិញ អឺរ៉ុប​នៅតែ​ប្រយ័ត្នប្រយែង ដោយ​នៅបន្ត​រក្សា​គម្លាតសង្គម និង​ពាក់ម៉ាស ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ករណី​ឆ្លងជំងឺកូវីដ ក្នុង​ល្បឿនលឿន។

នៅ​អាស៊ី ដែល​តំណាង​ឲ្យ​១១ភាគរយ​នៃ​ចំនួន​មនុស្ស​ឆ្លង​សរុប​ក្នុង​ពិភពលោក ឥណ្ឌា​នាំមុខ គេ ខាងមាន​ចំនួន​មនុស្ស​ឆ្លង និង​ស្លាប់​ដោយសារ​កូវីដ។ ឥណ្ឌា​មាន​ចំនួន​អ្នកឆ្លងកូវីដ ដល់​៥សែននាក់ ជាមួយ​នឹង​តួលេច​អ្នកឆ្លង ១៨​០០០ នាក់ ក្នុង​មួយថ្ងៃ​សៅរ៍​ម្សិលមិញ។ ចំណែក​ចិន​វិញ ដែល​កំពុង​ប្រឈម​នឹង​រលកទី២​នៃជំងឺ​កូវីដ នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ចាត់វិធានការ​តឹងរ៉ឹង​ដូចមុន ដោយ​បាន​សម្រេច​បិទ​ទីក្រុង នៅ​ជាយ​រដ្ឋធានី​ប៉េកាំង មួយ​ដែល​មាន​មនុស្ស​រស់នៅ​៥សែននាក់ បន្ទាប់ ពីផ្ទុះករណី​ឆ្លងថ្មី នៅទីក្រុង​ប៉េកាំង ចំនួន ១៤នាក់ កាលពី​ថ្ងៃ​សៅរ៍។

តើការធ្វើតេស្ត​ជា​មូលហេតុ​ធ្វើ​ឲ្យ​គេ​ករណី​ឆ្លងកូវីដ​កើនឡើង នៅ​អាមេរិក?

នៅពេល​ជំងឺ​រាតត្បាត​កូវីដ១៩  ហាក់​ចុះ​ថមថយ នៅ​អឺរ៉ុប និង​អាស៊ី ទ្វីបអាមេរិក​ឯណោះវិញ នៅ​មិន​ទាន់​ងើប​រួច​ពី​រលក​ទី១​នៃ​ជំងឺ​កូវីដ ១៩​នៅ​ឡើយ​ទេ។ អាមេរិក នៅ​ថ្ងៃ​សៅរ៍ មាន​ករណី​ឆ្លងថ្មី ដល់​ទៅ ៤៣​០០០នាក់ ក្នុងរយៈពេល​១ថ្ងៃ ដែលធ្វើ​ឲ្យអាមេរិក​មានអ្នកឆ្លង​មេរោគកូរ៉ូណា​សរុប ជាង​២លាន​កន្លះ។

កាល​ពី​ថ្ងៃ​សុក្រ អនុប្រធានាធិបតី អាមេរិក លោក Mike Pence អះអាងថា តួលេខ​នៃ​អ្នក​ឆ្លង​បាន​កើន​ឡើង ក៏​ដោយសារ​តែ​មាន​ការបង្កើន​យុទ្ធនាការ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩។  ការលើកឡើង​របស់​អនុប្រធានាធិបតី អាមេរិក អាច​ត្រូវ ប៉ុន្តែ មិន​ទាំងអស់​នោះទេ។

ជា​ការពិត ចំនួន​អ្នកឆ្លងជំងឺកូវីដ ដែល​ភាគច្រើន ស្ថិត​ក្នុង​ដំណាក់កាល​ឆ្លង​ដំបូង បាន​កើនឡើង​ច្រើន​ចាប់ពី​ខែ​ឧសភា គឺ​ច្រើន ខ្លាំង បើ​ប្រៀបធៀប​នឹង​ខែ​មេសា ដែល​អាមេរិក​មិន​សូវ​ធ្វើតេស្ត​រកមេរោគ​កូរ៉ូណា ដោយសារ​តែ​ខ្វះខាត​សម្ភារៈធ្វើតេស្ត។

ប៉ុន្តែ បើពិនិត្យ​​មើល​តួលេខ​ឆ្លង​ ជាក់ស្តែង នៅ​តាមតំបន់ ជាពិសេស​នៅ​តំបន់​ខាងត្បូង និង​ខាងលិច គេ​ឃើញ​ថា ចំនួន​មនុស្ស​ឆ្លង គឺកើនឡើង​ លឿនជាង​ចំនួន មនុស្ស​ដែល​គេ​ធ្វើតេស្ត​ទៅទៀត នៅ​ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ។ ជាក់ស្តែង នៅរដ្ឋ​Florida ជាទី​ដែល​ចំនួន​មនុស្ស​ឆ្លងកូវីដ បានហក់​ឡើង​ដល់ ដល់ ៩៥០០នាក់ ក្នុង​រយៈពេល​មួយថ្ងៃ សៅរ៍ អភិបាលរដ្ឋ​ទទួល​ស្គាល់​ថា តួលេខ​មនុស្ស​ឆ្លង​នៅតែ​កើនឡើង បើទោះបី​ជា​គេកាត់បន្ថយ ការធ្វើតេស្ត​រកអ្នកឆ្លង ក៏ដោយ។ ភស្តុតាង​មួយដែល​បញ្ជាក់​ថា ការលើកឡើង របស់​អនុប្រធានាធិបតី​មិនសូវ​ជា​ត្រឹមត្រូវ​ទាំងស្រុង​នោះ គឺ​ចំនួន​អ្នកជំងឺ ដែល​ចូលព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើនឡើង ជាបន្តបន្ទាប់ នៅ​បណ្តា​រដ្ឋ​ខាងលិច និង​ខាងត្បូង ដូចជា​រដ្ឋតិចសាស់ និង​អារីហ្សូណា​ជាដើម។

ដូចនិយាយ​ខាងដើម អាមេរិក​ដែល​នៅតែ​មាន​ចំនួន​មនុស្ស​ឆ្លងជំងឺកូវីដ ច្រើន មិនព្រមថយចុះ​សោះ ដោយសារ​តែ រដ្ឋ​ជាច្រើន ឆាប់​បើក​ទីក្រុង​លឿនពេក។ ករណី​ឆ្លង​ច្រើន ជា​លទ្ធផល​នៃ​ការឆាប់បើក​ទីក្រុង បើក​ឆ្នេរសមុទ្រ និង​បារ លឿនពេក នៅបណ្តារដ្ឋ។ នៅ​រដ្ឋ ​Florida និង​រដ្ឋ​Texas ដែល​ដឹកនាំ​ដោយ​អភិបាលរដ្ឋ មកពី​គណបក្ស​សាធារណរដ្ឋ​របស់​លោកដូណាល់ ត្រាំ បាន​បើក​ទីក្រុង តាំង​ពី​ដើម​ខែ ៥មកម្ល៉េះ។

អាមេរិក​ត្រលប់ទៅ​បិទខ្ទប់ ផ្អាក​សកម្មភាព​សេដ្ឋកិច្ច​សាជាថ្មី

រដ្ឋ​Florida និង​រដ្ឋ​Texas ដែល​សុទ្ធសឹង​ជា​រដ្ឋ​រឹងទទឹង​មិន​ចង់​បិទ​ទីក្រុង ដោយសារ​តែ​មិន​ចង់​ខាតបង់​សេដ្ឋកិច្ច ក៏ត្រូវ ត្រលប់​ទៅ​បិទខ្ទប់ទីក្រុង ទាំង​បង្ខំចិត្ត។ ចាប់តាំង​ពី​ថ្ងៃ​សុក្រ អាជ្ញាធរ​បាន​សម្រេច​បិទ​បារ ពង្រឹង​វិធានការ រក្សា​គម្លាតសង្គម ចំណែក នៅ​រដ្ឋ​California អាជ្ញាធរ​បាន​ផ្អាក ក្នុង​រឿង​ដក​វិធានការ​បិទខ្ទប់ ទីក្រុង និង​បានអំពាវនាវ​ឲ្យ​មនុស្ស​នៅក្នុង​ផ្ទះ បើសិន​គ្មាន​កិច្ចការចាំបាច់ នៅខាងក្រៅ ឬ​បើចេញដើរក្រៅ គេត្រូវតែ​ពាក់ម៉ាស​ជាប់ជានិច្ច។

នៅ​អាមេរិក ការពាក់ម៉ាស គឺ​ជា​រឿង​ដែល​គេ​មិនបាន​អនុវត្ត​ជាទូទៅ នោះទេ។ អ្វីដេល​គេ​កត់សំគាល់​ឃើញ​នៅ​អាមេរិក គឺ ជំងឺកូវីដ​កំពុង​ចាប់​ឆ្លងរាលដាល ទៅលើ​មនុស្ស​វ័យក្មេង ដែល​កំពុង​ត្រេកត្រអាល​នឹង​សេរីភាព ចង់​ដើរហើរ និង​សប្បាយ ជួបជុំគ្នា នៅតាម​បារ ដោយ​គ្មាន​រក្សា​គម្លាតសង្គម។ តាមអ្នកជំនាញ​សុខភាព​អាមេរិក អត្រារបស់​អ្នកឆ្លង​ក្រោម​អាយុ ៦៥​ឆ្នាំ នៅ អាមេរិក បាន​កើនឡើង ពី ៦៥ភាគរយ ទៅដល់ ៨២ភាគរយ។ អាច​និយាយ​ម្យ៉ាងថា យុវជន​អាមេរិក កាន់តែ​ប្រឈម ឆ្លង​ជំងឺ​កូវីដ ជាងពេលមុនៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ