អានតួអត្ថបទ
ចិន ឥណ្ឌា

ចិនបញ្ជូន​ទាហាន​​ជំនាញ​ក្បាច់គុន​ និង​ជំនាញ​ឡើងភ្នំ ពង្រាយ​​នៅតាម​​ព្រំដែន​ជាប់ឥណ្ឌា

ទាហានឥណ្ឌា នៅតំបន់ Ladakh ដែលមានជម្លោះជាមួយចិន។ ថ្ងៃទី​១៧ មិថុនា ២០២០
ទាហានឥណ្ឌា នៅតំបន់ Ladakh ដែលមានជម្លោះជាមួយចិន។ ថ្ងៃទី​១៧ មិថុនា ២០២០ © REUTERS - Danish Ismail摄影
ដោយ៖ ម៉ម ពិសី
1 នាទី

យោងតាមការផ្សាយ របស់បណ្តាញព័ត៌មានផ្លូវការ​ចិនកាលពីសប្តាហ៍មុននេះ ក្រសួងការពារជាតិ​ចិន បានបញ្ជូនកងទាហាន ដែលមានជំនាញ​ក្បាច់គុន ព្រមទាំងជំនាញឡើងភ្នំ យកទៅពង្រាយនៅតាមតំបន់ព្រំដែន ខេត្តទីបេ ដែលជាប់ជាមួយឥណ្ឌា។ កងទ័ពចិន មិនបានបញ្ជាក់លំអិតទេ តែការបញ្ជូនទាហានជំនាញ​ក្បាច់គុន និងជំនាញ​ឡើងភ្នំរបស់ចិននេះ គឺបានធ្វើទៅនៅមុនពេល​ដែល កងទ័ពចិននិងឥណ្ឌា បានប្រយុទ្ធគ្នាដោយផ្ទាល់ នៅថ្ងៃទី​១៥​ - ១៦មិថុនា នៅតំបន់ព្រំដែនលើជួរភ្នំហិមាល័យ។

ផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយ របស់​សារព័ត៌មានការពារជាតិចិន បានឲ្យ​ដឹងថា នៅថ្ងៃទី​១៥មិថុនា កងកម្លាំង​ចំនួន​៥ក្រុម បានបង្ហាញវត្តមាននៅទីក្រុងឡាសា ទីរួមខេត្តទីបេ។ ក្នុងចំណោមកងកម្លាំងទាំងនោះ គឺមានសមាជិក នៃក្រុមជំនាញ​ក្បាច់គុនចម្រុះ នៃក្លឹប MMA Enbo និងអតីតសមាជិក ក្រុមកាន់ភ្លើងគុបកីឡាអូឡាំពិក ជាច្រើននាក់ផងដែរ។ បណ្តាញទូរទស្សន៍CCTV បានផ្សាយរូបភាព​ មានកងទាហានជាច្រើនរយនាក់ ដើរជាជួរ នៅទីក្រុងឡាសា ទីក្រុងធំ ស្ថិតនៅលើខ្ពង់រាបទីបេ។

លោក Wang Haijiang មេបញ្ជាការយុទ្ធភូមិភាគពិសេសតំបន់ទីបេ បាន​លើកឡើងថា កងកម្លាំងជំនាញពិសេសទាំងនេះ នឹងជួយពង្រឹកការការពារព្រំដែន តាមរយៈការរៀបចំកែលំអរចនាសម្ព័ន្ធ និងធ្វើឲ្យ​កម្លាំងប្រតិបត្តិការ មានភាព​លឿនរហ័ស។

យ៉ាងណាក៏ដោយ បណ្តាញព័ត៌មានផ្លូវការចិន មិនបាន​លំអិតបញ្ជាក់ទេ ថាការបញ្ជូនកម្លាំងជំនាញក្បាច់គុន និងជំនានឡើងភ្នំនេះ វាមានជាប់ពាក់ព័ន្ធនឹងវិវាទព្រំដែនជាមួយឥណ្ឌា។ ទោះយ៉ាងនេះក្តី គឺមានតែឥណ្ឌាមួយគត់ ដែលជាប្រទេសមានព្រំដែនជាប់តំបន់ភ្នំហិមាល័យជាមួយចិន ហើយ​ដែលមានវិវាទព្រំដែននឹងគ្នា។

នៅថ្ងៃទី​១៥ និង ១៦មិថុនាកន្លងទៅ ទាហានឥណ្ឌា និងទាហានចិន បានប្រយុទ្ធតទល់គ្នា នៅក្នុងតំបន់ Ladakh ដែលទាហានទាំងសងខាងឈរជើង សង្រ្គឺតធ្មេញដាក់គ្នាជាច្រើនខែមកហើយ។ ជាការប្រយុទ្ធដោយផ្ទាល់ ប្រើកម្លាំងកាយ វាយប្រវាយប្រតប់ ដោយកណ្តាប់ដៃ ដោយដុំថ្ម និង ដំបងថែមទៀតផង។ ភាគីឥណ្ឌា មានស្លាប់ទាហាន​២០នាក់ ចំណែកខាងចិនវិញបានលាក់តួលេខ មិនបញ្ចេញថាស្លាប់ប៉ុន្មានទេ។ យោងតាមកងទ័ពឥណ្ឌា គឺភាគីចិនអាចមានស្លាប់ជាង៤០នាក់។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ​ ឥណ្ឌាបានអះអាងថាខ្លួន បានបញ្ជូនទាហាន ពង្រឹងកម្លាំងបន្ថែម​នៅតំបន់ព្រំដែន​ ដែលមានវិវាទជាមួយចិន។ តែយ៉ាងណា តំណាងកងទ័ព និងមន្ត្រីការទូត​ទាំងសងខាង កំពុងព្យាយាមចរចា ដើម្បីកាត់បន្ថយភាពតានតឹងនេះ។ នេះគឺជាលើកទី១ហើយ បើគិតពីឆ្នាំ១៩៦២មក ដែលទាហានចិន និងឥណ្ឌា បានប្រយុទ្ធគ្នានៅតាមព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ