អានតួអត្ថបទ
តៃវ៉ាន់

តៃវ៉ាន់ប្រារព្ធកម្មវិធីGay Pride អបអរសិទ្ធិ​អ្នក​ស្រលាញ់​ភេទដូចគ្នា តាងនាម​ឲ្យ​ពិភពលោក​ទាំងមូល

មនុស្សជួបជុំគ្នាកាន់ទង់ឥន្ធនូ​ប្រារព្វពិធី "Taiwan Pride Parade For the World"  ក្រុងតៃប៉ិ ថ្ងៃទី​២៨មិថុនា ២០២០
មនុស្សជួបជុំគ្នាកាន់ទង់ឥន្ធនូ​ប្រារព្វពិធី "Taiwan Pride Parade For the World" ក្រុងតៃប៉ិ ថ្ងៃទី​២៨មិថុនា ២០២០ REUTERS - ANN WANG
ដោយ៖ ម៉ម ពិសី
1 នាទី

ជារៀងរាល់ឆ្នាំនៅរវាងចុងខែមិថុនា ដល់ចុងខែកក្កដា នៅតាមប្រទេសនានា គេតែងតែមានប្រារព្ធពិធីដង្ហែរក្បួន ដើម្បីអបអរសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ឬហៅជាទូទៅថា Gay Pride។ ក៏ប៉ុន្តែឆ្នាំនេះ ដោយសារតែការឆ្លងរាលដាល នូវជំងឺកូវីដ១៩ ការជួបជុំមហាជននៅទីសាធារណៈ ត្រូវបានហាមឃាត់។ ដោយឡែក តៃប៉ិ គឺជាទីក្រុងតែមួយគត់ ដែលមានការប្រារព្ធពិធីនេះ យ៉ាងឱឡាឬក ដោយសារស្ថានភាព​ឆ្លងរាលដាលកូវីដ១៩នៅទីនោះ ត្រូវបាន​គ្រប់គ្រងទាំងស្រុង។ អ្នកចូលរួមកម្មវិធីនេះ បានយកឱកាសនេះ ដើម្បីអបអរសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា តាងនាមឲ្យ​​ពិភពលោក​ទាំងមូលតែម្តង។

ផ្សាយពាណិជ្ជកម្ម

ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានក្លាយជានិម្មិតរូប នៃ​ការទទួលស្គាល់សិទ្ធិ និងភាពថ្ងៃថ្នូរជាមនុស្ស របស់អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកប្តូរភេទទាំងឡាយទូទាំងពិភពលោក។ ដោយបានគ្រប់គ្រង​យ៉ាងមានប្រសិទ្ធិភាព នូវ​ការឆ្លងរាលដាលនូវជម្ងឺកូវីដ១៩ អាជ្ញាធរក្រុងតៃប៉ិ បានបើកឲ្យ​មានការជួបជុំដ៏ធំ ដើម្បីអបអរបុណ្យអ្នកស្រលាញ់ភេទដូចគ្នា នៅថ្ងៃទី​២៨មិថុនា។

នៅទីលាន​សេរីភាព កណ្តាលក្រុងតៃប៉ិ​ មានមនុស្សរាប់ពាន់នាក់​បានចូលរួម ដោយអ្នកខ្លះមានកាន់ទង់ពណ៌ឥន្ធនូ អមដោយសម្លេងតន្ត្រីកងរំពង។ ភាគច្រើននៃអ្នកចូលរួម បានកាន់ក្រដាស​បញ្ជាក់ថាខ្លួន មកចូលរួមក្នុងនាម​ទីក្រុង ឬប្រទេសណាមួយ ដែលមិនអាចប្រារព្ធពិធីនេះបាន​ ដោយសារតែបញ្ហាជំងឺឆ្លងកូវីដ១៩។

លោក Chen Darien អ្នកសម្រប​សម្រួលកម្មវិធីជួបជុំនេះ បានលើកឡើងថា ជាទូទៅនៅតៃវ៉ាន់ គេប្រារពកម្មវិធីអបអរសិទ្ធិអ្នកស្រលាញ់​ភេទ​ដូចគ្នានេះ នៅចុងខែតុលា។ ក៏ប៉ុន្តែនៅឆ្នាំនេះ ដោយ​សង្កេតឃើញថា កម្មវិធី Gay Pride ចំនួន​៤៧៥​នៅទូទាំងពិភពលោក ត្រូវបាន​លប់ចោលវិញ ដោយសារតែបញ្ហាកូវីដ១៩ ទើបសកម្មជននៅតៃវ៉ាន់ សម្រេចចិត្តរៀបចំ ធ្វើ Gay Pride នៅថ្ងៃទី​២៨មិថុនាតែម្តង។ លោកបន្ថែមថា វាគឺជាកិត្តិយស និងមោទនភាពណាស់ សម្រាប់កោះតៃវ៉ាន់តូចមួយ ដែលអាចរៀបចំតាងនាមឲ្យ​ អ្នកស្រលាញ់ភេទដូចគ្នាទូទាំងពិភពលោក។

គួររំលឹកថា ឆ្នាំនេះ គឺជាខួបទី៥០ នៃការដើរដង្ហែរក្បួន Gay Pride ដំបូងបង្អស់នៅទីក្រុងញូយ៉កនៅឆ្នាំ១៩៧០ ពោលគឺ១ឆ្នាំ ក្រោយកើតមានបាតកម្មហិង្សា នៅStonewall ថ្ងៃទី ២៨ មិថុនា ១៩៦៩។ គួរកត់សំគាល់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កោះតៃវ៉ាន់ បានធ្វើការបោះពួយ​ បើកចំហរសង្គម ហើយបានទទួលស្គាល់សិទ្ធិ អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកកែភេទ។ កាលពីខែឧសភា ឆ្នាំ២០១៩​ សភាតៃវ៉ាន់ បានបោះឆ្នោត​ សម្រេចបើកឲ្យ​អ្នកស្រលាញ់ភេទដូចគ្នា អាចរៀបអាពាហ៍ពិពាហ៍ យ៉ាងពេញច្បាប់។ ថ្មីៗនេះទៀត រដ្ឋាភិបាល​តៃវ៉ាន់ ទើបតែបានរើសសមាជិកថ្មី ដែលជាមនុស្សប្តូរភេទថែមទៀតផង។

ទោះជាយ៉ាងនេះក្តី នៅតាមប្រទេសឬតំបន់មួយចំនួនផ្សេងទៀត អ្នកស្រលាញ់ភេទដូចគ្នា នៅតែទទួលរងនូវការធ្វើទុក្ខបុកម្នេញ និង​ការរើសអើងក្នុងសង្គម។ មិនត្រឹមតែគ្មានការ​ការពារពីច្បាប់​ប៉ុណ្ណោះទេ ប្រទេសចំនួន១១ បាន​ចាត់ទុកទំនាក់ទំនងផ្លូវភេទ ឬស្នេហារបស់អ្នកស្រលាញ់ភេទដូចគ្នា ថាជាបទ​ឧក្រិដ្ឋ អាចជាប់ទោសប្រហារជីវិតផង ជាក់ស្តែងដូចជា នៅ​ប្រទេសប្រ៊ុយណេ អារ៉ាប៊ីសាអូឌីត អាហ្វហ្កានីស្ថាន និងប៉ាគីស្ថានជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ