អានតួអត្ថបទ

នៅ​ពី​ក្រោយ​ការប្រកួតប្រជែង​នៃ​ការផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩

Twenty-three coronavirus vaccine projects have begun clinical trials
Twenty-three coronavirus vaccine projects have begun clinical trials AFP/File
ដោយ៖ ឈាង បុប្ផា
2 នាទី

នៅក្នុង​ប្រវត្តិ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំង​មេរោគ គេ​មិន​ធ្លាប់​ដែល​ឃើញ ការស្រាវជ្រាវ​ណា​ដែល​សកម្ម ស្វាហាប់ និង​ប្រកួតប្រជែង​ខ្លាំង ដូច​ការស្រាវជ្រាវ​រក​វ៉ាក់សាំង ប្រឆាំង​កូវីដ នោះទេ។ តាម​អង្គការ​សុខភាព​ពិភពលោក មាន​វ៉ាក់សាំង​ប្រមាណ ១៣០​នៅក្នុង​ពិភពលោក ដែល​គេ​កំពុង​សិក្សាស្រាវជ្រាវ ប៉ុន្តែ នៅក្នុង​នោះ មាន​តែ​ជាង​២០​ ប៉ុណ្ណោះ ដែល​ឈាន​មុខ​គេ និង​កំពុង​ស្ថិតក្នុង​ដំណាក់កាល​ធ្វើតេស្ត​សាកល្បង វេជ្ជសាស្រ្ត ទៅលើ​មនុស្ស។

ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​ជំងឺរាតត្បាត​កូវីដ១៩ ដែល​សម្លាប់​មនុស្ស​ជាង​៥សែននាក់ និង​ឆ្លង​ទៅមនុស្ស ប្រមាណ ១០លាន​នាក់ នៅទូទាំងពិភពលោក ការប្រណាំងប្រជែង ដើម្បី រកវ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ កំពុង​សស្រាក់សស្រាំ​ជាងពេលណាៗ​ទាំងអស់។ ​បេក្ខជន​វ៉ាក់សាំង​បានកើនចំនួន​ជារៀងរាល់​សប្តាហ៍ រហូតដល់​ ជាង ២០០ ប៉ុន្តែ ក្នុង​ចំណោម​នោះ​មានតែ បេក្ខជន​វ៉ាក់សាំង ចំនួន​២១​ប៉ុណ្ណោះ ដែល​ឈាន​ចូល​ដល់​ដំណាក់កាល​ធ្វើតេស្ត​វេជ្ជសាស្រ្ត មាន​ន័យថា ធ្វើតេស្ត​សាកល្បង​ប្រសិទ្ធិភាព​របស់វា នៅក្នុង​ខ្លួនមនុស្ស នៅបន្ទាប់​ពី​ធ្វើតេស្ត​បានសម្រេច​លើ​ពពួកសត្វ។

បើ​តាម​អង្គការ​សុខភាព​ពិភពលោក នៅក្នុង​ចំណោម​វ៉ាក់សាំង ទាំង​២១ មាន​វ៉ាក់សាំង​ចំនួន ១១​ដែល​កំពុង​ត្រូវ​ពិសោធន៍​ធ្វើតេស្ត​ក្នុង​ដំណាក់កាល​ទី​១ ពោល​គឺ​កំពុង​ត្រូវ​គេ​ធ្វើតេស្ត​ក្នុងចំណោម​មនុស្សជាង​១០០នាក់ ដែល​មាន​សុខភាពល្អ។ វ៉ាក់សាំង ៨ផ្សេងទៀត បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ទី២ ដោយ​ត្រូវគេ​យក​ទៅ​ធ្វើតេស្ត​សាកល្បង​ក្នុង​ចំណោម​អ្នកជំងឺ អ្នកដែល​ធ្វើការ​ប្រឈមនឹង​ជំងឺកូវីដ។ ជារួម មាន​តែវ៉ាក់សាំង​៣ប៉ុណ្ណោះ ដែល​ឈានមុខគេ បាន​ចូលដល់​ដំណាក់កាលទី​៣ ពោល​គឺ​ការធ្វើតេស្ត​ក្នុង​ទ្រង់ទ្រាយ ធំ មានមនុស្ស​រាប់ពាន់​នាក់​ដែលចូលរួម ដើម្បី រកប្រសិទ្ធិភាព​របស់​វ៉ាក់សាំង និង​ផលប៉ះពាល់​របស់វា។ បើសិន​ការធ្វើតេស្ត​ក្នុង​ដំណាក់កាល​ទី៣ ផ្តល់​លទ្ធផល​វិជ្ជមាន នោះ អង្គការ​សុខភាព​ពិភពលោក​នឹង​អាច​អនុម័ត សម្រេច​ឲ្យ​គេ​ផលិត​វ៉ាក់សាំង សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ។

រហូតមកដល់​ថ្ងៃ​នេះ មានតែ​វ៉ាកសាំង តែមួយ​ប៉ុណ្ណោះ ដែល​បាន​ទទួល​ភ្លើងខៀវ​ឲ្យ​គេ​យក​ទៅប្រើ​សម្រាប់​ប្រឆាំង​ជំងឺកូវីដ។ តាម​កាសែត​ក្នុង​ស្រុក​ចិន គណៈកម្មការ​កងទ័ព​មជ្ឈឹមបក្ស ដែល​ស្ថិតក្រោម​អំណាច​របស់​ក្រសួងការពារ​ជាតិ ចិន បាន​អនុញ្ញាត​ឲ្យ​គេ​ចាក់ វ៉ាក់សាំង​ដែល​គេទើប​រកបាន​ថ្មីៗ ទៅលើ​ទាហាន​ចិន។ ក្រសួងការពារជាតិ​ចិន​មិន​បាន​បញ្ជាក់​ទេថា តើ​ទាហាន​ទាំង​២លាននាក់ របស់​ចិន នឹង​ត្រូវ​ទទួល​ចាក់វ៉ាក់សាំង របស់ក្រុមហ៊ុន​ផលិត​ឱសថ ក្នុង​ស្រុកចិន​ឈ្មោះ CanSinoBIO ដែរឬយ៉ាងណានោះទេ។ ក្រុមហ៊ុន​ផលិតឱសថចិន​វិញ​អះអាងថា ក្រុមហ៊ុន​នៅមិនទាន់​មាន​ផែនការ​ផលិត​សម្រាប់​លក់​ជាទូទៅ​នោះទេ។

តាម​អ្នកទទួលខុសត្រូវ​របស់​មន្ទីរពិសោធន៍​កាណាដា​ម្នាក់ ដែល​ធ្វើការ​សហការ ផ្នែក​បច្ចេកវិទ្យា​ជាមួយ ក្រុមហ៊ុន​ផលិត​ឱសថ ចិន CansinoBio វ៉ាក់សាំង​ប្រឆាំង​កូវីដ ដែល​ទាហាន​ចិន​បាន​ទទួល ជា​វ៉ាកសាំង​ដែល​កំពុង​ស្ថិតក្នុង​ដំណាក់កាល​ធ្វើតេស្ត​ទី៣​នៅឡើយ។ ប៉ុន្តែ យ៉ាងណាក៏ដោយ វាជាដំណឹងល្អ សម្រាប់​ភាគី​កាណាដា បើសិន​ជា​វ៉ាក់សាំង​ពិត​ជា​ផ្តល់​លទ្ធផល​វិជ្ជមាន ព្រោះ​វា​បាន​ជួយ​ទៅ​ពង្រឹង​ប្រព័ន្ធ​ការពារ របស់​មនុស្ស ដែល​ជា​គោលការណ៍​គ្រឹះ​នៃ​ការចាក់​វ៉ាក់សាំង។

គោលការណ៍​គ្រឹះនៃការចាក់វ៉ាក់សាំង គឺ ដំណើរការ​ជំរុញ ពង្រឹង​ប្រព័ន្ធភាពស៊ាំនឹង​រោគ​ក្នុង​ខ្លួន​មនុស្ស ឬ​សត្វ តាមរយៈ​ការចាក់បញ្ចូល​antigène ដែល​អាច​ជា​មេរោគ គ្មាន​គ្រោះថ្នាក់ សម្រាប់​ទៅ​ឲ្យ​ប្រព័ន្ធភាពស៊ាំ​នៃរាងកាយ បាន​ស្គាល់​ទុកជាមុន។ ការកំណត់​អត្តសញ្ញាណ​មេរោគ បែបនេះ នឹង​ជួយ​ឲ្យ​ប្រព័ន្ធការពារ ផលិតបញ្ចេញ​អង់ទីករ ទៅ​ប្រឆាំង​មេរោគ​ពិតប្រាក។

ដើម្បី​រកវ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺកូវីដ គេ​សិក្សា​លើ​មធ្យោបាយ​ផលិត​វ៉ាក់សាំង​ផ្សេងៗគ្នា។ ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស AstraZeneca ចាប់អារម្មណ៍ ប្រើ​មេរោគAdénovirus​ដែល​មាន​ក្នុង​ខ្លួន​សត្វស្វា chimpanzés សម្រាប់​យក​ទៅផលិត វ៉ាក់សាំង ប្រឆាំង​កូវីដ។ គេ​ធ្លាប់​បាន​ប្រើ​មេរោគ​ប្រភេទនេះសម្រាប់​ផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺថ្លើម​ប្រភេទ C។ មេរោគ​ក្នុង​ខ្លួន​សត្វស្វា ដែលលែង​សកម្ម​ហើយនោះ ត្រូវ​គេ​ចាក់បញ្ចូល​កូដGénétique​ដែល​អាច​ផលិត​ទុកជាមុន ប្រូតេអ៊ីន​មេរោគកូរ៉ូណា។ ដោយ​មាន​ប្រូតេអ៊ីន​ប្រភេទ​នេះ​ក្នុង​ខ្លួន រួចជាស្រេច អ្នកជំងឺ​នឹង​អាច​មាន​ប្រព័ន្ធ​ការពារខ្លួន​រឹងមាំ សម្រាប់​ផលិត​អង់ទីករ ប្រឆាំង​នឹង​ប្រូតេអ៊ីន​របស់​មេរោគ​កូរ៉ូណាពិតៗ។ ក្រុមហ៊ុន​អង់គ្លេស​កំពុង​ធ្វើ​តេស្ត​វ៉ាក់សាំង ដំណាក់កាលទី​៣ នៅ​អង់គ្លេស ប្រេស៊ីល និង​អាហ្វ្រិកខាងត្បូង។

ចំណែក វិទ្យាស្ថាន ប៉ាស្ទ័រ​របស់​បារាំង វិញ ដែលចាប់ផ្តើម​ធ្វើ​តេស្ត​សាកល្បងវ៉ាក់សាំង​លើ​មនុស្ស ចាប់ពី​ខែ​កក្កដា​ក្រោយទៅ បាន​ប្រើ​មេរោគ កញ្ជ្រិល ដែល​លែង​សកម្ម សម្រាប់​យក​ទៅ​ផលិត​វ៉ាក់សាំង ប្រឆាំង​កូវីដ។ ក្រុមហ៊ុន​ផលិតឱសថ​របស់​ចិន Cansino​វិញ ប្រើមេរោគ​ Adénovirus​ដែល​តែងលេច​មុខ​នៅ​រដូវគ្រុនផ្តាសាយ សម្រាប់​យកទៅ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ។

ក្រុមហ៊ុន​អាមេរិកាំង Moderna ដែល​ចាប់ផ្តើម​ដំណាក់កាល​ទី៣​នៃ​ការធ្វើតេស្ត​លើ​មនុស្ស​នៅ​អាមេរិក មិនបាន​ប្រើ​មេរោគ ដើម្បី​ផលិត​វ៉ាក់សាំង​នោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុន​បាន​ប្រើ​បច្ចេកវិទ្យា ដើម្បី​ផលិតវ៉ាក់សាំង ប្រឆាំង​កូវីដ ដែលមាន​ឈ្មោះថា mRNA-1273។ វ៉ាក់សាំង របស់​ក្រុមហ៊ុន Moderna មិនមែន​ជា​មេរោគ ប៉ុន្តែ ជា​កូដGénétique មួយផ្នែក​របស់​មេរោគ ដែល​មាន​នាទី​ជា​អ្នកនាំសារ ទៅ​ប្រាប់ ជាលិការ​ក្នុង​ខ្លួន​មនុស្ស​ឲ្យ​ផលិត ប្រូតេអ៊ីន​របស់វីរុស។ បន្ទាប់មក ដោយ​ចាប់បាន​សញ្ញា​វត្តមាន​ប្រូតេអ៊ីន ប្រព័ន្ធការពារ​ក៏ឆាប់​បញ្ចេញ​អង់ទីករ សម្រាប់​ទប់ទល់​នឹង​មេរោគ​កូរ៉ូណា​ពិតៗ។

ដោយសារ​តែ​វិធីសាស្រ្ត​របស់​ក្រុមហ៊ុន​អាមេរិកាំង Moderna អាច​ធ្វើ​ឲ្យ​គេ​ផលិត​វ៉ាក់សាំង បាន​លឿន និង​ក្នុង​តម្លៃថោក ក្រុមហ៊ុន​Moderna ចាប់ផ្តើម​ល្បី​ឈ្មោះ និង​មាន​តម្លៃ​ភាគហ៊ុន​ឡើងថ្លៃ នៅ​ទីផ្សារ​ភាគហ៊ុន​អន្តរជាតិ។

តាំង​ពី​ចាប់ផ្តើម​ឲ្យ​មាន​ការស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំង​កូវីដ ក្រុមហ៊ុន​ផលិត​ឱសថ និង​រដ្ឋាភិបាល​ជាច្រើន​បាន​ចាប់ប្រណាំងប្រជែងគ្នា ដើម្បី រក​ឲ្យ​បាន​វ៉ាក់សាំង​ដំបូងគេ​បង្អស់ សម្រាប់​ប្រឆាំង​ជំងឺកូវីដ។ ក្រុមហ៊ុន និង​គម្រោង​ជាច្រើន​ដែល​បាន​ទទួល​ជំនួយ​ប្រាក់​រាប់រយ​លាន​ដុល្លារ ពី​ខាង​រដ្ឋ និង​វិស័យ​ឯកជន បាន​សន្យា​ផលិត​ឲ្យ​បាន​វ៉ាក់សាំង យ៉ាងយូរ​បំផុត នៅដើមឆ្នាំ ក្រោយ។ ក្រុមហ៊ុន អង់គ្លេស AstraZeneca អះអាងថា នៅក្រោយ ការសាកល្បង ដំណាក់កាល​ទី​៣​ដែល​អាច​ផ្តល់​លទ្ធផល​នៅ​អំឡុង​ខែ​សីហា ក្រុមហ៊ុន​អាច​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ នៅ​អំឡុង​ខែ​តុលា ចុង​ឆ្នាំ និង​អាច​លក់​ក្នុង​តម្លៃ ២អឺរ៉ូ ក្នុង​មួយដូស។ សម្រាប់អ្នកជំនាញ​ខាង​មេរោគ និងជំងឺឆ្លង ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង ដើម្បី​ចរាចរ ក្នុង​ទីផ្សារ ក្នុង​រយៈពេល តិច ជាង​១ឆ្នាំ គឺ​ជារឿង ដែល​ពិបាក​នឹង​កើតឡើងព្រោះថា ដើម្បី​ផលិត​វ៉ាក់សាំងមួយៗដែល​មាន​ប្រសិទ្ធិភាព គេ​ត្រូវការ​ពេលវេលា ជាច្រើនឆ្នាំ មិនមែន​រាប់ខែ​នោះទេ។ មួយវិញទៀត នៅពេល គេ​អាច​ផលិត ​វ៉ាក់សាំង បាន ហើយនៅពេលនេះ​ ក៏គេ​នៅ​មិន​ទាន់​ប្រាកដថា វ៉ាក់សាំង នឹងអាច មាន​ប្រសិទ្ធិភាព ប្រឆាំង​មេរោគកូរ៉ូណា​បានដែរ​ដោយសារ​ថា មេរោគតែង វិវឌ្ឍ ផ្លាស់ប្តូរ​ជាប់​ប្រចាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ